បើយោងតាមការឱ្យដឹងពីមន្ដ្រីក្រសួងសុខាភិបាលបានអះអាងថា ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងលឿននូវជម្ងឺមិនឆ្លងលើសពីការរំពឹងទុក។ ជម្ងឺមិនឆ្លងនេះបានធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំកន្លងមកនេះ។ យោងតាមស្ថានភាពនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នដែលទាក់ទងនឹងរបបនៃការរស់នៅ ការហាត់ប្រាណ ការត្រួតពិនិត្យ សុខភាពជាប្រចាំជាដើមនោះ គេអាចរំពឹងបានថានឹងអាចកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លងនេះ។
លោកសាស្ដ្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងកាលពីពេលថ្មីនេះនៅក្នុងសន្និសីទ ថ្នាក់ជាតិលើកទី១ស្ដីពីការបង្ការ និងទប់ស្កាត់ថាជម្ងឺមិនឆ្លងមានការកើនឡើងលើសពីការរំពឹងទុក។ តាមការស្រាវជ្រាវនៅពេលថ្មីនេះបានឱ្យដឹងថា អ្នករស់នៅទីប្រជុំជន ដូចជាខេត្ដកំពង់ចាម បាត់ដំបង និងរាជធានីភ្នំពេញ ក្នុងចំណោមមនុស្សពេញវ័យ១០នាក់ មានម្នាក់មានជម្ងឺទឹកនោមផ្អែម និងក្នុងចំណោមមនុស្សពេញវ័យ៤នាក់មានម្នាក់កើតជម្ងឺលើសឈាម។
នៅតាមជនបទតាមការសិក្សាបានឱ្យដឹងថា នៅខេត្ដសៀមរាប៥ភាគរយនៃមនុស្សពេញវ័យមានជម្ងឺទឹកនោមផ្អែម និង ១២ភាគរយមានជម្ងឺលើសឈាម។ ទាក់ទងនឹងបញ្ហាជម្ងឺមិនឆ្លងខាងលើនេះ លោក ហេង តៃគ្រី បានឱ្យដឹងថា ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាមជាកត្ដា គ្រោះថ្នាក់យ៉ាងចម្បងរបស់ជម្ងឺស្ទះសរសៃឈាមបេះដូង និងស្ទះសរសៃឈាមខួរក្បាល។ ជម្ងឺទឹកនោម ផ្អែមបណ្ដាលឱ្យចុះខ្សោយ ខូចតម្រងនោម ពិការភ្នែក និងដំបៅរ៉ាំរ៉ៃ។ ជម្ងឺមិនឆ្លងកើតឡើងដោយការទទួលទានគ្រឿងស្រវឹងច្រើន ការជក់បារី ការមិនធ្វើកាយវប្បកម្ម និងការហូបចុកមិនបានត្រឹមត្រូវ ការកើនឡើងយ៉ាងខ្លាំងនៃកត្ដាគ្រោះថ្នាក់ទាំងនោះ ក្នុងអំឡុងពេលពី១០ទៅ១៥ឆ្នាំកន្លងទៅ ដែលឆ្លុះបញ្ចាំងអំពីការកើនឡើងនៃជម្ងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា។
លោក ឱម គីមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើង “ប្រទេសជាច្រើនកំពុងជួបប្រទះ បញ្ហាជម្ងឺមិនឆ្លងដែលបណ្ដាលមកពីកត្ដាចំណីអាហារ គ្រឿងស្រវឹង ថ្នាំជក់ និងការមិនបានធ្វើលំហាត់ប្រាណ”។ លោកបានបន្ថែមថា បន្លែ និងផ្លែឈើជាផ្នែកមួយនៃចំណីអាហារដ៏មានសារៈសំខាន់ចំពោះសុខភាព។ លោកបានបន្ដថា តាមការស្រាវជ្រាវបានបង្ហាញថា ថ្នាំគីមីដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាមានប្រមាណជាង៣លានលីត្រ ស្មើនឹងទឹកប្រាក់២០លានដុល្លារក្នុងមួយឆ្នាំៗ និង៥៧ភាគរយនៃថ្នាំកសិកម្មប្រើលើដំណាំបន្លែ។ គួរបញ្ជាក់ឱ្យដឹងទៀតថា កត្ដាហានិភ័យទូទៅបានស្ថិតនៅពីក្រោយជម្ងឺមិនឆ្លង។ ប្រមាណ ៨០ភាគរយនៃជម្ងឺបេះដូងកើតឡើងមុនអាយុកាល ការដាច់សរសៃឈាមក្នុងខួរក្បាលប្រភេទទី២ និង៤០ភាគរយនៃជម្ងឺមហារីក។ ជម្ងឺមិនឆ្លងគឺមានដូចជាជម្ងឺបេះដូង ជម្ងឺមហារីក ជម្ងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជម្ងឺទឹកនោមផ្អែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply