ជាទូទៅគេបានចាត់ទុកថ្ងៃទី១៤កុម្ភៈជាថ្ងៃនៃក្ដីស្រឡាញ់។ ភាគច្រើនក្រុមយុវវ័យជានិស្សិតឬជាសិស្សសាលាតែងតែបង្កើតកម្មវិធីអ្វីមួយដើម្បីធ្វើការជួបជុំគ្នាបង្កលក្ខណៈសប្បាយលាយឡំទៅនឹងសំណើចសើចយ៉ាងកងរំពង ពោរពេញទៅដោយសេចក្ដីសុខសុភមង្គល…
ជួបអ្នករងគ្រោះដោយសារថ្ងៃបុណ្យសង្សារ
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឬថ្ងៃបុណ្យសង្សារបានដក់ជាប់ក្នុងបេះដូងយុវវ័យស្ទើរគ្រប់រូប និងជាថ្ងៃដែលបុរស និងនារីបង្ហាញ ពីភក្ដីភាពឱ្យគ្នាទៅវិញទៅមក ហើយក៏ជាចំណុចផ្ដើមនៃទំនាក់ទំនងស្នេហាដ៏មុតស្រួចរវាងយុវវ័យសម័យថ្មីផងដែរ។ យុវតីមួយចំនួន បានក្លាយជាជនរងគ្រោះដោយសារថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ឬបុណ្យសង្សារនេះ។ ទស្សនាវដ្ដី សុខភាពយើង បានជួបនារីរងគ្រោះម្នាក់ ដោយនាងបានរម្លឹកពីព្រឹត្ដិការណ៍នៅក្នុងឆ្នាំ២០០៩ជុំវិញទង្វើរបស់ប្រុសព្រានមួយរូបបានឆក់យកព្រហ្មចារីរបស់នាងជាថ្នូរនឹងកាដូផ្កាកុលាបមួយទង។
កញ្ញា ស. ច. ថ បានរៀបរាប់ប្រាប់ថា មានបុណ្យបញ្ចុះសីមានៅក្នុងវត្ដមួយនៅក្បែរផ្ទះរបស់នាង។ កាលនោះនាងបានជួប នឹងបុរសម្នាក់រូបរាងសង្ហាគ្រាន់បើ ដែលបានដើរមកប៉ះនាងពីក្រោយ បុរសនោះបានលេបខាយសម្ដីជាច្រើន ហើយបានសុំលេខទូរស័ព្ទ របស់នាងទៀតផង។ ក្រោយមកគេតែងតែទូរស័ព្ទមកលេងនាងស្ទើររាល់ថ្ងៃ ដើម្បីសាសងគ្នាឱ្យយល់ចិត្ដយល់ថ្លើម។ បន្ទាប់ពីយល់ ចិត្ដគ្នាជាបណ្ដើរៗហើយ នាងនិងបុរសនោះរាប់អានគ្នាកាន់តែស្និទ្ធស្នាលរហូតបង្កាត់ភ្លើងស្នេហ៍ធ្វើជាសង្សារនឹងគ្នាបាត់មុខមិនបាន ទៀតផង។ នៅថ្ងៃនៃក្ដីស្រឡាញ់ឬថ្ងៃបុណ្យសង្សារនោះ បុរសនោះបានទូរស័ព្ទហៅនាងដូចសព្វដង ហើយបានឌុបនាងទៅចូលរួមក្នុងពិធីជប់លៀងផ្ទះមិត្ដភក្ដិយ៉ាងរីករាយបំផុត លាយឡំទៅនឹងសម្លេងជល់កែវយ៉ាងខ្លាំង ដោយបន្លឺពាក្យដាច់មួយៗ ពេលនោះ នាងត្រូវបានមិត្ដនារីដែលចូលរួមនោះចាក់ស្រាបៀរឱ្យផឹកចំនួន៣កែវ ធ្វើឱ្យអារម្មណ៍នាងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយធីង ធោងយ៉ាងខ្លាំង។ លុះដល់ម៉ោង១០និង៣០នាទីយប់ កម្មវិធីនោះត្រូវបានបញ្ចប់ ហើយក្រុមយុវវ័យដែលបានចូលរួមក៏បាននាំគ្នា ទៅផ្ទះរៀងៗខ្លួន។ ដោយឡែកសម្រាប់នាងវិញត្រូវប្រុសព្រានរូបនេះបានឆ្លៀតឱកាសដឹកចូលផ្ទះសំណាក់ ខណៈពេលដែលនាង កំពុងស្រវឹងស្រាដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ នៅម៉ោង៤និង៣០នាទីទៀបភ្លឺនាងបានដឹងខ្លួនវិញ តែអ្វីៗបានហួសពេល អស់ទៅហើយ ត្រូវបានសង្សារឆ្មក់វាយលុកយកព្រហ្មចារីទៅបាត់ហើយ។ ចាប់តាំងពីពេលនោះមកលេខទូរស័ព្ទរបស់គេ នាងមិនដែល ហៅចូលឡើយ ធ្វើឱ្យនាងមានវិប្បដិសារីមកដល់សព្វថ្ងៃនេះ។
ចំណែកឯកញ្ញា ព. ដ. រ ក៏ជាស្ដ្រីរងគ្រោះក្នុងថ្ងៃបុណ្យសង្សារផងដែរ នាងបានប្រាប់ទស្សនាវដ្ដី សុខភាពយើង ថា “នាងនិងបុរសម្នាក់ស្គាល់គ្នាតាមរយៈលេខទូរស័ព្ទច្រឡំលេខ ហើយសុំរាប់អានដូចបងដូចប្អូនបង្កប់ទៅដោយពាក្យពេចន៍ផ្អែមល្ហែម រហូតមានថ្ងៃខ្លះបុរសនោះបានសាកចិត្ដបបួលនាងដើរលេងផងដែរ តែនាងបានបដិសេធមិនទទួលយកការស្នើសុំនេះឡើយ។ រយៈ ពេលជិតមួយខែ ដោយសារតែបុរសនោះមានសម្ដីផ្អែមល្ហែមពេក នាងក៏សម្រេចចិត្ដណាត់ជួបគ្នានៅមុខព្រះបរមរាជវាំង នៅពេល បានជួបគ្នាបុរសនោះពិតជាសង្ហាមែន សក្ដិសមទៅនឹងសម្ដីផ្អែមរបស់គេ។ ទំនាក់ទំនងយើងទាំងពីរកាន់តែស្អិតរមួត រហូតដល់ ថ្ងៃទី១៤ខែកុម្ភៈ នាងនិងបុរសនោះបានណាត់គ្នាទៅដើរលេងនៅបាក់ខែងតែពីរនាក់ ទទួលទានអាហារឆ្ងាញ់ៗ ហើយថែមទាំងទទួល ទានស្រាបៀរកំដរផងដែរ។ ក្រោយពេលទទួលទានស្រាបៀរហើយហាក់បីដូចជាមានអារម្មណ៍រវើរវាយ ដូចត្រូវថ្នាំសម្រើប។ ពេលនោះហើយគឺជាថ្ងៃដែលនាងត្រូវអស់ព្រហ្មចារីដោយសារសង្សារទើបស្គាល់គ្នាត្រឹមមួយខែប៉ុណ្ណោះ។ ដូច្នេះហើយនារីគ្រប់រូប មិនត្រូវបណ្ដែតបណ្ដោយខ្លួនឯងឱ្យលង់ក្នុងសម្ដីផ្អែមល្ហែមរបស់បុរសនោះទេ ហើយត្រូវគិតថាអ្វីៗដែលបុរសឱ្យជាកាដូនោះ ប្រាកដជា គេសម្លឹងចង់បានអ្វីពីយើងជាមិនខានឡើយ។ លើសពីនេះស្ដ្រីគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយចំពោះព្រាន បុរសមួយចំនួនបោកប្រាស់ខ្លួនប្រាណហើយកន្ដើយដោះដៃ សល់ត្រឹមតែដំណក់ទឹកភ្នែកជូតក្បាលជង្គង់តែប៉ុណ្ណោះ។
ចំពោះបញ្ហានេះកញ្ញា ម៉ៅ ពុទ្ធីរ័ត្ន អ្នកសម្របសម្រួលក្រុមប្រឹក្សាយុវជនកម្ពុជាបានមានចំណាប់អារម្មណ៍ចំពោះថ្ងៃបុណ្យ សង្សារឬថ្ងៃទិវានៃក្ដីស្រឡាញ់នេះថា បុណ្យនៃក្ដីស្រឡាញ់នេះបានរីកសាយភាយចេញមកពីបរទេស មិនមែនយើងជាអ្នកបង្កើត នោះទេ។ បុណ្យនៃក្ដីស្រឡាញ់នេះបានជំរុញឱ្យយុវវ័យមួយចំនួនដើរផ្លូវខុស រហូតធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ និងកិត្ដិយស ដោយសារ តែពួកគាត់មិនបានយល់ច្បាស់អំពីបុណ្យនេះ រហូតដល់មានពេលខ្លះបុណ្យនៃក្ដីស្រឡាញ់នេះធ្វើឱ្យពួកគាត់ក្លាយជាជនរងគ្រោះដោយ មិនដឹងខ្លួនទៀតផង។ ប៉ុន្ដែការរងគ្រោះរបស់យុវវ័យមួយចំនួននោះភាគច្រើនទៅលើនារីៗ ដែលពេលខ្លះគេលង់នឹងសម្ដីមនុស្សដែល ខ្លួនស្រឡាញ់បោកប្រាស់រហូតប្រើប្រាស់ល្បិចកលគ្រប់មធ្យោបាយ ដើម្បីឈានដល់ការរួមភេទដោយមិនប្រើស្រោមអនាម័យ ក៏អាច ឆ្លងរោគទៅមកគួរឱ្យព្រួយបារម្ភបំផុតសម្រាប់សង្គមខ្មែរ។
បណ្ដាំផ្ញើ
យុវវ័យទាំងឡាយគួរយល់ច្បាស់អំពីថ្ងៃ១៤កុម្ភៈ ឬទិវាក្ដីស្រឡាញ់នោះមិនមែនសំដៅលើគូស្នេហ៍ឬសង្សារនោះទេ គឺជា ថ្ងៃដែលបង្ហាញពីការស្រឡាញ់សម្រាប់ទាំងអស់គ្នា។ លើសពីនេះថ្ងៃនៃទិវាក្ដីស្រឡាញ់នេះត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត សម្រាប់នារីខ្មែរគ្រប់រូបមិនត្រូវចាញ់បោកល្បិចកលរបស់ប្រុសព្រាននោះទេ។ ជាពិសេសយុវវ័យទាំងឡាយមិនត្រូវសម្រេចចិត្ដរួមភេទ ដើម្បីជាការតបស្នងនៃកាដូផ្កាមួយទងនោះឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply