តាំងពីខែមិថុនា ឆ្នាំ២០០៩មកដល់ក្នុងអំឡុងខែវិច្ឆិកានេះ អ្នកឆ្លងជម្ងឺផ្ដាសាយប្រភេទថ្មីនេះចំនួន៣១៣នាក់មកហើយ ក្នុងនោះមានចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតទៀតផង។ ព័ត៌មាននេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះលោកអ្នកដែលមានជម្ងឺប្រចាំកាយកុមារ និងស្ដ្រីមានផ្ទៃពោះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកំពុងប្រឈមមុខនេះ កម្ពុជានឹងមានថ្នាំចាក់វ៉ាក់សាំងការពារ(A/H1N1) ដែលនាំចូលដោយអង្គការសុខភាពពិភពលោកក្នុងពេលឆាប់ៗនេះ។
វ៉ាក់សាំA/H1N1មិនមាននៅតាមមន្ទីរពេទ្យរដ្ឋឬគ្លីនិកឯកជននៅកម្ពុជានៅឡើយទេ
បច្ចុប្បន្ននេះដោយសារតែកម្ពុជាបានឆ្លងជម្ងឺគ្រុនផ្ដាសាយប្រភេទថ្មីនេះ ទើបធ្វើឱ្យមានលោកអ្នកមួយចំនួនបាននាំគ្នាចាក់ វ៉ាក់សាំងការពារជម្ងឺគ្រុនផ្ដាសាយធម្មតា ដែលពីមុនមកនៅប្រទេសកម្ពុជាកម្រមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារប្រភេទនេះណាស់ មានតែប្រទេសគេប៉ុណ្ណោះ។ នាបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានចាក់វ៉ាក់សាំងការពារជម្ងឺគ្រុនផ្ដាសាយ ប៉ុន្ដែការចាក់វ៉ាក់សាំងនេះប្រជាពលរដ្ឋមិនដឹងថាតើកំពុងចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺគ្រុនផ្ដាសាយធម្មតា ឬវ៉ាក់សាំងគ្រុនផ្ដាសាយថ្មីនោះទេ។
ទាក់ទិនទៅនឹងបញ្ហានេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបច្ចុប្បន្ននេះ មិនមែនជាវ៉ាក់សាំងគ្រុនផ្ដាសាយថ្មីA/H1N1នោះទេ គឺជាវ៉ាក់សាំងការពារជម្ងឺផ្ដាសាយធម្មតាតែប៉ុណ្ណោះ។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានបញ្ជាក់ទៀតផងដែរថា នៅប្រទេសកម្ពុជាមិនទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារជម្ងឺផ្ដាសាយប្រភេទថ្មីនេះទេ ហើយនៅតាមគ្លីនិកឯកជននានាក៏មិនទាន់មានដែរ។
វ៉ាក់សាំងA/H1N1នឹងមានមកដល់កម្ពុជា
តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមិនទាន់មានថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារជម្ងឺផ្ដាសាយប្រភេទថ្មីA/H1N1នេះនៅឡើយទេ។ ប៉ុន្ដែនៅចុងខែវិច្ឆិកាឬដើមខែធ្នូនេះ អង្គការសុខភាពពិភពលោកនឹងអាចនាំវ៉ាក់សាំងប្រភេទនេះចូលមកប្រទេសកម្ពុជា ដើម្បីចាក់ការពារដល់ប្រជាពលរដ្ឋទៅតាមគោលដៅអាទិភាពរបស់អង្គការ WHO មានដូចជាស្ដ្រីមានផ្ទៃពោះឬកុមារជាដើម។
សូមប្រុងប្រយ័ត្នចំពោះសុខភាព
ទោះបីជាកម្ពុជានឹងនាំចូលនូវវ៉ាក់សាំងការពារជម្ងឺប្រភេទថ្មីA/H1N1នេះនៅចុងខែវិច្ឆិកាឬដើមខែធ្នូក៏ដោយ សូមប្រជា ពលរដ្ឋទាំងអស់នៅតែបន្ដក្នុងការថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អដើម្បីការពារជម្ងឺនេះ។ នៅពេលដែលប្រទេសកម្ពុជាបាននាំចូលនូវ វ៉ាក់សាំងការពារជម្ងឺផ្ដាសាយប្រភេទថ្មីនេះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងអាចរួចផុតពីគ្រោះថ្នាក់នៃជម្ងឺនេះ ជាពិសេសចំពោះលោកអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ បេះដូង លើសឈាម ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply