ជម្ងឺឱកាសនិយមបានបង្កជាជម្ងឺជាច្រើនប្រភេទដែលមានការប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ជម្ងឺនេះមិនត្រឹម តែបង្កឱ្យមានជម្ងឺចេញជារោគសញ្ញានៅមាត់ផ្លូវដង្ហើម និងរោគសញ្ញានៅក្រពះ ពោះវៀននោះទេ វាថែមទាំងបង្កឱ្យមានរោគសញ្ញា ទៅលើសរសៃប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ហើយនិងរោគសញ្ញាលើស្បែកទៀតផង។
លោកស្រីវេជ្ជបណ្ឌិត សុះ ម៉ារី អ្នកឯកទេសផ្នែកជម្ងឺអេដស៍ និងជម្ងឺឱកាសនិយមនៅសមាគមឈូកសក៏បានបន្ដផ្ដល់ បទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង ពីរោគសញ្ញា និងផលប៉ះពាល់នៃជម្ងឺឱកាសនិយមនេះ។
3 . រោគសញ្ញាក្រពះ និងពោះវៀន
អ្នកជម្ងឺ៥០ភាគរយកើតមានជម្ងឺរាករ៉ាំរ៉ៃនៅពេលណាមួយនៃការវិវឌ្ឍន៍របស់ជម្ងឺ។ ជម្ងឺនេះជាបញ្ហារំខាន និងកើតឡើង ជាញឹកញាប់បំផុតចំពោះអ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍។ ជម្ងឺរាករ៉ាំរ៉ៃនេះជាញឹកញាប់ច្រើនរួមផ្សំជាមួយការចង្អោរ ស្រក ទម្ងន់ ចុកពោះ និងការខ្សោះជាតិទឹក។ ការបង្ការចំពោះជម្ងឺនេះត្រូវមានការយកចិត្ដទុកដាក់ទៅលើអនាម័យផ្ទាល់ខ្លួន ជាពិសេស ការលាងសម្អាតដៃ ការបរិភោគទឹកដាំឆ្អិន និងការបរិភោគសាច់ បន្លែដែលឆ្អិនល្អ។
- ជម្ងឺរាកដោយសារបាក់តេរី ៖ ចំពោះអ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍ មានមូលហេតុពីរយ៉ាងនៃជម្ងឺរាកដោយសារបាក់តេរី គឺមេរោគសាលមូណេលឡា ដែលច្រើនប្រទះឃើញជាការពុលអាហារ ហើយនិងមេរោគស៊ីជែលឡា។ មេរោគ សាលមូណេលឡាអាចឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការទទួលទានអាហារ ឬការទទួលទានទឹកមិនស្អាត ពិសេសសាច់មាន់ ឬស៊ុត មិនឆ្អិនល្អ។ ចំពោះមេរោគស៊ីជែលឡា ជាទូទៅឆ្លងពីលាមកចូលមកមាត់មនុស្ស។
- ជម្ងឺផ្សិតក្នុងបំពង់អាហារ ៖ នៅពេលចំនួនកោសិកាគ្រាប់ឈាមចុះទាប នោះអ្នកជម្ងឺច្រើនតែកើតមានជម្ងឺផ្សិតកាន់តែជ្រៅក្នុងបំពង់ក ដូចជាក្នុងបំពង់អាហារ។ គេមិនអាចមើលឃើញផ្សិតក្នុងបំពង់អាហារដោយការមើលតាមមាត់នោះឡើយ។ ជម្ងឺនេះអាចបណ្ដាលឱ្យមានការឈឺដើមទ្រូង ព្រមទាំងមានការឈឺចាប់ និងពិបាកលេបទឹក ឬអាហារ។
4 . រោគសញ្ញាសរសៃប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ
នេះគឺជារោគសញ្ញាដែលកើតមាននៅក្នុងដំណាក់កាលធ្ងន់ធ្ងរនៃជម្ងឺអេដស៍ នៅពេលប្រព័ន្ធការពាររាងកាយមានការខូចខាតធ្ងន់ធ្ងរ។ វាបានបញ្ចេញរោគសញ្ញា ដូចជាឈឺក្បាល គ្រុនក្ដៅ បញ្ហាភ្នែកស្រវាំង ឬមើលមិនច្បាស់ មិនហ៊ានត្រូវពន្លឺ ព្រោះធ្វើឱ្យភ្នែកមានការឈឺចាប់ មានអារម្មណ៍ច្របូកច្របល់ ដំណើរការសតិបញ្ញាយឺតយ៉ាវ ក្អួតចង្អោរ រឹងក និងឈឺក។ ជួនកាលមានប្រកាច់ និងការសន្លប់បាត់ស្មារតីទៀតផង។
- ជម្ងឺរបេងស្រោមខួរ ៖ ជម្ងឺនេះចាប់ផ្ដើមបន្ដិចម្ដងៗដោយការឈឺក្បាល ស្មារតីចុះថយ គ្រុនក្ដៅបន្ដិចបន្ដួចពេលល្ងាច បែកញើសពេលយប់ និងមានការស្រកទម្ងន់។
- ជម្ងឺផ្សិតខួរក្បាល ៖ ផ្សិតខួរក្បាលមានអាការ ដូចជាឈឺក្បាលខ្លាំង ក្អួតខ្លាំង ប្រកាច់ និងមានក្ដៅខ្លួន។ គេធ្វើការ វិភាគជម្ងឺនេះដោយការបូមយកទឹកឆ្អឹងខ្នងយកទៅវិភាគ។
- ការឈឺចាប់សរសៃប្រសាទញាណដឹង និងសរសៃប្រសាទម៉ូទ័រខាងក្រៅ ៖ គឺមានការឈឺចាប់ និងស្ពឹកនៅម្រាមដៃ និងប្រអប់ជើង។ បើសិនជាស្ថិតក្នុងករណីធ្ងន់ធ្ងរ គឺមានការឈឺចាប់ និងស្ពឹកនៅកជើង កំភួនដៃ និងម្រាមដៃ។
5 . រោគសញ្ញាលើស្បែក
អ្នកជម្ងឺភាគច្រើនដែលមានការថយចុះនៃកោសិកាគ្រាប់ឈាមនឹងកើតមានបញ្ហាស្បែកមួយចំនួន។ ទោះបីជាបញ្ហាស្បែក ដូចជាស្បែកស្ងួត និងស្បែករមាស់ មិនមានការគំរាមកំហែងដល់ជីវិតក៏ដោយ ក៏បញ្ហាទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងទៅលើគុណភាព ជីវិតរបស់អ្នកផ្ទុកមេរោគអេដស៍-ជម្ងឺអេដស៍ផងដែរ។
- ស្បែករមាស់ ៖ វាមានរោគសញ្ញារមាស់ខ្លាំង ហើយនឹងរមាស់កាន់តែខ្លាំងនៅពេលយប់។ ដូចជាប្រការគួរចៀសវាងគឺ ការប្រឈមនឹងខ្យល់ស្ងួត។
- ជម្ងឺសើស្បែក ៖ ជម្ងឺនេះមានរោគសញ្ញា ដូចជាមានស្នាមផ្ទាំងធំៗដែលមានគែមច្បាស់ៗ និងគ្របដណ្ដប់ដោយក្រមរ ក្រាស់ពណ៌សភ្លឺដូចប្រាក់។ ដូចនេះបន្ទាប់ពីងូតទឹករួច នៅពេលដែលស្ងួតស្បែក ត្រូវជូតផ្ដិតនឹងកន្សែងទន់ៗ។
- ជម្ងឺផ្សិតលើស្បែក ៖ មានរោគសញ្ញាដូចជាស្បែករមាស់ និងសើម ហើយមានច្រើននៅក្លៀក ក្រលៀន និងនៅក្រោម ដោះ។
- រលាកសាច់ដុំ ៖ មានការឈឺចាប់ស្បែកសើៗជាច្រើនកន្លែង មានបូស ឬហើមរលោង និងក្ដៅនៅកន្លែងដែលមានបញ្ហា។
មូលហេតុបង្កជម្ងឺឱកាសនិយម
ជម្ងឺឱកាសនិយមកើតមានឡើងដោយសារតែប្រព័ន្ធការពាររាងកាយរបស់មនុស្សចុះខ្សោយខ្លាំង ដូចនេះងាយធ្វើឱ្យជម្ងឺ ទាំងអស់នេះ ឆ្លៀតឱកាសបង្កឱ្យមានបញ្ហាតែម្ដង។ ជម្ងឺទាំងអស់បង្កឡើងដោយមេរោគផ្សេងៗគ្នា ហើយមានរោគសញ្ញា និងប្រភេទជម្ងឺផ្សេងៗពីគ្នា ដូចដែលបានរៀបរាប់ជូនខាងលើ។
វិធីបង្ការជម្ងឺឱកាសនិយម
អ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍ ដែលចេះថែទាំខ្លួនឯងបានល្អ ពិតជាអាចរស់នៅបានយូរដោយមានគុណភាពជីវិត ខ្ពស់។ គេអាចបង្ការជម្ងឺឱកាសនិយម តាមរយៈការថែទាំខ្លួនឱ្យបានល្អ។ អ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍គួរតែយល់ដឹងឱ្យ ច្បាស់អំពីរោគសញ្ញាសំខាន់ៗនៃជម្ងឺឱកាសនិយម ហើយត្រូវស្វែងរកដំបូន្មាន និងការព្យាបាលផ្នែកវេជ្ជសាស្ដ្រ។ ការបង្ការជម្ងឺឱកាស និយមរួមមាន ៖
- ការអនាម័យខ្លួនប្រាណ ៖ ត្រូវលាងសម្អាតខ្លួនប្រាណឱ្យបានស្អាតជារៀងរាល់ថ្ងៃ លាងសម្អាតដៃជាប្រចាំ រាល់ពេលមុនទទួលទានអាហារ និងក្រោយពេលចូលបង្គន់ ដុសធ្មេញយ៉ាងហោចណាស់ឱ្យបានពីរដងក្នុងមួយថ្ងៃ និងការរៀបចំអាហារទទួលទានត្រូវប្រកបដោយអនាម័យខ្ពស់។
- អាហារូបត្ថម្ភ ៖ ត្រូវប្រើទឹកស្អាតសម្រាប់ការចម្អិនម្ហូបអាហារ និងទទួលទាន ទទួលទានបន្លែ និងផ្លែឈើស្រស់ៗ ហើយទទួលទានសាច់ និងស៊ុតដែលឆ្អិនល្អ។
- ការធ្វើសកម្មភាពផ្សេងៗ ៖ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីធ្វើការងារជាមួយសត្វ ដូចជាសត្វទា មាន់ ជ្រូកជាដើម។ សូមទទួលទានដំណេក និងធ្វើការលំហែកាយឱ្យបានគ្រប់គ្រាន់ ជាមួយគ្នានេះផងដែរត្រូវធ្វើលំហាត់ប្រាណស្រាលៗ។
ភាពកាចសាហាវនៃជម្ងឺឱកាសនិយម
អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកជម្ងឺអេសដ៍ងាយនឹងកើតមានជម្ងឺឱកាសនិយមផ្សេងៗ នៅក្នុងពេលដែលចំនួនកោសិកាCD4 ចុះទាបដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ សម្ពាធខាងផ្លូវចិត្ដអាចមានឥទ្ធិពលទៅលើប្រព័ន្ធភាពស៊ាំរបស់រាង កាយ និងបណ្ដាលមកពីកង្វះខាតអាហារូបត្ថម្ភ។ មេរោគអេដស៍មិនបណ្ដាលឱ្យស្លាប់នោះទេ ប៉ុន្ដែជម្ងឺឱកាសនិយមដែលកើតមាន ឡើងអាចបណ្ដាលឱ្យស្លាប់។ ពីព្រោះវាមានឥទ្ធិពលទៅលើប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជាឧទាហរណ៍ការបង្ករោគរួមគ្នា ដូចជាជម្ងឺរបេង និងជម្ងឺគ្រុនចាញ់ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយទៅៗ ហើយវានឹងបង្កើនល្បឿននៃការវិវឌ្ឍន៍របស់មេរោគ អេដស៍។ វានឹងអាចបង្កឱ្យអ្នកជម្ងឺស្លាប់បាន ព្រោះជម្ងឺទាំងអស់នេះនឹងវាយលុកសុខភាពរបស់អ្នកជម្ងឺយ៉ាងខ្លាំង បើសិនជាមិនបាន ទទួលការព្យាបាលឱ្យបានដិតដល់ និងត្រឹមត្រូវនោះទេ។
ដំបូន្មានអ្នកជំនាញ
អ្នកជម្ងឺដែលមានជម្ងឺឱកាសនិយម គប្បីប្រតិបត្ដិខ្លួនឱ្យបានល្អ ត្រូវយកចិត្ដទុកដាក់ពីដំណាក់កាលនៃជម្ងឺ។ ត្រូវទៅជួបព្យា បាលជាមួយគ្រូពេទ្យតាមវេជ្ជបញ្ជាឱ្យបានទៀងទាត់ពេលវេលា។ គប្បីមានអនាម័យខ្លួនប្រាណឱ្យល្អ ទទួលទានអាហារដែលសម្បូរ ទៅដោយវីតាមីនឱ្យបានគ្រប់គ្រាន់ និងគប្បីធ្វើលំហាត់ឱ្យបានជាប្រចាំ ដើម្បីឱ្យមានសុខភាពល្អ និងមានរាងកាយមាំមួន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply