​ក្បួន​​​ថែរក្សា​គភ៌ ៖​ ​ការ​ពិនិត្យ​ផ្ទៃពោះ(ត)​

កាលពីលេខមុនៗ ​លោកអ្នក​បានជ្រាប​ហើយ​អំពី​ប្រការ​នានា​ទាក់ទង​នឹង​ការ​ពិនិត្យ​ផ្ទៃពោះ​មុនពេល​សម្រាល​ ​ជា​​ពិសេស​ការ​ពិនិត្យ​សុខភាព​លើក​ដំបូង​ពេល​ចាប់មាន​ផ្ទៃពោះ ​និងការ​ពិនិត្យ​នៅខែ​បន្ដ​បន្ទាប់​មកទៀត​ជាដើម។ ​​នៅ​លេខ​នេះ ​លោក​​​អ្នកនឹង​បន្ដជ្រាប​​អំពី​ការពិនិត្យ​ផ្ទៃពោះ​នៅខែ​ទី៨ ​និងខែទី៩ ​ដែលជា​ខែហៀប​ប្រសូត​ទារក។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ការពិនិត្យផ្ទៃពោះ និង​ការតាម​ដាន​សុខភាព​មាតា​និង​ទារក​មុនពេល​សម្រាល​ ​គឺជា​ប្រការ​ចាំបាច់​បំផុត។ ​នៅ​ប្រទេស​ជឿន​ ​លឿន ​ស្ដ្រី​មាន​ផ្ទៃពោះ​អាចត្រូវ​ដាក់​ទណ្ឌកម្ម​ ​និង​ផាក​ពិន័យ​បើសិន​ជា​ខក​ខាន​ឬ​មិនបាន​ទៅជួប​គ្រូពេទ្យ ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ផ្ទៃ ពោះ​ឱ្យបាន​ត្រឹមត្រូវ​។ ​ដោយឡែក​នៅ​ប្រទេស​យើង ​កាតព្វ​កិច្ចនេះ​នៅធូរ​រលុង ​ស្ថិត​នៅ​លើ​កម្រិត​ស្ម័គ្រចិត្ដ។​

ការពិនិត្យផ្ទៃពោះនៅខែទី៨

ប្រសិនបើទារកក្នុងផ្ទៃខ្ជិលច្រអូស ​និងមាន​ការ​លូតលាស់​យឺត​ខ្លាំងពេក​ ​គ្រូពេទ្យ​អាចមាន​វិធាន​ការ​នានា​ដើម្បី​ទប់ទល់​នឹង​ ​ការរីក​លូតលាស់​យឺតយ៉ាវ​របស់​ទារក​ក្នុងផ្ទៃ។​ ​នៅខែ​ទី៨នេះ ​​អ្វីដែល​ជាបច្ចា​មិត្ដរបស់​គភ៌​នៅចុង​បញ្ចប់​នៃការ​វិវឌ្ឍន៍ ​គឺការ​ប្រសូត​ ​ឬ​សម្រាល​មុនកំណត់​(មិនគ្រប់ខែ) ​ការឡើង​សម្ពាធ​ឈាម​ ​ជម្ងឺ​ទឹកនោមផ្អែម​។ល។ ​គ្រូពេទ្យ​រោគស្ដ្រី ​និង​គ្រូពេទ្យ​ព្យាបាល​អាចមាន​ ​វិធាន​ការណ៍​គ្រប់គ្រាន់​ក្នុងការ​ចាត់វិធាន​ការ​ប្រកប​ទៅដោយ​ប្រសិទ្ធភាព​ និង​ជឿទុក​ចិត្ដបាន។ ​ពោលគឺ​ការពារ​ប្រសើរ​ជាង​ព្យាបាល។​

ការតាមដានផ្ទៃពោះនៅខែទី៩

ថ្ងៃដែលអស្ចារ្យ ​និងជា​ថ្ងៃរង់​ចាំជិត​មកដល់​ហើយ។ ​ការត្រួត​ពិនិត្យ​ផ្ទៃពោះ ​គួរតែ​ត្រូវបាន​បង្កើន​ល្បឿន​ ​ដើម្បី​ស្គាល់​ ​និងដឹង​ពីស្ថាន​ភាពដែល​ត្រូវ​សម្រាល ​ជាពិសេស​ត្រូវតាម​ដាន​សុខភាព​ម្ដាយ ​និងសុខ​ភាព​ទារក​ក្នុងផ្ទៃ​ឱ្យបាន​រឹតតែ​ប្រសើរ​ឡើង។​

១ . សម្ពាធឈាម

តើលោកស្រីអ្នកនាងមាន​ឡើង​ប៉ោង​មុខ​ ​ហើមដៃ ​ឬលិប​ភ្នែក​គោល​ដែរ​ឬទេ? ​មិនមែន​ជារឿង​ចម្លែក​ពេក​នោះទេ​ ​ព្រោះថា​ការហើម​តិចៗ​កើតឡើង​នៅចុង​បញ្ចប់នៃ​ការមាន​គភ៌ ​គឺកើត​មានជា​រឿយៗ។​ អាការៈ​ទាំងនេះ​កើតមាន​ឡើង​ដោយ​សារ ​ការ​លើស​ទម្ងន់​ ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​ ​ការ​បំពេញ​តួនាទី​យឺត​នៃ​តម្រង់​នោម​ ​និង​សរសៃ​ឈាមវ៉ែន។​ ​គ្រូពេទ្យ​ព្យាបាល​នឹង​ធ្វើការ​ ​វិនិច្ឆ័យ​ឱ្យដឹង​ថាការ​ឡើង​ប៉ោង​ឬ​ហើម​នេះតើ​ជារឿង​ធម្មតា​ឬ​អាការៈ​រោគ​មិន​ធម្មតា​ ​ដែល​តម្រូវ​ឱ្យមាន​ការ​ប្រកាស​អាសន្ន​ដែរ​ឬទេ។​ ​ប្រសិន​បើម្រាម​ដៃក៏​មាន​ហើម​ ​ឬ​ឡើង​ប៉ោង​បន្ដិចៗ​ដែរ ​សូម​ដោះ​ចិញ្ចៀន​ចេញ​ឬ​សូម​កុំពាក់​វាតែ​ម្ដង។​

២ . ការវាយតម្លៃទំហំអាងត្រគាក

តើត្រូវសម្របតម្រូវយ៉ាងនោះ​នៅក្នុង​ករណី​ទារក​មាន​ព្រលឹង ​ធាត់​ទ្រលុក​ទ្រលន់ ​និង​អាង​ត្រគាក​របស់​ស្ដ្រីតូច​ចង្អៀត​ឬ?​ ​គេគិត​ទៅដល់​ការ​សម្រាល​តាមផ្លូវ​ក្រោម​ឬ​ផ្លូវ​ធម្មជាតិ ​បើសិន​ជា​ទំហំ​អាង​ត្រគាក​(ការវាស់ទំហំអាងត្រគាកដោយថតវិទ្យុសាស្ដ្រ)​ ​មាន​ទំហំធំ​ ​និងអនុគ្រោះ។ ​ប៉ុន្ដែ​ក្នុង​ករណី​ទារក​ធាត់​ទ្រលុក ​ហើយ​ម្ដាយ​មាន​អាង​ត្រគាកតូច​ ​ការ​ប្រសូត​ត្រូវធ្វើ​ឡើង​ដោយការ​​វះកាត់។​

៣ . ការត្រួតពិនិត្យមាត់ស្បូន

គ្រូពេទ្យត្រួតពិនិត្យយ៉ាង​ល្អិត​ល្អន់​អំពី​ប្រវែង​មាត់ស្បូន​ ​ទំហំ​មាត់ស្បូន​ដែល​អាចបើក​ ​ភាពយឺតយារ​ ​​និងទីតាំង​របស់​ ​ទារក​នៅក្នុង​ផ្ទៃ។​

ចំណាំ ៖ ការកំណត់ពេល​វេលា​ប្រសូត​សម្រាប់​ទារក​គឺជា​ការ​សំខាន់​ខ្លាំងណាស់។ ​ទារក​ដែល​មិនបាន​ប្រសូត​ចំថ្ងៃ​កំណត់ត្រូវ​ ​មាន​វិធាន​ការណ៍​ជួយ។ ​ប្រសិន​បើ​ទារក​កើត​មុន​ថ្ងៃ​កំណត់​នោះ ​គឺ​ករណី​កើត​មិន​គ្រប់ខែ។ ​តែ​បើ​កើត​ក្រោយ​ថ្ងៃកំណត់​ ​គឺ​ករណី​ក្រ សម្រាល​ ​ដែលការ​ប្រសូត​ត្រូវ​មាន​អន្ដរាគមន៍​ពី​គ្រូពេទ្យ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការដែលត្រូវទៅជួបគ្រូពេទ្យ

តាំងពីមានផ្ទៃពោះ ​ស្ដ្រីត្រូវ​រងនូវ​ការ​បម្រែ​បម្រួល​ជាខ្លាំង។ ​រោគ​សញ្ញា​មួយ​ចំនួន​តម្រូវ​ឱ្យស្ដ្រី​មាន​ផ្ទៃពោះ​យក​ចិត្ដ​ទុក​ដាក់​ ​និងត្រូវ​ទៅជួប​គ្រូពេទ្យ​ជា​បន្ទាន់​ ​ដោយ​គ្មាន​ការ​បង្អែរ​បង្អង់ ​ជា​ពិសេស​ក្នុង​ករណី​ដូច​តទៅ ៖​

– ករណីលោកស្រីអ្នកនាង​មាន​គ្រុន​ក្ដៅ ​ព្រោះវា​អាច​ជា​រោគ​សញ្ញា​ដំបូង​នៃជម្ងឺ​មិនធ្ងន់​ធ្ងរ​ដែល​កើត​មាន​នៅលើ​ទារក។​

– លោកស្រីអ្នកនាងមានអារម្មណ៍ថា ​មាន​ជម្ងឺ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម។ ​បើមិន​បាន​ព្យាបាល​ជម្ងឺនេះ​ឱ្យបាន​ត្រឹមត្រូវ​នោះ​ទេ​ ​វាអាច​បង្កឱ្យ​មានការ​សម្រាល​មិនគ្រប់​ខែបាន​ដែរ។​

– ពេលដែលលោកស្រីអ្នកនាង​មានការ​ហូរឈាម ​ឬ​សារធាតុ​ទឹកណា​មួយ​មិន​ធម្មតា​

– ពេលគភ៌នៅអាយុពី៥ទៅ៨ខែ ​លោកស្រី​អ្នកនាង​មាន​អារម្មណ៍​ថា​ទារក​កម្រើក​តិចជាង​ ​ឬ​ខុស​ពីមុន។​ ​ករណី​នេះ​ ​លោកស្រី​អ្នកនាង​ត្រូវទៅ​មន្ទីរ​សម្ភព​ ​ឬ​មណ្ឌល​សុខភាព​ ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ត្រួត​ពិនិត្យ​តាមដាន។​ ​គ្រូពេទ្យ​អាច​ប្រើ​ឧបករណ៍​ ​ដើម្បី​វាស់​

ចង្វាក់​បេះដូង​របស់​ទារក។ ​សូម​ចងចាំ​ថា ទារក​ធំ​លូតលាស់​នៅក្នុង​ផ្ទៃរបស់​លោកស្រី​អ្នកនាង ហើយមាន​សភាព​រឹតតែ ចង្អៀត​ឡើង។​

– លោកអ្នកមានការកន្ដ្រាក់ស្បូន ​ឈឺម្ដងៗ ឬអាច​ញឹកញាប់​ពី៥​ទៅ៦ដង​ក្នុង១ថ្ងៃ។​ អាការៈ​នេះអាច​បញ្ជាក់​បាន​តាមរយៈ​ ​ការពិនិត្យ​ឆ្លុះមើល​ចលនា​កន្ដ្រាក់​។

– ក្នុងករណី លោកស្រីអ្នកនាង​ឡើង​ទម្ងន់​ខ្លាំង និង​ឆាប់​រហ័ស ដោយលាយ​ជាមួយ​អាការៈ​ឈឺក្បាល ហើម និង​ព្រិលភ្នែក​ ​(សម្លឹងឃើញបាំងស្រមោលសពីមុខ)​។ ព្រោះវា​អាចជា​ករណីឡើង​សម្ពាធ​ឈាម។​

សូមប្រុងប្រយ័ត្ន

សូមចងចាំថា ការកន្ដ្រាក់​អាចធ្វើ​ឱ្យ​ទារក​កើត​ចេញ​មកបាន។​ ​ត្រូវហៅ ឬ​ប្រាប់​គ្រូពេទ្យ​ក្នុង​ករណី​ដែល​ការ​កន្ដ្រាក់​រឹតតែ​ ​កើតមាន​ញឹកញាប់​ទៅ។ លោកស្រី​អ្នកនាង​អាចដឹង​បានតាម​រយៈការ​មាន​អារម្មណ៍​ថា រឹងក្បាល​ពោះ និង​ប៉ះលែង​ដឹង។ អាការៈ​ ​នេះច្រើន​តែមាន​លាយ​ជាមួយ​ការ​ឈឺចាប់​ពោះ ​ម្ដុំថ្ងាស​ក្រោមតិចៗ​ និង​ឈឺត្រង់​តម្រង់នោម​(ត្រង់កន្ដៀតក្អម)​។

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ ​និពន្ធ​ដោយ​វេជ្ជ​បណ្ឌិត​ លី ​ចេងហ៊ុយ​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *