មិនថាស្នាមជាំអុចខ្មៅ អាចម៍រុយ ឬស្នាមសម្លាកអ្វីនោះទេ សុទ្ធតែអាចរកវិធីព្យាបាលបានទាំងអស់ សូម្បីតែស្នាមសរសៃ នៅលើស្បែកក៏ដោយ។ ស្នាមសរសៃនេះមានសភាពដូចជាសរសៃឈាមដែលអាចមើលឃើញនៅលើស្បែក មានខ្លះក្រហម ខៀវ និងមានស្នាមឆ្វេចឆ្វាច ឬប៉ោងដែលមានការប្រែប្រួលទៅតាមទំហំរបស់វា។ ស្នាមសរសៃនៅលើស្បែកនេះអាចមាននៅលើផ្ទៃមុខ ឬស្បែកដងខ្លួន។
លោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សមេហ្គាប៊ែល នឹងបកស្រាយអំពីបញ្ហាស្នាមសរសៃនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
មូលហេតុដែលមានស្នាមសរសៃ
ស្នាមសរសៃកើតឡើងដោយសារមូលហេតុផ្សេងៗគ្នា លោកអ្នកខ្លះគឺកើតដោយសារការប្រើប្រាស់ផលិតផលខុសនឹងប្រភេទស្បែក ជាហេតុធ្វើឱ្យសរសៃឈាមខ្សោយ ទើបបណ្ដាលឱ្យមានចេញសរសៃនៅលើផ្ទៃមុខ។ មួយវិញទៀតគឺបណ្ដាលមកពីកត្ដា តំណពូជរបស់មនុស្សម្នាក់ៗ ដែលធ្វើឱ្យសរសៃឈាមខ្សោយ ដូចនេះងាយធ្វើឱ្យសរសៃវ៉ែនខ្សោយ។ ហើយករណីបែបនេះគឺភាគច្រើន កើតមាននៅត្រង់ជើង ធ្វើឱ្យសរសៃរីកធំ មើលទៅគួរឱ្យកត់សម្គាល់។ ចំពោះលោកអ្នកដែលមានជម្ងឺរលាកសរសៃក៏ជាកត្ដាមួយ ដែលធ្វើឱ្យកើតមានសរសៃនៅលើស្បែកនេះផងដែរ។
ផលប៉ះពាល់នៃសរសៃនៅលើស្បែក
បើសិនជាមានសរសៃតូចៗក្រហម ឬខៀវនៅលើផ្ទៃមុខ ឬស្បែកដងខ្លួន គឺនឹងធ្វើឱ្យសម្រស់របស់លោកអ្នកធ្លាក់ចុះមួយកម្រិត។ ចំពោះសរសៃដែលលេចឡើងធំដែលមកពីមានដំណើរការមិនធម្មតានៃសរសៃឈាម បណ្ដាលឱ្យក្លាយទៅជារមាស់ ដំបៅ ព្រោះឈាមមិនល្អ ដូចនេះធ្វើឱ្យឈាមច្រាលមិនមានការផ្លាស់ប្ដូរ។
វិធីព្យាបាលបំបាត់សរសៃនៅលើស្បែក
ចំពោះសរសៃតូចៗអាចព្យាបាលដោយវិធីចាក់ថ្នាំ ដើម្បីកម្ទេចសរសៃដែលលេចឡើងនោះ មួយទៀតអាចបាញ់ឡេស៉ើ ឬដុតគល់សរសៃដើម្បីព្យាបាលសរសៃនោះ។ ក្រៅពីនេះគ្រូពេទ្យជំនាញនៅមានវិធីព្យាបាលជាច្រើនប្រភេទទៀត ប៉ុន្ដែភាគច្រើនគេច្រើននិយមព្យាបាលដោយការប្រើឡេស។ រីឯការលេចឡើងសរសៃធំៗដែលមានសរសៃកប់នៅជ្រៅនោះ មិនអាចប្រើឡេស៉ើដើម្បីព្យាបាលបានទេ ទាល់តែចាក់ប្រភេទថ្នាំម្យ៉ាងចូលទៅក្នុងសរសៃ ហើយធ្វើការសង្កត់ឱ្យណែនដើម្បីឱ្យខូចសរសៃនោះ ដំណើរការឡើងវិញ។ វិធីមួយទៀតគឺវះកាត់សរសៃនោះចេញតែម្ដង ឬវះកាត់ហើយបាញ់ឡេស៉ើស៊កចូលវ៉ែនបែបនេះមានភាពងាយ ស្រួលជាងការវះកាត់ទាញសរសៃចេញ។
ដំបូន្មានអ្នកជំនាញ
សម្រស់ និងសុខភាពជាបញ្ហាសំខាន់។ ដូចនេះរាល់បញ្ហាដែលកើតមានត្រូវទៅជួបពិគ្រោះពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ចៀសវាងការកើតមានបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត។ បញ្ហាសុខភាពទាំងអស់ដែលមានការព្យាបាល និងពិនិត្យដែលចេញពីវេជ្ជបញ្ជាត្រឹមត្រូវជាប្រការដ៏ដែលលោកអ្នកគួរតែអនុវត្ដ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply