សុខភាព​ស្ដ្រី(ត) មធ្យោបាយ​ពន្យារ​កំណើត

សម្រាប់​លោកស្រី​អ្នកនាង​មួយចំនួន ក្រោយពេល​ទើបតែ​រៀបការ​ហើយ ប្រាកដ​ជាមិន​ទាន់ចង់​បានកូន​ភ្លាមៗ​ទេ។ ចំពោះ​លោកស្រី​អ្នកនាង​មួយចំនួន​ទៀត​ក៏មិន​ចង់បាន​កូនច្រើន​ដែរ ព្រោះ​សេដ្ឋកិច្ច​គ្រួសារ​មិនទាន់​ប្រសើរ និង​ពុំទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ដែលត្រូវ​មើល​ថែទាំ​កូន។ ជាហេតុ​ធ្វើឱ្យ​លោកស្រី​អ្នកនាង​ត្រូវ​សម្រេច​ចិត្ដពន្យារ​កំណើត។ ការ​ពន្យារ​កំណើត​មានច្រើន​បែប​យ៉ាង ដែល​ងាយស្រួល​ដល់​លោកស្រី​អ្នកនាង​ជ្រើសរើស​យកវិធី​ណាមក​ប្រើប្រាស់​ក៏បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត បានធ្វើ​ការ​បកស្រាយ​បំភ្លឺ​ជូនប្រិយ មិត្ដអាន​ឱ្យបាន​ស្វែងយល់ តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មធ្យោបាយ​ពន្យារ​កំណើត ជាអ្វី?

មធ្យោបាយ​ពន្យារ​កំណើត​គឺជាការ​ពន្យារ​មិនឱ្យ​មានកូន​ដោយ​ចៃដន្យ មិន​ឱ្យមាន​កូនច្រើន ឬ​មិនឱ្យ​មានកូន​ញឹកញាប់​ពេក គឺ​ត្រូវឱ្យ​មានកូន​រង្វើល​បន្ដិច។ ក្នុង​រយៈពេល​៣ឬ៤​ឆ្នាំ លោកអ្នក​អាចឱ្យ​មានកូន​១ទៀត ទើបជា​ការល្អ​ប្រសើរ​ដល់ម្ដាយ និង​បុត្រ។ ព្រោះ​កាលណាមាន​កូន​ញឹកញាប់​ពេក​បណ្ដាល​ឱ្យម្ដាយ និង​កូនមាន​សុខភាព​មិនល្អ ថែមទាំង​ប៉ះពាល់​ដល់សេដ្ឋកិច្ច​គ្រួសារ។

ប្រភេទ​មធ្យោបាយ​ពន្យារ​កំណើត

បច្ចុប្បន្ន​នេះ មាន​មធ្យោបាយ​សម្រាប់​ពន្យារ​កំណើត​ច្រើន​យ៉ាង ដែលអាច​ជ្រើសរើស​បាន​ដូចជា ៖

1 . ការ​ពន្យារ​កំណើត​តាមបែប​ធម្មជាតិ ៖ ជាវិធី​មួយដែល​ស្វាមី​ភរិយា​ធ្វើការ​រួមភេទ ហើយ​បុរស​ត្រូវដក​លិង្គចេញ មុនពេល​ចេញ​ទឹកកាម។ មួយទៀត​អាច​រួមភេទ​ដោយ​គិតទៅតាម​ពេលវេលា​នៃការ​ធ្លាក់​មេជីវិត​ស្ដ្រី។

2 . ការពន្យារ​កំណើត​ដោយ​ដាក់កង ៖ គឺ​ជាវិធីមួយ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​ស្ដ្រីដែលប្រើ​កងដាក់​នៅក្នុង​ស្បូន ដើម្បី​រារាំង​មិនឱ្យ​មានកូន។ ការ​ដាក់កង​មានច្រើន​ប្រភេទ ដែលកង​នីមួយៗ​មានជាតិ​ថ្នាំ​ដូចគ្នា ហើយជា​កងដាក់​ក្នុងស្បូន​ដូចគ្នា។ ការ​ពន្យារ​កំណើត​ដោយ​ដាក់កង​អាចធ្វើ​ទៅបាន​ភ្លាមៗ បន្ទាប់ពី​ដាក់បញ្ចូល​ទៅក្នុង​ស្បូន។

3 . ការ​ពន្យារ​កំណើត​ដោយពាក់​ស្រោម​អានាម័យ ៖ គឺជា​ឧបករណ៍​ដែលគេ​ផលិត​ឡើង សម្រាប់​បុរស​ពាក់​នៅលើ​ប្រដាប់​ភេទ ដើម្បី​ការពារ​នៅពេល​រួមរ័ក​មិនឱ្យ​មានកូន។ ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅពេល​រួមភេទ ទាមទារ​ឱ្យបុរស​ត្រូវយល់​ដឹងពី​របៀប​នៃការ​ប្រើ ដូចជា​ចេះបើក​កញ្ចប់​ស្រោម​ដោយ​ប្រុងប្រយ័ត្ន​កុំឱ្យ​រហែក របៀប​ពាក់​ស្រោម​នៅលើ​ប្រដាប់ភេទ​នៅពេល​ឡើង​រឹង និងចេះ​ពីរបៀប​ដោះស្រោម​អនាម័យ​ចេញ ក្រោយពេល​រួមភេទ​ហើយ។ ការ​ពន្យារ​កំណើត​ដោយ​ប្រើប្រាស់​ស្រោម​អនាម័យ មិន​ត្រឹមតែ​ការពារ​មិនឱ្យ​មានកូន​ទេ ថែមទាំង​ការពារ​មិនឱ្យ​ឆ្លងជម្ងឺ​កាមរោគ​ផ្សេងៗ។

4 . ថ្នាំគ្រាប់​ពន្យារ​កំណើត ៖ គឺជាថ្នាំ​សម្រាប់​ស្ដ្រីលេប​មិនឱ្យ​មានកូន​មាន​ប្រសិទ្ធភាព បើសិន​ស្ដ្រីមាន​ការលេប​ថ្នាំជាប់​រហូត ពុំមាន​ការភ្លេច​លេបថ្នាំ​នៅថ្ងៃ​ណាមួយ។ ថ្នាំគ្រាប់​ពន្យារ​កំណើត​មានជាតិ​អ័រម៉ូន ហើយ​ស្ដ្រី​ដែល​ជ្រើសរើស​យកវិធី​នេះ លុះត្រា​តែស្ដ្រី​ត្រូវមាន​លក្ខណៈ​គ្រប់គ្រាន់ ដូចជា​មានការ​ចងចាំ​នៃការ​លេបថ្នាំ​បានល្អ។ ថ្នាំគ្រាប់​ពន្យារ​កំណើត​ក៏មាន​ការហាម​ស្ដ្រីខ្លះ​មិនឱ្យ​ប្រើប្រាស់​ថ្នាំគ្រាប់​នេះដែរ ដូចជា​ស្ដ្រី​ជក់បារី ស្ដ្រី​ដែលមាន​ជម្ងឺ​លើស​ឈាម ទឹកនោម​ផ្អែម បេះដូង មហារីក​សុដន់ រលាក​ថ្លើម ជម្ងឺ​សរសៃ​ប្រសាទ​ជាដើម។

5 . ថ្នាំចាក់​ពន្យារ​កំណើត ៖ គឺជាថ្នាំ​ចាក់​សម្រាប់​ស្ដ្រី​ការពារ​មិនឱ្យ​មានកូន ដែល​ចាក់ម្ដង​អាច​ការពារ​បាន​រយៈពេល​៣ខែ ហើយមិន​រំខាន​ដល់ការ​រួមភេទ។ ថ្នាំចាក់​ពន្យារ​កំណើត​ផ្សំឡើង​ដោយជាតិ​អ័រម៉ូន​ប្រ៉ូហ្សេស្ទីន។ ស្ដ្រីខ្លះ​ប្រើប្រាស់​ថ្នាំចាក់​ពន្យារ​កំណើត ពុំមាន​ផលរំខាន​អ្វីទេ។ ប៉ុន្ដែ​ស្ដ្រីខ្លះ​មានផល​ប៉ះពាល់ ដូចជា​ឈឺ​សុដន់ សុដន់​ឡើងធំ ឡើង​ទម្ងន់ ធ្លាក់​ឈាមតិចៗ​ពេលមាន​រដូវ​ជាដើម។

គោល​បំណង​នៃការ​ពន្យារ​កំណើត

សម្រាប់​អ្នក​ដែលបាន​ធ្វើការ​ពន្យារ​កំណើត គឺក្នុង​គោល​បំណង​មិនចង់​ឱ្យមាន​កូនដោយ​ចៃដន្យ និង​មិនចង់​បានកូន​ច្រើន។ ម្យ៉ាងទៀត​កាលណា​មានកូន​ច្រើន អាចធ្វើ​ឱ្យ​សុខភាព​ម្ដាយ និង​បុត្រ​មានសុខភាព​មិនល្អ។ ពួកគាត់​គ្មាន​លទ្ធភាព​រកស៊ី​ចិញ្ចឹម​កូន​ច្រើន នាំឱ្យ​កូននីមួយៗ​ត្រូវ​លំបាក​វេទនា និង​ធ្វើឱ្យ​ជីវភាព​គ្រួសារ​មិនបាន​ធូរធារ។ កូនច្រើន​ត្រូវ​រំខាន​ដល់​ការងារ​រកស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ និងគ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើល​ថែទាំ​កូននីមួយៗ និង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ។

ប្រការ​គួរ​ប្រតិបត្ដិ​មុនពេល​ពន្យារ​កំណើត

ស្ដ្រី​ទូទៅ​មិនអាច​ជ្រើសរើស​យក​មធ្យោបាយ​ពន្យារ​កំណើត​តាម​តែខ្លួន​ចង់បាន​នោះទេ ព្រោះ​ស្ដ្រីម្នាក់ៗ​នៅពេល​ធ្វើការ ពន្យារ​កំណើត​មិនមាន​អាយុ​ស្រករ​គ្នានោះ​ទេ ឬមាន​សុខភាព​ដូចគ្នា​ឡើយ។ ដូចនេះ​ចាំបាច់​ណាស់ ស្ដ្រី​គួរតែ​ទៅជួប​គ្រូពេទ្យ​ជាមុន​សិន ដើម្បី​ពិនិត្យសុខភាព និង​ពិភាក្សា​ថាត្រូវ​ពន្យារ​កំណើត​តាមវិធី​ណាមួយ ឱ្យ​សមស្រប​ទៅតាម​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ។ នៅពេល​ដែល​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​ពន្យារ​កំណើត​តាម​វិធី​ណាមួយ ដូចជា​ឱ្យ​ពន្យារ​ដោយការ​លេបថ្នាំ​គ្រាប់ ពេលនោះ​ស្ដ្រីត្រូវ​ដឹងពី​វិធី​ប្រើត្រូវប្រើ​នៅពេល​ណាជាដើម។ បើមាន​ការភ្លេច​ថ្ងៃណា​មួយ ដែល​មិនបាន​លេបថ្នាំ ឬចង់​បញ្ឈប់​លេបថ្នាំ និងមាន​អាការ​ណាមួយ​ដែល​លេប ទៅធ្វើ​ទុក្ខ​នៅក្នុង​ខ្លួន ស្ដ្រី​ត្រូវមក​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

ដំបូន្មាន​អ្នក​ឯកទេស

នៅពេល​ដែលធ្វើ​ការ​ពន្យារ​កំណើត​តាម​វិធីណា​ក៏ដោយ ស្ដ្រី​ត្រូវចេះ​តាមដាន​ពីសុខភាព​ខ្លួនឯង ដើម្បី​ចៀសវាង​កុំឱ្យមាន ផលវិបាក​នៅក្នុង​ខ្លួន ដោយសារ​តែស្ដ្រី​មានជម្ងឺ​អ្វីមួយ​កើតឡើង​ក្រោយពេល​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​នោះមក​ប្រើ។ នេះជា​ហេតុធ្វើ​ឱ្យសុខភាព​មិនត្រូវ​យកវិធី​ពន្យារ​កំណើត​នោះមក​បន្ដទៀត​បាន។ ដូចនេះ​ស្ដ្រីត្រូវ​គិតគូរ​ពីសុខភាព​ទូទៅ​សំខាន់​ជាង ហើយ​សូម​ចងចាំ​ថា កាលណា​ខ្លួនមាន​អាយុ​កាន់តែ​ច្រើន កាន់តែ​មាន​ជម្ងឺ សុខភាព​ត្រូវ​ទ្រុឌទ្រោម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *