លោកអ្នកបានជ្រាបរួចមកហើយអំពីចំណាត់ថ្នាក់ និងរឿងរ៉ាវជាច្រើនទាក់ទងនឹងវីតាមីន ឬសារជាតិជីវជាតិរួចមកហើយ នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍CTN ដែលជាកិច្ចសម្ភាសជាមួយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ រឿងរ៉ាវទាក់ទងនឹងវីតាមីននេះ ពិតជាមិនទាន់ចប់នៅឡើយនោះទេ ជាកិច្ចបន្ដសូមបន្ដជ្រាបជាមួយយើងខ្ញុំជាបន្ដទៅទៀតនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង។
ជីវជាតិអា ឬវីតាមីនអា
បើនិយាយអំពីវីតាមីនអានេះ គឺជាវីតាមីនមានសារៈសំខាន់សម្រាប់ស្បែក ភ្នែក និងប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង។ បើធ្វើការបែងចែករឹតតែលម្អិត វីតាមីនអាត្រូវបានបែងចែកជា២ប្រភេទទៀត គឺវីតាមីនអារុក្ខជាតិ និងវីតាមីនអាសត្វ ដោយផ្អែកទៅលើភព និងតួនាទីនានារបស់វា។ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកព័ត៌មានលម្អិតទាក់ទងនឹងជាតិវីតាមីន ទាំងនេះមកជម្រាបជូនម្ដងមួយប្រភេទឬមួយមុខនៅលើទំព័ររបស់ខ្លួនចាប់ពីពេលនេះទៅរហូតទល់តែចប់អស់ខ្លឹមសារ។ ជាដំបូង សូមចាប់ផ្ដើមជាមួយព័ត៌មានទាក់ទងនឹងវីតាមីនអារុក្ខជាតិដូចតទៅ។
តួនាទីវីតាមីនអារុក្ខជាតិ
វីតាមីនអារុក្ខជាតិ ឬហៅជាភាសាជីវគីមីសាស្ដ្រថា ការូតេណូអ៊ីដ អាចហៅជាភាសាប្រជាជនថាជាវីតាមីនស្បែក។ វីតាមីនអារុក្ខជាតិនេះមានតួនាទីពិសេសៗដូចតទៅ គឺជាវីតាមីនការពារយ៉ាងសំខាន់។
- ការពារប្រឆាំងជម្ងឺមហារីក ៖ វីតាមីនអារុក្ខជាតិអាចមានតួនាទីប្រឆាំងនឹងជម្ងឺមហារីកមួយចំនួន ដែលរួមមានមហារីកស្បែក មហារីកសួត និងជម្ងឺមហារីកប្លោកនោម។
- ជំនួយភ្នែក ៖ វីតាមីនអារុក្ខជាតិអាចមានតួនាទីចូលរួមក្នុងការធ្វើឱ្យគំហើញរបស់ភ្នែករឹតតែប្រសើរឡើង។
- ថែទាំស្បែក ៖ វីតាមីនអារុក្ខជាតិក៏អាចមានតួនាទីសំខាន់ផងដែរ ជួយឱ្យស្បែកឬស្រទាប់មុយកឺនៃស្បែកមានសុខភាព ឬ ស្ថានភាពល្អ ព្រមទាំងជួយស្បែកដើម្បីទប់ទល់នឹងពន្លឺព្រះអាទិត្យ។
- ជួយឱ្យមានវ័យក្មេង ៖ តួនាទីចុងក្រោយ វីតាមីនអារុក្ខជាតិជួយទប់ស្កាត់ការវិវឌ្ឍន៍នៃវ័យរបស់មនុស្សកុំឱ្យឆាប់ចាស់ពេកផងដែរ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនអារុក្ខជាតិ
មនុស្សត្រូវទទួលទានចូលទៅក្នុងខ្លួនជាប្រចាំថ្ងៃនូវវីតាមីនអារុក្ខជាតិក្នុងបរិមាណចំនួន៣៥០ឯកតារ៉េទីណុល ដែលមានទម្ងន់ប្រមាណជា២,១មីលីក្រាមបែតតាការ៉ូទែន។
កង្វះជាតិវីតាមីនអារុក្ខជាតិ នាំឱ្យប៉ះពាល់ដល់សុខភាព
បើសិនជាមនុស្សយើងទទួលទានវីតាមីនអារុក្ខជាតិនេះមិនគ្រប់គ្រាន់ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់ ភាគច្រើនក្នុងករណីដែលពួកគាត់មិនបានទទួលទានចំណីអាហារដែលមានសារធាតុខ្លាញ់គ្រប់គ្រាន់ឬតិចតួចពេក។ ផលប៉ះពាល់ទាំងនោះមានដូចតទៅ គឺងងឹតភ្នែក(អាចខ្វាក់ភ្នែក) ការរីកលូតលាស់នៃរាងកាយយឺតយ៉ាវ ស្ងួតភ្នែក ឆាប់ខឹងមួម៉ៅច្រើន ស្បែកស្ងួត មានពណ៌ប្រផេះ និងស្វាយ មើលពេលយប់មិនឃើញ(ងងឹតមាន់) រលាកភ្នែក ដង្កូវស៊ីធ្មេញ រាករូស និងកើតជម្ងឺក្រួសនៅក្នុងសរីរាង្គកាយ។
ចំណីអាហារដែលមានវីតាមីនអារុក្ខជាតិ
វីតាមីនអារុក្ខជាតិមាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- បន្លែបៃតងដែលមានស្លឹក ជាពិសេសស្ពៃ និងបន្លែអេពីណា
- ផ្លែឈើ និងបន្លែពណ៌ទឹកក្រូច និងពណ៌ក្រហម ដូចជាការ៉ុត ម្ទេសក្រហម ត្រសក់ស្រូវ ផ្លែស្វាយ សណ្ដែកបារាំង។ល។ ជាទូទៅផ្លែឈើ ឬបន្លែដែលមានពណ៌កាន់តែខ្លាំងឬដិត មានសារជាតិប៉ែតតាការូតែនកាន់តែច្រើន។
ពេលដែលត្រូវប្រើប្រាស់វីតាមីនអារុក្ខជាតិ
មនុស្សដែលគួរត្រូវតែប្រើប្រាស់វីតាមីនអារុក្ខជាតិជាជំនួយបន្ថែមមានដូចតទៅ ៖
- ស្ដ្រីដែលកំពុងប្រើប្រាស់គ្រាប់ថ្នាំលេបពន្យារកំណើត
- អ្នកដែលមានជម្ងឺឆ្លងពីមេរោគ
- អ្នកដែលពិសាសុរា ឬប្រមឹកស្រា និងអ្នកជក់បារី
- អ្នកដែលតមជាតិខ្លាញ់ជាដើម។
តម្រូវការវីតាមីនអារុក្ខជាតិជាប្រចាំថ្ងៃ
ជាប្រចាំថ្ងៃ មនុស្សត្រូវទទួលទានវីតាមីនប្រមាណពី៣០០០ទៅ៧៥០០ឯកតារេទីណុល ដែលមានទម្ងន់ប្រមាណជាពី ៦ទៅ១៥មីលីក្រាមបែកតាការ៉ូទែន ដែលមាននៅក្នុងថ្នាំ និងនៅក្នុងចំណីអាហារដែលទទួលទានរៀងរាល់ថ្ងៃ។ តម្រូវការនេះអាចកើតឡើងទៅដល់៥០មីលីក្រាមការ៉ូទែនក្នុង១ថ្ងៃ។ រហូតមកដល់សព្វថ្ងៃមិនទាន់មានការលើកឡើងអំពីផលប៉ះពាល់ដែលកើតមានឡើង ដោយសារការទទួលទានគ្រាប់ថ្នាំ ឬចំណីអាហារដែលមានជាតិវីតាមីនទាំងនេះលើសនៅឡើយទេ។
(សូមអានបន្ដនៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply