ស្បែករបស់ទារកងាយនឹងធ្វើឱ្យមានការប៉ះពាល់ជាខ្លាំង ដូចជាកន្ទួល រមាស់ ឬរលាកជាដើម។ ស្បែកទារកគឺមានសភាពស្ដើង ហើយមានជាតិទឹកច្រើន ប៉ុន្ដែមានជាតិខ្លាញ់តិច។ ស្បែករបស់ទារកគឺងាយនឹងធ្វើឱ្យឆ្លងមេរោគផ្សេងៗបំផុត ដូចជាពពួក បាក់តេរី វីរុស និងពពួកប៉ារេស៊ីតផ្សេងៗទៀត។ ដូចនេះស្បែករបស់ទារកទាមទារឱ្យអ្នកម្ដាយគ្រប់រូបថែទាំឱ្យបានល្អ ព្រោះបើមានការធ្វេសប្រហែសនឹងអាចបណ្ដាលឱ្យមានបញ្ហាចំពោះសុខភាពរបស់ទារក។
ដើម្បីស្វែងយល់ពីការថែទាំស្បែកទារក ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត សំ បូរីន អ្នកឯកទេសផ្នែកសង្គ្រោះទារកនៃមន្ទីរពេទ្យកាល់ម៉ែត។
សារៈប្រយោជន៍របស់ស្បែកទារក
ស្បែករបស់ទារកមានតួនាទីក្នុងការទទួលដឹងពីការប៉ះពាល់ទាំងឡាយមកលើខ្លួន និងជួយរក្សាកម្ដៅក្នុងខ្លួនទារកទប់ទល់ នឹងបរិយាកាសខាងក្រៅ។ មិនតែប៉ុណ្ណោះស្បែករបស់ទារកមានតួនាទីសំខាន់ក្នុងការសំយោគវីតាមីនដេសម្រាប់ការលូតលាស់ឆ្អឹង និង មានមុខងារបញ្ចេញនូវសារធាតុពុលទាំងឡាយនៅក្នុងខ្លួន តាមរយៈការបញ្ចេញញើសផងដែរ។
វិធីថែរក្សាស្បែកទារក
ការថែទាំស្បែករបស់ទារកគឺមានវិធីងាយស្រួលបំផុត គឺគ្រាន់តែប្រើកន្សែងទន់ៗជាមួយនឹងទឹកស្អាតធម្មតាមកជូតសម្អាត ស្បែកទារក ឬការប្រើប្រាស់ជាមួយនឹងប្រភេទសាប៊ូដែលសមស្របទៅនឹងស្បែកនៅពេលដែលលាងសម្អាតទារក។ ដោយមិនចាំបាច់ ប្រើប្រាស់គ្រឿងសម្អាងផ្ដេសផ្ដាសអ្វីផ្សេងទៀតមកលាបលើស្បែកទារកនោះទេ ព្រោះអាចបង្កឱ្យស្បែកទារករលាក ហើម និងអាច ធ្វើឱ្យដាច់ស្បែករបស់ទារកផងដែរ។ ចំពោះទារកដែលទើបតែនឹងកើតភ្លាមៗ ឬបានរយៈពេលមួយទៅពីរសប្ដាហ៍ គប្បីការពារ ទារកកុំឱ្យត្រូវពន្លឺថ្ងៃចំពេក ព្រោះអាចបណ្ដាលឱ្យស្បែករលាកដោយសារតែស្បែករបស់ទារកនៅមានសភាពស្ដើង។ ដូចនេះគប្បីស្លៀកសម្លៀកបំពាក់ឱ្យទារកកុំឱ្យប៉ះនឹងពន្លឺថ្ងៃ កុំឱ្យតឹងឬក៏ធូរពេក ហើយមិនត្រូវឱ្យទារកនៅខ្លួនទទេនោះទេ ព្រោះអាចបង្កឱ្យ ទារកបាត់បង់កម្ដៅ និងបាត់បង់ជាតិទឹកច្រើន ដោយសារតែសីតុណ្ហភាពអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ទារក។
ដំបូន្មានអ្នកជំនាញ
ការថែទាំស្បែករបស់ទារកត្រូវតែធ្វើឱ្យបានល្អ ពិសេសគឺសម្រាប់លោកឪពុកអ្នកម្ដាយគ្រប់រូប។ បើសិនជាការថែទាំមិនបាន ល្អនោះទេ អាចមានផលប៉ះពាល់ចំពោះសុខភាពទារក ឬបើធ្ងន់ធ្ងរអាចបណ្ដាលមានគ្រោះថ្នាក់ដល់អាយុជីវិតទារកទៀតផង។ ដូចនេះដើម្បីឱ្យទារកមានសុខភាពល្អ គប្បីចាប់ផ្ដើមពីការមើលថែទាំទារកឱ្យបានល្អគ្រប់ករណីទាំងអស់។
Leave a Reply