កាលពីលេខមុនលោកអ្នកជ្រាបរួចមកហើយអំពីរបៀបនៃការប្រើសម្ភារៈអគ្គិសនីមួយចំនួនឱ្យអស់ថវិកាតិច។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកមកជម្រាបជូនលោកអ្នកអំពីឧបករណ៍មួយចំនួនទៀតដែលលោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ។
4 . ទូរទស្សន៍ ៖ គ្រប់ផ្ទះសុទ្ធតែមានទូរទស្សន៍យ៉ាងហោចណាស់ក៏មួយដែរ ហេតុនេះការប្រើច្រើនអស់ភ្លើងតិចជាអ្វីដែលលោកអ្នកគ្រប់គ្នាត្រូវធ្វើ។
- បញ្ឈប់ការបើកទូរទស្សន៍ចោល ដោយគ្មានមនុស្សមើល
- បញ្ឈប់ការកែពន្លឺអេក្រង់ទូរទស្សន៍ឱ្យភ្លឺលើសពីសេចក្ដីត្រូវការ ព្រោះវានឹងធ្វើឱ្យអំពូលរូបភាពប្រើប្រាស់មិនបានយូរ និង ស៊ីភ្លើងច្រើន
- បញ្ឈប់ការបើកទូរទស្សន៍ច្រើនគ្រឿង ដើម្បីមើលរឿងដូចគ្នាក្នុងពេលតែមួយ
- បញ្ឈប់ការបើកទូរទស្សន៍ទុកជាមុន ដើម្បីរង់ចាំកម្មវិធីដែលខ្លួនចូលចិត្ដ គប្បីបើកមើលកម្មវិធីនៅពេលដល់ម៉ោងសម្ដែង
- បញ្ឈប់ការបិទទូរទស្សន៍ដោយប្រើតេឡេ ព្រោះវាស៊ីភ្លើងជាងការបិទដោយកុងតាក់លើទូរទស្សន៍
- បពា្ឈប់ការបើកទូរទស្សន៍ដោយតខ្សែភ្លើងឆ្លងកាត់ចូលម៉ាស៊ីនវីដេអូ ព្រោះត្រូវស៊ីភ្លើងទៅម៉ាស៊ីនវីដេអូ ដោយមិនចាំបាច់។
- ដកឌុយ ឬបិទកុងតាក់បន្ទាប់ពីប្រើ
- ជ្រើសទិញទូរទស្សន៍ទំហំឱ្យសមស្របទៅនឹងសេចក្ដីត្រូវការ ព្រោះទំហំកាន់តែធំ វាស៊ីភ្លើងកាន់តែច្រើន
- ជ្រើសរើសទិញទូរទស្សន៍ដែលមានប្រព័ន្ធកំណត់ម៉ោងបិទដោយស្វ័យប្រវត្ដិ វានឹងជួយសន្សំសំចៃភ្លើងសម្រាប់អ្នកដែលមើល ហើយគេងលក់នៅមុខទូរទស្សន៍ ឬភ្លេចបិទ
- ទូរទស្សន៍ដែលមានប្រព័ន្ធតេឡេ វានឹងស៊ីភ្លើងជាងប្រព័ន្ធទូទៅ ព្រោះមានបន្ថែមចរន្ដ និងស៊ីភ្លើងរហូតក្នុងពេលដែលដោតភ្លើងចោល ទោះជាយើងមិនបានបើកវាក៏ដោយ។ ដើម្បីកុំឱ្យស៊ីភ្លើង ពេលឈប់មើលយើងត្រូវដកឌុយ ឬបិទកុងតាក់ នៅលើទូរទស្សន៍។ លោកអ្នកត្រូវដឹងថាទូរទស្សន៍ទំហំ២១អ៊ិញ អានុភាព១១០វ៉ាត់ បើបើកមើលរៀងរាល់ថ្ងៃក្នុង១ថ្ងៃ៤ម៉ោង ប្រើតេឡេដោយមិនបានដកឌុយចេញពេញ១ថ្ងៃ នឹងស៊ីភ្លើង៥.៤គីឡូវ៉ាត់។ ក្នុង១ខែអស់ថ្លៃភ្លើងប្រហែល៣.៨៨៨រៀល។
5 . កង្ហារ ៖ ចាំបាច់ត្រូវតែមានកង្ហារដើម្បីកាត់បន្ថយកម្ដៅនៃអាកាសធាតុ ជាពិសេសសម្រាប់លោកអ្នកដែលរស់នៅទីប្រជុំទីក្រុងជាដើម។ កង្ហារត្រូវបានចាត់ទុកថាជាឧបករណ៍ដែលស៊ីភ្លើង ហេតុនេះលោកអ្នកក៏ត្រូវតែមានវិធានការកាត់បន្ថយការចំណាយមួយចំនួនទៅលើវាដែរ។
- បញ្ឈប់ការបើកចោលនៅពេលដែលគ្មានមនុស្សនៅ
- បើកកាន់តែខ្លាំង ស៊ីភ្លើងកាន់តែច្រើន
- ថែទាំ និងប្រើប្រាស់ឱ្យត្រឹមត្រូវ
- សម្អាតស្លាបកង្ហារ សំណាញ់គម្រប និងគម្របម៉ូទ័រកង្ហារកុំឱ្យមានធូលីជាប់
- កុំឱ្យស្លាបកង្ហារកោងង ខុសធម្មតាវានឹងធ្វើឱ្យកម្លាំងខ្យល់ចុះថយ
- ដាក់កង្ហារនៅកន្លែងដែលមានខ្យល់ចេញចូល
- បើប្រើកង្ហារដែលមានប្រព័ន្ធតេឡេ ត្រូវដកឌុយចេញភ្លាមបន្ទាប់ពីឈប់ប្រើ។
6 . ឆ្នាំងអ៊ុត ៖ ឧបករណ៍មួយនេះក៏ត្រូវមានវិធីដើម្បីកាត់បន្ថយការស៊ីថាមពលរបស់វាដែរ។
- បញ្ឈប់សកម្មភាពអ៊ុតសម្លៀកបំពាក់បណ្ដើរមើលទូរទស្សន៍បណ្ដើរ
- កាត់បន្ថយការអ៊ុតសម្លៀកបំពាក់ណាដែលនៅសើមនៅឡើយ
- កាត់បន្ថយការបាញ់ទឹកទៅលើសម្លៀកបំពាក់ណាដែលត្រូវអ៊ុតឱ្យសើមជ្រុលពេក
- បញ្ឈប់ការអ៊ុតសម្លៀកបំពាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
- ទុកសម្លៀកបំពាក់ឱ្យបានច្រើន អ៊ុតម្ដងឱ្យរួច វានឹងមិនសូវស៊ីភ្លើង សម្រាប់សម្លៀកបំពាក់មួយសម្រាប់ៗ
- សម្លៀកបំពាក់ដែលត្រូវហាល ត្រូវធ្វើយ៉ាងណាកុំឱ្យវាជ្រួញខ្លាំង ដើម្បីកាត់បន្ថយពេលវេលាក្នុងការអ៊ុត
- កំណត់នូវការប្រើប្រាស់អានុភាពរបស់ឆ្នាំងអ៊ុតឱ្យសមស្របទៅនឹងប្រភេទសម្លៀកបំពាក់
- សូមដកឌុយមុនពេលឈប់អ៊ុតប្រហែល២-៣នាទី ព្រោះវានៅមានកម្តៅគ្រប់គ្រាន់នៅឡើយ។
សូមសម្អាតសន្ទះលោហៈមុខឆ្នាំងអ៊ុតឱ្យបានស្អាត អាចធ្វើឱ្យយើងអ៊ុតសម្លៀកបំពាក់បានរាបស្មើ និងកាន់តែលឿន ជួយកាត់បន្ថយពេលវេលាក្នុងការអ៊ុត សន្សំសំចៃថ្លៃភ្លើងបានច្រើន។ ជាក់ស្ដែងឆ្នាំងអ៊ុតប្រភេទស្វ័យប្រវត្ដិអានុភាព៧៥០វ៉ាត់ ប្រើការពីរម៉ោង ៥ដងក្នុង១សប្ដាហ៍ និងស៊ីភ្លើងអស់៣០គីឡូវ៉ាត់ក្នុង១ខែ ថ្លៃភ្លើងប្រហែល២១.៦០០រៀល។ ហើយប្រសិនបើដកឌុយចេញ មុនពេលឈប់អ៊ុត៣នាទី នោះនឹងសន្សំសំចៃថ្លៃភ្លើងបានក្នុង១ឆ្នាំ៨.៦៤០រៀល។
7 . បំពង់ទឹកក្ដៅ ៖ តួនាទីរបស់បំពង់ទឹកក្ដៅគឺនៅពេលដែលទឹកក្ដៅហើយ ចរន្ដភ្លើងវានឹងកាត់ផ្ដាច់ ហើយភ្ជាប់វិញ ដោយស្វ័យប្រវត្ដិនៅរៀងរាល់២នាទី។ បំពង់ទឹកក្ដៅចំណុះ២.៥លីត្រ អានុភាព៦០០វ៉ាត់ បើដាំទឹកម្ដងកន្លះបំពង់(១.២៥លីត្រ) វានឹងសន្សំសំចៃបាន៤៦% ជាងការដាំទឹកម្ដងពេញបំពង់។
- ជ្រើសរើសបំពង់ទឹកក្ដៅណាដែលមានចំណុះសមរម្យទៅនឹងតម្រូវការ
- ជ្រើសរើសបំពង់ទឹកក្ដៅណាដែលមានឈ្នាន់ការពារកម្ដៅ(អ៊ីសូឡង់ការពារកម្ដៅ)
- កុំឱ្យមានស្លែកាន់ផ្នែកខាងក្នុងនៃបំពង់វា និងធ្វើឱ្យស៊ីភ្លើង
- កុំយករបស់អ្វីទៅបិទប្រហោងចំហាយទឹក
- ឧស្សាហ៍ពិនិត្យមើលខ្សែភ្លើង និងឌុយដោតជានិច្ច។
ប្រសិនបើលោកអ្នកប្រើបំពង់ទឹកក្តៅចំណុះ២.៥លីត្រ អានុភាព៦០០វ៉ាត់ ប្រសិនបើដោតឌុយទុកចោលក្នុង១ថ្ងៃ៦ម៉ោង វានឹងស៊ីភ្លើងកើនឡើងក្នុង១ខែ៥៤គីឡូវ៉ាត់។ ខាតបង់ប្រាក់អស់៣៨.៨៨០រៀលក្នុង១ខែ ឬ៤៦៦.៥៦០រៀលក្នុង១ឆ្នាំ។
បណ្ដាំផ្ញើ
លោកអ្នកនឹងទទួលជ្រាបជាបន្ដទៀតអំពីប្រការទាំងឡាយដែលគួរធ្វើចំពោះឧបករណ៍ប្រើប្រាស់ដែលដើរដោយចរន្ដ អគ្គិសនីជាមួយទស្សនាវដ្ដី សុខភាពយើង។ សូមរងចាំអានដោយក្ដីអនុគ្រោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply