វិធី​បំបាត់​ស្នាម​អុជខ្មៅ​នៅលើ​ស្បែក

ស្នាម​អុជខ្មៅ​គឺជា​បញ្ហា​សម្រាប់​សុខភាព​ស្បែក លោកអ្នក​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បំបាត់​បញ្ហានេះ។ ការ​បំបាត់​ស្នាម​អុជខ្មៅ​នៅលើ​ស្បែក​លែងជា​បញ្ហា​ដែលត្រូវ​ព្រួយបារម្ភ​ទៀត​ហើយ ព្រោះមាន​វិធី​ព្យាបាល​ផ្សេងៗ​ទៅតាម​ប្រភេទ​ស្នាម​ដែលកើត​មាន​ចំពោះ​ស្បែក​យ៉ាងមាន​ប្រសិទ្ធភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ឯកទេស​ផ្នែក​ថែរក្សា​សម្ផស្ស​នៃ​មជ្ឈ​មណ្ឌល អាមេរិកកាំង មក​ធ្វើការ​បកស្រាយ​ពី​ប្រធាន​បទនេះ។

មូលហេតុ​ដែលធ្វើ​ឱ្យមាន​ស្នាម​អុជខ្មៅ​នៅលើ​ស្បែក

ស្នាម​អុជខ្មៅ​បណ្ដាល​មកពី​កោសិកា​ម្យ៉ាង​ដែលបាន​បញ្ចេញ​ជាតិ​មេឡានីន។ មេឡានីន​គឺជាជាតិ​ពណ៌ខ្មៅ​មាន​នៅក្នុង​ស្បែក សក់ និងភ្នែក​ជាដើម។ នៅពេល​បញ្ចេញ​មេឡានីន​ច្រើន​ក៏បង្កើត​ឱ្យមាន​ស្នាមខ្មៅ​នៅលើ​ស្បែក។ ស្បែក​លោកអ្នក​អាចមាន​ស្នាម​អុជខ្មៅ​ខុសៗ​គ្នា ទៅតាម​ប្រភេទ​ស្នាម​នីមួយៗ​ដូចជា ៖

  • ប្រជ្រុយ ៖ ប្រជ្រុយ​ក៏ធ្វើ​ឱ្យស្បែក​របស់​លោកអ្នក​មាន​ស្នាមអុជ​ខ្មៅមួយ​ដុំតូចៗ ឬ​ធំៗ​ផងដែរ មាន​ប្រជ្រុយ​ខ្លះខ្មៅ​ខ្លាំង និង​អាចមាន​ឡើងប៉ោង​ជាដើម។ ស្នាម​ប្រជ្រុយ​នេះគឺ​ភាគច្រើន​មាន​មកពី​កំណើត ប៉ុន្ដែ​ករណី​មួយចំនួន​ទៀត​នៅពេល​ដែល​ស្បែក​ត្រូវ ថ្ងៃក្ដៅ​ខ្លាំង​ក៏អាច​ធ្វើឱ្យ​មាន​ប្រជ្រុយ​ផងដែរ។
  • អាចម៍រុយ ៖ ច្រើន​កើតមាន​ចំពោះ​ជនជាតិ​អឺរ៉ុប​ស្បែកស ព្រោះ​បើស្បែក​ត្រូវនឹង​កម្ដៅ​នឹងធ្វើ​ឱ្យស្បែក​បញ្ចេញ​ជាតិ មេឡានីន​នាំឱ្យ​កើត​អាចម៍រុយ តែ​ភាគច្រើន​នៅពេល​មាន​អាកាសធាតុ​ត្រជាក់​អាចនឹង​បាត់ទៅ​វិញ។
  • ស្នាមជាំ ៖ បើកើត​ចំពោះ​ស្ដ្រី​ដែល​ទើបតែ​សម្រាល​កូន​រួចនោះ គឺ​ស្នាមជាំ​បណ្ដាល​មកពី​អ័រម៉ូន​ដែលមាន​ការ​បញ្ចេញ មេឡានីន​ច្រើន ដូចនេះ​ធ្វើឱ្យ​ស្ដ្រី​ទើប​សម្រាល​កូនមាន​ស្នាមជាំ។ រីឯ​ស្ដ្រី​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏អាច​ធ្វើឱ្យ​មាន​ស្នាមជាំ​ផងដែរ ដោយសារ​តែមាន​ពាក់ព័ន្ធ​ទៅនឹង​អ័រម៉ូន។ លោកអ្នក​មាន​បញ្ហា​ពកក​ក៏អាច​ធ្វើឱ្យ​មាន​ស្នាមជាំ ស្នាម​អុជខ្មៅផងដែរ គឺ​ដោយសារ​តែ​អ័រម៉ូន​ធ្វើឱ្យ​ជាតិពណ៌​ខ្មៅ​នៅលើ​ស្បែក​កើនឡើង។

វិធី​បំបាត់​ស្នាម​អុជខ្មៅ​នៅលើ​ស្បែក

ចំពោះ​វិធី​បំបាត់​ស្នាម​អុជខ្មៅ​អាចធ្វើ​ទៅបាន​ដោយ​វិធី​ព្យាបាល​ច្រើន​យ៉ាង។ ចំពោះ​ស្នាម​ប្រជ្រុយ​បើមិន​ចាំបាច់​លោកអ្នក មិន​ចាំបាច់​កាត់​ចោល​ទេ តែអាច​បំបាត់​ចេញ​ដោយ​ប្រើឡេ​ស៊‌ើកម្ទេច ចៀរចេញ ឬ​ដុតចេញ​តែម្ដង។ មុនធ្វើ​ការ​ព្យាបាល​ស្នាម​នេះ គ្រូពេទ្យ​ជំនាញ​នឹង​ពិនិត្យឱ្យបាន​ច្បាស់លាស់​ជាមុន។ ចំពោះ​អាចម៍រុយ លោកអ្នក​គប្បី​ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។ ប៉ុន្ដែ​លោ​កអ្នក​អាចប្រើ​ថ្នាំ​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ការពារ​ស្បែក​ពីពន្លឺ​ថ្ងៃ ដើម្បី​កាត់​បន្ថយ កុំឱ្យ​ស្បែក​មានស្នាម​អុជខ្មៅ។

ដំបូន្មាន​អ្នក​ជំនាញ

ក្នុងការ​ព្យាបាល​ស្នាម​អុជខ្មៅ​ទាំងឡាយ គ្រូពេទ្យ​ធ្វើ​ទៅតាម​ប្រភេទ​ស្នាម​នីមួយៗ។ នៅពេល​ព្យាបាល​អ្នក​ជំនាញ​នឹង ពិនិត្យ​រក​មូលហេតុ​ច្បាស់លាស់ ហើយ​ព្យាបាល​ទៅតាម​មូលហេតុ​ទាំងនោះ។ ករណី​មួយចំនួន​បន្ទាប់ពី​ព្យាបាល​ស្នាម​អុជខ្មៅ​នោះ​ហើយ វា​មិនអាច​បាត់ទៅ​ទាំងស្រុង​នោះទេ ព្រោះ​សារជាតិ​ពណ៌ខ្មៅ​នៅក្នុង​ខ្លួនអាច​នៅសល់។ នៅពេល​ដែល​កើតមាន​ស្នាម​អុជខ្មៅ ឬ​ស្នាមជាំ គប្បី​កុំ​ប្រើប្រាស់​ផលិតផល​អ្វី​ផ្ដេសផ្ដាស​លាយឡំ​គ្នា ព្រោះបើ​ប្រើខុស​គឺ​កាន់តែ​ខ្មៅ​លើសដើម។ ដូចនេះ​សូម​ស្វែងរក​ការ​ព្យាបាល​មួយដ៏​ត្រឹមត្រូវ​ទើបជា​ការប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *