ហែល​ទឹក ៖ ផល​ប្រយោជន៍ និង​ផល​ប៉ះ​ពាល់

ការហាត់​កីឡា​មាន​សារៈ​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​រាងកាយ។ កីឡា​មាន​ច្រើន​ប្រភេទ ដូចជា​កីឡា​បាល់​ទាត់ វាយ​កូន​គោល បាល់​បោះ រត់ និង​ហែលទឹក​ជាដើម។ ការ​ហែលទឹក​គឺ​ជា​កីឡា​មួយ​ប្រភេទ​សម្រាប់​ធ្វើឱ្យ​ចលនា​របស់​លោក​អ្នក​មាន ភាព​រស់​រវើក ដែល​ជំរុញ​ឱ្យ​អ្នក​ហាត់​បញ្ចេញ​នូវ​សារធាតុ​ពុល​ចេញពី​ក្នុងខ្លួន​មក​ខាង​ក្រៅ ដើម្បី​ចៀសវាង​ការ​កើត​ជម្ងឺ​ផ្សេងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ហែម ថុន ជា​អគ្គ​លេខា​ធិការ​របស់​សហព័ន្ធ​ហែលទឹក និង​ជា​គ្រូ​បង្វឹក​កីឡា​ហែលទឹក​ជម្រើស​ជាតិ​កម្ពុជា នឹង​បក ស្រាយ​តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង អំពី​ផល​ប៉ះពាល់ និង​ផល​ប្រយោជន៍​នៃការ​ហាត់​កីឡា​ហែលទឹក។

វ័យ​ត្រូវ​ហាត់​ហែល​ទឹក

ភាគ​ច្រើន​តាម​ទ្រឹស្ដី​នៅ​លើ​ពិភពលោក​យើង​នេះ​បាន​និយាយ​ថា មនុស្ស​ត្រូវ​ចេះហែល​ទឹក​មុន​ចេះដើរ ព្រោះ​មនុស្ស​មិន ទាន់​ចេះ​ដើរ​ទេ​គឺ​ចេះ​វារ ប៉ុន្ដែ​គេយក​ទារក​ទៅ​ដាក់​ឱ្យហែល​ទឹក​គឺអាច​ចេះ​ហែល​ទឹក​មុន​ចេះដើរ នេះ​គឺជា​ការ​ស្រាវ​ជ្រាវ​របស់​អ្នក វិទ្យា​សាស្ដ្រ។ ជា​ការ​ប្រសើរ​បំផុត​បើ​កុមារ​ចាប់ផ្ដើម​រៀន​ហែល​ទឹក​ពី​អាយុ​៤ទៅ​៥ឆ្នាំ ព្រោះ​ជា​វ័យ​មួយ​ដែល​ល្អ កុមារ​នៅវ័យ​នេះ​មាន ឆ្អឹង​ទន់ សាច់​ទន់ វា​ងាយស្រួល​ហាត់​ជាង​មនុស្ស​ដែល​ពេញវ័យ។ ការ​ហែលទឹក​ជាខ្នាត​អន្ដរជាតិ​សម្រាប់​កីឡាករ​គឺ​មាន​៤របៀប ទីមួយ​គឺការ​ហែល​ដោយ​សេរី ទីពីរ​គឺហែល​របៀប​ផ្ងារ ទីបី​គឺ​ហែលជា​របៀប​កង្កែប និង​ទីបួន​គឺហែល​របៀប​មេអំបៅ។

ផល​ប្រយោជន៍​នៃការ​ហែលទឹក

អ្នក​ប្រាជ្ញ​ជន​ជាតិ​ក្រិច​ពីដើម​បាន​និយាយថា “បើអ្នក​មិន​ចេះ​ហែលទឹក ដូចជា​អ្នក​ដែល​មិន​ចេះ​អក្សរ” បាន​ន័យ​ថា​ជីវិត​របស់ លោកអ្នក​បាត់មួយ​កំណាត់ ដល់​ពេល​ណា​យើង​ធ្វើដំណើរ​តាមទឹក តាម​បឹង តាម​សមុទ្រ បើសិន​ជាមាន​គ្រោះថ្នាក់ លោកអ្នក​ប្រាកដ​ជា ស្លាប់​ដោយ​សារ​តែមិន​ចេះ​ហែល​ទឹក។ ដូច្នេះ​ផល​ប្រយោជន៍​ទីមួយ លោកអ្នក​អាច​រួចជីវិត​នៅ​ពេល​ដែលមាន​គ្រោះថ្នាក់​នៅក្នុង​ទឹក ទីពីរ​កាលណា​ចេះហែល​ទឹក​សុខុមាល​ភាព​របស់​អ្នក​ហែល​ទឹក​សម្បូរ​បែប​គ្រប់​សរីរាង្គ​ទាំងអស់។ កីឡា​ហែលទឹក​អាច​ឱ្យ​លោកអ្នក​ធ្វើ ចលនា​បាន​គ្រប់​សារពាង្គ​កាយទាំង​អស់ ដោយ​មាន​ការ​កម្រើក​ទាំង​ភ្នែក ច្រមុះ មាត់ ស្មា ជង្គង់ និង​អ្វីៗ​ទាំងអស់ ពោល​គឺផ្ដល់​ផល ប្រយោជន៍​គ្រប់កន្លែង​ទាំង​អស់​សម្រាប់​រាងកាយ។ ការហែល​ទឹក​អាចព្យាបាល​ជម្ងឺ​បានទៀត ដូច​ជាសន្លាក់​សាច់ដុំ លើសឈាម​ជាដើម នេះ​គឺជា​ការ​រកឃើញ​របស់​អ្នក​វិទ្យាសាស្ដ្រ។ ជម្ងឺ​ទាំងនេះ​អាចធ្វើ​ការ​ព្យាបាល​ដោយការ​ហែលទឹក ដើម្បី​សម្រួល​ដល់​រាងកាយ​របស់ អ្នកជម្ងឺ។ កាលណា​ហាត់កីឡា​ហែលទឹក​គឺអាច​ជួយពង្រីក​ប្រព័ន្ធ​សាច់ដុំ និង​ប្រព័ន្ធ​ដក​ដង្ហើម។ បើ​ប្រព័ន្ធ​ដកដង្ហើម​មិន​រីក​លូតលាស់​ទេ នោះ បាន​ន័យថា​ហាត់​មិន​ត្រឹមត្រូវ​ទេ នេះ​គឺជា​ផល​ប្រយោជន៍​ដែល​គេសម្គាល់​ទៅលើ​ប្រព័ន្ធ​ដកដង្ហើម និង​ប្រព័ន្ធ​សាច់ដុំ។

ផល​ប៉ះពាល់​នៃការ​ហាត់​មិនបាន​ត្រឹមត្រូវ

ការហាត់​កីឡា​មិនបាន​សមស្រប​ដោយគ្មាន​វិធីសាស្ដ្រ គ្រូគ្មាន​ជំនាញ​ច្បាស់លាស់ អាច​ធ្វើឱ្យ​អ្នកហាត់​លើស​កម្លាំង ឆាប់បាក់ កម្លាំង ជា​ពិសេស​គឺវ័យ​ដែល​ក្មេងៗ​តែម្ដង។ ការ​បាក់​កម្លាំង​ធ្វើឱ្យ​អ្នកហាត់​ហែល​នោះឈឺ ជា​ពិសេស​ដោយសារ​ការហាត់​ខុស​ពេល​ខុស វេលា ការហាត់​ច្រើន​លើស​កម្រិត ធ្វើឱ្យ​អ្នកហាត់​មាន​ស្មារតី​មិនល្អ ឆាប់​វិលមុខ ឆាប់​អស់កម្លាំង ឆាប់​ខ្សោយ​ប្រព័ន្ធ​ដកដង្ហើម​ជា ដើម។ ពេល​ចាប់ផ្ដើម​ហាត់គឺ​ត្រូវ​គិត​តាំង​ពីកម្ពស់ ទម្ងន់ និង​អាយុរបស់​អ្នកហាត់ ដើម្បី​ចៀសវាង​មាន​ផល​លំបាក​ទៅថ្ងៃ​ក្រោយ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិន​ជា​លោកអ្នក​ចេះហែល​ទឹក វា​ធ្វើឱ្យ​រូបរាង​កាយ​មាន​ចលនា​ល្អគ្រប់​កន្លែង ប៉ុន្ដែ​ត្រូវតែ​ហាត់ទៅ​តាមក្បួន​ខ្នាត។ កីឡា​អ្វី​ក៏ដោយ មិន​មែន​តែ​កីឡា​ហែលទឹក​ទេ បើសិន​ជាយើង​អនុវត្ដ​បាន​ត្រឹមត្រូវ​ទៅតាម​ការ​ណែនាំ​របស់​អ្នក​ដែលមាន​បទ ពិសោធន៍ គឺ​ផ្ដល់មក​វិញនូវ​សុខុមាលភាព​ល្អ មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ថែមទាំង​អាច​ព្យាបាល​ជម្ងឺ​បានទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *