ហូបប្រៃ​បង្ក​ជម្ងឺ​លើស​ឈាម

អំបិល​ជា​អាហារ​ចាំបាច់​សម្រាប់​ជីវិត​មនុស្ស ប៉ុន្ដែ​វា​ក៏​ផ្ដល់​មកវិញ​នូវ​ផល​លំបាក​ជាច្រើន​ផងដែរ ដូចជា​អាច​ធ្វើ​ឱ្យ​លោក​អ្នក កើត​ជម្ងឺ​លើស​ឈាម​ជាដើម។ ជម្ងឺ​លើស​ឈាម​គ្មាន​ចេញ​ជា​រោគ​សញ្ញា​អ្វីឱ្យ​ដឹង​នោះ​ទេ ប៉ុន្ដែ​ជម្ងឺ​នោះ​អាច​បង្កឱ្យ​មាន​វិបត្ដិ​យ៉ាង​ធ្ងន់ធ្ងរ ជាច្រើន ដូចជា​ដាច់​សរសៃ​ឈាម​ខួរក្បាល ស្លាប់​មួយ​ចំហៀង​ខ្លួន ជម្ងឺ​បេះដូង ខូច​តម្រង​នោម​ជាដើម។ ទាំងនេះ​គឺអាច​បង្ក​មកពី​ការ បរិភោគ​អាហារ​ដែលមាន​រសជាតិ​ប្រៃពេក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បី​បកស្រាយ​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ការ​ហូប​ប្រៃ​បង្ក​ឱ្យមាន​ជម្ងឺ​លើស​ឈាម។

សារៈប្រយោជន៍​របស់​អំបិល

អំបិល​ជា​អាហារ​ចាំបាច់​សម្រាប់​ការ​រស់នៅ អំបិល​ត្រូវបាន​គេ​ប្រើប្រាស់​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក។ អំបិល​មាន តួនាទី​សំខាន់​សម្រាប់​រក្សា​លំនឹង​ជាតិទឹក​នៅក្នុង​ជាលិកា​ក្នុងខ្លួន អាចធ្វើ​ឱ្យសាច់​ដុំកន្ដ្រាក់ ជា​ពិសេស​នៅ​សាច់​ដុំបេះ​ដូង ហើយ អំបិល​ក៏មាន​មុខងារ​មួយទៀត​គឺជួយ​ធ្វើឱ្យ​មាន​ភ្ញោច​សរសៃ​ប្រសាទ។ ដើម្បី​រក្សា​នូវ​សុខភាព គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​បរិភោគ​អាហារ ដែលមាន​រសជាតិ​អំបិល​មិនឱ្យ​លើស​ពី៥​ទៅ៦​ក្រាម​ក្នុង​មួយថ្ងៃ។

កត្ដា​ដែល​បង្ក​ឱ្យមាន​ជម្ងឺ​លើស​ឈាម

ជម្ងឺ​លើសឈាម​អាច​បណ្ដាល​មកពី​ការ​ឡើង​ទម្ងន់ ស្ដ្រេស្ស ឬការ​កើត​ទុក្ខ កត្ដា​ពូជ បារី ស្រា ភាព​ទំនេរ​គ្មាន​ការងារ​ធ្វើ ជម្ងឺ​ទឹកនោម​ផ្អែម កត្ដា​អាយុ ឬ​កត្ដាភេទ (ភេទប្រុស​មាន​អាច​កើត​ជម្ងឺ​លើសឈាម​ច្រើនជាង​ស្ដ្រី)។ ការ​បរិភោគ​អាហារ​ដែល​សម្បូរ ទៅដោយ​ជាតិខ្លាញ់ សម្បូរ​ទៅដោយ​ជាតិ​អំបិល ជា​ពិសេស​អាហារ​មិនសូវ​សម្បូរ​ជាតិ​បន្លែ និង​ផ្លែឈើ​ជា​ដើម។ សម្ពាធ​ឈាម អាច​ប្រែប្រួល​ទៅតាម​វ័យ មាន​ន័យ​ថា​កាន់​តែ​ចាស់​សម្ពាធ​ឈាម​កាន់តែ​ឡើងខ្ពស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង
រោគ​សញ្ញា​ជម្ងឺ​លើស​ឈាម

ភាគច្រើន​អ្នកដែល​កើតជម្ងឺ​លើស​ឈាម មិន​បាន​ដឹងថា​ខ្លួនមាន​ជម្ងឺ​លើសឈាម​នោះទេ ព្រោះ​មិនមាន​រោគសញ្ញា ឬ​វិបត្ដិ អ្វី​នោះទេ អ្នក​ជម្ងឺ​មាន​សភាព​ធម្មតា។ មាន​រោគសញ្ញា​ជាក់​ស្ដែងឡើង​ខ្លះៗ ដូចជា​ឈឺក្បាល​នៅពេល​យប់ ឬ​ពេល​ងើប​ពីការ​ទទួល ដំណេក​ពេលព្រលឹម នៅ​ពេល​ខ្លះមាន​ការ​ហ៊ឹងត្រចៀក អស់​កម្លាំង​គ្មាន​មូលហេតុ ពេលខ្លះ​ក៏​វិលមុខ​ជាដើម។ ជួនកាល​រោគសញ្ញា អាសន្ន​ដំបូង​មាន​ឈាម​ច្រមុះ ឬ​បែក​សរសៃ​ឈាម​ក្នុងភ្នែក។ ភាគច្រើន​ជម្ងឺ​លើសឈាម​ដែល​មិនបាន​ធ្វើការ​ព្យាបាល​អាច​បង្កជា​វិបត្ដិ ធ្ងន់ធ្ងរ​ជា​ច្រើន ដូចជា​មាន​ជម្ងឺ​ខ្សោយ​បេះដូង ខ្សោយ​តម្រង​នោម ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ហូរឈាម​ក្នុង​ខួរក្បាល​ជាដើម។

អំបិល​ជាកត្ដា​ដែល​បង្កឱ្យ​មាន​ជម្ងឺ​លើសឈាម

អំបិល​ដើរតួ​យ៉ាង​សំខាន់ ដែល​បង្កឱ្យ​មាន​ជម្ងឺ​លើស​ឈាម។ ជា​ទូទៅ​តម្រង​នោម​មាន​តួនាទី​សម្រាប់​ច្រោះ​ឈាម និង បញ្ចេញ​ទៅតាម​ទឹក​នោម​នូវ​កាក​សំណល់​ដែល​សរីរៈ​បាននាំមក​តាម​រយៈចំណី​អាហារ​ដូចជា​អំបិល​ជា​ដើម។ ប៉ុន្ដែ​ក្នុង​ករណី​តម្រង​នោម ខ្សោយ តម្រង​នោម​នោះ​មិនអាច​មាន​លទ្ធភាព​បញ្ចេញ​ចោល​នូវ​ជាតិ​អំបិល​បាន​ត្រឹម​ត្រូវ ដែល​ជាហេតុ​ធ្វើឱ្យ​កំហាប់​ជាតិ​អំបិល​កើន ឡើង​ច្រើន​នៅក្នុង​ឈាម រួចវា​ក៏​បណ្ដាល​ចាល់​ជា​ជាតិ​ទឹក។ បន្ទាប់​មក​សរសៃ​ឈាម​តូច រួមទាំង​សរសៃ​ធំៗពុំ​អាច​មាន​លទ្ធភាព​ពង្រីក បាន​ដូច​ពីមុន ជាហេតុ​ធ្វើឱ្យ​មាន​ការ​កើនឡើង​នូវ​សម្ពាធ​នៅក្នុង​សរសៃ​ឈាមដែល​គេ​ហៅថា​ជម្ងឺ​លើស​ឈាម។ តាមការ​រៀបរាប់​ខាង លើនេះ ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ស្រេកទឹក​នៅពេល​ដែល​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ប្រៃពេក។ ការ​ទទួល​ទានប្រៃ ពេក ពុំ​គ្រាន់​តែ​បង្កឱ្យ​មាន​ជម្ងឺ​លើសឈាម​តែ​ប៉ុណ្ណោះ​ទេ វាអាច​បង្កឱ្យ​មាន​ជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​អ្នក​ជម្ងឺ​ពុក​ឆ្អឹង​នៅពេល​ដែល បរិភោគ​អាហារ​ដែល​មាន​ជាតិប្រៃ​ពេក អាចបង្ក​ឱ្យ​ជម្ងឺ​ពុកឆ្អឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ម្យ៉ាងទៀត​ការ​ហូបប្រៃ​នេះ​អាច​បង្កើន​ឱ្យមាន គ្រោះថ្នាក់​សម្រាប់​អ្នក​ដែល​មាន​ជម្ងឺ​មហារីក​ក្រពះ ជម្ងឺ​សរសៃ​ឈាម​បេះដូង និង​តម្រង​នោម​ផង​ដែរ។

របប​អាហារ​ខ្មែរ​យើង​ភាគច្រើន​មាន​រសជាតិ​ប្រៃជ្រុល ដូច​ជា​ប្រហុក ផ្អក ត្រី​ប្រឡាក់ ត្រី​ងៀត ទឹកត្រឹ ទឹកស៊ីអ៊ីវ ទឹកជ្រលក់ និង​អាហារ​សមុទ្រ​ជាដើម គឺ​សុទ្ធតែ​ជាអាហារ​ដែលមាន​រសជាតិ​ប្រៃ ដែល​ផ្សំ​ឡើង​ដោយ​ប្រើ​បរិមាណ​អំបិល​ជាច្រើន។ បច្ចុប្បន្ន​នេះ​អត្រា​នៃ​អ្នក​កើត​ជម្ងឺ​លើសឈាម​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើតឡើង​ខ្ពស់​ដែល​គួរឱ្យ​កត់​សម្គាល់ ជា​ពិសេស​គឺមាន ចាប់​ពី​អាយុ​៤០ឡើង​ទៅ។

ប្រការ​គួរ​ចៀសវាង

ដូចនេះ​ដើម្បី​ចៀសវាង​ការ​កើត​ជម្ងឺ​លើសឈាម និង​ជម្ងឺ​ផ្សេងៗ​ទៀត លោក​អ្នក​គួរ​បរិភោគ​អាហារ​ណា​ដែលមាន​រសជាតិ ប្រៃ​ល្មម មិន​ប្រៃ​ពេក​មិន​សាប​ពេក។ បើអាច​ចៀសវាង​បាន លោកអ្នក​គួរតែ​កុំ​បន្ថែម​នូវ​ទឹកត្រី ទឹកស៊ីអ៊ីវ ឬ​អំបិល​ឱ្យ​ច្រើន​នៅក្នុង ការ​បរិភោគ បើសិនជា​លោកអ្នក​បរិភោគ​ប្រហុក ផ្អក ត្រីប្រឡាក់ ត្រីងៀត ឬត្រីហើម លោកអ្នក​គួរតែ​បរិភោគ​ក្នុង​បរិមាណ សមរម្យ។

ដំបូន្មាន​អ្នកជំនាញ

ចំពោះ​អ្នកដែល​មានជម្ងឺ​លើសឈាម​គួរចៀសវាង​ការ​បរិភោគ​អាហារ​ណាដែល​សម្បូរ​ទៅដោយ​រសជាតិ​ប្រៃខ្លាំងពេក និង អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក។ ប្រសិន​បើលោកអ្នក​មាន​ពេល​ទំនេរ លោកអ្នក​គួរ​តែព្យាយាម​ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឱ្យ​កម្រិត​នៃ​ឈាម​ក្នុងខ្លួន​លោកអ្នក​មាន​ចលនា​ល្អ។ ប្រសិន​បើ​លោកអ្នក​អាច​អនុវត្ដ​បានតាម​កត្ដា​ខាង​លើនេះ នោះ​កម្រិត​នៃ​ជម្ងឺ លើសឈាម​ក៏អាច​មានការ​ថយចុះ​បាន​ផងដែរ ហើយ​ប្រសិន​បើ​លោកអ្នក​ចង់​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃ ត្រូវ​បរិភោគ​តែ​បន្ដិច បន្ដួច​បាន​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *