ស្ថានភាពដីល្អ ផ្ដល់ចំណីអាហារមានវីតាមីនច្រើន
ប្រជាពលរដ្ឋខ្មែរយើងមានមោទនភាពនឹងស្ថានភាពដីរបស់ខ្លួនខ្លាំងណាស់ រហូតដាក់ឈ្មោះឱ្យប្រទេសឬទឹកដីរបស់ខ្លួនថា ជាដែនសុវណ្ណភូមិ(ដែលប្រែជាភាសាសាមញ្ញថា(ដីមាស)។ ហើយប្រជាពលរដ្ឋខ្មែរមានការអះអាងជាច្រើនបានលើកឡើងថា នៅ ប្រទេសកម្ពុជាទីណាមានទឹកទីនោះមានត្រី បឹងទន្លេសាបជាជង្រុកត្រី សក្ដានុពលកសិកម្ម ដីនៅស្រុកខ្មែរដាំអ្វីក៏ដុះ សម្បូរជីជាតិ ខ្លាំងណាស់ជាដើម។ ទាំងនេះពិតជាមោទនភាពរបស់ដែនដីខ្មែរ និងជាភព្វសំណាងរបស់ជាតិសាសន៍ខ្មែរ។ ប៉ុន្ដែសព្វថ្ងៃនេះអ្វីៗត្រូវបាត់ បង់អស់ហើយ ដោយសារការបំផ្លាញរបស់មនុស្ស។ ទឹកស្រែលែងទទួលទានបាន សម្បូរទៅដោយសារធាតុជីកសិកម្ម គ្មានត្រីនៅរស់ ទៀតទេ រីឯដំណាំដាំដុះប្ដូរមកជាការដាំដោយប្រើជាតិគីមីយកតែបរិមាណ មិនមានគិតគូរពីគុណភាព និងផ្ទុកទៅដោយជាតិពុល និងជាតិគីមីបំផ្លាញសុខភាព។ កសិកម្មបែបនេះនាំឱ្យដីខូច ខ្សោះជីវជាតិ ដែលជាហេតុផ្ដល់នូវកសិផលមិនសម្បូរទៅដោយជីវជាតិ ឬវីតាមីននោះទេ។ ជាអាទិយើងឃើញនៅក្នុងក្រូចពោធិ៍សាត់ខ្លះស្ទើរតែគ្មានជាតិវីតាមីន ដែលជាធម្មតាវាអាចមានដល់ទៅ១១៦ មីលីក្រាមក្នុងក្រូចមួយផ្លែ។
តើចំណីអាហារបែបណាដែលមានសារធាតុចិញ្ចឹមសម្បូរបែប?
ជាការពិតណាស់ គួរតែទទួលទានចំណីអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្បូរបែប ជាពិសេសតាំងពីនៅវ័យ ក្មេង។ ចំណីអាហារឧស្សាហកម្មដែលមានដាក់លក់នៅទីផ្សារ ភាគច្រើនមានអត្រាសារធាតុការពារតិចតួចបំផុត។ យ៉ាងណាម៉ិញ ចំណីអាហារដែលផ្សំឡើងពីលក្ខណៈធម្មជាតិ និងបែបងាយៗ ពួកចំណីអាហារទាំងនោះសម្បូរទៅដោយជាតិវីតាមីន និងជាតិអំបិល ខនិជ។ ហេតុនេះ សូមលោកអ្នកនឹកឃើញទៅដល់ជីដូនជីតា បុព្វបុរសខ្មែរយើង ដែលពួកគាត់ទទួលទានតែត្រីស្រែ និងបន្លែបង្ការដែល ទទួលផលពីសួនដំណាំ ឬចម្ការនៅជុំវិញផ្ទះ។ ពួកគាត់អាចរស់រានរហូតដល់អាយុ១០០ឆ្នាំ ហើយស្ថិតក្នុងស្ថានភាពមួយដែលគ្មាន សេវាកម្មវេជ្ជសាស្ដ្រព្យាបាលត្រឹមត្រូវនោះឡើយ។ ចុះហេតុអ្វីប្រជាពលរដ្ឋសព្វថ្ងៃបានទទួលទានគ្រប់គ្រាន់ និងមានសេវាវេជ្ជសាស្ដ្រ សម្បូរបែប តែពួកគាត់នៅតែអាយុមិនវែង។ អ្នកជំនាញបានធ្វើការទូន្មានដល់អ្នកទទួលទាន និងអ្នកដាំស្លទាំងអស់ត្រូវគោរពឱ្យបាន នូវរបៀបរបបនៃការចម្អិន និងទទួលទានទៅតាមប្រភេទចំណីអាហារនីមួយៗ។ ព្រោះថាបើគោរពបាននូវបទដ្ឋានទាំងនេះបាន ជាពិសេសការចម្អិន និងការផលិតដែលឈរលើបទដ្ឋានត្រឹមត្រូវទាំងផលិតផលទាំងស្ថានភាពដី។ មិនតែប៉ុណ្ណោះ ការថែរក្សា ទុកនូវផលិតផលទាំងនេះ និងការដាក់លក់ក៏អាចទាក់ទងនឹងការបាត់បង់សារធាតុជាតិចិញ្ចឹម និងសារធាតុវីតាមីនកម្រិតណាមួយនោះ ដែរ។ ហេតុនេះសូមលោកអ្នកមេត្ដាធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ។ ទាំងនេះមិនទាន់គិតទៅដល់សារធាតុពុលមួយចំនួន ដូចជា ជាតិនីត្រាត ឬថ្នាំសម្លាប់សត្វល្អិតនោះទេ។
បណ្ដាំផ្ញើ ៖ ទាក់ទងនឹងរបៀបទុកដាក់ និងចម្អិនចំណីអាហារឱ្យនៅមានវីតាមីន និងសារធាតុចិញ្ចឹម ទស្សនាវដ្ដី សុខភាពយើង នឹង បន្ដលើកមកជម្រាបជូននៅលេខក្រោយ។ សូមរង់ចាំអានដោយអនុគ្រោះ។
(សូមអានបន្ដនៅលេខក្រោយ)
ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆកា ឆ្នាំ២០០៩
Leave a Reply