ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសអង្កាមនៅរាជធានី ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺដំបៅរមាស់លើរាងកាយ។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីដើមខែមីនាថា ខាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់បានធ្វើការសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានី ក្នុងការចុះពិនិត្យមើលទីតាំង ដែលមានករណីផ្ទុះមូសអង្កាមនេះច្រើនជាងគេ ដើម្បីរិះរកវិធានការណ៍ទប់ស្កាត់ជាបន្ទាន់។ លោកថ្លែងថា ៖ “ករណីមូសអង្កាមនេះ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះសហការជាមួយនឹងអាជ្ញាធរដែនដី ក្នុងការរៀបចំផ្ទះសម្បែងឱ្យមានអនាម័យជានិច្ចដើម្បី កម្ចាត់ជម្រកមូសប្រភេទនេះ”។
លោកវេជ្ជបណ្ឌិត ឌួង សុជាតិ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជម្ងឺគ្រុនចាញ់បានមានប្រសាសន៍ថា កាលពីខែមុនលោក បានឮការរអ៊ូរទាំរបស់ប្រជាពលរដ្ឋជុំវិញបញ្ហានេះ បន្ទាប់មកលោកបានធ្វើការសាកល្បងបាញ់ថ្នាំសម្លាប់ដង្កូវទឹក និងសម្លាប់មូស អង្កាមនៅខ័ណ្ឌសែនសុខ ក្រោយមកបានទទួលជោគជ័យ១០០ភាគរយ។ ដូច្នេះលោកបានស្នើឱ្យមន្ទីរសុខាភិបាលបើកយុទ្ធនាការបាញ់ ថ្នាំសម្លាប់មូសអង្កាម និងមូសខ្លាគ្រុនឈាមបន្ដទៀត ទៅកាន់តំបន់ដែលផ្ទុះមូសប្រភេទនេះច្រើនជាងគេ ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺឱ្យ បានទាន់ពេលវេលា។ លោកថ្លែងថា ៖ “យើងបានឧបត្ថម្ភថ្នាំបាញ់សម្លាប់មូសចំនួន២០០លីត្រទៅឱ្យមន្ទីរសុខាភិបាល ដើម្បីបន្ដ យុទ្ធនាការនេះ។
មូលហេតុដែលនាំឱ្យកើតមានមូសអង្កាម
វាពាក់ព័ន្ធទៅនឹងកត្ដាបោះចោលសម្រាមនៅក្នុងលូទឹកស្អុយធ្វើឱ្យកកស្ទះដែលមិនអាចឱ្យទឹកហូរចេញក្រៅបាន ទើបបង្កើត ឱ្យទៅជាដង្កូវទឹក ទី២ការរុះរើសំណង់ថ្មីៗ ទី៣ប្រជាពលរដ្ឋមិនចេះអនាម័យផ្ទះសម្បែង ដោយទុកសម្បកកង់ សម្បកដូងចោល ផ្ដេសផ្ដាស ទី៤ប្រជាពលរដ្ឋមិនបានកាយសម្រាមនៅក្នុងប្រព័ន្ធបង្ហូរទឹក ឬធ្វើការកប់ដីនៅក្នុងថ្លុកដែលអាចដក់ទឹកបាន។
លោក ង៉ាន់ ច័ន្ទថា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាមបានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាមូសអង្កាម វាមិន មែនជាការទទួលខុសត្រូវរបស់លោកទេ ប៉ុន្ដែក្នុងនោះលោកគ្រាន់តែចូលរួមកិច្ចសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានីតែ ប៉ុណ្ណោះ។ លោកបន្ដថា មូសអង្កាមមិនបណ្ដាលឱ្យមនុស្សកើតមានជម្ងឺគ្រុនឈាមទេ ប៉ុន្ដែវាអាចបង្កឱ្យទៅជាកមរមាស់ ដំបៅ និងមានផលរំខានដល់ការរស់នៅប៉ុណ្ណោះ។ លោកថ្លែងថា ៖ “បើតាមការសិក្សាពីក្រៅប្រទេសបានឱ្យដឹងថា មូសអង្កាមអាចមានផល ប៉ះពាល់ធ្វើឱ្យមនុស្សកើតមានជម្ងឺរលាកស្រោមខួរក្បាល ហើយមូសប្រភេទនេះភាគច្រើនកើតនៅក្នុងរដូវក្ដៅ គិតចាប់ពីខែមករាដល់ មេសា និងអាចបញ្ចប់ទៅវិញនៅក្នុងរដូវធ្លាក់ភ្លៀង។
លោក ភិន សុផល អាយុ៣៥ឆ្នាំ ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកេងកង៣បានឱ្យដឹងថា សព្វថ្ងៃនេះ ប្រជាជននៅក្បែរ លំនៅដ្ឋានរបស់លោកមានការរអ៊ូរទាំចំពោះការរាតត្បាតមូសប្រភេទតូចៗនៅគ្រប់ទីកន្លែង។ លោកថ្លែងថា ៖ “មូសនេះវាបានខាំខ្ញុំ និងប្រជាជនរស់នៅក្បែរគ្នា ឱ្យកើតមានជម្ងឺដំបៅពេញដៃ ជើង រមាស់ និងក្ដៅខ្លួនស្ទេញៗថែមទៀតផង។ លោកថា ៖ “ចាប់ពីម៉ោង ៥ល្ងាចរហូតទៅ នៅក្នុងផ្ទះខ្ញុំមិនបាច់អង្គុយទេ គឺមូសប្រភេទតូចៗមិនដឹងហើរចេញមកពីប្រភពណាទេ បានមកខាំគ្រួសារខ្ញុំសព្វ ទីកន្លែង ហើយសូម្បីតែបាញ់ថ្នាំមូស ឬក៏អុជធូបមូសក៏វាមិនខ្លាចដែរ”។
Leave a Reply