ប្រព័ន្ធការពាររាងកាយគឺជាខែលការពារយ៉ាងសំខាន់សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗ។ នៅពេលដែលប្រព័ន្ធការពារ រាងកាយចុះខ្សោយទ្រុឌទ្រោមគឺងាយធ្វើឱ្យសុខភាពឆ្លងនូវពពួកបាក់តេរីផ្សេងៗបំផុត។ ជម្ងឺឱកាសនិយមជាជម្ងឺដែលបណ្ដាលមកពី មេរោគជាច្រើនដែលជាធម្មតាមិនបង្កឱ្យមានជម្ងឺចំពោះមនុស្សដែលមានប្រព័ន្ធភាពស៊ាំដំណើរការល្អនោះទេ។ ជម្ងឺឱកាសនិយមអាចបង្កដោយបាក់តេរី វីរុស មេរោគផ្សិត និងពពួកប៉ារ៉ាស៊ីតជាដើម។ នៅដំណាក់កាលធ្ងន់ធ្ងរនៃជម្ងឺនេះគឺតែងតែមានមេរោគជាច្រើន ចូលលុកលុយលើសពីមួយប្រភេទ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកស្រីវេជ្ជបណ្ឌិត សុះ មារី អ្នកឯកទេសផ្នែកជម្ងឺអេដស៍ និងជម្ងឺឱកាសនិយមនៅសមាគមឈូកស ដើម្បីធ្វើការបកស្រាយពីជម្ងឺឱកាសនិយម។
អ្វីទៅជាជម្ងឺឱកាសនិយម?
ជម្ងឺឱកាសនិយមគឺជាជម្ងឺដែលឆ្លៀតឱកាសនៅពេលដែលប្រព័ន្ធការពាររាងកាយចុះខ្សោយ ចេញជារោគសញ្ញាបង្ហាញឱ្យឃើញតែម្ដង ក្នុងនោះមានជម្ងឺជាច្រើនប្រភេទដែលជាជម្ងឺឱកាសនិយមនេះ។ តែប្រភេទជម្ងឺដែលជួបញឹកញាប់ជាងគេនោះ គឺជម្ងឺរបេងសួត រលាកសួត រលាកស្រោមខួរក្បាល ផ្សិតខួរក្បាល និងការរាករូសមិនដឹងមូលហេតុ។ ជម្ងឺអេដស៍ និងជម្ងឺឱកាសនិយមចែកចេញជាបួនដំណាក់កាល នៅដំណាក់កាលទី១គឺមិនមានរោគសញ្ញាអ្វីទេ ដំណាក់កាលទី២គឺអ្នកជម្ងឺមានការស្រកទម្ងន់តិចជាង១០ភាគរយ មានចេញរើម និងមានចេញជាជម្ងឺសើស្បែក ដូចជាផ្សិតលើក្រចក ឬដំបៅមាត់ជាដើម។ នៅដំណាក់កាលទី៣គឺទម្ងន់ចុះច្រើនជាង ១០ភាគរយនៃទម្ងន់ដងខ្លួន ហើយមានជម្ងឺរបេងសួត និងជម្ងឺផ្សិតក្នុងមាត់។ នៅដំណាក់កាលទី៤គឺឈានដល់ដំណាក់កាលជម្ងឺអេដស៍តែម្ដង ដោយមានសភាពស្គមកំព្រឹង ប៉ះពាល់ទៅដល់បញ្ហាផ្លូវដង្ហើម និងលើស្បែក។
រោគសញ្ញាគ្លីនិកនៃជម្ងឺឱកាសនិយម
សញ្ញាគ្លីនិកនៃជម្ងឺឱកាសនិយមមានលក្ខណៈខុសៗគ្នា អាស្រ័យទៅលើប្រភេទមេរោគដែលបង្កជម្ងឺនោះ ហើយសរីរាង្គនឹងទទួលបានផលប៉ះពាល់។ មេរោគខ្លះអាចបណ្ដាលឱ្យមានបញ្ហា ដូចជាពងបែកនៅមាត់ និងនៅប្រដាប់ភេទ ឬមហារីកដែលកើតមាននៅលើសរីរាង្គលើសពីមួយកន្លែង។ បើនិយាយអំពីរោគសញ្ញានៃជម្ងឺឱកាសនិយម រួមមានមានអារម្មណ៍វិលមុខ ឈឺនៅពេលលេបទឹក ឬអាហារ មានបញ្ហាក្នុងការដកដង្ហើម ការឈឺក្បាលខ្លាំងញឹកញាប់ មានបញ្ហាភ្នែក មានអារម្មណ៍កាន់តែអស់កម្លាំង គ្រុនក្ដៅ ឬមានអារម្មណ៍ក្ដៅលើសពីមួយថ្ងៃ បែកញើសខ្លាំង និងក្អកលើសពីរយៈពេលពីរសប្ដាហ៍។ ជម្ងឺឱកាសនិយមបានបញ្ចេញរោគសញ្ញា និងផលលំបាកទៅតាមប្រភេទជម្ងឺនីមួយៗ។
1 . រោគសញ្ញាផ្លូវដង្ហើម
សួតគឺជាសរីរាង្គដែលទទួលរងផលប៉ះពាល់ញឹកញាប់បំផុតចំពោះអ្នកដែលផ្ទុកមេរោគអេដស៍។ ពពួកមេរោគដែលបង្កជារោគសញ្ញាញឹកញាប់បំផុត គឺបាក់តេរី ធ្វើឱ្យមានជម្ងឺសួត និងជម្ងឺរបេង។ ហើយមានពពួកវីរុសដែលធ្វើឱ្យកោសិការីកធំ និងជម្ងឺសើស្បែក រីឯពពួកមេរោគផ្សិតនឹងធ្វើឱ្យមានជម្ងឺរលាកសួតប្រភេទធ្ងន់ធ្ងរ និងមេរោគមហារីក មហារីកជាលិកា និងមហារីកកូនកណ្ដុរ។ ជម្ងឺដែលស្ថិតក្នុងរោគសញ្ញាផ្លូវដង្ហើមមានដូចជា ៖
- ជម្ងឺរលាកសួតប្រភេទធ្ងន់ធ្ងរ ៖ គឺជាជម្ងឺឱកាសនិយមធ្ងន់ធ្ងរ ដែលកើតមានជាញឹកញាប់។ ជម្ងឺនេះអាចធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សមត្ថភាពរបស់សួតក្នុងការបញ្ជូនអុកស៊ីសែនពីខ្យល់ដែលបានស្រូបទៅក្នុងឈាម ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ដូចនេះចាំបាច់ត្រូវធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។ ជម្ងឺនេះមានរោគសញ្ញាដូចជាក្អកស្ងួត ដង្ហើមខ្លីៗ គ្រុនក្ដៅ និងសញ្ញា ខ្លះមាននៅលើដើមទ្រូង។ នៅពេលឈានដល់សភាពធ្ងន់ធ្ងរដោយសារតែការវិវឌ្ឍន៍នៃជម្ងឺនេះបន្ដិចម្ដងៗ អ្នកជម្ងឺមានការស្ទះដង្ហើមធ្ងន់ធ្ងរ គ្រុនក្ដៅ ខ្វះអុកស៊ីសែន និងអាចមានអារម្មណ៍ច្របូកច្របល់ និងរវើរវាយ។ ចំពោះការព្យាបាលនៃជម្ងឺរលាកសួតប្រភេទធ្ងន់ធ្ងរនេះគឺការប្រើឱសថ ការព្យាបាលនេះមានប្រសិទ្ធភាពខ្ពស់ ហើយការប្រើឱសថនេះគឺសម្រាប់ព្យាបាល និងបង្ការជម្ងឺរលាកសួតប្រភេទធ្ងន់ធ្ងរ។
- ជម្ងឺរបេងសួត ៖ ជម្ងឺនេះមានរោគសញ្ញាក្អកលើសពី៣សប្ដាហ៍ឡើងទៅ ហើយស្រកទម្ងន់លឿន បរិភោគបាយមិនសូវបាន ឧស្សាហ៍បែកញើសស្អិតៗនៅពេលយប់ហត់។ បើសិនជាមិនយកចិត្ដទុកដាក់ព្យាបាលទេ គឺអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ជម្ងឺនេះនឹងអាចព្យាបាលបានជាសះស្បើយ បើសិនជាអ្នកជម្ងឺទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់។ ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺនេះគឺដោយការដាក់កំហាករយៈពេល២ថ្ងៃទើបដឹងពីលទ្ធផល និងធ្វើការថតសួត។
- ជម្ងឺរបេងស្រោមសួត ៖ ជម្ងឺរបេងស្រោមសួតនេះបណ្ដាលឱ្យអ្នកជម្ងឺមានអាការឈឺទ្រូង ហត់ ក្អកស្ងួត និងមានក្អកខ្លាំង នៅពេលផ្លាស់ប្ដូរចលនាធ្វើសកម្មភាពអ្វីមួយ។ ចំពោះការធ្វើរោគវិនិច្ឆ័យរបស់របេងស្រោមសួតគឺផ្អែកទៅលើការយកទឹកក្នុងស្រោមសួតមកពិនិត្យ និងធ្វើការថតសួត។
2 . រោគសញ្ញាមាត់
មាត់ទទួលផលប៉ះពាល់ញឹកញាប់ដោយសារជម្ងឺឱកាសនិយម។ ការពិនិត្យមាត់គឺជាផ្នែកមួយនៃការពិនិត្យរាងកាយរបស់អ្នកជម្ងឺទាំងអស់ ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍។ បញ្ហាមាត់បណ្ដាលឱ្យកម្លាំងចុះខ្សោយ ព្រោះវាប៉ះពាល់ដល់ការទទួលទានអាហារ។ រោគសញ្ញាមានដូចជាឈឺចាប់នៅពេលទទួលទានអាហារ ពិបាកលេបទឹក និងមិនសូវឃ្លានអាហារ។ រោគសញ្ញាដែលសង្កេតឃើញជាញឹកញាប់បំផុតនោះគឺការរលាកអញ្ចាញធ្មេញដែលបណ្ដាលឱ្យស្លាប់កោសិកា មាត់មានស្នាមផ្ទាំងតូចៗពណ៌ស មានរោម និងមានជម្ងឺផ្សិតក្នុងមាត់។ ជម្ងឺផ្សិតក្នុងមាត់ គឺជាជម្ងឺដែលបណ្ដាលមកពីមេរោគផ្សិត។ បើសិនជាមានការដុះផ្សិតនៅពាសពេញមាត់ វាអាចបណ្ដាលឱ្យមានការពិបាកក្នុងការទទួលទានអាហារ។ អ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍ អាចកើតមានជម្ងឺផ្សិតក្នុងមាត់គ្រប់ពេលវេលា ហើយនៅពេលដែលប្រព័ន្ធការពាររាងកាយកាន់តែចុះខ្សោយ ជម្ងឺផ្សិតក្នុងមាត់ក៏កាន់តែកើតមានច្រើនដែរ។ ជម្ងឺនេះមានរោគសញ្ញាដូចជាមានស្នាមផ្ទាំងៗពណ៌សនៅក្នុងមាត់ បំពង់កផ្នែកខាងលើ ឬអណ្ដាត មានឈឺបំពង់ក សាបមាត់ និងពិបាកលេបទឹក ឬអាហារ លេចឡើងនូវស្នាមផ្ទាំងៗស ឬក្រហមស៊ីជម្ពូនៅលើអណ្ដាត អញ្ចាញធ្មេញផ្នែកចំហៀង ឬក្រអូមមាត់ និងផ្នែកខាងក្រោយនៃបំពង់ក។ ជួនកាលជម្ងឺផ្សិតក្នុងមាត់អាចបណ្ដាលឱ្យចង្វែកមាត់ប្រេះបែក និងឈឺទៀតផង។ កាលណាអ្នកផ្ទុក មេរោគអេដស៍-អ្នកជម្ងឺអេដស៍មិនបានមកពិនិត្យ និងព្យាបាលជាទៀងទាត់នោះទេ គឺអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន។ អ្នកជម្ងឺដែលមានរោគសញ្ញាមាត់ត្រូវសម្អាតសុខភាពមាត់ធ្មេញឱ្យបានល្អ ត្រូវខ្ពុរមាត់ និងសម្អាតឱ្យបានជាប្រចាំ។
(សូមបន្ដអាននៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply