ថន លក្ខិណា ស្រីស្អាត​ជំនាន់​ក្រោយ

តារា​វ័យក្មេង​ជាច្រើន​បាននឹង​កំពុងតែ​ប្រកួត​ប្រជែង​ដណ្ដើមយក​ប្រជាប្រិយភាព​ពីសំណាក់​ទូរទស្ស​និកជន។ ក្នុងនោះ ថន លក្ខិណា ត្រូវបាន​ទទួលស្គាល់​ថា​ជាតារា​ដែលមាន​សមត្ថភាព​ជាច្រើន​យ៉ាង។ ដោយសារ​ហេតុផល​នេះហើយ ទើប​លក្ខិណា​រវល់​ស្ទើរតែ​រកពេល​សម្រាក​គ្មាន។ ធ្វើ​ការងារ​ដែលខ្លួន​ពេញចិត្ដ បានញ៉ាំង​ឱ្យការ​នឿយហត់​របស់នាង​រលាយអស់។ តែទោះបី​ជាយ៉ាងណា​ក៏​លក្ខិណា​នៅតែ​គិតគូរ​ពីសុខភាព និង​សម្រស់​របស់នាង​មិនដែល​ធ្វេស​ប្រហែស​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រវត្ដិ​មុនចូល​សិល្បៈ

ជំហាន​ដំបូង​នៃការ​ចាប់ផ្ដើម​របស់នាង​គឺ​តាមរយៈ​ការ​ចូលរួម​ប្រឡង​ជាតារា​បង្ហាញម៉ូត​របស់​ផ្សារទំនើប ប៊ីអេស ហើយ ទទួល​បាន​ចំណាត់ថ្នាក់​លេខមួយ។ ចាប់តាំង​ពីពេល​នោះមក ការងារ​សិល្បៈ​របស់ ថន លក្ខិណា បានចេញ​ដំណើរ​យ៉ាង​សន្សឹមៗ។ ក្រៅពី​ការងារ​បង្ហាញម៉ូដ លក្ខិណា​ក៏បាន​ធ្វើជា​ពិធីការិនី​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយដោយ​កាន់កម្មវិធី​តូចតាច​ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ​ដោយ សារ​ទេពកោសល្យ​របស់នាង​ក៏ត្រូវបាន​ម្ចាស់​ផលិតកម្ម​ជាច្រើន​ផ្ដល់​ឱកាស​ចូលរួម​សម្ដែង​ជាបទ​ចំរៀង​ខារ៉ាអូខេ សម្ដែង​ភាពយន្ដ ជាដើម។ រហូតមក​ដល់ពេល​នេះ លក្ខិណា​បានសម្ដែង​រឿង​ជាច្រើន ក្នុងនោះ​ក៏បាន​សម្ដែង​ជាតួឯក​ចំនួន​ពីររឿង គឺ​រឿងចំប៉ី​ប្រែរូប និងរឿង​នគរបច្ចៈសិលា។ បច្ចុប្បន្ន​នេះលក្ខិណា​បានវិវឌ្ឍន៍​ខ្លួនយ៉ាង​សកម្ម​នៅក្នុង​ការងារ​សិល្បៈ​របស់នាង គឺនាង​មាន​សមត្ថភាព​ច្រើន យ៉ាង ដូចជា​ការបង្ហាញ​ម៉ូត ការ​សម្ដែង និង​ជាពិធីការិនី។ ថ្មីៗនេះ​លក្ខិណ​ក៏កំពុង​ទទួលបាន​ជោគជ័យ​ផងដែរ តាមរយៈ​រឿង​កំប្លែងពិភព​ក្រឡាប់​ចាក់។

ក្រៅពីការ​បង្ហាញ​ជូនជីវប្រវត្ដិ​ផ្ទាល់ខ្លួន​ខ្លះៗនោះ លោកអ្នក​ក៏ដូចជា​សុភាព​នារី​នឹងបាន​ជ្រាបជា​បន្ដទៀត​អំពី​វិធី​ថែរក្សា សម្រស់ និង​សុខភាព​របស់នាង តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ការ​ថែរក្សា​សម្រស់

មាន​ចំណុច​ជាច្រើន​នៅលើ​រាងកាយ​ដែល​លក្ខិណា​តែងតែ​យកចិត្ដ​ទុកដាក់​ថែទាំ​ជាប្រចាំ​មិនដែល​ធ្វេស​ប្រហែស​ឡើយ។

  • ការ​ថែរក្សា​សរសៃ​សក់ ៖ សរសៃសក់​ជាចំណុច​ពិសេស​ដែល​លក្ខិណា​យកចិត្ដ​ទុកដាក់​បំផុត ព្រោះ​ថាពេល​សម្ដែងសក់ របស់​នាងត្រូវ​បាន​តុបតែង​តាមម៉ូត​ផ្សេងៗ​ឱ្យសម​នឹងសាច់​រឿង។ ដូចនេះ​ចៀស​មិនផុត​ពីការ​ខូច​សរសៃសក់​ឡើយ។ ជាទៀង​ទាត់ លក្ខិណា​តែងតែ​អប់បំប៉ន​សក់ម្ដង​ក្នុងមួយ​សប្ដាហ៍ ដើម្បី​ជំនួយដល់​សរសៃសក់ ហើយ​បើអាច​ចៀសបាន​ពីការ​គាបសក់ លក្ខិណា​នឹងមិន​គាបឡើយ ដើម្បីទុក​ពេលវេលា​ឱ្យសក់​បាន​សម្រាក​ខ្លះ។ ចំពោះ​ប្រវែង​របស់សក់​លក្ខិណា តែងតែ​កាត់តម្រឹម​សរសៃ​សក់ ព្រោះ​នាង​យល់ថា​បើទុក​សក់វែង​ពេកអាច​ធ្វើឱ្យ​សរសៃសក់​ងាយបែក​ចុង។ សព្វថ្ងៃនេះ​លក្ខិណា​បាន​ជ្រើសរើស​សាប៊ូ​កក់សក់​ដែលមាន​គុណប្រយោជន៍​ជួយឱ្យ​សរសៃសក់​របស់នាង​មានទម្ងន់ និង​ដុះឡើង​វិញ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ជាតារា​សម្ដែង​ស្បែកមុខ​របស់នាង​ត្រូវ​ទទួល​រងនូវ​កម្ដៅថ្ងៃ និង​គ្រឿង​សម្អាង​គ្រប់​ប្រភេទ។ ដូចនេះ​នាង​ចាំបាច់​ត្រូវប្រើ​ក្រែម​សម្រាប់​បំប៉ន​ស្បែកមុខ​ឱ្យមាន​សំណើម​ជាប្រចាំ ដើម្បី​កុំឱ្យឆាប់​ជ្រីវជ្រួញ។ ជាងនេះ​ទៅទៀត បន្ទាប់​ពីការ​តុបតែង​ក្នុងពេល​សម្ដែង​លក្ខិណា​ត្រូវតែ​ប្រញាប់​លាងសម្អាត​មុខ ព្រោះការ​ទុកគ្រឿង​សម្អាង​នៅលើ​មុខក្នុង​រយៈពេល​យូរ វាជារឿង​មិនល្អ​សម្រាប់​ស្បែក។ ជា​សំណាង​របស់​លក្ខិណា​ដោយម្ដាយ​របស់នាង​មាន​ជំនាញ​ខាងសម្ផស្ស​នោះគឺ​អាចជួយ​ឱ្យនាង​កាន់តែ ស្រស់​ស្អាត​ថែមមួយ​កម្រិតទៀត ដោយសារ​អ្នកម្ដាយ​របស់នាង​បានផ្សំ​រូបមន្ដ​ដើម្បី​ថែរក្សា​ទាំង​ស្បែកមុខ និង​ស្បែកខ្លួន។ ទោះបី ជា​យ៉ាងណា ជាតារា​សម្ដែង​ចៀសមិន​ផុតពីការ​តុបតែង​មុខដោយ​គ្រឿងសម្អាង​ទេ ហេតុនេះ​ទើប​លក្ខិណា​ព្យាយាម​ប្រើប្រាស់ ផលិតផល​ការពារ​កម្ដៅថ្ងៃ បើទោះ​បីជា​មិនអាច​ជួយស្បែក​ទាំងស្រុង​ក៏អាច​ជួយបាន​ខ្លះ ដើម្បី​ទប់ទល់​នឹង​កម្ដៅ។ ដោយ​ឡែក នៅពេលយប់​លក្ខិណា​បាន​ជ្រើសរើស​ក្រែមណា​ដែលអាច​ផ្ដល់​សំណើម​ដល់ស្បែក ហើយអាច​ជួយ​ការពារ​ភាព​ជ្រីវជ្រួញ​នៃស្បែក​ទៀតផង។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការ​ថែរក្សា​ស្បែកខ្លួន ៖ មិនមាន​អ្វីជា​ពិសេស​នោះទេ គ្រាន់តែ​នៅពេល​ចេញទៅ​សម្ដែង​លក្ខិណា​ប្រើ​ផលិតផល​ការពារ កម្ដៅ​ថ្ងៃ ដើម្បី​ទប់ទល់​នឹង​កាំរស្មី​ព្រះអាទិត្យ ព្រមទាំង​ភ្លើងហ្វារ​ទៀតផង។ ប្រសិន​មិនចេញ​សម្ដែង​លក្ខិណា​ប្រើក្រែម​ជំនួយ​ឱ្យ ស្បែក​មានសំណើម​ការពារ​ភាព​ជ្រីវជ្រួញ​ជួយឱ្យ​ស្បែកភ្លឺ​ថ្លា។ ដោយឡែក​នៅពេល​យប់​លក្ខិណា​ក៏ប្រើ​ឡេ​សម្រាប់​លាប ជាពិសេស ផងដែរ។ ចំពោះការ​ម៉ាស្សា​ខ្លួន ឬក៏​ខាត់ស្បែក​លក្ខិណា​មានម្ដាយ​ជាអ្នក​រៀបចំ​ឱ្យ​ទាំងការ​ប្រើប្រាស់​ថ្នាំ​ក៏ដូចជា​វិធីតាម​ធម្មជាតិ។
  • ការ​ថែរក្សា​ក្រចក និង​ប្រអប់​ដៃជើង ៖ លក្ខិណា​មិន​ចូលចិត្ដ​លាបពណ៌​ក្រចក​ទេ ព្រោះ​នាង​យល់ថា​ថ្នាំពណ៌​លាប​ក្រចក អាច​ធ្វើឱ្យ​ក្រចក​ខូចបាន។ ប៉ុន្ដែ​បើក្នុង​ករណី​មិនអាច​ចៀសវាង​បាន​ដូចជា​ពេល​សម្ដែង​នេះ លក្ខិណា​ក៏លាប​ក្រចក​ទៅតាម​នោះដែរ។ ដោយឡែក​ចំពោះ​ប្រអប់​ដៃជើង​លក្ខិណា​មានឡេ​សម្រាប់​លាប​នៅពេល​ដែល​ងូតទឹក​រួច ឬក៏​នៅពេល​មាន​អារម្មណ៍​ថាដៃ​ស្ងួត។
  • ការ​ថែរក្សា​ធ្មេញ ៖ ជា​ទម្លាប់​លក្ខិណា​ដុសធ្មេញ​មួយថ្ងៃ​បីដង​ជាប្រចាំ​ជាមួយ​ថ្នាំដុស​ធ្មេញ​ដែល​ត្រូវបាន​ជ្រើសរើស​ជាពិសេស​សម្រាប់​ជំនួយ​ដល់ភាព​រឹងមាំ​នៃធ្មេញ រួម​ជាមួយ​នឹងការ​ប្រើប្រាស់​ទឹកថ្នាំ​សម្រាប់​សម្លាប់​មេរោគ​ក្នុងធ្មេញ​ផងដែរ។ រៀងរាល់​៣ទៅ៦​ខែម្ដង លក្ខិណា​តែងតែ​ទៅរក​ពេទ្យធ្មេញ​ដើម្បី​ពិនិត្យ​សុខភាព​មាត់ធ្មេញ ព្រោះ​អាជីព​ជាតារា​សម្ដែង​ដូចនាង​ត្រូវការ​ជាចាំបាច់ នូវ​ក្លិនមាត់​ប្រហើរ ដើម្បី​មាន​ទំនុកចិត្ដ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង។

ការ​ថែរក្សា​សុខភាព

សុខភាព​ជារឿង​សំខាន់​សម្រាប់​លក្ខិណា ជារៀង​រាល់ថ្ងៃ​នាង​តែងតែ​ទទួលទាន​អាហារ​យ៉ាង​ប្រយ័ត្ន​ប្រយែង ពោល​គឺ បរិភោគ​អាហារ​ណាដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បន្លែ​ពណ៌បៃតង ផ្លែឈើ ទឹកដោះ​ជាប្រចាំ។ អាហារ​ត្រូវតែ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ដើម្បី​កុំឱ្យ​ខូចក្រពះ បើទោះ​ជា​រវល់​យ៉ាងណា​ក៏​ឆ្លៀតពេល​ឬក៏​ទទួលទាន​អាហារ​សម្រន់​ដែរ។ ដោយ​ចំពោះការ​ទទួលទាន ដំណេក​លក្ខិណា​ទទួល​ស្គាល់ថា​នាងគេង​មិនបាន​គ្រប់គ្រាន់​ទេ ព្រោះ​ជួនត្រូវ​រវល់ថត​ដល់​យប់ជ្រៅ​ជាហេតុ​ធ្វើឱ្យ​នាងត្រូវ​អត់ងងុយ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា នាងនឹង​គេងសង​វិញភ្លាម​នៅពេល​ដែលមាន​ពេលវេលា។

ចំពោះការ​ហាត់ប្រាណ​លក្ខិណា​ហាត់តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ ព្រោះ​ពុំសូវ​មាន​ពេលវេលា​គ្រប់គ្រាន់ តែពេល​ភ្ញាក់ពី​ដំណេក នាង​តែងតែ​បញ្ចេញ​កាយវិការ​មួយចំនួន​ដែលអាច​ចាត់ទុក​ជាការ​ហាត់ប្រាណ​បានដែរ។ ជារៀង​រាល់៦ខែ ឬ​ក៏មួយ​ឆ្នាំម្ដង លក្ខិណា​បាន​ទៅពិនិត្យ​សុខភាព​ម្ដង​ដើម្បី​ឱ្យដឹង​ពីបញ្ហា​មិន​ប្រក្រតី​ទាំងឡាយ​ដែលអាច​កើតមាន។

បំណង​ទៅថ្ងៃ​អនាគត

នៅពេល​នេះបើ​ទោះបី ថន លក្ខិណា មាន​សមត្ថភាព​ខាង​សិល្បៈ​បានច្រើន​ផ្នែក​ដូចជា​ពិធីការិនី តារា​សម្ដែង តារា​បង្ហាញ ម៉ូត​ជាដើម​ក៏ដោយ ក៏​លក្ខិណា​បានបញ្ជាក់​ថា ការងារ​សិល្បៈ​របស់នាង​កំពុង​ដំណើរការ​ទៅល្អក៏​ពិតមែន តែនាង​ក៏គួរតែ​មាន​មុខរបរ មួយ​ផ្សេងទៀត ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​នៅពេល​ដែលនាង​មាន​លទ្ធភាព​គ្រប់គ្រាន់។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ថន លក្ខិណា
  • អាយុ ៖ ១៩ឆ្នាំ
  • ទំហំ​ទាំងបី ៖ ៣២, ២៩, ៣៤
  • ទម្ងន់ ៖ ៤៧​គីឡូក្រាម
  • កម្ពស់ ៖ ១៦៥​សង់ទីម៉ែត្រ
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ
  • មាន​បងប្អូន​៣នាក់ (ជាកូនទី៣)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *