គេអាចដឹងថាបុគ្គលណាម្នាក់កើតជម្ងឺទឹកនោមផ្អែមតាមរយៈការធ្វើតេស្ដជាតិស្ករនៅក្នុងឈាមរបស់គេ។ ប៉ុន្ដែគេក៏អាច សម្គាល់តាមរយៈសញ្ញាសម្គាល់មួយចំនួនផងដែរ ដូចជាការបត់ជើងតូចជាញឹកញាប់ ជាពិសេសនៅពេលយប់ ការស្រេកទឹកខុសពីធម្មតា ការវិលមុខ ការឃ្លានខុសពីធម្មតា ការអស់កម្លាំងខ្លាំង ការស្រកទម្ងន់ជាដើម។ រោគសញ្ញាទាំងនេះមិនអាចសន្មតមួយរយភាគរយថាអ្នកនោះកើតជម្ងឺទឹកនោមផ្អែមទេ វាគ្រាន់តែជារោគសញ្ញាសង្ស័យដើម្បីឱ្យប្រាកដ លុះត្រាធ្វើតេស្ដជាតិស្ករនៅក្នុងឈាមជាមុនសិន។សម្រាប់លេខនេះលោកវេជ្ជបណ្ឌិត សុខ ប៊ុណ្ណា អ្នកឯកទេសជម្ងឺទឹកនោមផ្អែមនៃគ្លីនិកទឹកនោមផ្អែម អាយអ៊ឹមអាយ រៀបរាប់ជម្រាបជូនលោកអ្នកអំពីការធ្វើតេស្ដឈាមវាស់កម្រិតជាតិស្ករ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
វិធីធ្វើតេស្ដឈាមរកកម្រិតជាតិស្ករមានវិធីមួយចំនួនដែលអាចឱ្យគេដឹងពីកម្រិតជាតិស្ករនៅក្នុងឈាមរបស់បុគ្គលម្នាក់ៗ ដូចជា ៖
1. ការជួសឈាម ៖ ជាការពិនិត្យនូវជាតិស្ករនៅក្នុងឈាមអ្នកជម្ងឺធ្វើដោយឯងផ្ទាល់ ឬក៏អ្នកជំនាញនៅមន្ទីរពិសោធន៍។
2. ការបូមឈាម ៖ ជាការពិនិត្យជាតិស្ករក្នុងគ្រាប់ឈាមអាចធ្វើឡើងដោយមន្ទីរពិសោធន៍ ឬខ្លួនអ្នកជម្ងឺផ្ទាល់ផងដែរ
ដោយប្រើឧបករណ៍ដើម្បីធ្វើតេស្ដឈាម។
ក្រៅពីមធ្យោបាយខាងលើ គេអាចពិនិត្យជាតិស្ករតាមរយៈការធ្វើតេស្ដទឹកនោម។ ការពិនិត្យនេះមិនសូវមានភាពច្បាស់លាស់ដូចការជួសឈាម និងបូមឈាមទេ ដោយសារតែជាតិស្ករដែលមានក្នុងទឹកនោមអាចធ្វើបានចំពោះតែអ្នកជម្ងឺដែលមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាមទៅហើយ។ ជាទូទៅការពិនិត្យទឹកនោមនេះអាចធ្វើឡើងដោយងាយ និងអស់តម្លៃថោកជាងការធ្វើតេស្ដទាំងពីរខាងលើ។ ការធ្វើតេស្ដរកកម្រិតជាតិស្ករគួរធ្វើឡើងនៅពេលមុនទទួលទានអាហារ ដើម្បីទទួលបាននូវលទ្ធផលដែលជាក់លាក់។ លទ្ធផលដែលអាចយកជាការបានអាស្រ័យលើវិធីនៃការធ្វើតេស្ដផងដែរ។
1. លទ្ធផលនៃការធ្វើតេស្ដតាមរយៈជួសឈាម
2. លទ្ធផលនៃការធ្វើតេស្ដតាមរយៈការបូមឈាម
អត្ថប្រយោជន៍នៃការធ្វើតេស្ដរកកម្រិតជាតិស្ករសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមការដឹងពីកម្រិតជាតិស្ករ អាចជួយឱ្យអ្នកជម្ងឺទឹកនោមផ្អែមតាមដានពីស្ថានភាពជម្ងឺរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពព្រមទាំងអាចជួយឱ្យអ្នកជម្ងឺស្វែងរកនូវវិធីសាស្ដ្រផ្សេងៗដើម្បីកាត់បន្ថយជាតិស្ករឱ្យស្ថិតនៅកម្រិតធម្មតា។ ជាឧទាហរណ៍ ប្រសិនបើអ្នកជម្ងឺដឹងថាកម្រិតជាតិស្កររបស់ខ្លួនខ្ពស់ ពេលនោះអ្នកជម្ងឺនឹងត្រូវពិនិត្យឡើងវិញទាក់ទងទៅនឹងរបបអាហារ ការធ្វើលំហាត់ប្រាណ ការប្រើប្រាស់ឱសថជាដើម។ ការធ្វើតេស្ដអាចឱ្យអ្នកជម្ងឺកែប្រែរបបអាហារ ធ្វើលំហាត់ប្រាណ ឬប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវតាម វេជ្ជបញ្ជាឡើងវិញ ឬបន្ដតាមដានអ្វីផ្សេងទៀតដែលអាចប៉ះពាល់សរីរាង្គក្នុងខ្លួនទៅថ្ងៃមុខទៀត។
ដំបូន្មានអ្នកជំនាញ
ដើម្បីគ្រប់គ្រងជម្ងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធភាព លោកអ្នកត្រូវពិនិត្យតាមដានកម្រិតជាតិស្ករឱ្យបានជាប្រចាំ ធ្វើ លំហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគអាហារណាដែលមានប្រយោជន៍សម្រាប់សុខភាព។ ជាពិសេសជាងនេះទៅទៀតនោះលោកអ្នកគួរទៅជួបពិគ្រោះជាមួយអ្នកឯកទេសខាងទឹកនោមផ្អែម ចៀសវាងការទិញឱសថប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលជាហេតុបណ្ដាលឱ្យមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរបន្ថែមលើជម្ងឺដែលមានស្រាប់នោះទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply