លោកអ្នកជាឪពុកម្ដាយតែងមានការព្រួយបារម្ភខ្លាចទារកឈ្លក់ឬស្ទះដង្ហើមនៅពេលទារកបញ្ចេញសម្លេងយំ ខណៈពេល បំបៅដោះឬបញ្ច្រកថ្នាំ។ ការបញ្ច្រកថ្នាំទារកគឺជារឿងមួយដែលលោកអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះបើមានការថ្លោះធ្លោយនឹងអាចបណ្ដាលឱ្យទារកស្ទះដង្ហើមបាន។ ដូចនេះសូមលោកអ្នកពិសេសអាណាព្យាបាលទាំងឡាយគប្បីស្វែងយល់ពីវិធីបញ្ច្រកថ្នាំទារកឱ្យ បានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ នឹងបកស្រាយពីវិធីបញ្ច្រកថ្នាំទារក តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ទារកនៅមានដង្ហើមខ្លី
លោកអ្នកបានដឹងហើយថាដង្ហើមទារកនៅខ្លី ដូចនេះមិនអាចទ្រាំទ្រនឹងបរិយាកាសហប់គ្មានខ្យល់ដកដង្ហើមបានយូរនោះទេ ពិសេសនៅពេលដែលឈ្លក់ឬស្ទះរបស់អ្វីមួយតាមផ្លូវដង្ហើម។ ដូចនេះប្រការដែលល្អបំផុតចៀសវាងកុំឱ្យទារកជួបបញ្ហាផ្លូវដង្ហើមឱ្យសោះ។ ដើម្បីបង្ការបញ្ហាទារកស្ទះ ឬឈ្លក់អ្វីមួយ លោកអ្នកគប្បីជួបជាមួយគ្រូពេទ្យដែលមានឯកទេសខាងទារកដើម្បីរកវិធីជួយពេលដែលទារកជួបបញ្ហាដង្ហើម។
វិធីបញ្ច្រកថ្នាំទារក
វិធីបញ្ច្រកថ្នាំទារកដែលមិនត្រឹមត្រូវអាចធ្វើឱ្យមានគ្រោះថ្នាក់ មានឈ្លក់ ស្ទះដង្ហើមជាដើម។ មុននឹងបញ្ច្រកថ្នាំទារក ត្រូវរកស៊ឺរ៉ាងថ្នាំតូចមួយ ឬកូនស្លាបព្រា ហើយកំណត់កម្រិតជាតិថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។ បន្ទាប់មកលោកអ្នកយកចុងស៊ឺរ៉ាង ដាក់បាញ់ផ្ទប់ទៅនឹងកៀនថ្ពាល់ទារក ដោយបាញ់ទម្លាក់ជាតិថ្នាំដាក់ក្នុងកៀនថ្ពាល់់ឱ្យទារកលេបបន្ដិចម្ដងៗ ចៀសវាងបាញ់ចំកណ្ដាលមាត់ ព្រោះនៅពេលដែលទារកយំរួចប្រឹងដកដង្ហើមចូលថ្នាំអាចហូរចូល ធ្វើឱ្យឈ្លក់ឬស្ទះខ្យល់បង្កគ្រោះថ្នាក់ដល់ទារក។ បើសិនជាកូនស្លាបព្រាវិញក៏ត្រូវដាក់ចុងស្លាបព្រាទៅនឹងកៀនថ្ពាល់ ហើយឱ្យទារកលេបថ្នាំបន្ដិចម្ដងៗដូចគ្នា។ មួយវិញទៀតវិធីដែលល្អគឺត្រូវបញ្ច្រកថ្នាំនៅពេលដែលទារកបញ្ចេញសម្លេងយំ ចៀសវាងដាក់ថ្នាំនៅពេលដែលទារកដកដង្ហើមចូល។
ដំបូន្មានអ្នកជំនាញ
ការថែទាំសុខភាពរាងកាយទារកគឺជារឿងមួយដែលលោកអ្នកគប្បីយកចិត្ដទុកដាក់ជាទីបំផុត ព្រោះសរីរាង្គ និងប្រព័ន្ធ ការពាររាងកាយរបស់ទារកមានសភាពទន់ខ្សោយ។ សូមឪពុកម្ដាយទាំងអស់ធ្វើយ៉ាងណាមើលថែសុខភាពកូនឱ្យបានល្អ ព្រោះមានជម្ងឺច្រើនប្រភេទណាស់ ដែលងាយមានចំពោះកុមារហើយបង្កឱ្យមានគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply