បច្ចុប្បន្នដោយសារមានការរីកចម្រើនផ្នែកវិទ្យាសាស្ដ្រ របកគំហើញនៃវេជ្ជសាស្ដ្រមានសក្ដានុពលគួរឱ្យកត់សម្គាល់។ ផលិតផលមួយចំនួនត្រូវបានផលិតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ផលិតផលពង្រីកដើមទ្រូងក៏បានរួមចំណែកក្នុង ផ្នែកសម្ផស្សរបស់ស្ដ្រីផងដែរ។ បើទោះជាយ៉ាងណាក្ដីក៏ការជ្រើសរើសប្រើប្រាស់ផលិតផលនេះ នៅតែចោទជាបញ្ហាសម្រាប់សុភាពនារីទូទៅដែរ ព្រោះផលិតផលមានគុណភាពមិនដូចគ្នា ហើយខ្លះទៀតគ្មានគុណភាពតែម្ដង។
នៅពេលនេះមិត្ដនារីអាចអស់បារម្ភ ព្រោះទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រី ហូវ ដាណេ នាយិកា មជ្ឈមណ្ឌលកែសម្ផស្សប្រ៊ីតធីសាឡន ដើម្បីបកស្រាយជូនសុភាពនារីដែលមានបំណងចង់ប្រើប្រាស់ផលិតផលពង្រីកដើមទ្រូង។
គួរប្រើផលិតផលជំនួយដើមទ្រូងរបៀបណា?
មិត្ដនារីអាចប្រើប្រាស់ផលិតផលជំនួយមួយចំនួន ក្នុងករណីសុដន់របស់លោកស្រីអ្នកនាងកញ្ញាមានខ្នាតតូចពីកំណើត មាន លក្ខណៈជ្រាយ ឬយារធ្លាក់ដោយសារតែការមានបំបៅដោះកូន ឬក៏ការប្រែប្រួលរបស់វ័យ ឬទម្ងន់រាងកាយ។
គួរជ្រើសរើសផលិតផលរបៀបណា?
បច្ចុប្បន្នសង្កេតឃើញមានផលិតផលជាច្រើនប្រភេទដាក់លក់លើទីផ្សារ សុទ្ធតែបានអះអាងថាមានប្រសិទ្ធភាព អាចពង្រីក ឬបន្ដឹងសុដន់បាន។ ក្នុងនោះផលិតលផលខ្លះក៏មានបញ្ជាក់ច្បាស់លាស់ពីធាតុផ្សំ ពីរោងចក្រ ពីការអនុញ្ញាត ហើយខ្លះទៀតពុំមានបញា្ជក់ពីធាតុផ្សំ និងពីព័ត៌មានចាំបាច់ផ្សេងឡើយ ដែលធ្វើឱ្យមានការសង្ស័យលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ នៅតាម ប្រទេសដែលមានការគ្រប់គ្រងតឹងរ៉ឹង ពុំអនុញ្ញាតឱ្យប្រើប្រាស់សារធាតុអ័រម៉ូនក្នុងបុព្វហេតុពង្រីក ឬបន្ដឹងសុដន់ឡើយ ព្រោះថាវា អាចបង្កឱ្យមានការប៉ះពាល់ច្រើនយ៉ាង ក្នុងនោះវាធ្វើឱ្យដុំអាក្រក់នៅក្នុងសុដន់រីកធំលឿន។ ផលិតផលជាគ្រាប់លេបត្រូវបានគេ សង្ស័យខ្លាំងថា ផ្សំចេញពីសារធាតុអ័រម៉ូន។ ក្នុងការជ្រើសរើសផលិតផលបំប៉នដើមទ្រូងត្រូវគិតមុនគេពីសុវត្ថិភាព។ ផលិតផលដែលខ្វះព័ត៌មាន ឬផលិតផលផ្សំចេញពីសារធាតុអ័រម៉ូន មិនគួរស្ថិតក្នុងក្រុមផលិតផលដែលត្រូវជ្រើសរើសឡើយ។ ផលិតផលដែលមានសុវត្ថិភាពល្អ ភាគច្រើនជាផលិតផលផ្សំចេញពីសារធាតុចម្រាញ់ពីរុក្ខជាតិ។
សម្រាប់ការធ្វើឱ្យដើមទ្រូងរីកធំណែនគួរប្រើផលិតផលដែលផ្សំចេញពីសារធាតុដែលមានអំពើទៅលើខ្លាញ់ក្រោមស្បែក ធ្វើឱ្យស្បែកនៅបរិវេណនោះឡើងកម្រាស់។ ដោយឡែកសម្រាប់ការចង់លើកសុដន់ឱ្យឡើងមកលើ គួរប្រើផលិតផលដែលផ្សំដោយ សារធាតុដែលមានអំពើខ្លាំងទៅលើស្បែក និងសរសៃពួរធានាឱ្យទាញកន្ដ្រាក់រួញចូលដើម្បីឱ្យខ្លួនវាតឹងមាំល្អ។
ដំបូន្មានអ្នកជំនាញ
មុនសម្រេចប្រើប្រាស់ផលិតផលណាមួយនោះ សុភាពនារីទាំងអស់ត្រូវស្វែងយល់នូវព័ត៌មានមួយចំនួនឱ្យបានលម្អិតពីផលិតផលនោះ ព្រោះអាចធ្វើឱ្យបំណងរបស់លោកស្រីអ្នកនាងកញ្ញាមិនបានសម្រេច ខាតបង់ទាំងពេលវេលា និងថវិកាទៀតផង។ ជាការប្រសើរបំផុតមុននឹងសម្រេចចិត្ដ សូមព្យាយាមទៅពិភាក្សាជាមួយអ្នកជំនាញ ដើម្បីស្វែងយល់អំពីផលិតផលដែលគួរតែប្រើប្រាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply