ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃក្ដីស្រឡាញ់កំពុងត្រូវបានយុវវ័យខ្មែរមួយចំនួន ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ នាំគ្នាចាប់អារម្មណ៍ និងនិយមចូលចិត្ដ បើទោះជាពិធីនេះមិនមែនជាទំនៀមទម្លាប់ខ្មែរ វាជាបុណ្យរបៀបអឺរ៉ុបក្ដី។ ថ្ងៃទី១៤កុម្ភៈជាថ្ងៃ Valentine’s day ឬថ្ងៃបុណ្យនៃក្ដីស្រឡាញ់ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាទិវាសកលបែបអឺរ៉ុបនិយមដែលយុវវ័យខ្មែរនិយមហៅថាបុណ្យសង្សារឡើងរត់មាត់ទៅហើយ។
សង្គមជឿនលឿន វប្បធម៌លាយឡំ
ក្រោយពីប្រទេសកម្ពុជាយើងទទួលបាននូវសុខសុវត្ថិភាពពេញបរិបូរណ៍មក ការហូរចូលនៃវប្បធម៌បរទេសក៏មានការកើន ឡើងគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាបញ្ជាក់ពីភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។ វប្បធម៌បរទេសបន្ដិច ម្ដងៗបានគ្របដណ្ដប់លើសតិអារម្មណ៍យុវវ័យខ្មែរដែលប្រាថ្នាចង់ធ្វើដូចគេនេះបាន និងកំពុងចាប់អង្រួនបេះដូងប្រជាពលរដ្ឋខ្មែរឱ្យរង្គើ ទាំងក្មេងទាំងចាស់។ សង្គមជឿនលឿនសម្ភារៈប្រើប្រាស់ទំនើបជាបច្ច័យមួយយ៉ាងល្អ ដែលស្ដែងពីការរស់នៅក្នុងកម្រិតសមរម្យមួយ ប៉ុន្ដែក្រៅពីនេះក៏អាចបង្កឱ្យមានការប៉ះពាល់មួយចំនួនផងដែរទៅលើប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលបន្ដិចម្ដងៗត្រូវបានកាត់តម្រឹម ។
មានពិធីតាមបែបអឺរ៉ុបជាច្រើនត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យនិយមចូលចិត្ដ ដូចជាបុណ្យណូអែល បុណ្យ សង្សារជាដើម។ ដោយឡែកសម្រាប់បុណ្យសង្សារនៅពេលជួបសាកសួរជាមួយក្រុមយុវវ័យបានឱ្យដឹងថា ក្នុងចំណោមពួកគេភាគ ច្រើនមិនដឹងពីប្រវត្ដិ ឬអត្ថន័យយ៉ាងណានោះទេ គ្រាន់តែឃើញគេធ្វើក៏ធ្វើតាមទៅតែប៉ុណ្ណោះ។ យុវវ័យខ្លះគ្រាន់តែដឹងថានេះជាថ្ងៃ បុណ្យសង្សារ អ្នកដែលមានសង្សារត្រូវតែជូនកាដូ ឬផ្កាឱ្យគ្នាទៅវិញទៅមកដើម្បីបញ្ជាក់នូវការស្រឡាញ់។ ដោយឡែកយុវជនខ្លះ ទៀតយល់ថា នេះជាឱកាសល្អដែលគេអាចសារភាពស្នេហ៍ដោយគ្រាន់តែទិញកាដូ ឬផ្កាមួយបាច់ជូនចំពោះនារីដែលគេស្រឡាញ់។
សម័យកាលចេះតែវិវត្ដន៍ទៅមុខ ទម្លាប់នៃការប្រព្រឹត្ដក៏មានការផ្លាស់ប្ដូរដែរ។ ពីមុនយុវវ័យខ្មែរព្យាយាមលាក់បាំងទំនាក់ ទំនងស្នេហាដោយមិនចង់ទទួលនូវការរិះគន់សើចយំពីអ្នកដទៃ។ ប៉ុន្ដែសម័យថ្មីនេះយុវវ័យដែលគ្មានស្នេហាប្រៀបដូចផ្កាដែលគ្មាន លម្អង។
បុណ្យសង្សារបង្កចលាចល
ថ្ងៃនៃក្ដីស្រឡាញ់បាននាំមកនូវភាពគគ្រឹកគគ្រេង ជាពិសេសនៅតាមដងផ្លូវសាធារណៈសំខាន់ៗមួយចំនួន ជាពិសេសក្បែរ សាលាមធ្យមសិក្សានានា នៅតាមទីកន្លែងលក់ផ្កានៅម្ដុំផ្សារថ្មី ផ្សារអូរឬស្សី តាមដងវិថីម្ដុំមាត់ទន្លេ កន្លែងកម្សាន្ដ និងកន្លែងហូបចុក នានា។ ជាពិសេសកន្លែងលក់ផ្កា កន្លែងលក់វត្ថុអនុស្សាវរីយ៍ មានភាពខុសប្លែកពីសព្វដង ដោយគេសង្កេតឃើញមានការដាក់តាំងផ្កា យ៉ាងល្អស្រស់ មានការវេចខ្ចប់ មើលទៅគួរឱ្យចាប់អារម្មណ៍ធ្វើឱ្យអ្នកមានគូសង្សារឃើញហើយមានចិត្ដចង់ទិញយកទៅជូនសង្សារ របស់ខ្លួន។
ចាប់តាំងពីយុវវ័យចូលរួមក្នុងពិធីបុណ្យសង្សាររយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ផ្កាកុលាបស្រស់ៗលក់ដាច់ច្រើនណាស់ ព្រោះតែយុវវ័យខ្លះបើទោះជាមានជីវភាពក្រីក្រ ប៉ុន្ដែពួកគេក៏មានលទ្ធភាពរកប្រាក់ទិញផ្កាកុលាបស្រស់បាន១ទងសម្រាប់គូសង្សារ ឬអ្នកដែលគេពេញចិត្ដ។ ផ្កាដាក់លក់នៅក្នុងថ្ងៃបុណ្យសង្សារមានច្រើនប្រភេទ ជាផ្កាស្រស់ក៏មាន ផ្កាសិប្បនិម្មិតក៏មាន។ ផ្កាកុលាប ស្រស់ដែលវេចខ្ចប់យ៉ាងស្អាត លក់ក្នុងតម្លៃ១ដុល្លារសម្រាប់ផ្កាមួយទង។ ប៉ុន្ដែសម្រាប់អ្នកដែលមានប្រាក់កាសច្រើនអាចទិញគ្រឿង អលង្ការជូនគូសង្សារ ឬភរិយា។
បុណ្យសង្សាររីករាយ ឬទឹកភ្នែក
បើទោះបីជាភាគច្រើននៃយុវវ័យរីករាយធ្វើបុណ្យសង្សារក៏ដោយ ក៏មានយុវតីមួយចំនួនស្រក់ទឹកភ្នែកផងដែរ ដោយសារ តែផ្កាកុលាបបណ្ដាលឱ្យមានការភ្លើតភ្លើនបានបន្សល់នូវភាពសោកស្ដាយ ព្រោះយុវតីខ្លះបានបាត់បង់នូវព្រហ្មចារី មានផ្ទៃពោះ និងឆ្លង ជម្ងឺផ្សេងៗជាដើម។ ថ្ងៃបុណ្យសង្សារមិនមែនតែផ្កា ឬវត្ថុអនុស្សាវរីយ៍ទេដែលលក់ដាច់ សូម្បីតែស្រោមអនាម័យ ផ្ទះសំណាក់់ កន្លែង កម្សាន្ដផ្សេងៗក៏មានតួលេខកើនឡើងច្រើនគួរឱ្យកត់សម្គាល់ដែរ។ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាយើងទេ នៅឯបរទេសវិញរឹត តែកក្រើកជាងនេះទៅទៀត ជាក់ស្ដែងដូចជាប្រទេសថៃក្នុងថ្ងៃបុណ្យសង្សារស្ទើរតែគ្រប់សណ្ឋាគារនៅក្នុងប្រទេសត្រូវបានកក់ទុក ទាំងអស់។ តាមរយៈព័ត៌មាននេះមានន័យថា ការរួមភេទនៅថ្ងៃបុណ្យសង្សារក៏មានអត្រាខ្ពស់ណាស់ដែរ។ ជាងនេះទៅទៀតក៏មាន ករណីមួយចំនួនទៀត ដូចជាយុវតីបានធ្វើអត្ដឃាតដោយសង្សារមិនជូនផ្កា ឬវត្ថុអនុស្សាវរីយ៍ ឬក៏ជ្រុលខ្លួនជាមួយសង្សារដែលមិន ទទួលខុសត្រូវ។
បណ្ដាំផ្ញើ
យុវវ័យទាំងឡាយដែលកំពុងគាំទ្រថ្ងៃបុណ្យសង្សារ ត្រូវទទួលស្គាល់ការពិតថា ប្រពៃណីនេះមិនមែនជារបស់ខ្មែរទេ ហើយ ក៏មិនមានការហាមឃាត់ណាមួយដែលរារាំងការទទួលយកប្រពៃណីនេះដែរ។ ប៉ុន្ដែសូមកុំធ្វើអ្វីហួសហេតុពេក ព្រោះមានយុវវ័យមួយ ចំនួនប្រព្រឹត្ដខ្លួនមិនល្អអាចនិយាយថា ជាអំពើពាលា អាសអាភាស គ្មានការអៀនខ្មាស និងសម្ដែងភាពស្និទ្ធស្នាលហួសព្រំដែន ដែលមិនអាចទទួលយកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ២៥ ខែកុម្ភៈ ឆ្នាំ២០០៨
Leave a Reply