ថ្មីៗនេះ មានព័ត៌មានគួរឱ្យចាប់អារម្មណ៍ស្ដីពីការរកឃើញវ៉ាកសាំងប្រឆាំងនឹងមេរោគអេដស៍។ ព័ត៌មាននេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានជាច្រើននៅលើពិភពលោកចាប់អារម្មណ៍។ ដោយឡែកនៅប្រទេសកម្ពុជា មានការងឿងឆ្ងល់ជាច្រើនបានចោទសួររកការពិត ប៉ុន្ដែមិនសូវជាមានប្រភពយកជាការបាននោះទេ។ ពេលនេះទស្សនាវដ្ដី សុខភាពយើង សូមចូលខ្លួនមកបង្ហាញជូនមុនគេ។
ចាប់តាំងពីការរកឃើញមេរោគអេដស៍ដំបូងកាលពីឆ្នាំ១៩៨១មកនោះ ការស្រាវជ្រាវអំពីមេរោគអេដស៍ និងជម្ងឺអេដស៍ នេះ ពិតជាសស្រាក់សស្រាំបំផុត ចំណាយទាំងធនធានថវិកា ទាំងធនធានមនុស្ស នេះមិនទាន់គិតពីពេលវេលាដែលចំណាយដល់ទៅ ជិត៣០ឆ្នាំមកហើយ។ ជារឿយៗតែងតែមានការប្រកាសអំពីលទ្ធផលនៃការស្រាវជ្រាវនេះ នៃការសិក្សានោះ និងនៃការសាកល្បង នោះជាដើម។ ជាអាទិការសាកល្បងនៅប្រទេសថៃបានបង្ហាញលទ្ធផលអំពីជោគជ័យខ្លះៗនៃការស្វែងរកវ៉ាក់សាំងប្រឆាំងនឹងមេរោគ អេដស៍ កាលពីខែកញ្ញា ឆ្នាំ២០០៩កន្លងមកនេះ។
ការសាកល្បងដែលមានឈ្មោះថា RV 144 ឬហៅម្យ៉ាងទៀតថា ជាការសាកល្បង“ថៃ” គឺជាការសាកល្បងដំណាក់កាល ទី៣ ដោយបេក្ខភាពវ៉ាក់សាំងចំនួន២មុខ គឺ ALVAC-HIV និងAIDSVAX ។ ការសាកល្បងនេះធ្វើឡើងទៅលើក្រុមមនុស្សទាំងបុរស និងស្ដ្រី ចំនួន១៦០០០នាក់ ដែលមិនមានផ្ទុកមេរោគអេដស៍ មានអាយុពី១៨ទៅ៣០ឆ្នាំ និងមានអត្រាប្រឈមនឹងការឆ្លង មេរោគជាមធ្យម។ ពាក់កណ្ដាលនៃក្រុមមនុស្សស្ម័គ្រចិត្ដដែលចូលរួមក្នុងការសាកល្បងនេះ បានទទួលយកបេក្ខភាពវ៉ាក់សាំង និងពាក់កណ្ដាលទៀតទទួលយកសារធាតុគ្មានជាតិថ្នាំ(placebo)។ ការសិក្សានេះកើតឡើងក្រោមកិច្ចសហប្រតិបត្ដិការណ៍នៃដៃគូ ជាច្រើន បូករួមទាំងក្រសួងសុខាភិបាលនៃប្រទេសថៃផងដែរ ដោយដាក់ឱ្យមាននូវកម្មវិធីប្រឹក្សា និងផ្ដល់ព័ត៌មានទៅលើការបង្ការ បូករួមទាំងការចែកស្រោមអនាម័យផងដែរ។ តាមពិត ការសាកល្បងនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៣មកម្ល៉េះ។
ការសាកល្បងនេះធ្វើឡើងក្នុងគោលបំណងពីរគឺ
1 . កាត់បន្ថយករណីឆ្លងមេរោគអេដស៍នៅក្នុងចំណោមអ្នកស្ម័គ្រចិត្ដ ដែលទទួលបានបេក្ខភាពវ៉ាក់សាំង ដោយប្រៀប ធៀបជាមួយអ្នកដែលទទួលសារធាតុគ្មានជាតិថ្នាំ
2 . កាត់បន្ថយបរិមាណមេរោគនៅក្នុងឈាម ចំណោមអ្នកដែលទទួលវ៉ាក់សាំង ហើយឆ្លងមេរោគនៅពេលកំពុងសិក្សា សាកល្បង ប្រៀបធៀបជាមួយអ្នកដែលទទួលសារធាតុគ្មានជាតិថ្នាំ។
ជាលទ្ធផលនៃការអង្កេតស្រាវជ្រាវនេះបានឱ្យដឹងថា ក្នុងនោះមានមនុស្សតិចតួចបំផុតដែលបានឆ្លងមេរោគ(១២៥នាក់)។ ក្នុងចំណោមពួកគាត់នោះ មាន៥១នាក់ដែលបានទទួលបេក្ខភាពវ៉ាក់សាំង រីឯ៧៤នាក់មិនបានទទួលវ៉ាក់សាំង ដែលទទួលតែសារធាតុគ្មានជាតិថ្នាំ។ ក្នុងរយៈពេល៣ឆ្នាំកន្លះ ការថមថយនៃគ្រោះថ្នាក់ឆ្លងមានកម្រិត៣១%។ នៅក្នុងចំណោមអ្នកដែលបានឆ្លងមេរោគអេដស៍ មិនមានលក្ខណៈខុសគ្នានៃកម្រិតបន្ទុកមេរោគនៅក្នុងឈាមនោះទេ ក្នុងចំណោមមនុស្សទាំងពីរក្រុម។
ជារួមលទ្ធផលនៃការសាកល្បងថៃនេះបានលើកឡើងនូវចម្ងល់ជាច្រើន និងអាចធ្វើឱ្យមានការតម្រង់ទិសទៅរកការស្រាវ ជ្រាវផ្សេងៗទៀត ដើម្បីយល់កាន់តែច្បាស់នូវលក្ខណៈប្រព័ន្ធការពាររាងកាយ ជាពិសេសភាពមិនខុសគ្នានៃកម្រិតបន្ទុកមេរោគ នៃមនុស្សទាំងពីរក្រុមនេះ និងរបៀបនៃការកែលម្អប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនេះ។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply