បុណ្យ​អុំទូក​ជាកីឡា​ប្រពៃណី​ជាតិ

ព្រះរាជពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ ត្រូវបាន​ប្រារឰ​ធ្វើឡើង​ជារៀង​រាល់ឆ្នាំ​នៅក្នុង​អំឡុងថ្ងៃ​១៤-១៥​កើត និង​ថ្ងៃ១រោច​ខែកត្ដិក។ ឆ្នាំនេះ​ព្រះរាជ​ពិធីនេះ​ត្រូវបាន​ប្រារឰឡើង​នៅក្នុង​ថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា។ នេះជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិមួយ​ដែលមាន​ការ​រៀបចំ​ជាលក្ខណៈ​ជាតិ​ជាព្រឹត្ដិការណ៍​ដ៏ធំ​សម្បើម និងមាន​ការ​សប្បាយ​រីករាយ​ជាច្រើន​ជាមួយ​ផ្ទាំង​ទស្សនីយភាព​ក្នុងការ​ប្រណាំង​ទូក បណ្ដែត​ប្រទីប និង​មានការ​បាញ់កាំជ្រួច​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ព្រះរាជពិធី​បុណ្យអុំទូក​មានអាយុ​កាល​ជាច្រើន​ឆ្នាំ

ព្រះរាជ​ពិធីបុណ្យ​នេះជា​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​ដែលមាន​អាយុ​តាំងពី​បុរាណកាល​មកម្ល៉េះ ហើយ​ព្រះរាជពិធី​ត្រូវបាន​ចែង ទុក​ក្នុង​ឯកសារជាតិ និង​អន្ដរជាតិ ព្រមទាំង​តាម​សិលាចារឹក​នៃប្រាសាទខ្មែរ​ផងដែរ។ ពិធីបុណ្យ​អុំទូក​ត្រូវបាន​ធ្វើឡើង​ក្នុង​គោល បំណង​ដើម្បី​រម្លឹកដល់​បុព្វបុរសខ្មែរ​ជំនាន់ដើម​ដែល​ទទួល​បាន​ជ័យជំនះ​លើ​កងទ័ព​ចាមក្នុង​យុទ្ធសាស្ដ្រ​សង្គ្រាម​ជើងទឹក។ ពិធីនេះ​បាន ចម្រើន​ខ្លាំង​នាសម័យ​អង្គរ​ក្នុងរាជ​ព្រះបាទជ័យ​វរ្ម័នទី៧ សតវត្សរ៍​ទី១២ និង​សម័យ​លង្វែក​នាព.ស២០៧១ គ.ស១៥២៨។ នាពេល​បច្ចុប្បន្ន​ព្រះរាជពិធី​នេះ​កាន់តែ​មានការ​ប្រារឰ​ពិធី​ដោយ​សេចក្ដី​សោមនស្ស សប្បាយ​រីករាយ និង​មាន​កាន់តែ​ភាព​អធិក​អធមពីប្រជាពលរដ្ឋ​ទាំងជាតិ និង​អន្ដរជាតិ​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។ កម្មវិធី​នៃការ​ក្រកួត​ប្រណាំង​ទូក​កាន់តែ​មានភាព​សប្បាយ​រីករាយ និងមាន​ការ​ប្រែប្រួល​ពីចំនួន​សមាជិក​ដែល​ចូលរួម​ក្នុងការ​ប្រកួត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ការ​ចូលរួម​ប្រកួត​ប្រណាំង​ទូក

កាលពី​ឆ្នាំមុន​ការ​ចូលរួម​ប្រណាំង​ទូក​មានចំនូន​៤២៤ទូក​ដែលបាន​ប្រកួត​ក្នុង​ព្រះរាជពិធី​ដ៏​មហោឡារិក​នេះ ហើយ​នៅក្នុង​ឆ្នាំនេះ​វិញគឺ​មានចំនួន​៣៨៤ទូក សរុបចំនួន​១៩២គូ និង​មានអ្នក​ចូលរួម​ប្រហែល​ជា២៣០០០​នាក់។ ទូក​ទាំងអស់​ដែលបាន​ចូលរួម ការ​ប្រកួត​គឺមកពី​គ្រប់​បណ្ដាខេត្ដ​ក្នុងប្រទេស ពិសេស​គឺតាម​បណ្ដាខេត្ដ​ដែលនៅ​ជាប់ដង​ទន្លេមេគង្គ និងដង​ទន្លេសាប។ ហើយ​ខេត្ដក្រុង ដែលមាន​ទូក​ច្រើន​ជាងគេ​ដូចជា​ខេត្ដកណ្ដាល កំពង់ចាម ព្រៃវែង និង​ខេត្ដ​កំពង់ឆ្នាំង​ជាដើម ដែលមាន​ការ​ចូលរួម​រាប់រយ​ទូកក្នុង​មួយឆ្នាំៗ។ ចំពោះ​ពានរង្វាន់​ឆ្នាំនេះ​ក៏មិនខុស​ប្លែកពី​ឆ្នាំមុនដែរ សម្រាប់​ទូកដែល​ទទួល​ជ័យ​លាភី។

ការ​ប្រែប្រួល​សម្រាប់​ការ​ប្រកួត

ចំពោះ​បទបញ្ជា​នៃការ​ប្រកួត​នៅក្នុង​ឆ្នាំនេះ​គឺមិន​មានអ្វី​ប្រែប្រួល​ច្រើន​នោះទេ ហើយអ្វី​ដែល​ប្រែប្រួល​នោះគឺ​ការ​បន្ថយ​ការ គូ​ពិសេស​សម្រាប់​ឆ្នាំនេះ​គឺនៅ​ត្រឹមតែ​១៥គូ​ប៉ុណ្ណោះ ដែល​ឆ្នាំមុន​មានទៅ​ដល់​៣០គូ។ គូពិសេស​ទាំងនោះ​គឺជាគូ​ដែល​ជ្រើសរើស ដោយមាន​ការ​រៀបចំ​របស់​សម្ដេច​អគ្គសេនា​មហាបតី​តេជោ ហ៊ុន សែន។ មួយវិញ​ទៀត​គឺមាន​ការពង្រឹង​វិន័យ​នៃការ​ចូលរួម​ប្រកួត ចូលរួម​អុំ និង​បទបញ្ជា​ផ្ទៃក្នុង​ដែល​ធ្លាប់មាន​មក​ផងដែរ ហើយ​ការពង្រឹង​នេះក៏​បានធ្វើ​ជារៀង​រាល់ឆ្នាំ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទឹកទន្លេ​មាន​សភាព​ធំជាង​ឆ្នាំមុន

ក្នុងឆ្នាំ​នេះ​ទឹកទន្លេ​មានកម្រិត​ធំជាង​ឆ្នាំមុនៗ ដោយ​សារតែ​ភ្លៀងចុង​វស្សា​ទើបធ្វើ​ឱ្យទឹក​ស្រកយឺត។ ឆ្នាំមុន​ព្រះរាជ​ពិធី បុណ្យ​អុំទូក​បានប្រារឰ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១១​ដល់ថ្ងៃ​ទី១៣ តែឆ្នាំនេះ​នៅពេល​ដែលបាន​ដូរចន្ទ​គតិគឺ​ត្រូវនឹង​ដើមខែ​វិច្ឆិកា​វិញម្ដង ដូច នេះធ្វើ​ឱ្យទឹក​មានសភាព​ធំជាង​ឆ្នាំមុន។ បើទោះ​បីជា​កម្រិតទឹក​មានសភាព​ជន់ជាង​ឆ្នាំមុន តែ​កម្រិត​ទឹកទន្លេ​សាបមាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ទឹកទន្លេ​មេគង្គ ដូចនេះ​ចរន្ដទឹក​ហូរ​មិនអាច​ធ្វើឱ្យ​ទឹកហូរ​ខ្លាំងនោះ​ទេ។ ផ្ទុយទៅវិញ​បើសិនជា​ទឹកទន្លេ​មេគង្គ​ស្រកលឿន​ជាងទឹក​ទន្លេសាប ទឹកអាច​ហូរខ្លាំង​ដែលអាច​បង្កការ​លំបាក​ដល់ការ​អុំទូក។ សរុប​សេចក្ដីមក​ទោះបីជា​ឆ្នាំនេះ​ទឹកមាន​សភាពធំ តែមិនអាច​បង្កភាព​រាំងស្ទះ​អ្វីដល់​ការ​រៀបចំ​បច្ចេកទេស​នោះទេ ហើយ​ថែមទាំង​មិនអាច​ធ្វើឱ្យ​មាន​បញ្ហា​ក្នុងការ​ប្រារឰ​ព្រះរាជពិធី​បុណ្យអុំទូក​នោះឡើយ។ ទោះបីជា​ឆ្នាំនេះ​ទឹកជន់​ខ្លាំង ឬមាន​សភាព​តិចក៏ដោយ ក៏ខាង​គណៈកម្មាធិការ​បច្ចេកទេស​នៅតែ​រៀបចំ​ជំនួយ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែលបាន​ចូលរួម​ក្នុងការ​ប្រកួត ហើយ​នៅឆ្នាំនេះ​ដោយសារ​តែទឹក​នៅធំ ដូចនេះ​ត្រូវបាន​បង្កើននា​វាសង្គ្រោះ និង​កម្លាំង​សង្គ្រោះ​ផងដែរ។

ការ​ប្រណាំង​ទូក​ជាកីឡា​ប្រពៃណី

បុណ្យអុំទូក​បានបង្ហាញ​យ៉ាងច្បាស់​នូវកីឡា​បែប​ប្រពៃណី​ជាតិ​មិនជាកីឡា​សុទ្ធសាធ ដែល​មានការ​ប្រកួត​ប្រជែង​រកទូក ដែល​អុំលឿន​ជាងគេ​ក្នុង​ប្រទេស​នោះទេ។ ការ​ប្រណាំង​ទូក​ត្រូវ​រៀបចំ​បែងចែក​ប្រកួត​តាមផែន ដែល​មានចាត់​ចំណាត់​ថ្នាក់​ទៅតាម​ផែន​នីមួយៗ។ តែអ្វី​ដែល​ពិសេសនោះ​គឺ​សម្រាប់តែ​គូពិសេស​ប៉ុណ្ណោះ​ដែលត្រូវ​ប្រើប្រាស់​ក្រូណូម៉ែត្រ ដើម្បី​ចុច​កំណត់​ពេល ហើយ​ធ្វើចំណាត់​ថ្នាក់​ថេរវេលា​នៃការ​អុំរបស់​ទូកពិសេស​នីមួយៗ។ ការ​ប្រណាំង​ទូកនេះ​មិនមែន​ជាការ​ប្រកួត​ដើម្បី​ចាញ់ឈ្នះ​នោះទេ នេះគឺ​ជាពិធី​បុណ្យកម្សន្ដ​តាមបែប​ប្រពៃណី និង​វប្បធម៌​របស់ជាតិ​ខ្មែរ។ ដូចនេះ​សូម​លោក​ដែលជា​កីឡាករ​ប្រណាំង​ទូក​ទាំងអស់​នៅតែ​បន្ដការ គោរព​នូវវិន័យ​ដែលផ្ដល់​ដោយ​គណៈកម្មាធិការ ធ្វើយ៉ាង​ណាឱ្យ​ពិធីបុណ្យ​ជាតិ​កាន់តែ​មានភាព​សប្បាយ​រីករាយ។

ការ​ប្រណាំង​គូពិសេស

ទូក​ពិសេស​ដែលបាន​ចាត់ទុក​ថាជា​ទូកលឿន​ជាងគេ​នោះគឺ​រៀបចំ​ជាផែន​ពិសេស​ដោយឡែក​សម្រាប់​ធ្វើការ​ប្រកួត​គ្នា ដូចជា​រៀងរាល់​ឆ្នាំដែរ។ ទូកផែន​ធម្មតា​នៅថ្ងៃ​ទីមួយ និង​ទីពីរ អុំពីរ​ជើង​ដោយផ្លាស់​ប្ដូរខ្សែ​ទឹក ឯថ្ងៃ​ទីបី​អុំតែមួយ​ជើង​ប៉ុណ្ណោះ ដោយ​ធ្វើការ​ចាប់ឆ្នោត​ជ្រើសរើស​ខ្សែទឹក។ រីឯ​ចំពោះ​ទូក​ស្ថិតក្នុង​ផែន​ពិសេសនោះ​គឺអុំ​២ទៅ​៣ថ្ងៃ ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ខ្សែទឹក។

បណ្ដាំ​ផ្ញើ

ព្រះរាជពិធី​បុណ្យអុំទូក​ជាព្រឹត្ដិការណ៍​មួយឆ្នាំ​មានម្ដង ដូចនេះ​ថ្ងៃដែល​ពិសេស​នេះពិតជា​មានការ​ប្រព្រឹត្ដ​ទៅដោយ​ភាព សប្បាយ​រីករាយ និង​អធិកអធម ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​ក្នុង​ឱកាស​នេះ។ ទីក្រុង​ភ្នំពេញ​ជាកន្លែង​មាន​សោភ័ណ​ភាព សម្រាប់​ជាការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​អន្ដរជាតិ​មក​កម្សាន្ដ ដូចនេះ​សូម​លោកអ្នក​ដែលបាន​ចូលរួម​ពិធី​ដ៏អស្ចារ្យ​នេះ សូម​មេត្ដា​ជួយ​ថែរក្សា​នូវ​បរិស្ថាន ដើម្បី​ឱ្យទីក្រុង​នៅតែ​មាន​សោភ័ណ​ភាព​ទាក់ទាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *