មានជម្ងឺជាច្រើនប្រភេទដែលអាចកើតមានចំពោះកុមារ ដូចជាជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរលាកថ្លើមប្រភេទបេ ជម្ងឺ តេតាណូស ជម្ងឺរលាកសួត ជម្ងឺក្អកមាន់ ខាន់ស្លាក់ និងជម្ងឺទឹកនោមប្រៃជាដើម។ ជម្ងឺទាំងនេះបណ្ដាលមកពីមូលហេតុនានា ប៉ុន្ដែមានជម្ងឺម្យ៉ាងដែលកើតមានចំពោះកុមារ ភាគច្រើនមិនដឹងពីមូលហេតុពិតប្រាកដនោះទេ គឺវាមានឱកាសកើតមានចំពោះ កុមារក៏ដូចជាមនុស្សពេញវ័យតែម្ដង នោះគឺជាជម្ងឺទឹកនោមប្រៃ។ដើម្បីធ្វើការបកស្រាយពីជម្ងឺទឹកនោមប្រៃកុមារនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ។
ជម្ងឺទឹកនោមប្រៃ ជាអ្វី?
ជម្ងឺទឹកនោមប្រៃគឺជាជម្ងឺតម្រង់នោមមួយប្រភេទ “ណេហ្វ្រូទីក ស៊ិនដ្រូម” ដែលលេចឡើងដោយបណ្ដុំរោគសញ្ញា ដូចជា ហើម មានការបាត់បង់ជាតិប្រូតេអ៊ីនច្រើនទៅតាមទឹកនោម ជាតិប្រូតេអ៊ីននៅក្នុងឈាមថយចុះ និងជាតិខ្លាញ់ក្នុងឈាមកើនឡើង។ ជម្ងឺទឹកនោមប្រៃអាចកើតឡើងនៅលើមនុស្សគ្រប់វ័យ ប៉ុន្ដែភាគច្រើនកើតចំពោះកុមារច្រើនជាងមនុស្សពេញវ័យ ជាពិសេសក្មេង ប្រុសច្រើនជាងក្មេងស្រី ដោយអត្រាពីរទល់នឹងមួយ។ ជម្ងឺទឹកនោមប្រៃងាយនឹងលាប់ឡើងវិញក្រោយការព្យាបាលរួច ហើយអាចធ្វើ ឱ្យអ្នកជម្ងឺខ្សោយតម្រង់នោម ដែលអាចឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ គេអាចដឹងបានថាមានជម្ងឺទឹកនោមប្រៃនេះ គឺតាមរយៈការទៅពិនិត្យមើលឈាម និងទឹកនោមគួបផ្សំរោគសញ្ញាផ្សេងៗទៀត។
រោគសញ្ញាជម្ងឺទឹកនោមប្រៃ
រោគសញ្ញាជម្ងឺទឹកនោមប្រៃដំបូងកុមារគឺមានអាការហើមមុខពេលក្រោកពីដំណេកពេលព្រឹក បន្ទាប់មកមានរាលដាល ដល់ការហើមជើងហើមដៃ និងដងខ្លួន ហើយកុមារដែលកើតជម្ងឺនេះបរិមាណទឹកនោមមានការថយចុះ។ នេះគឺជាអាការដែលសន្និដ្ឋាន ថាកុមារមានជម្ងឺទឹកនោមប្រៃ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ត្រូវពិនិត្យឈាម និងទឹកនោម។
មូលហេតុបង្កជម្ងឺទឹកនោមប្រៃ
ចំនួន៩០ភាគរយនៃជម្ងឺនេះអ្នកវិទ្យាសាស្ដ្រមិនទាន់បានរកឃើញពីមូលហេតុពិតប្រាកដនៅឡើយទេ។ ប្រហែលជា១០ ភាគរយទៀតវាកើតឡើងក្រោយពេលអ្នកជម្ងឺមានជម្ងឺរលាកថ្លើមប្រភេទបេ និងសេ មេរោគអេដស៍ គ្រុនចាញ់ មហារីកគ្រាប់ឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺតម្រង់នោមមួយចំនួន និងការប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។
វិធីព្យាបាលជម្ងឺទឹកនោមប្រៃ
ចំពោះកុមារដែលមានជម្ងឺទឹកនោមប្រៃគឺត្រូវធ្វើការព្យាបាល និងតាមដានក្នុងរយៈយូរ ព្រោះបន្ទាប់ពីការព្យាបាលជាសះ ស្បើយហើយ អាចមានលទ្ធភាពកើតមានជាថ្មីទៀតក្នុងរយៈពេល១ឆ្នាំដំបូងបន្ទាប់ពីជា។ ជម្ងឺនេះត្រូវការរយៈពេលបួនខែដើម្បីព្យា បាលដោយការប្រើប្រាស់ថ្នាំ តមចំណីអាហារណាដែលមានជាតិប្រៃ បន្ថយការពិសាទឹក កុំបរិភោគច្រើនពេក ទទួលទានអាហារ ដែលមានជាតិវីតាមីន និងប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់។ ជាពិសេសត្រូវធ្វើការតាមដានជម្ងឺនេះឱ្យបានទៀងទាត់ ព្រោះបន្ទាប់ ពីការព្យាបាលបានសះស្បើយហើយ វាអាចមានឱកាសកើតម្ដងទៀតដល់ទៅ៦០ភាគរយ។
ផលវិបាកនៃជម្ងឺទឹកនោមប្រៃ
ផលវិបាកនៃជម្ងឺទឹកនោមប្រៃធ្វើឱ្យកុមារពិបាកដកដង្ហើម ដង្ហក់ដោយសារទឹកជ្រាបចូលក្នុងស្រោមសួត ប៉ោងពោះតឹង ខ្លាំង ដោយសារជាតិទឹកជ្រាបចូលទៅក្នុងស្រោមពោះ។ ជម្ងឺនេះធ្វើឱ្យកុមារហើមមុខ ដៃ និងជើង ក្នុងករណីធ្ងន់ធ្ងរក្មេងប្រុស ហើមនៅត្រង់ពងស្វាស ឯក្មេងស្រីហើមនៅត្រង់ប្រដាប់ភេទទៀតផង។ អ្នកជម្ងឺត្រូវបាត់បង់ជាតិប្រូតេអ៊ីនច្រើននៅក្នុងខ្លួន ហើយ ជាតិខ្លាញ់នៅឈាមនឹងកើនឡើង។ ជម្ងឺនេះនឹងធ្វើឱ្យកុមារងាយនឹងបង្ករោគផ្សេងៗ ជាពិសេសជម្ងឺរលាកស្រោមពោះដោយសារតែ បាត់បង់នូវសារជាតិប្រូតេអ៊ីនជាច្រើន ដែលជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយ។ កំណកឈាមក្នុងខ្លួនកើនឡើង អាចងាយធ្វើឱ្យ មានការកកស្ទះសរសៃឈាមនៅត្រង់កន្លែងណាមួយក្នុងរាងកាយ ដូចជាបេះដូង សួត និងតម្រង់នោមជាដើម។ ជម្ងឺនេះអាចបណ្ដាល ឱ្យខ្សោយតម្រង់នោម និងកង្វះជីវជាតិប្រូតេអ៊ីន ហើយឆ្អឹងមិនសូវរឹងមាំផងដែរ។ នៅពេលមានជម្ងឺនេះ កុមារត្រូវការ ប្រើប្រាស់ថ្នាំច្រើន ដូចនេះអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់ការលូតលាស់នៃរាងកាយរបស់កុមារផងដែរ។ បើសិនជាជម្ងឺនេះលាប់ ញឹកញាប់ អាចបណ្ដាលឱ្យអ្នកជម្ងឺខូចតម្រង់នោម បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូចនេះបើជម្ងឺនេះកើតមានឡើង គប្បី ត្រូវធ្វើការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវបំផុត។
ដំបូន្មានអ្នកជំនាញ
នៅពេលលោកអ្នកឃើញកូនមានរោគសញ្ញាហើមមុខ ហើមដៃ និងជើង ហើយមិនសូវនោម សូមកុំធ្វើការប្រើថ្នាំអ្វីផ្ដេស ផ្ដាស គប្បីត្រូវប្រញាប់ទៅរកគ្រូពេទ្យដើម្បីពិនិត្យរកមើលឱ្យឃើញនូវមូលហេតុរបស់វា។ នៅពេលដែលកូនលោកអ្នកកើតជម្ងឺទឹក នោមប្រៃ ត្រូវព្យាបាលជម្ងឺឱ្យត្រឹមត្រូវក្នុងរយៈពេលយូរ ដើម្បីកាត់បន្ថយការលាប់ឡើងវិញ និងផលវិបាកផ្សេងៗទៀត។ អ្នកជម្ងឺ មិនត្រូវប្រើថ្នាំអ្វីផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះទេ ព្រោះអាចបណ្ដាលឱ្យមានអាការកាន់តែធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply