លោកអ្នកជាពិសេសសុភាពនារីទាំងអស់បានជ្រាបរួចមកហើយអំពីជម្ងឺមួយចំនួនដែលអាចកើតមានចំពោះស្ដ្រី។ ជាការពិតដែលស្ដ្រីត្រូវប្រឈមមុខនឹងជម្ងឺប្រកបដោយគ្រោះថ្នាក់ជាច្រើន។ ដោយឈរលើហេតុផលនេះ ទើបទាមទារឱ្យស្ដ្រីចាំបាច់ត្រូវតែមានការយល់ដឹងឱ្យបានច្រើនអំពីអ្វីដែលអាចកើតមានចំពោះខ្លួន។ មានជម្ងឺមួយចំនួនដែលស្ដ្រីត្រូវតែបង្ការឱ្យបាន ដើម្បីកុំឱ្យពួកវាមានឱកាសយារយីយើងបាន។
សូមស្ដ្រីទាំងអស់យកចិត្ដទុកដាក់ដើម្បីបញ្ចៀសខ្លួនឱ្យផុតពីជម្ងឺទាំងនេះ។ ដើម្បីជាជំនួយដល់សុភាពនារីទាំងអស់ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺមួយចំនួនដែលស្ដ្រីគួរតែព្រួយបារម្ភ ដោយមានការសហការណ៍បកស្រាយពីលោក សាស្ដ្រាចារ្យវេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ជម្ងឺដែលស្ដ្រីគួរចាប់អារម្មណ៍
មានជម្ងឺមួយចំនួននៅពេលដែលស្ដ្រីថាខ្លួនមានជម្ងឺនោះ វាក៏ឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ហេតុនេះធ្វើឱ្យស្ដ្រីចាំបាច់ត្រូវពិនិត្យសុខភាពខ្លួនជាប់ជាប្រចាំ ដើម្បីស្វែងរកអ្វីដែលបម្រុងនឹងកើតមានចំពោះលោកស្រីអ្នកនាងកញ្ញា។ ជាក់ស្ដែងជម្ងឺមួយចំនួនខាងក្រោមនេះ ជាជម្ងឺដែលស្ដ្រីទាំងឡាយគួរព្រួយបារម្ភ ហើយព្យាយាមធ្វើយ៉ាងណាកុំឱ្យកើតជម្ងឺនោះឱ្យសោះ។
1 . ជម្ងឺមហារីកអូវែរ ៖ មហារីកអូវែរ ជាជម្ងឺដែលមានទំនាក់ទំនងជាមួយជម្ងឺគីសអូវែរ។ នៅប្រទេសកម្ពុជាពុំទាន់មានការសិក្សាណាបញ្ជាក់ច្បាស់លាស់អំពីតួលេខស្ដ្រីដែលកើតមានជម្ងឺមហារីកដៃស្បូននេះទេ។ នៅដំណាក់កាលដំបូង ស្ដ្រីជាសាមីខ្លួន ផ្ទាល់មិនបានដឹង ឬចាប់អារម្មណ៍ជាមុនឡើយថា ខ្លួនកើតជម្ងឺនេះ។ ព្រោះមុនដំបូង គីស ឬមហារីកនេះមិនបង្កឱ្យមានការឈឺចាប់អ្វីទាំងអស់។ ដូចនេះហើយទើបស្ដ្រីជាអ្នកជម្ងឺមកព្យាបាលនៅមន្ទីរពេទ្យច្រើនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ហួសពេលព្យាបាល ឬពិបាកព្យាបាល។ ជម្ងឺនេះទាមទារនូវការព្យាបាលដោយហ្មត់ចត់ និងចំណាយពេលយូរ។ មធ្យោបាយព្យាបាលសំខាន់បំផុត គឺការវះកាត់។ វិធីបង្ការជម្ងឺមហារីកអូវែរដែលល្អប្រសើរបំផុតគឺ យ៉ាងហោចណាស់ត្រូវពិនិត្យសុខភាពឱ្យបានមួយឆ្នាំម្ដង ក្នុងករណីមិនច្បាស់លាស់(រាល់៦ខែម្ដង)។
2 . ជម្ងឺមហារីកមាត់ស្បូន ៖ ជម្ងឺនេះច្រើនកើតនៅលើមាត់ស្បូនទាំងខាងក្នុង និងខាងក្រៅ ចំពោះស្ដ្រីដែលស្ថិតក្នុងវ័យបន្ដពូជ។ ព្រោះជម្ងឺនេះបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយនោះ គ្មានវិធីព្យាបាលឱ្យជាសះស្បើយបានឡើយ ការព្យាបាលបានត្រឹមតែសម្រន់ការឈឺចាប់ប៉ុណ្ណោះ។
3 . ជម្ងឺមហារីកសុដន់ ៖ គឺជាដុំពក ឬដុំសាច់ដែលដុះនៅក្នុងសុដន់ ហើយមានការរីកលូតលាស់ខុសប្រក្រតី។ បច្ចុប្បន្ននេះ នៅកម្ពុជាជម្ងឺមហារីកសុដន់កំពុងតែកើតមានច្រើនឡើងៗ។ ក្នុងចំណោមជម្ងឺកើតលើស្ដ្រីទាំងឡាយ ជម្ងឺមហារីកសុដន់ស្ថិតនៅក្នុង លំដាប់លេខ២បន្ទាប់ពីជម្ងឺមហារីកមាត់ស្បូន។ ដូចនេះស្ដ្រីទាំងឡាយគួរតែពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែជាទៀងទាត់ នៅក្រោយការធ្លាក់រដូវ៤ ឬ៥ថ្ងៃ។
4 . ជម្ងឺដុំស្បូន ៖ ជាជម្ងឺដុំសាច់ដែលកើតដោយសារសាច់ស្បូនដុះជាដុំពក ដែលភាគច្រើនជាដុំស្លូតច្រើនកើតមានចំពោះ ស្ដ្រីដែលស្ថិតក្នុងវ័យបន្ដពូជ។ គេអាចសន្និដ្ឋានបានខ្លះៗថា ដុំនេះកើតឡើងបណ្ដាលមកពីមានអ័រម៉ូនអឺស្ដ្រូហ្សែនច្រើនពេក។ ស្ដ្រីមានរូបរាងធាត់ដែលសម្បូរខ្លាញ់ ងាយបង្កើតឱ្យមានអ័រម៉ូនអឺស្ដ្រូហ្សែនច្រើនលើសជាងស្ដ្រីដែលមានរូបរាងល្មមធម្មតា។ អ័រម៉ូន អឺស្ដ្រូហ្សែនធ្វើឱ្យដុំស្បូនរីកលូតលាស់បន្ដិចម្ដងៗ រហូតដល់ធំជាដុំ។ មានអាការរោគមួយចំនួនដែលអាចធ្វើឱ្យស្ដ្រីចាប់អារម្មណ៍ថា អាចមានដុំក្នុងស្បូនបាន ដូចជាធ្លាក់ឈាមរដូវច្រើន ឬយូរខុសពីធម្មតា ឈាមធ្លាក់ខុសពីរពេលមានរដូវ ឧស្សាហ៍រោយចង្កេះ ពោះកាន់តែធំខុសធម្មតា រលូតកូនញឹកញាប់ នោមញឹកជាដើម។ ចំពោះការព្យាបាលមិនមែនងាយស្រួលឡើយ ចាំបាច់ត្រូវមើលទៅតាមវ័យ របស់ស្ដ្រីនោះ។
5 . ជម្ងឺធ្លាក់ស ៖ ធ្លាក់សជាការធ្លាក់នូវវត្ថុរាវដែលមិនមែនមានពណ៌ក្រហម ពោលគឺជាការហូរនូវទឹករាវមួយប្រភេទ ដែលមិនមែនជាឈាមដែលហូរមកតាមទ្វារមាស ឬប្រដាប់បន្ដពូជស្ដ្រី។ ការធ្លាក់សនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែ មានជម្ងឺ និងការធ្លាក់សធម្មតាមិនមានជម្ងឺ។ ការធ្លាក់សជារោគសញ្ញានៃជម្ងឺមួយចំនួនដែលមានដូចជាការរលាកទ្វារមាស រលាកស្បូនជាដើម។ ស្ដ្រីដែលមានជម្ងឺទាំងនេះតែងមានការធ្លាក់ស និងមានរោគសញ្ញាផ្សេងៗទៀត។ ការធ្លាក់សអាចបណ្ដាលមកពីផ្សិត។ ការធ្លាក់សម្យ៉ាងទៀតនោះគឺវាកើតមកពីមេរោគជាច្រើនដែលរួមផ្សំគ្នាកកើតទៅជាសនេះឡើង។ មួយវិញទៀតនោះ ចំពោះស្ដ្រីដែល ប្រើប្រាស់ថ្នាំពន្យារកំណើត និងចំពោះស្ដ្រីដែលមានផ្ទៃពោះក៏អាចមានការធ្លាក់សបានដែរ។ មេរោគដែលនាំឱ្យមានការធ្លាក់សមាន ដូចជាផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺរ៉ឺឡាជាដើម។
6 . ជម្ងឺផ្សេងៗទៀត ៖ ក្រៅពីជម្ងឺមួយចំនួនដែលបានរៀបរាប់ជូនខាងលើនេះ ស្ដ្រីទាំងឡាយត្រូវយកចិត្ដទុកដាក់ចំពោះ ជម្ងឺមួយចំនួនទៀតដូចជា ៖
- ការឈឺចាប់នៅពេលមានរដូវ
- ការធ្លាក់រដូវច្រើន ឬក៏យូរថ្ងៃ អាចនាំឱ្យស្ដ្រីស្លេកស្លាំង អាចប្រឈមមុខនឹងជម្ងឺខ្វះគ្រាប់ឈាម
- ឈាមធ្លាក់ក្រៅពេលមានរដូវ
- ជម្ងឺពុកឆ្អឹងអាចនាំឱ្យមានគ្រោះថ្នាក់នៅពេលស្ដ្រីដួល ឬក៏មានការប៉ះទង្គិច
- ជម្ងឺមួយចំនួននៅពេលស្ដ្រីជិតអស់រដូវ ដែលអាចបណ្ដាលឱ្យស្ដ្រីមានអាការខុសប្លែកពីធម្មតា។
ដំបូន្នានអ្នកជំនាញ
ឆ្លងកាត់តាមការរៀបរាប់ខាងលើ លោកអ្នកបានជ្រាបរួចមកហើយថា ជម្ងឺដែលស្ដ្រីត្រូវព្រួយបារម្ភខ្លាចកើតមានចំពោះខ្លួន នោះមានច្រើនណាស់។ សូមធ្វើយ៉ាងណាចាប់អារម្មណ៍ បើមានការធ្វេសប្រហែសនោះ ស្ដ្រីទាំងឡាយត្រូវខាតពេលវេលា អស់ថវិកា ជួនកាលអស់ទាំងជីវិតទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply