ជាមេផ្ទះមួយរូប ការថែរក្សាកូនៗ និងការងារក្នុងផ្ទះគឺជារឿងដ៏សំខាន់ដែលត្រូវគិតគូរពីការរៀបចំឱ្យមានសណ្ដាប់ ធ្នាប់ល្អ និងភាពស្រស់ស្អាត។ ស្ដ្រីគ្រប់រូបតែងតែយកចិត្ដទុកដាក់បំផុតចំពោះការតុបតែងគ្រប់ទីកន្លែងទាំងអស់នៅក្នុងផ្ទះ ដើម្បី ភាពស្រស់ស្អាត។ ការរៀបចំក្នុងគេហដ្ឋានជាបញ្ហាមួយដែលស្ដ្រីមេផ្ទះទាំងឡាយចង់ស្វែងយល់។ ការរៀបចំក្នុងបន្ទប់នីមួយៗ តែងតែមានលក្ខណៈខុសៗពីគ្នា ដូចជាបន្ទប់ទទួលទានអាហារជាដើម។ ដើម្បីឱ្យសុភាពស្ដ្រីមេផ្ទះទាំងឡាយឱ្យបានជ្រាបនោះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន។
ទីតាំងសម្រាប់ធ្វើបន្ទប់ទទួលទានអាហារ
បើផ្ទះលោកអ្នកធំទូលាយអាចបែងចែកដាច់ពីគ្នារវាងបន្ទប់ទទួលភ្ញៀវ បន្ទប់បាយ និងបន្ទប់ទទួលទានអាហារ។ ប៉ុន្ដែជា ធម្មតាបន្ទប់ទាំងបីនេះអាចបញ្ចូលជាមួយគ្នាបានដោយមានការរៀបយ៉ាងមានសណ្ដាប់ធ្នាប់បំផុត។ បន្ទប់ទទួលទានអាចធ្វើដាច់ដោយ ឡែក ឬអាចនៅជាមួយបន្ទប់បាយក៏បានដែរ តែការចម្អិនអាហារគួរបែងចែកចង្ក្រានសម្រាប់ចម្អិនអាហារដែលគ្មានក្លិននៅខាងក្នុង បន្ទប់បាយ ឯអាហារដែលមានក្លិននៅខាងក្រៅ ចៀសវាងមានក្លិនមិនល្អដល់បន្ទប់ទទួលទានអាហារ។ ទីតាំងដែលល្អទៀតនោះ បើសិនជានៅក្នុងបរិវេណផ្ទះរបស់លោកអ្នកមានសួនច្បារ ឬកន្លែងផ្សេងៗទៀតដែលមើលទៅធម្មជាតិ លោកអ្នកគួររៀបចំបន្ទប់ ទទួលទានអាហារឱ្យចំនឹងទេសភាពទាំងអស់នោះ។ ដោយបន្ទប់ទទួលទានរបស់លោកអ្នកគួរតែធ្វើជញ្ជាំងកញ្ចក់ដើម្បីអាចមើល ទេសភាពស្រស់ស្អាតខាងក្រៅ ជាការបង្កើននូវបរិយាកាសស្រស់ស្រាយនៅពេលទទួលទានអាហារជាមួយក្រុមគ្រួសារផងដែរ។
បន្ទប់ទទួលទានអាហារគួររៀបចំអ្វីខ្លះ?
នៅក្នុងបន្ទប់ទទួលទានអាហារ លោកអ្នកអាចរៀបចំដោយជ្រើសរើសយកតុមូល តុរាងពងក្រពើ ឬក៏តុជ្រុងក៏បាន តាមដែលបន្ទប់របស់លោកអ្នកមានទីធ្លាទូលាយ។ បើសិនជាបន្ទប់ទទួលទានអាហារមានរាងបួនជ្រុង ដូចនេះលោកអ្នកគួរតែជ្រើស រើសយកតុមូល ឬតុពងក្រពើ ដើម្បីឱ្យមើលទៅមានភាពទូលាយ និងសក្ដិសម។ បន្ទប់អាហារត្រូវមានបង្អួចដើម្បីឱ្យមានខ្យល់ អាកាសចេញចូលបានល្អ ចៀសវាងមានក្លិននៅក្នុងបន្ទប់។ ដើម្បីបន្ថែមសោភ័ណភាពនៅជុំវិញតុអាហារ គួរមានដាក់ទូតាំងចាន កែវ និងសម្ភារៈមួយចំនួនទៀតដែលត្រូវការសម្រាប់ការទទួលទានអាហារ។ ការតាំងលម្អបន្ថែមជាមួយថូផ្កា លោកអ្នកគប្បីជ្រើសរើសផ្កា ដែលអាចរក្សាទុកបានក្នុងអំឡុងពេលមួយអាទិត្យ ដើម្បីចៀសវាងការខ្ជះខ្ជាយទាំងពេលវេលា និងថវិកា។ បើសិនជាបន្ទប់ ទទួលទានរបស់លោកអ្នកធ្វើឡើងដោយកញ្ចក់ នោះមិនអាចដាក់តាំងផ្ទាំងរូបភាពបានទេ តែបើជាជញ្ជាំងថ្មធម្មតាហើយមានភាពទូ លាយច្រើន លោកអ្នកអាចបន្ថែមលម្អដោយផ្ទាំងរូបភាពដែលទាក់ទងជាមួយការទទួលទាន ឬជាលក្ខណៈធម្មជាតិក៏បាន។ ក្រៅពី នោះ បន្ទប់ទទួលទានអាហារគួរតែតុបតែងពណ៌ជញ្ជាំងដោយពណ៌សាច់ ប្រផេះ លឿងទុំ ពងមាន់ ដែលមើលទៅឱ្យមានលក្ខណៈ ស្រគត់ស្រគំ ស្រឡះភ្នែក តែមិនត្រូវជ្រើសរើសពណ៌សនោះទេ ព្រោះអាចធ្វើឱ្យចាំងភ្នែក។
បង្កើនបរិយាកាសរីករាយ ដោយសារបន្ទប់ទទួលទានអាហារ
ជាស្ដ្រីមេផ្ទះមួយរូបការរៀបចំផ្ទះសម្បែងជារឿងសំខាន់ណាស់ ទោះបីជាលោកស្រីអ្នកនាងមានការងារធ្វើនៅខាងក្រៅ ច្រើនក្ដី ក៏គប្បីងាកមកគិតគូរចំពោះសោភ័ណភាពក្នុងផ្ទះផងដែរ។ ការចំណាយពេលវេលាដើម្បីរៀបចំផ្ទះគឺជាប្រយោជន៍មួយសម្រាប់ សុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នក។ គេហដ្ឋានមានសណ្ដាប់ធ្នាប់ល្អស្រស់ស្អាត លោកអ្នកក៏មានអារម្មណ៍ធូរស្រាលនឹង ការងារ និងស្រស់ថ្លាទៅតាមនោះផងដែរ។ ការរៀបចំឱ្យបានស្រស់ស្អាត មិនត្រឹមតែបង្កើននូវបរិយាកាសរីករាយប៉ុណ្ណោះទេ បើនិយាយតាមជំនឿទៅលើហុងស៊ុយថែមទាំងជួយឱ្យក្នុងផ្ទះមានរាសីខ្ពស់ និងជួយឱ្យរកស៊ីមានបានផងដែរ។ ដូចនេះការយកចិត្ដ ទុកដាក់រៀបចំនៅក្នុងផ្ទះសម្បែងក៏ដូចជាការរៀបចំបន្ទប់ទទួលទានអាហារនេះ ជាការចាំបាច់ណាស់ព្រោះត្រូវចំណាយពេលជារៀង រាល់ថ្ងៃក្នុងការទទួលទានអាហារជាមួយក្រុមគ្រួសារ។ ដូចនេះដើម្បីបន្ថែមនូវបរិយាកាសស្រស់ស្រាយទៀតនោះ ការយកចិត្ដទុក ដាក់ក្នុងការថែរក្សាសោភ័ណភាពបន្ទប់ទទួលទានក៏ជាផ្នែកមួយនៃការបង្កើនសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។
ដំបូន្មានអ្នកជំនាញ
ជាមេផ្ទះមិនមែនតែជាស្ដ្រីដែលជំនាញខាងចម្អិនម្ហូបក្នុងបន្ទប់បាយប៉ុណ្ណោះទេ សូម្បីតែការគិតគូររៀបចំក្នុងបន្ទប់ទទួល ទានអាហារក៏កាន់តែធ្វើឱ្យលោកអ្នកនាងក្លាយទៅជាប្រពន្ធ និងអ្នកម្ដាយជាទីស្រឡាញ់ផងដែរ។ គ្រួសារនឹងទទួលបានភាពរីករាយ និងសុភមង្គល នៅពេលដែលមានមេផ្ទះដ៏ចំណានក្នុងការបំពេញភារកិច្ចបានយ៉ាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply