ជម្ងឺភ្នែកឡើងបាយជាជម្ងឺដែលអាចព្យាបាលបានតាមរយៈការវះកាត់។ នៅពេលដែលលោកអ្នកបានបញ្ចប់ការវះកាត់ ភ្នែកឡើងបាយហើយ ដើម្បីឱ្យការថែទាំបានយ៉ាងល្អនោះ លោកអ្នកពិតជាត្រូវការចំណុចប្រឹក្សាបន្ថែមពីការថែទាំ និងវិធីការពារ ចំពោះការវះកាត់នេះ។ លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលចង់បាន ដោយទស្សនាវដ្ដី សុខភាពយើង នឹងលើកយកបញ្ហាទាំងនេះមកបង្ហាញជូន។
លោកវេជ្ជបណ្ឌិត ងី ម៉េង អនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពភ្នែក បានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងរបៀបថែទាំ ក្រោយការវះកាត់នេះជូនមិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង។
កិច្ចការពារក្រោយពេលវះកាត់
ក្នុងរយៈពេលមួយថ្ងៃក្រោយពីការវះកាត់លោកអ្នកត្រូវចៀសវាងការញីភ្នែក ការពាររាល់ការប៉ះទង្គិចដល់ភ្នែក ត្រូវពាក់ វ៉ែនតាការពារកម្ដៅថ្ងៃ និងត្រូវបិទប្រដាប់បាំងការពារភ្នែកនៅពេលយប់។ ត្រូវចៀសវាង មិនត្រូវឱ្យទឹកចូលភ្នែកដែលវះទេ ប្រើ កន្សែងសើមស្អាតជូតមុខជំនួសការលុបមុខ ចៀសវាងការកក់សក់ដោយខ្លួនឯង ដែលអាចនាំឱ្យទឹកចូលភ្នែកដែលទទួលការវះកាត់ នោះ តែលោកអ្នកអាចធ្វើការកក់សក់នៅតាមហាងអ៊ុតសក់នានា។ ប្រការគួរចងចាំផងដែរថា នៅពេលដែលមានភ្នែកក្រហម ឈឺភ្នែក គំហើញថយចុះ ឬត្របកភ្នែកហើម លោកអ្នកចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
វិធីសម្អាតភ្នែកក្រោយការវះកាត់
វិធីដ៏ត្រឹមត្រូវក្នុងការសម្អាតភ្នែក គឺត្រូវដោះប្រដាប់បាំងការពារភ្នែកដាក់នៅលើក្រណាត់ស្អាត។ សូមលាងនឹងទឹកសាប៊ូ យ៉ាងតិច១៥វិនាទី បន្ទាប់មកយកកន្សែង ឬក៏ក្រណាត់ជូតដៃឱ្យស្អាត។ នៅពេលសម្លឹងចុះក្រោម ត្រូវសម្អាតត្របកភ្នែកផ្នែកខាងលើ ដោយប្រើសំឡីជូតសម្អាតកន្លែងក្បែររោមភ្នែក គឺចាប់ពីកៀនច្រមុះទៅដល់កន្ទុយភ្នែក។ គប្បីចំណាំថា គឺជូតពីកន្លែងក្បែររោមភ្នែក ចេញមកក្រៅ មិនត្រូវជូតពីក្រៅចូលភ្នែកទេ។ ត្រូវធ្វើការសម្អាតភ្នែកឱ្យបានយ៉ាងតិច១ដងក្នុងមួយថ្ងៃ។
វិធីបន្ដក់ថ្នាំដាក់ភ្នែក
របៀបដែលបន្ដក់ថ្នាំដែលត្រឹមត្រូវ គឺ ៖
1 . ត្រូវលាងដៃឱ្យបានស្អាតមុនយកថ្នាំមកបន្ដក់
2 . ប្រើប្រាស់ថ្នាំដាក់ភ្នែក និងទុកដាក់នៅកន្លែងដែលស្អាត
3 . អ្នកជម្ងឺត្រូវអង្គុយឱ្យស្រួល ហើយទាញត្របកភ្នែកផ្នែកខាងក្រោមឱ្យលៀនចេញដោយទាញស្បែកនៅលើឆ្អឹងថ្ពាល់ចុះមកក្រោម ហើយមិនត្រូវសង្កត់លើគ្រាប់ភ្នែកទេ។
4 . ត្រូវបន្ដក់ថ្នាំម្ដងមួយដំណក់ ត្រូវចៀសវាងកុំឱ្យដបថ្នាំប៉ះនឹងភ្នែក ព្រោះអាចបណ្ដាលឱ្យឆ្លងមេរោគ។
5 . បន្ទាប់មកអ្នកជម្ងឺត្រូវបិទភ្នែករយៈពេល១នាទី ដើម្បីឱ្យជ្រាបថ្នាំសព្វជាមួយភ្នែក។
ដំបូន្មានអ្នកជំនាញ
លោកអ្នកអាចមើលទូរទស្សន៍ ឬអក្សរបាន ប្រសិនបើភ្នែកលោកអ្នកមិនមានឈឺ។ ត្រូវធ្វើលំហាត់ប្រាណស្រាលៗ ដែល អាចធ្វើទៅបាន។ លោកអ្នកអាចទទួលទានអាហារបានធម្មតា ប៉ុន្ដែបើលោកអ្នកមានជម្ងឺទឹកនោមផ្អែមត្រូវតមនូវប្រភេទអាហារ ដែលគ្រូពេទ្យបានណែនាំ និងគប្បីចៀសវាងការក្អកខ្លាំង ឬកណ្ដាស់ខ្លាំង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply