ដុំ​សាច់​ក្នុង​ភ្នែក

ដុំសាច់​ក្នុង​ភ្នែក​គឺជា​ប្រភេទ​ជម្ងឺ​ម្យ៉ាង​ដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ជម្ងឺ​ដុះ​កន្ទុយ​ថ្លែន គ្រាន់​តែ​មាន​លក្ខណៈ​ខុសគ្នា​បន្ដិច​បន្ដួច​​តែ​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​រោគ​សញ្ញា និង​វិធី​ការពារ​នៃ​ជម្ងឺ​នេះ​គឺ​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ជម្ងឺ​​ដុះ​កន្ទុយ​ថ្លែន​​​​(លោកអ្នក អាច​មើល​ចំណុច​ទាំង​អស់​នេះ​នៅ​ក្នុង​ទស្សនាវដ្ដី សុខភាពយើងដែល​ចេញ​ផ្សាយ​រួច​មក​ហើយ​ពីជម្ងឺ​ដុះកន្ទុយ​ថ្លែន​​​នៅ​លេខ០១៩។ លោកអ្នក​នឹង​បាន​ជ្រាប​បន្ថែម​ទៀតទាក់​ទង​ជា​មួយ​ដុំសាច់​ក្នុង​ភ្នែក​នេះ ដើម្បី​ស្វែង​យល់​ក្នុង​ការ​ថែ​រក្សា​សុខភាព​​​ភ្នែក​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​​យើង បានផ្ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែម​សារ​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ខុសគ្នា​ចំពោះ​ដុំសាច់ និង​ដុះកន្ទុយ​ថ្លែន​តាម​រយៈ​ការ​​​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត ងី ម៉េង អនុ​ប្រធាន​នៃ​កម្ម​វិធី​ជាតិ​សម្រាប់​សុខភាព​ភ្នែក។

ដុំសាច់​ក្នុងភ្នែក​ជាអ្វី?

ដុំសាច់ គឺជា​កោសិកា​មួយ​ដុំ​នៅ​លើ​ភ្នែក​ស​ជិត​កញ្ចក់​ខ្មៅ វាមាន​លក្ខណៈ​ជាផ្ទាំង​ក្រាស់​ដុំ​មួយ​ពណ៌​ស លឿង​ ដែល​លោក​អ្នក រមែង​​ជួបប្រទះ​នៅ​ត្រង់​ផ្នែក​ខាង​ដើម​នៃភ្នែក​ច្រើន​ជាង​នៅ​កន្ទុយ​ភ្នែក។ ពេល​ខ្លះវា​អាច​កើត​មាន​ទាំង​សង​ខាង​តែម្ដង ហើយ​ដល់​ពេល​​​ដែល​វា​រលាក​មាន​អាការ​រកាំ​ភ្នែក ហើយ​ភ្នែក​ក្រហម​នៅ​កន្លែង​ដែល​មាន​ដុះសាច់​នោះ។

ការ​ព្យាបាល​ដុំសាច់​ក្នុង​ភ្នែក

ការ​ព្យាបាល​ដុំសាច់​ក្នុង​ភ្នែក​គឺមិន​មាន​លក្ខណៈ​ខុសគ្នា​ពី​ការ​ព្យាបាល​ដុះកន្ទុយ​ថ្លែន​នោះ​ប៉ុន្មាន​ទេ ដោយ​មាន​ចំណុច​តិច​តួច​​​ប៉ុណ្ណោះ​មាន​ភាព​ខុស​គ្នា។ ប្រសិន​បើ​ក្នុង​ករណី​ដុំសាច់​ក្លាយ​ជា​រលាក​ហើយ​នោះ លោកអ្នក​គួរ​តែ​ប្រើប្រាស់​ថ្នាំដាក់​ភ្នែក​តាម​វេជ្ជ​បញ្ជា​​​​ពី​គ្រូពេទ្យ​ឱ្យបាន​ត្រឹមត្រូវ។ ប្រសិន​បើ​ភ្នែក​មិន​ក្រហម ឬ​មិនមាន​រមាស់​ហើយ​មិន​ក្រហាយ​ទេ​នោះ លោកអ្នក​មិនគួរ​ប្រើថ្នាំ​ដាក់​​​ភ្នែក​ទេ ព្រោះ​ថ្នាំនេះ​វាគ្រាន់​តែ​ជួយ​កាត់​បន្ថយ​អាការ​រលាក​តែ​ប៉ុណ្ណោះ​ដែល​វា​មិន​អាច​ធ្វើឱ្យ​សាច់ដុំ​នោះ​ជាតែ​ម្ដង​ទេ។ បើសិន​​​ជា​ការព្យាបាល​ដុំសាច់​ដោយ​វិធីបក​វិញ​នោះ​គឺ​ត្រូវ​បក​ដុំសាច់​ដោយ​ទុក​បរិវេណ​ដែល​បក​ហើយ​នៅ​ដដែល​ដើម្បី​ឱ្យ​ស្រទាប់​សាច់​ដុះ​ជិត​​​វិញ​ដោយ​ខ្លួន​ឯង។ ជា​ទូទៅ​គេតែង​តែ​យក​វិធី​ព្យាបាល​បក​នេះ​មក​ព្យាបាល​ចំពោះ​អ្នក​មាន​ជម្ងឺ​ភ្នែក​ដុះ​កន្ទុយ​ថ្លែន ព្រោះ​វា​ប្រើ​រយៈ​​​ពេល​ក្នុង​ការ​វះកាត់​ខ្លី ហើយ​មិន​ចំណាយ​ឧបករណ៍​ច្រើន​ទៀត​ផង។ តែ​ការ​ប្រើ​វិធី​នេះ​ក៏មាន​ផល​លំបាក​ផ​ងដែរ គឺ​អាច​ឱ្យ​មាន​​​ឱកាស​ច្រើន​ក្នុង​ការដុះ​ដុំសាច់​សា​ជា​ថ្មីវិញ។

ដំបូន្មាន​អ្នកជំនាញ

ក្នុង​ករណី​ដុំសាច់​នៅ​មាន​លក្ខណៈ​តូច រួមផ្សំ​នឹង​ការ​ថែទាំ​បានល្អ​ទៀត​នោះ វា​នឹង​ជួយ​មិនឱ្យ​កើត​មាន​បញ្ហា​ដែល​ធ្វើឱ្យ​ដុំ​សាច់​រលាក​​​ទេ។ លោកអ្នក​គប្បី​ពាក់​វ៉ែន​តាដើម្បី​ការពារ​នឹង​ពន្លឺថ្ងៃ ខ្យល់ ធូលីដី និង​ផ្សែង​ជា​ដើម។ លោកអ្នក​មិនត្រូវ​ចូល​គេង​យប់ ជ្រៅ​ពេក​​​នោះទេ និង​ត្រូវ​កាត់​បន្ថយ​ការ​ពិសា​គ្រឿង​ស្រវឹង​ផង​ដែរ។ ការ​អនុវត្ដន៍​បែប​នេះនឹង​ជួយ​សម្រួល​ដល់​ភ្នែក និង​ធ្វើឱ្យ​ដុំសាច់​មិន​​​ងាយ​នឹងដុះ​ឡើង​វិញ​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *