ក្នុងជីវិតប្ដីប្រពន្ធ បញ្ហាលុយកាក់ច្រើនតែបង្កនូវភាពប្រេះឆា ពិសេសគឺនៅក្នុងការចាយវាយ សន្សំសំចៃ និងការរកស៊ី។ រវាងមនុស្សប្រុស និងមនុស្សស្រី មានទស្សនៈផ្សេងគ្នាអំពីបញ្ហាលុយកាក់។ មនុស្សប្រុស និងមនុស្សស្រី ខុសលើផ្នែកជីវសាស្ដ្រ រាងកាយ និងខួរក្បាល។ ដោយសារតែភាពខុសគ្នានេះហើយ ធ្វើឱ្យស្វាមីភរិយាជាច្រើនមានបញ្ហាលុយកាក់ ដែលត្រូវដោះស្រាយមិនចេះចប់មិនចេះហើយ ដែលជួនកាលអាចរហូតឈានដល់ការលែងលះគ្នាទៀតផង។
នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកបញ្ហាមួយចំនួនជុំវិញរឿងលុយកាក់ដែលចាំបាច់ត្រូវតែមានដំណោះស្រាយមួយដែលច្បាស់លាស់ចំណុចកណ្ដាលនៃបញ្ហា។
ទស្សនៈខុសគ្នារវាងបុរស និងស្ដ្រីអំពីលុយកាក់
មានបញ្ហាជាគន្លឹះ៥នៅក្នុងជីវិតប្ដីប្រពន្ធគឺ ៖
1 . ប្រាក់ចំណូល ៖ ជាការពិតប្រាក់បៀវត្សរ៍គឺជាម៉ែត្រសម្រាប់វាស់ជ័យជំនះរបស់មនុស្សប្រុស តែចំពោះមនុស្សស្រីគឺជា ជោគជ័យនៅក្នុងវិជ្ជាជីវៈតែប៉ុណ្ណោះ។ មាននារីមិនដល់៣០ភាគរយផងប៉ុណ្ណោះ ដែលយកចិត្ដទុកដាក់ដល់បុព្វហេតុ និងកេរ្ដិ៍ឈ្មោះ។ ចំពោះនារីចរិតដឹកនាំនឹងជំរុញការងាររីកចម្រើនមិនមែនជាកត្ដាសំខាន់ជាងគេនោះទេ។ បើប្រៀបធៀបជាមួយបុរស មនុស្សស្រី មិនសូវជឿជាក់លើលទ្ធភាពរកលុយទេ ហើយលុយកាក់នេះមានឥទ្ធិពលដល់ការសម្រេចចិត្ដផ្នែកហិរញ្ញវត្ថុរបស់គេ។ មនុស្សស្រីមិនសូវរកលុយកាក់បាន ដោយសារពួកនាងច្រើនតែប្រាកដនិយមពេក មិនសូវហ៊ានផ្សងព្រេង ទើបកម្រមានឱកាសចាប់ផ្ដើមដូចប្រុសៗ។ “មនុស្សប្រុសចាត់ទុកលុយកាក់ដូចទឹកហូរចូល រីឯមនុស្សស្រីវិញគិតថាលុយកាក់ប្រៀបដូចទឹកបឹងដែលអាចនឹងត្រូវរីងស្ងួត”។
2 . ការចាយវាយ ៖ ក៏ជាចរិតមួយដែររបស់មនុស្សស្រី គឺចូលចិត្ដការទិញដូរណាស់ ជួនកាលវាជាប្រការដ៏គួរឱ្យភ័យខ្លាច ចំពោះស្វាមីដែលកំណាញ់ស្វិត។ មនុស្សប្រុសជាងពាក់កណ្ដាលដែលមិនទិញសម្លៀកបំពាក់ សាប៊ូ ឬកន្សែងដោយខ្លួនឯង ផ្ទុយទៅវិញ នារី៤ភាគ៥ជាអ្នកធ្វើកិច្ចការនេះសម្រាប់ខ្លួនឯង និងស្វាមី។ នារីត្រូវបានសម្គាល់ថា ជាអ្នកនាំមកនូវភាពចាំបាច់សម្រាប់គ្រួសារ ហេតុដូច្នេះហើយទើបនារីសក្ដិសមនឹងក្ដាប់រាល់ការចំណាយប្រចាំថ្ងៃ។ តាមពិតទៅទាំងប្ដីទាំងប្រពន្ធសុទ្ធតែមានកម្រិតចំណាយលុយ ផ្សេងៗគ្នា។ មនុស្សស្រីភាគច្រើនអាចមានអាកប្បកិរិយាក្រអឺតក្រទមបន្ដិចហើយ បើគេមានលទ្ធភាពរកប្រាក់ចំណូលបាន ព្រោះវាជាសញ្ញាប្រកាសឱ្យប្ដីដឹងអំពីសមត្ថភាពរបស់គេ។ នៅពេលឈានចូលវ័យចំណាស់ មនុស្សស្រីមានការចាយវាយសត្យានុម័តិជាងបុរស ដោយគិតថាលុយកាក់ប្រៀបដូចជាឧបករណ៍ដើម្បីរក្សានូវទំនាក់ទំនង និងការរស់នៅ។ ចំពោះមនុស្សប្រុស ផ្ទុយទៅវិញនៅពេល ឈានចូលវ័យចំណាស់គេច្រើនតែក្លាយទៅជាអ្នកជំនួញ បើទទួលបានជោគជ័យ និងក្លាយទៅជាអ្នកមាននោះ ការចាយវាយលែងប្រក្រតី និងមិនសូវសត្យានុម័តិទេ។ ពេលនោះបុរសៗគេជឿជាក់ទៅលើលទ្ធភាពរកលុយរបស់ខ្លួន ទើបគេងាយស្រួលនៅក្នុងការទិញដូរ។
3 . ការសន្សំ ៖ សភាពជាក់ស្ដែង មនុស្សស្រីមិនបានយកចិត្ដទុកដាក់ពីរឿងសន្សំដូចមនុស្សប្រុសទេ។ ភាគច្រើនគេចាប់ផ្ដើមសន្សំលុយកាក់បានក្រោយមនុស្សប្រុស ហើយមិនសូវបានសម្បូរដូចមនុស្សប្រុសទេ។ មានប្រពន្ធជាច្រើនចាត់ទុកការរកលុយ សន្សំគឺជាបន្ទុករបស់ប្ដី។ តែបើសិនមានការសន្សំទុករៀងខ្លួន ប្ដីប្រពន្ធនឹងមានការវិវាទទាស់ទែងគ្នានៅពេលរឿងត្រូវបែកការណ៍។ នោះគឺជាមូលហេតុដែលពួកគេច្រើនតែលាក់អំពីប្រភពលុយកាក់ផ្ទាល់ខ្លួន។
4 . អាជីវកម្ម ៖ គ្រប់ពេលវេលា គ្រប់ទីកន្លែង មនុស្សប្រុសហ៊ានប្រថុយនឹងការរកស៊ីជាងមនុស្សស្រី។ ក្នុងការធ្វើជំនួញ មនុស្សស្រីច្រើនតែមិនជឿលើលទ្ធភាពរបស់ខ្លួន លើសពីនេះស្ដ្រីប្រយ័ត្នប្រយែងខ្លាំងណាស់។ ស្ដ្រីតែងចាត់ទុករបរជំនួញជាល្បែងផ្សង ព្រេងដែលអាចមានលទ្ធផលឈានទៅរកការក្ស័យទុន។ ផ្ទុយទៅវិញ មនុស្សប្រុសមិនសូវជាខ្វល់ខ្វាយនៅពេលខុសឆ្គងទេ ពួកគេចូលចិត្ដស្វែងរកឱកាសធ្វើអាជីវកម្មធ្វើអ្នកមាន ហើយពួកគេមានឱកាសច្រើនដើម្បីសាកល្បងនិងកម្លាំងខ្លាំង។
5 . ខ្ចីបុល ៖ មនុស្សស្រីខ្ចីតែចំនួនលុយដែលគេត្រូវការជាចាំបាច់ប៉ុណ្ណោះ។ ចំណែកមនុស្សប្រុសវិញបើសិនជាឱ្យខ្ចីកាន់តែច្រើនកាន់តែល្អ បើទោះបីមិនទាន់ដឹងថាត្រូវយកលុយនោះទៅធ្វើអ្វីក៏ដោយ។ ការប្រយ័ត្នប្រយែងជាចរិតមួយល្អ តែវាធ្វើឱ្យមនុស្ស ស្រីជួបការលំបាកពេលគេចង់ក្លាយជាអ្នកជំនួញ ឬជួបលំបាកនៅពេលគេចង់បានផ្ទះនៅមួយសមរម្យ។ បុរសភាគច្រើនមើលស្រាល អត្ដនោម័តិពេលខ្ចីបុល ប្រការនេះហើយដែលនាំឱ្យបុរសខ្លះត្រូវបាត់លំនឹង។ មនុស្សប្រុសឧស្សាហ៍ភ្លេចបញ្ហាបំណុលរបស់ខ្លួន នាំឱ្យបំណុលរបស់គេកាន់តែកើន ជួនកាលគួរឱ្យស្ញើបទៀតផង។ ការខ្ចីបុលរបស់មនុស្សស្រីធានាសុវត្ថិភាពបំផុត ហើយបំណុលរបស់មនុស្សស្រីមិនច្រើនពេកទេ ព្រោះនាងខ្លាចជំពាក់បំណុលគេណាស់។
(សូមអានបន្ដនៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply