ជម្ងឺ​ខ្សោយ​តម្រង​នោម

តម្រងនោម​មាន​តួនាទី​សម្រាប់​បញ្ចេញ​នូវ​ជាតិពុល​ចេញពី​ក្នុងខ្លួន ហើយ​លោកអ្នក​មួយ​ចំនួន​ដែល​ប្រឈម​មុខនឹង​ជម្ងឺ ខ្សោយ​តម្រង​នោះអាច​ធ្វើឱ្យ​សុខភាព​មានការ​ទ្រុឌទ្រោម និង​ស្រុតចុះ​ជា​លំដាប់។ ការ​កកស្ទះ​ក្នុងពេល​បញ្ចេញ​ជាតិពុល​និង​ការ​រអាក់​រអួល អាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​មានការ​លំបាក​យ៉ាងខ្លាំង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា អ្នក​ឯកទេស​ជម្ងឺ​តម្រង​នោម និងជា​ប្រធាន​ផ្នែក​លាងឈាម​មជ្ឈមណ្ឌល​ជា ស៊ីម បាន​បកស្រាយ​ពីជម្ងឺ​ខ្សោយ​តម្រង​នោម តាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​ខ្សោយ​តម្រង​នោម​ជាអ្វី?

ជម្ងឺ​ខ្សោយ​តម្រង​នោម​គឺជា​ការ​ថយចុះ​នូវ​ភារកិច្ច​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុងខ្លួន។ ការ​ថយចុះ​មានពីរ​យ៉ាង គឺការ​ថយចុះ បន្ដិច​ម្ដង និងការ​ថយចុះ​យ៉ាង​ឆាប់​រហ័ស។ ម្យ៉ាងទៀត​ជម្ងឺតម្រង​នោម​មានការ​ចែកចេញ​ជាពីរ​ផ្នែក ទីមួយ​គឺជា​ជម្ងឺ​តម្រង​នោម​ស្រួច ស្រាវ ទី២​គឺជា​ជម្ងឺខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ។

1 . ជម្ងឺ​ខ្សោយ​តម្រនោម​ស្រួចស្រាវ​ចែកចេញ​ជាបី​ផ្នែកផ្សេង​ទៀតគឺ

  • ជម្ងឺ​មុន​តម្រង​នោម ៖ ជា​ជម្ងឺ​ដែល​កើតចេញ​ពីការ​ខ្វះជាតិ​ទឹក ជាពិសេស​លោកអ្នក​មួយ​ចំនួន​ដែលមាន​ជម្ងឺ​រាករូស ក្អួត តែ​ម្ដង ព្រោះ​មិនមាន​ជាតិទឹក​គ្រប់គ្រាន់​យកទៅ​បំពេញ​តម្រង​នោម​ឱ្យបាន​គ្រប់គ្រាន់ ។
  • តម្រងនោម​ឈឺ​ខ្លួនឯង ៖ កើតចេញ​ពីអ្នក​ជម្ងឺ​ប្រើប្រាស់​ថ្នាំខុស​តាមក្បួន​វេជ្ជសាស្ដ្រ ធ្វើឱ្យ​ប៉ះពាល់​ទៅលើ​តម្រង​នោម ឬ ក៏អាច​កើតមាន​ជម្ងឺ​តម្រង​នោមតែ​ម្ដង។ ម្យ៉ាងទៀត​ជម្ងឺនេះ​ក៏កើត​ចេញ​ដោយសារ​ជម្ងឺ​សរសៃ​ឈាម​ផងដែរ។
  • ជម្ងឺ​ក្រោយ​តម្រង​នោម ៖ ជម្ងឺនេះ​ចាប់ផ្ដើម​ចេញពី​បំពង់​បង្ហូរ​នោម​ធ្លាក់ដល់​ប្លោកនោម​ដែលជា​កន្លែង​បង្ហួរ​នោម។ ជម្ងឺ ប្រភេទ​នេះអាច​កើតចេញ​ពីក្រួស​ក្នុង​ប្លោកនោម ឬក្នុង​បំពង់​បង្ហូរនោម​តែម្ដង ពេលខ្លះ​អាចធ្វើ​ឱ្យ​ប្លោកនោម​មាន​អាការ​ប៉ោងធំ ហើយ​ប្រសិន​បើ​គ្រូពេទ្យ​ជួយ​មិនទាន់​ទេនោះ អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​តម្រង​នោម​លែង​ដំណើរ​ការ។

2 . ចំពោះ​ជម្ងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ គឺជា​ការ​ថយចុះ​បន្ដិច​ម្ដងៗ​នូវ​ដំណើរ​ការច្រោះ​ទឹកនោម ដែល​កើតចេញ​មកពី​មាន ដុំ​នៅក្នុង​តម្រង​នោម ហៅថា គីស ដែល​រីក​បន្ដិច​ម្ដងៗ ឬ​បណ្ដាល​មកពី​ការ​រលាក​ប្លោកនោម មិនបាន​ព្យាបាល​ឱ្យ​ត្រឹមត្រូវ។ មេរោគ​រាលដាល​ដល់​តម្រង​នោម ធ្វើឱ្យ​មាន​ដំបៅ​ក្នុង​តម្រង​នោម បង្កើត​បានជា​ដុំខ្ទុះ​ហៅថា ជម្ងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ខ្សោយ​តម្រងនោម

មូលហេតុ​មួយក្នុង​ចំណោម​នោះ គឺ​បណ្ដាល​មកពី​អ្នកជម្ងឺ​មួយ​ចំនួន​មានជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើស​ឈាម ជម្ងឺ​លើស​ឈាម​រ៉ាំរ៉ៃ និង​ដុំសាច់​មួយចំនួន​ដែលមាន​តាំងពី​កំណើត ហើយ​មានការ​រីកធំ​នៅក្នុង​សាច់ អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​សរសៃ​ឈាម ដែលមាន​តួនាទី​សំខាន់​សម្រាប់​នាំជាតិ​ទឹក ដើម្បី​បង្គ្រប់​ទឹកក្នុង​តម្រង​នោម។ ប៉ុន្ដែ​ជម្ងឺ​ខ្សោយ​តម្រង​នោម ប្រសិន​បើមាន​អាការ​រ៉ាំរ៉ៃ អាច​នៅមាន​ទឹកនោម​ខ្លះ អាចមាន​ពី៤០០​ទៅ៥០០​មីលីលីត្រ​ក្នុងមួយ​ថ្ងៃ។ តែបើ​ជម្ងឺ​ខ្សោយ​តម្រងនោម​ស្រួចស្រាវ មួយថ្ងៃ​ទឹកនោម​អាចបង្ហូរ​ទឹកនោម​បានតែ​៤០០​មីលីលីត្រ​ប៉ុណ្ណោះ ឬក៏​អាច​ឈានដល់​អត់​ទឹកនោម​សោះ​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​នៃជម្ងឺ​ខ្សោយ​តម្រង​នោម

រោគ​សញ្ញា​ដំបូង​នៃជម្ងឺ​នេះគឺ​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​រាករូស ដូចជា​ជម្ងឺ​អាសន្ន​រោគ បើមិន​បាន​បង្គ្រប់​ជាតិទឹក​ឱ្យបាន​គ្រប់ ធ្វើឱ្យ​សម្ពាធ​ឈាម​ចុះជា​លំដាប់ ហើយ​មិនអាច​មាន​លទ្ធភាព​នាំឈាម​ចេញពី​បេះដូង​ទៅតម្រង​នោមបាន ជាហេតុ​នាំឱ្យ​កើតជម្ងឺ​ខ្សោយ តម្រង​នោម។

វិធី​ព្យាបាល​ជម្ងឺ​ខ្សោយ​តម្រងនោម

ការ​ព្យាបាល​ជម្ងឺ​ខ្សោយ​តម្រង​នោម​គឺធ្វើ​ទៅតាម​ប្រភេទ​ជម្ងឺ មានន័យ​ថា ប្រសិន​បើអ្នក​ជម្ងឺ​កើតនូវ​ប្រភេទ​ជម្ងឺ​ខ្សោយ តម្រង​នោម​ស្រួចស្រាវ ត្រូវ​ព្យាបាល​ដោយ​បង្គ្រប់​ជាតិទឹក​ឱ្យបាន​ទាន់ពេល​វេលា ក្រោយពេល​អ្នកជម្ងឺ​រាករូស ឬក្អួត​ចង្អោរ។ បើ​ព្យាបាល​មិនទាន់​ពេលវេលា ជម្ងឺ​ស្រួចស្រាវ​អាច​ក្លាយ​ទៅជា​ជម្ងឺ​រ៉ាំរ៉ៃ​បានយ៉ាង​ងាយ។ ចំពោះ​ជម្ងឺ​រ៉ាំរ៉ៃ​ត្រូវ​ព្យាបាល​ដោយ​ឱសថ ដើម្បី​កាត់​បន្ថយ​ជាតិខ្លាញ់​ក្នុង​សរសៃ​ឈាម ព្រោះអាច​ជួយដល់​អ្នក​ជម្ងឺ អាច​រក្សា​សុខភាព​បាន​យូរ មិនឆាប់​ទ្រុឌទ្រោម។

វិធី​ការពារ​ជម្ងឺ​ខ្សោយ​តម្រង​នោម

ប្រសិនបើ​ឈានដល់​ជម្ងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ​ហើយ​នោះ លោកអ្នក​ធ្វើយ៉ាង​ណាការពារ​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើសឈាម​ឱ្យបាន​ជាមុន​សិន ព្រោះ​ជម្ងឺ​ទាំងនេះ​អាចជា​ដើម​ហេតុធ្វើឱ្យ​មានជម្ងឺ​ខ្សោយ​តម្រង​នោម​មានការ​វិវឌ្ឍន៍​កាន់តែ​ខ្លាំង។ ប្រសិន​បើ មិនអាច​ការពារ​បានទេ ប្រាកដ​ជាមាន​គ្រោះថ្នាក់​ដល់​ជីវិត​យ៉ាងឆាប់​រហ័ស។ ដោយ​ឡែក​ជម្ងឺ​ខ្សោយ​តម្រង​នោម​ស្រួចស្រាវ គ្រាន់តែ ទប់ស្កាត់ ដូចជា​ទទួលទាន​ទឹក​ច្រើន និង​លេបថ្នាំ​បង្ការ​បន្ដិច​បន្ដួច​អាច​ជាសះស្បើយ​វិញ។

ផល​ប៉ះពាល់​នៃជម្ងឺ​ខ្សោយ​តម្រង​នោម

តម្រងនោម​មាន​តួនាទី​សម្រាប់​បញ្ចេញ​នូវជាតិ​ពុល បើការ​បញ្ចេញ​នូវសារជាតិ​ពុលមិនបាន​គ្រប់គ្រាន់ នោះធ្វើ​ឱ្យប្លោកនោម​ហើម​ប៉ោង​ខុសប្លែក​ពីធម្មតា។ នៅក្នុង​តម្រង​នោម​នេះមាន​សារជាតិ​៣យ៉ាង គឺ​អ៊ុយរ៉េ ក្រេអាតេនីន និង​ប៉ូតាស្យូម។

1 . ជាតិ​អ៊ុយរ៉េ ប្រសិនបើ​សារជាតិ​នេះឡើង​ខ្លាំង តម្រងនោម​ខ្សោយ​មិនអាច​បញ្ចេញ​វាមក​ក្រៅបាន​ទេ ព្រោះថា​សារជាតិ​នេះមាន​ម៉ាស់ម៉ូលីគុល​តាម​កម្រិត ដែលជា​ហេតុ​ធ្វើឱ្យ​ការ​បញ្ចេញ​នូវ​សារជាតិ​ពុលមាន​ការ​អាក់ខាន។

2 . ក្រេអាទីនីន តួនាទី​របស់​ក្រេអាទីនីន​ក៏មិន​ខុសពី​ជាតិ​អ៊ុយរ៉េ​ទេ ព្រោះ​សារជាតិ​ទាំងពីរ​នេះទទួល​បានពី​ចំណី​អាហារ ដែល​ទទួលទាន ហើយ​បាន​បំលែង​ទៅចែក​រំលែក​ដល់​ថ្លើម។ តាមពិត​ចំណី​អាហារ​ទាំងនោះ​ត្រូវតែ​ធ្វើ​ដំណើរ​ចេញ​តាម​ទឹកនោម តែ​ដោយសារ​តម្រង​នោម​ខ្សោយ ទើប​ធ្វើឱ្យ​សារជាតិ​នេះ​កើនឡើង​នៅក្នុង​សរសៃ​ឈាម​វិញ។ ការ​កើនឡើង​លើស​លប់អាច​ធ្វើឱ្យអ្នក​ជម្ងឺ​មាន​អាការ​ក្អួតចង្អោរ ឬ​ហត់ អាច​ឈានដល់​ការ​សន្លប់ ប្រកាច់​ទៀតផង។

3 . សារជាតិ​ប៉ូតាស្យូម ប្រសិនណា​ជាតិ​ប៉ូតាស្យូម​កើនឡើង​ក្នុង​ឈាម នាំឱ្យ​បេះដូង​ដើរខុស​ចង្វាក់ ហើយ​អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​ស្លាប់ភ្លាម​តែម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​អាការ​ក្អួតចង្អោរ និង​រាករូស​ជា​ញឹកញាប់​នោះ គួរតែ​ទៅរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​រក​រោគសញ្ញា។ ជាពិសេស​លោកអ្នក​ដែលមាន​អាការ​ដូច​រៀបរាប់​ខាងលើ​ត្រូវ​ទៅជួប​គ្រូពេទ្យ​ផ្នែក​តម្រង​នោម ចៀសវាង​ឱ្យជម្ងឺ​នេះ​កាន់តែ​ធ្ងន់ និង វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *