វិធី​តុបតែង​ភ្នែកតូច

ការ​តុបតែង​ខ្លួន​គឺជា​រឿងរ៉ាវ​ដ៏​សាមញ្ញ​មួយ​ចំពោះ​នារី​គ្រប់ៗ​រូប។ ស្ទើរតែ​គ្រប់​កន្លែង​ទាំងអស់​នៅលើ​ផ្ទៃមុខ នារី​ទាំងឡាយ អាច​តុបតែង​ដោយ​ខ្លួនឯង​បានយ៉ាង​ល្អ​ឥតខ្ចោះ។ ឥឡូវនេះ សុខភាព​យើង សូម​ប្រាប់ពី​របៀប​ខ្លះៗ នៃការ​តុបតែង​ភ្នែកតូច​ចំពោះ​នារីៗ​ទាំងឡាយ​ដែលជា​កូនចិន និង​ជាប់ខ្សែ​ស្រឡាយ​ចិន​ឱ្យចេះ​ពីវិធី​ដ៏​សា​មញ្ញ​បំផុត ដែល​ពោរពេញ​ទៅដោយ​ភាព​ទាក់ទាញ​នៃការ​តុបតែង​ភ្នែកតូច​ឱ្យមើល​ទៅដូចជា​ភ្នែកធំ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ជូន​សុភាពនារី​ទាំងឡាយ​ពី​របៀប​នៃការ​តុបតែង​ភ្នែកតូច​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកស្រី សោភា ម្ចាស់ហាង​ម៉ាលីនណា​រក្សា​សម្ផស្ស។

វិធី​តុបតែង​ភ្នែកតូច

ចំណុច​ទាំងបួន​ខាងក្រោម​នេះគឺជា​វិធី​តុបតែង​ភ្នែក​ដែលមាន​ភាព​ងាយស្រួល​បំផុត ហើយ​ក៏អាច​តុបតែង​នៅតាម​កន្លែង​កែសម្ផស្ស​នានា ឬអាច​តុបតែង​ដោយ​ខ្លួនឯង​ក៏បាន។ ដូចនេះ​សូមនារី​ទាំងឡាយ​ស្វែងយល់​ពីចំណុច​ទាំងនេះ ៖

1 . ការគូស​ចិញ្ចើម ៖ សុភាព​នារី​ដែលមាន​ភ្នែកតូច​ទាំងឡាយ គប្បី​ធ្វើការ​គូស​ចិញ្ចើម​ឱ្យមាន​រាងជ្រុង​តូចល្មម ហើយ​កន្ទុយ​ចិញ្ចើម​មិនត្រូវ​គូសឱ្យ​បះពេក​ទេ ព្រោះ​មើលទៅ​គឺមិន​សមល្មម​នឹងទម្រង់​ភ្នែក​ឡើយ។

2 . ការ​តុបតែង​រោមភ្នែក ៖ នារីៗ​ដែលមាន​ភ្នែកតូច​នោះ​ភាគច្រើន​គឺភ្នែក​មិនសូវ​ជាមាន​ត្របកភ្នែក​ប៉ុន្មាន​ទេ ដូចនេះ​ត្រូវ​បិទត្របក​ភ្នែក​ជាមុន​សិន ទើប​លោកស្រី​អ្នកនាង​កញ្ញា​អាច​បិទ​រោមភ្នែក​ដែលមាន​ប្រវែង​សមល្មម គឺមិន​ត្រូវឱ្យ​វែងពេក​ទេ ព្រោះ​អាចធ្វើ​ឱ្យ​ពិបាក​ក្នុងការ​បិទបើក​ភ្នែក និង​មើលទៅ​មិន​សក្ដិសម។ បន្ទាប់​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវពត់​រោមភ្នែក​ថ្នមៗ និង បន្ថែម​ម៉ាស្ការ៉ា​ពីលើ​ដើម្បី​ឱ្យភ្នែក​កាន់តែ​មានភាព​ទាក់ទាញ និង​ស្រស់ស្អាត។ បើសិន​ជារោម​ភ្នែកស្អិត​ជាប់គ្នា សូមយក​ប្រដាប់​សិត រោមភ្នែក​មកសិត​មួយៗ ពេលនោះ​រោមភ្នែក​នឹង​លែងមាន​បញ្ហា។

3 . ការ​តុបតែង​គែមភ្នែក ៖ ចំពោះ​ការ​តុបតែង​គែមភ្នែក​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវគូស​ឱ្យស្នាម​គំនូស​តូចខ្មៅ​ដិត ទាំងគែម​ខាងលើ និង​ខាងក្រោម។ តែ​ចំពោះ​ផ្នែក​ខាងលើ​ត្រូវគូស​ពីដើម​ភ្នែក​ទៅឱ្យ​ក្រាស់​នៅកន្ទុយ​ភ្នែក ហើយ​ខាងចុង​គំនូស​ត្រូវឡើង​លើបន្ដិច។ ហើយ​ត្រូវគូស​គំនូសភ្នែក​ឱ្យមាន​ទម្រង់​រាងធំ​តាម​ដែល​ពេញចិត្ដ ដើម្បី​ឱ្យភ្នែក​មើលទៅ​មាន​រាងធំ និង​សក្ដិសម​តែម្ដង។

4 . ការ​ជ្រើសរើស​បន្ថែម​ពណ៌ភ្នែក ៖ ចំពោះ​ការ​បន្ថែម​ពណ៌ភ្នែក​គឺជា​ចំណុច​សំខាន់​មួយ​សម្រាប់​បន្ថែម​សោភ័ណ​ភាពភ្នែក។ សុភាពនារី​គួរតែ​ជ្រើសរើស​នូវ​ពណ៌ខ្មៅ ឬក៏​ពណ៌​សូកូឡា​ក៏បាន​ដែរ យកមក​ផាត់ពាស​លើត្របក​ភ្នែក​ខាងលើ​នោះ​ជាការ​ស្រេច។ ប៉ុន្ដែ​ត្រូវ​ចៀសវាង​ចំពោះ​ពណ៌ណា​ដែល​ស្រាលៗ ព្រោះមើល​ទៅ​មិនសូវ​ជា​សក្ដិសម​នឹងភ្នែក​ប៉ុន្មាន​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​សុភាព​នារី​បានធ្វើ​តាម​ការ​ណែនាំ​ទាំងនេះ​ហើយ លោកស្រី​អ្នកនាង​កញ្ញា​នឹង​ទទួល​បានការ​តុបតែង​បាន​យ៉ាង ល្អ​ពេញចិត្ដ្ដ។ អ្នកនាង​កញ្ញា​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ចេញមក​ខាងក្រៅ ក៏អាច​ធ្វើការ​តុបតែង​ភ្នែក​ដោយ​ខ្លួនឯង​ផងដែរ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណា បន្ទាប់ពី​ការ​តុបតែង​ឱ្យមាន​ភាព​ស្រស់​ហើយ​នោះ ក៏​ត្រូវយក​ចិត្ដទុក​ដាក់ឱ្យ​បានល្អចំពោះ​ការ​ថែរក្សា​សុខភាព​ភ្នែក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *