អ្នកជម្ងឺ​ទឹកនោម​ផ្អែម ងាយ​ប្រឈម​ជម្ងឺ​ភ្នែក

ភ្នែក​គឺជា​ផ្នែកមួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​វិញ្ញាណ​ទាំង៥ ដែល​រួមមាន ចក្ខុ​វិញ្ញាណ សោតា​វិញ្ញាណ ជីវ្ហា​វិញ្ញាណ ឃាន​វិញ្ញាណ និង​កាយ​វិញ្ញាណ។ ភ្នែកមាន​មុខងារ​ក្នុងការ​មើល ហើយ​បញ្ជូន​ព័ត៌មាន​ទៅកាន់​ខួរក្បាល ដើម្បី​ធ្វើការ​បកស្រាយ​ព័ត៌មាន​ទាំងនោះ។ ជម្ងឺ​ទឺកនោម​ផ្អែម​អាច​បណា្ដល​ឱ្យភ្នែក​មាន​បញ្ហា ហើយ​អាចនឹង​ឈានដល់​ការ​ពិការភ្នែក​ទៀតផង។ អ្នក​ជម្ងឺ​ទឹកនោម ផ្អែម​ប្រឈម​មុខនឹង​គ្រោះថ្នាក់​នៃការ​ពិការភ្នែក​ជាងមនុស្ស​ធម្មតា​ដែល​មិនកើត​ជម្ងឺ​ប្រភេទ​នេះ។ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ទាំងអស់​គួរ តែ​ប្រុងប្រយ័ត្ន​ជាមុន ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​នៃការ​វិវឌ្ឍ​ទៅរក​បញ្ហា​ដែលកើត​ឡើង​លើភ្នែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ លោក​វេជ្ជបណ្ឌិត សុខ ប៊ុណ្ណា អ្នក​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៃគ្លីនិក​ទឹកនោម​ផ្អែម អាយ អ៊ឹម អាយ នឹង​រៀបរាប់​ជម្រាប​ជូន​លោកអ្នក​អំពី​ជម្ងឺ​ភ្នែក និងអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

វិធាន​ការ​ការពារ​ភ្នែក​របស់អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម

ដើម្បី​បញ្ចៀស​នូវបញ្ហា​ទាំងឡាយ​ដែល​កើតមាន​ចំពោះភ្នែក​របស់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម ជាពិសេស​ការ​ពិការភ្នែក​នេះគឺ​អ្នក ជម្ងឺ​ទឹកនោម​ផ្អែម​ចាំបាច់​ត្រូវតែ​អនុវត្ដតាម​វិធានការ​មួយចំនួន​ដូច​ខាងក្រោម ៖

  • ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ខាងភ្នែក​ជារឿយៗ ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ភ្នែក​របស់​លោកអ្នក
  • គ្រប់គ្រង​កម្រិត​ជាតិស្ករ​ឱ្យ​ស្ថិតនៅ​កម្រិត​ល្អធម្មតា​គ្រប់ពេល ព្រោះ​កម្រិត​ជាតិស្ករ​ខ្ពស់​អាច​បណ្ដាលឱ្យ​ភ្នែក​ស្រវាំង​មើល មិន​សូវច្បាស់
  • រក្សា​សម្ពាធ​ឈាម​របស់​លោកអ្នក​ឱ្យនៅ​កម្រិត​ធម្មតា ព្រោះ​សម្ពាធ​ឈាមខ្ពស់​អាច​បណ្ដាល​ឱ្យភ្នែក​កាន់តែ​យ៉ាប់យ៉ឺន
  • សូម​ថែរក្សា​សុខភាព​ឱ្យល្អ​តាមរយៈ​ការ​គ្រប់គ្រង​របប​អាហារ ព្រោះការ​បរិភោគ​អាហារ​ទៅតាម​ការ​ណែនាំ​របស់​អ្នកជំនាញ​អាច​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​កម្រិតល្អ​ប្រសើរ​មួយ
  • ចៀសវាង​ជក់បារី ព្រោះអាច​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ឡើងខ្ពស់ នាំឱ្យ​ភ្នែក​ស្រវាំង​មើលមិន​ច្បាស់
  • ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​តាមដែល​អាចធ្វើ​បាន
  • ធ្វើ​អនាម័យ​ភ្នែកឱ្យ​បានស្អាត ដោយការ​ប្រើ​ក្រណាត់​ស្ដើង​ទន់ៗ ហើយសើម​ដែលមិន​បង្កឱ្យ​មានការ​កោស​រលាត់​ដល់កែវភ្នែក ចៀសវាង​​ការ​យក​ដៃមិន​ស្អាតទៅ​ជូតឬ​ញីភ្នែក។
រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ដែល​គួរទៅ​ជួប​គ្រូពេទ្យ

ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ទឹកនោម​ផ្អែម ហើយ​សង្កេត​ឃើញថា​មានបញ្ហា​មិន​ប្រក្រតី​ទៅលើ​គំហើញ​នោះ លោកអ្នក​គួរ ប្រញាប់​ទៅជួប​គ្រូពេទ្យ​ជាបន្ទាន់។ រោគសញ្ញា​ទាំងនោះ​រួមមាន ៖

  • ភ្នែក​ស្រវាំង​ព្រិល​មើលមិន​សូវច្បាស់ មានការ​លំបាក​ក្នុងការ​មើល​សញ្ញា ឬអាន​សៀវភៅ​ផ្សេងៗ និង​មើលឡើង​បែងភាគ
  • មាន​ចំណុច​ខ្មៅលើ​ភ្នែក ហើយ​ចាំងនឹង​ពន្លឺ​ពិបាក​ទ្រាំខុស​ពីធម្មតា
  • ភ្នែកឡើង​ក្រហម​មិនបាត់ និងមាន​អារម្មណ៍​ថាតឹងៗ​នៅលើ​ភ្នែក
  • ភ្នែកម្ខាង​របស់​លោកអ្នក​មានការ​ឈឺចាប់
  • ខ្សែ​បន្ទាត់​ត្រង់​នៅលើ​ភ្នែក​របស់​លោកអ្នក​មើលទៅ​មិនត្រង់​ដូច​ធម្មតា។

ប្រការ​គួរ​ប្រតិបត្ដិ

  • ប្រសិនបើ​លោកអ្នក​មាន​អាយុ​ចន្លោះពី​១០ទៅ​២៩ឆ្នាំ ហើយមាន​ជម្ងឺ​ទឹកនោម​ផ្អែម​យ៉ាងតិច​៥ឆ្នាំ លោកអ្នក​គួរតែ​ធ្វើការ​ពិនិត្យ​ភ្នែក​មួយ​ឆ្នាំម្ដង
  • ប្រសិនបើ​លោកអ្នក​មានអាយុ​៣០ឆ្នាំ​ឬលើស​ពី៣០ឆ្នាំ លោកអ្នក​គួរតែ​ធ្វើការ​ពិនិត្យភ្នែក​មួយឆ្នាំ​ម្ដង ដោយ​មិនគិត​ថា លោកអ្នក​កើតជម្ងឺ​ទឹកនោម​ផ្អែម​រយៈពេល​យូរឬឆាប់​ប៉ុណ្ណា​នោះទេ ការ​ពិនិត្យ​ភ្នែក​ឱ្យបាន​ញឹកញាប់​ជាការ​ចាំបាច់ ប្រសិនបើ​លោក អ្នក​មានជម្ងឺ​ភ្នែក។
  • ធ្វើការ​ពិនិត្យភ្នែក​ប្រសិន​បើអ្នក​មាន​ផ្ទៃពោះ ឬមាន​ផែនការ​ក្នុងការ​មានផ្ទៃ​ពោះ​ក្នុងកំឡុង​ពេលមាន​ទឹកនោម​ផ្អែម ដើម្បីចៀស​វាង​កុំឱ្យ​មានបញ្ហា​កើតឡើង​ចំពោះភ្នែក​របស់​លោកអ្នក។

ដំបូន្មាន​អ្នក​ជំនាញ

បញ្ហា​ដែល​កើតឡើង​លើភ្នែក​អាចជា​សះបាត់​ទៅវិញ​ក្រោយពេល​ព្យាបាល។ ករណី​ខ្លះការ​ព្យាបាល​គ្រាន់តែ​ការពារ​កុំឱ្យជម្ងឺ វិវឌ្ឍ​ធ្ងន់ធ្ងរ​ជាងមុន​តែ​ប៉ុណ្ណោះ មិនអាច​ជាសះ​ស្បើយ​បានឡើយ ពោលគឺ​អាស្រ័យ​ទៅលើ​អាយុកាល​នៃជម្ងឺ​ទឹកនោម​ផ្អែម។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ការ​ព្យាបាល​ទាន់ពេល​អាចជួយ​ឱ្យអ្នក​ជម្ងឺ​ចៀសផុត​ពី​ផលវិបាក​ផ្សេងៗ​ដែល​កើតមាន​ចំពោះ​ភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *