ថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ លោកអ្នកមួយចំនួន ជាពិសេសយុវវ័យតែងតែបង្ហាញពីសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះនរណាម្នាក់ពិសេសអ្នកដែលខ្លួនស្រឡាញ់ពេញចិត្ដ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពគគ្រឹកគគ្រេងនៃអំណរសម្រាប់ថ្ងៃនៃសេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យសង្សារដែលជាវប្បធម៌បែបបស្ចឹមប្រទេសនេះ បានធ្វើឱ្យស្រទាប់យុវវ័យមានការរំជើបរំជួលជាខ្លាំង។ ថ្ងៃនេះយុវវ័យភាគច្រើនសុទ្ធតែរីករាយ ក្នុងនោះក៏មានអ្នកខ្លះស្រក់ទឹកភ្នែកផងដែរ ដោយសារការភ្លើតភ្លើនបានបន្សល់ទុកនូវភាពស្ដាយ ក្រោយ ជាពិសេសយុវនារីដែលបានបាត់បង់ព្រហ្មចារី មានផ្ទៃពោះ ឆ្លងជម្ងឺផ្សេងៗជាដើម ដូចដែលលោកអ្នកបានទទួលជ្រាបតាម រយៈទស្សនាវដ្ដី សុខភាពយើង ក្នុងឆ្នាំ២០០៦កន្លងមក។ សម្រាប់ឆ្នាំនេះ សូមលោកអ្នកជ្រាបជាមួយចំណាប់អារម្មណ៍របស់មជ្ឈដ្ឋានទូទៅអំពីអត្ថន័យ និងការប្រព្រឹត្ដទៅនៃថ្ងៃ១៤កុម្ភៈឆ្នាំនេះ។ មានយុវវ័យមួយចំនួនបានបញ្ចេញទស្សនៈរបស់ខ្លួនគាំទ្រថ្ងៃ បុណ្យសង្សារ មានអ្នកខ្លះមិនគាំទ្រឡើយ ជួនគាំទ្រដើម្បីការធ្វើអាជីវកម្មតែប៉ុណ្ណោះ។
ទស្សនៈអបអរសាទរថ្ងៃបុណ្យសង្សារ
– កញ្ញា ស្រីម៉ៅ សិស្សរៀននៅសាលាចិនអ៊ីហួ ៖ វាពិតជាមានន័យពិសេសណាស់សម្រាប់មនុស្សគ្រប់រូបក្នុងការបង្ហាញឱ្យ អ្នកណាម្នាក់បានឃើញពីសេចក្ដីស្រឡាញ់របស់យើង និងរឹតតែចង់ប្រាប់ឱ្យមនុស្សម្នាក់នោះដឹងថាយើងយកចិត្ដទុកដាក់ចំពោះគេជា ខ្លាំង។ ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃសេចក្ដីស្រឡាញ់មិនមែនមានន័យត្រឹមតែការស្រឡាញ់ចំពោះគូសង្សារប៉ុណ្ណោះទេ ប៉ុន្ដែក៏មានន័យជា សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយចំពោះកូន កូនស្រឡាញ់ឪពុកម្ដាយ សេចក្ដីស្រឡាញ់រវាងមិត្ដភ័ក្ដិជាដើម។ នាងខ្ញុំគិតជាស្រេចហើយថាថ្ងៃនោះនាងខ្ញុំនឹងមានកាដូដ៏ពិសេសមួយសម្រាប់អ្នកដែលនាងខ្ញុំស្រឡាញ់។
– យុវជន អ៊ុក រ៉ាណេត សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៖ ខ្ញុំមិនដឹងថាថ្ងៃបុណ្យសង្សារនោះមានន័យ និងខ្លឹមសារយ៉ាងណា នោះទេ ប៉ុន្ដែខ្ញុំតែងឃើញគេនាំគ្នាទៅទិញផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗយ៉ាងគគ្រឹកគគ្រេង។ ថ្វីត្បិតតែខ្ញុំមិនដឹងពីឫសគល់វា យ៉ាងណា ប៉ុន្ដែខ្ញុំអាចទទួលយកបាន និងផ្ដល់សេចក្ដីស្រឡាញ់ក្នុងថ្ងៃនោះចំពោះមនុស្សគ្រប់គ្នា មិត្ដភ័ក្ដិ និងបងប្អូន ជាពិសេសចំពោះ លោកពុកអ្នកម៉ែ។ ព្រោះបើតាមខ្ញុំយល់ថ្ងៃនៃសេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យសង្សារមិនមែនធ្វើឡើងចំពោះតែគូសង្សារនោះទេ យើងក៏ អាចយកថ្ងៃនេះដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់រាប់អានរបស់យើងចំពោះមិត្ដភ័ក្ដិ បង្ហាញពីភាពកតញ្ញូរបស់កូនចំពោះឪពុកម្ដាយបាន ដូចគ្នាផងដែរ។
– កញ្ញា សឿ សុធារ៉ា តារាសម្ដែង ៖ គ្រាន់តែរំលឹកដល់ថ្ងៃបុណ្យសង្សារធ្វើឱ្យនាងខ្ញុំមានអារម្មណ៍រំភើបរួចជាស្រេចទៅ ហើយ។ ថ្វីត្បិតឆ្នាំមុនៗអ្នកដែលជូនផ្កាដល់នាងខ្ញុំសុទ្ធតែជាអ្នកដែលនាងខ្ញុំមិនពេញចិត្ដក៏ដោយ ក៏នាងខ្ញុំតែងសង្ឃឹមទុកជានិច្ចថានៅ ថ្ងៃណាមួយនឹងមានមនុស្សជាទីស្រឡាញ់ជូនផ្កាកុលាបដ៏ស្រស់ស្អាតដល់នាងខ្ញុំមិនខានឡើយ។ បុណ្យសង្សារជាថ្ងៃដែលមិនអាចបំភ្លេច បានសម្រាប់គូស្នេហ៍ វាពិតជាមានន័យហើយគួរឱ្យរំភើបខ្លាំង។
ទស្សនៈប្រឆាំងថ្ងៃបុណ្យសង្សារ
– លោក ហ៊ុន ធី រស់នៅខេត្ដកណ្ដាល ៖ ខ្ញុំតែងឃើញក្មេងៗទិញផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជូនគ្នាទៅវិញទៅមក នៅថ្ងៃ១៤ កុម្ភៈ ប៉ុន្ដែខ្ញុំមិនដឹងថាដើម្បីសេចក្ដីស្រឡាញ់ ឬការរាប់អាននោះទេ។ ខ្ញុំមិនពេញចិត្ដទាល់តែសោះ ដែលឃើញយុវជនខ្មែរប្រព្រឹត្ដខ្លួនបែបនេះ ព្រោះវាឃ្លាតឆ្ងាយពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរយើង។ វប្បធម៌ខ្មែរជាវប្បធម៌ដ៏ទន់ភ្លន់ និងសុភាពរាបសារ។
– អ៊ំស្រី ហេង ប៊ុនថា ជាស្ដ្រីមេផ្ទះរស់នៅសង្កាត់អូរឫស្សី ៖ នាងខ្ញុំយល់ថាថ្ងៃ១៤កុម្ភៈគួរតែហៅថាជាថ្ងៃនៃសេចក្ដីស្រឡាញ់ ហើយជាសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នា មានដូចជាបងប្អូន ឬឪពុកម្ដាយ មិនមែនត្រឹមតែការស្រឡាញ់រវាងមនុស្សពីរនាក់ ប៉ុណ្ណោះទេ។ កន្លងមកនាងខ្ញុំតែងឃើញយុវជនធ្វើខ្លួនមិនសមរម្យសោះក្នុងថ្ងៃនោះ ហើយនាងខ្ញុំនឹងមិនអនុញ្ញាតឱ្យកូនៗធ្វើខ្លួនបែប នេះនោះទេ។ សូមយុវជនខ្មែរទាំងអស់បញ្ឈប់ការទទួលយកវប្បធម៌ពាលាទាំងអស់នោះ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យគង់វង្ស និងរីកចម្រើន។
– លោកសាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃពុទ្ធសាសនបណ្ឌិត្យ ៖ ខ្ញុំមិនពេញចិត្ដទាល់តែសោះចំពោះវប្បធម៌បែបនេះ ព្រោះតាមការសង្កេតកន្លងមកឃើញថាវាបានធ្វើឱ្យយុវជនខ្មែរមានការភ្លើតភ្លើន បាត់បង់អស់សីលធម៌ ជាកូនខ្មែរ ពិសេសចំពោះយុវតីតែម្ដង។ តាមពិត នេះមិនមែនជាវប្បធម៌របស់ខ្មែរយើងនោះទេ តែជាការទទួលយកនូវវប្បធម៌បរទេសទាំងស្រុងដោយមិនបានគិតពិចារណា។ ទាំងនេះបង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃតម្លៃយុវជនខ្មែរ ព្រោះពួកគេស្ម័គ្រចិត្ដធ្វើជាឈ្នាន់សម្រាប់ការសាបព្រោះវប្បធម៌បរទេស ពេញចិត្ដទទួលនូវអ្វីដែលមិនមែនជារបស់ខ្លួន។ ប៉ុន្ដែពួកគេមិនធ្លាប់ដែលគិតទាល់តែសោះថាពេលនេះគេកំពុងទទួលយកវប្បធម៌នេះទៅផ្សព្វផ្សាយក្នុងផ្ទះគេនោះឡើយ។
ថ្ងៃបុណ្យសង្សារជាថ្ងៃពាណិជ្ជកម្ម
– បងស្រី យឹម ហួរ ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍អង្គរ ៖ ១៤ កុម្ភៈជាថ្ងៃដ៏ពិសេសសម្រាប់បង្ហាញពីសេចក្ដីស្រឡាញ់ ចំពោះអ្នកណាម្នាក់ ដោយទិញវត្ថុអនុស្សាវរីយ៍ ឬផ្កាកុលាបជូនគ្នាទៅវិញទៅមក។ ថ្ងៃនោះពិតជាថ្ងៃដ៏ល្អ ព្រោះមានអតិថិជនច្រើន ជាពិសេសយុវជនមកទិញវត្ថុអនុស្សាវរីយ៍ ហើយដែលភាគច្រើនពួកគេទិញតុក្កតាខ្ចប់ជាកាដូអមជាមួយនឹងផ្កាកុលាបមួយទងផងដែរ។ ទោះជាយ៉ាងនេះក្ដីក៏ពុំមានការតម្លើងថ្លៃទំនិញដែរ គឺលក់ក្នុងតម្លៃធម្មតាទាំងអស់។
– បងស្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)លក់ផ្កានៅផ្សារធំថ្មី ៖ ថ្ងៃបុណ្យសង្សារជាថ្ងៃមួយសម្រាប់លោកអ្នកបង្ហាញនូវសេច ក្ដីស្រឡាញ់ចំពោះអ្នកណាម្នាក់ ពិសេសគឺគូសង្សារតែម្ដង។ ភាគច្រើនជាយុវជនដែលបានមកទិញផ្កាកុលាបជូនអ្នកដែលពួកគេស្រឡាញ់ ពិសេសគឺកុលាបពណ៌ក្រហម។ អ្នកខ្លះទិញមួយទង ពីរទង និងច្រើនទងអាស្រ័យទៅតាមអត្ថន័យរបស់គេរៀងៗខ្លួន ហើយតម្លៃ មិនមានការខុសប្លែកពីថ្ងៃធម្មតាប៉ុន្មានឡើយ គ្រាន់តែថាថ្ងៃនោះផ្កាកុលាបលក់ដាច់ខ្លាំងណាស់សឹងតែរកផ្កាលក់មិនបាន។
បណ្ដាំផ្ញើ
ទាំងនេះគ្រាន់តែជាការយល់ឃើញដែលបានសម្ដែងចេញតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះ លោកអ្នក ជាពិសេសយុវវ័យ ទាំងឡាយដែលកំពុងគាំទ្រថ្ងៃបុណ្យសង្សារត្រូវទទួលស្គាល់ការពិតថាវាមិនមែនជារបស់ខ្មែរយើងទេ ហើយក៏មិនមានការហាមឃាត់ ណាមួយដែលរារាំងការទទួលយកនេះដែរ។ ក៏ប៉ុន្ដែជាសំណូមពរ សូមកុំធ្វើអ្វីឱ្យហួសហេតុពេក ព្រោះមានយុវវ័យមួយចំនួនប្រព្រឹត្ដខ្លួន មិនល្អ អាចនិយាយបានថាជាអំពើពាលា អាសអាភាសគ្មានអៀនខ្មាស សម្ដែងភាពស្និទ្ធស្នាលហួសព្រំដែនដែលមិនអាចទទួលយកបាន។ សូមរក្សាភាពថ្លៃថ្នូរ និងកិត្ដិយសរបស់ខ្លួនឯង និងរបស់អ្នកដទៃទៀតជាពិសេសឪពុកម្ដាយ បងប្អូន ក្រុមគ្រួសារ និងសង្គម ជាតិទាំងមូល ព្រោះមិនមែនមួយឆ្នាំមានតែមួយថ្ងៃសម្រាប់បង្ហាញក្ដីស្រឡាញ់នោះទេ ចុះ៣៦៤ថ្ងៃទៀតទុកធ្វើអ្វី?
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply