កូន​ខ្ញុំ​ក្ដៅ​ខ្លួន​ប្រកាច់

បច្ចុប្បន្ន​កុមារ​ភាគច្រើន​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ជម្ងឺជា​ច្រើន ដែល​ពេល​ខ្លះ​កុមារ​មួយ​ចំនួន​ត្រូវបាន​ព្យាបាល​ទាន់​ពេល​វេ លា និង​កុមារ​មួយចំនួន​ទៀត​ហាក់​ដូច​មាន​ភាព​យឺតយ៉ាវ​ក្នុងការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ធ្វើឱ្យ​ជម្ងឺ​ដែល​កើត​មាន​ឡើង​នោះ​កាន់តែ ខ្លាំង​រហូត​ដល់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ តួយ៉ាង​កុមារ​យ៉ាង​ច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​ជម្ងឺ​ប្រកាច់​ដោយសារ​ក្ដៅខ្លួន បង្ក​លក្ខណៈ លំបាក​លំបិន​ដល់​ក្រុមគ្រួសារ ព្រោះ​ពេលខ្លះ​ជម្ងឺ​នេះ​កើតមាន​ភ្លាមៗ​ទៅលើ​កុមារ​តែម្ដង ហើយ​ជួនកាល​កុមារ​ដែល​មាន​អាការ​ក៏បាន បង្ហាញ​រោគសញ្ញា​មុន​ផង​ដែរ តែ​មិន​ត្រូវបាន​យកចិត្ដ​ទុកដាក់​ពីសំណាក់​ក្រុមគ្រួសារ​តែប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ស្វែងយល់​អំពី​ជម្ងឺ​កុមារ​ប្រកាច់​ដោយសារ​ក្ដៅខ្លួន​នេះ លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯក​ទេស​ជម្ងឺ​កុមារ​នៃមន្ទីរពេទ្យ​កុមារ​ជាតិ បាន​ចូល​រួម​បកស្រាយ​ពន្យល់​អំពី​ជម្ងឺ​ខាងលើ និង​វិធី​សាស្ដ្រ​ការពារ​ផ្សេងៗ។

ជម្ងឺ​កុមារ​ប្រកាច់​ដោយសារ​ក្ដៅខ្លួន គឺជា​អ្វី?

ជម្ងឺ​កុមារ​ប្រកាច់​ដោយសារ​ក្ដៅខ្លួន​នេះគឺ​ជា​ជម្ងឺ​ម្យ៉ាង​ដែល​តែងតែ​កើត​មាន​ទៅលើ​កុមារ​ដែលមាន​អាយុ​ពី៦ខែ​រហូត​ដល់៦ ឆ្នាំ ដោយសារ​តែ​សកម្មភាព​ខួរក្បាល​ត្រូវបាន​រំខាន។ ខណៈពេល​ដែល​កម្ដៅ​ឡើង​ខ្លាំង ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ជា​តួអង្គ​ទំនាក់​ទំនង យ៉ាង​សំខាន់​ត្រូវបាន​កាត់ផ្ដាច់ ហើយ​ធ្វើឱ្យ​កុមារ​មាន​ភាព​ប្រកាច់ ទន់ ឬ​រឹងដៃ​ជើង។ ហើយ​ខ្លះទៀត​អត់ដឹង​ខ្លួន ភ្នែក​ស្លឺ និង​កន្ដ្រាក់ ដៃជើង បន្ទាប់​មកហត់ និង​មាន​ស្លេស្ម​ឡើង​ទៀត​ផង។

មូល​ហេតុ​ដែល​កុមារ​មានជម្ងឺ​ក្ដៅខ្លួន​ប្រកាច់

បើតាម​វេជ្ជសាស្ដ្រ កុមារ​មានត្រឹមតែ​៥ទៅ​១០ភាគរយ​ប៉ុណ្ណោះ​ដែល​ក្ដៅខ្លួន​ហើយ​ប្រកាច់។ ចំណែក​ឯមូលហេតុ​ពិត ប្រាកដ​នោះ សូម្បី​តែវេជ្ជបណ្ឌិត​ទូទៅ​មិនទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ​ទេ។ ប៉ុន្ដែ​​បើការតាមដាន​របស់​គ្រូពេទ្យ​មួយចំនួន​បាន លើក​ឡើង​ថា ការ​ដែលកុមារ​មួយ​ចំនួន​ក្ដៅខ្លួន​ប្រកាច់ ហើយ​កុមារមួយ​ចំនួនទៀត​ក្ដៅខ្លួនមិន​ប្រកាច់​គឺអាស្រ័យ​ទៅ​តាម​កម្លាំង និង សុខភាព​កុមារ កុមារ​ដែលមាន​ថាមពល​ការពារ​ច្រើន និង​មួយចំនួន​ទៀត​មិន​មាន​គ្រប់គ្រាន់។

រោគ​សញ្ញា​ក្ដៅខ្លួន​ប្រកាច់​របស់កុមារ

តាមការ​បង្ហាញ​របស់​កុមារ​ដែលមាន​អាការ​ក្ដៅខ្លួន​ប្រកាច់​នោះមាន​ច្រើនយ៉ាង កុមារ​មួយចំនួន​ប្រកាច់​រឹងដៃរឹង​ជើង កុមារ មួយ​ចំនួន​ទៀត​ប្រកាច់​ទន់ដៃទន់ជើង និង​មួយ​ចំនួន​ទៀត​ប្រកាច់​បែក​ពពុះមាត់ ភ្នែកស្លឺ​ឡើងលើ ហើយ​ពិបាក​ដក​ដង្ហើម និង​ផ្លូវដង្ហើម​មាន​សម្លេង​ខ្លាំងៗ​ទៀតផង។

វិធី​ព្យាបាល​ជម្ងឺ​កុមារ​ក្ដៅខ្លួន​ប្រកាច់

ប្រសិន​បើ​លោកអ្នក​មាន​កូន​កើត​មាន​ជម្ងឺ​ក្ដៅខ្លួន​ប្រកាច់ ខណៈ​ពេល​ដែល​កុមារ​កំពុង​តែ​ប្រកាច់ មិន​ត្រូវចាប់​បីវានោះ ឡើយ ត្រូវ​នៅ​ក្បែរ​វាជា​និច្ច ហើយ​មិនត្រូវ​ដាក់​វត្ថុរឹង​នៅក្បែរ​ខ្លួនកុមារ ទុក​ឱ្យ​កុមារនោះ​ប្រកាច់​តែឯង​សិន។ ក្រោយ​ពេល ប្រកាច់​ហើយ​ត្រូវតែរួ​សរាន់​ប្រញាប់​ប្រញាល់យក​ទៅមន្ទីរ​ពេទ្យ​ដែលនៅជិត​បំផុត ដើម្បី​ទទួលការ​ព្យាបាល​ទាន់ពេល​វេលា​ពីគ្រូពេទ្យ ។ ប៉ុន្ដែ​ជម្ងឺនេះ​ទោះបី​ព្យាបាល​ជាសះស្បើយ​លើកទី​មួយក្ដី ក៏វាអាច​ឱ្យកើត​ម្ដងទៀត​នៅលើក​ក្រោយ។ ក្នុងអត្រា​ប្រមាណ​ជា ៣០ភាគរយ​នៃចំនួន​កុមារ​ដែលធ្លាប់​ប្រកាច់។

រូបភាពទស្សនាវដ្ដីសុខភាពយើង
វិធីការពារ​ជម្ងឺកុមារ​ក្ដៅខ្លួន​ប្រកាច់

នៅពេល​ដែលកូន​កំពុង​តែប្រកាច់ ឪពុកម្ដាយ​មិន​ត្រូវយក​ចំណីដាក់​ក្នុងមាត់ ឬផ្ដល់​ថ្នាំសង្កូវ​ឱ្យលេប​នោះទេ ត្រូវដាក់​កូនឱ្យ ដេក​ផ្អៀង ឬផ្កាប់​ហើយ​មុខបែរ​ទៅចំហៀង មិន​ត្រូវឱ្យគេង​ផ្ងារឡើយ។ ហើយ​ត្រូវដោះ​ខោអាវ ឬខ្សែក្រវាត់​ចេញ ប្រសិន​បើកុមារ នោះមាន​សម្លៀក​បំពាក់ជាប់​នឹងខ្លួន ក្រោយពេល​ឈប់ប្រកាច់​ត្រូវនាំ​កុមារ​ទៅជួប​គ្រូពេទ្យ​ជាបន្ទាន់ ដោយ​កាយវិការ​ដេក​ចំហៀង ដដែល។ ដើម្បី​ការពារ​កុំឱ្យជម្ងឺ​ធ្ងន់ធ្ងរ នៅ​ពេលកុមារ​មានអាការ​ក្ដៅខ្លួន​លើសពី​ពីរថ្ងៃ ពេល​ដាក់​ថ្នាំមិនត្រជាក់ ឪពុកម្ដាយ​ត្រូវ ប្រុង​ប្រយ័ត្ន​កុំឱ្យ​ក្មេង​នោះឡើង​លេង​លើដើម​ឈើ ឬ​ឡើងកាំ​ជណ្ដើរ ព្រោះ​អាច​ប្រកាច់​ធ្លាក់បាន។ ល្អ​បំផុត​ត្រូវបញ្ជូន​កូនរបស់​លោក អ្នកទៅកាន់​មន្ទីរពេទ្យ។

ផល​ប៉ះពាល់ចំពោះ​កុមារ​ដែលមាន​ជម្ងឺប្រកាច់

កុមារ​មានជម្ងឺ​ក្ដៅ​ប្រកាច់​នេះអាច​មាន​ផលប៉ះពាល់​ធ្ងន់ ប្រសិន​បើយក​ទៅមន្ទីរ​ពេទ្យមិនទាន់​ពេល​វេលា។ កុមារ​ប្រកាច់ ភាគច្រើន​ប៉ះពាល់​ធ្ងន់​ធ្ងរទៅ​លើ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ច្រើន​ជាង​សរីរាង្គ​ផ្សេងៗ ព្រោះ​ជម្ងឺប្រកាច់​នេះ​កើតចេញ​ដោយសារ​តែប្រព័ន្ធ​ខួរ ក្បាល​លែង​ដំណើរ​ការ។ កុមារ​មាន​ជម្ងឺ​រលាក​បំពង់ក រលាក​ត្រចៀក និង​អាច​រលាក​ស្រោមខួរ​ក្បាល​ត្រូវប្រុង​ប្រយ័ត្ន ព្រោះ ជម្ងឺ​ទាំងនេះ​ជាដើម​ចមនៃជម្ងឺ​ប្រកាច់​យ៉ាងសាហាវ​ផងដែរ។

ដំបូន្មាន​អ្នកជំនាញ

ប្រសិន​បើ​កូនលោកអ្នក​មាន​អាការក្ដៅខ្លួន​លើសពីពីរ​ថ្ងៃ ត្រូវតែ​ប្រញាប់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ទាន់ពេល​វេលា ព្រោះ​វា​អាច​ការពារ​កូន​លោកអ្នក​ចៀសផុត​ពី​ជម្ងឺ​ប្រកាច់​ពេលក្ដៅ​ខ្លួន។ ម្យ៉ាង​ទៀត​កុមារ​ធ្លាប់មាន​ជម្ងឺ នេះម្ដងរួចហើយ ឪពុកម្ដាយត្រូវតែត្រៀមថ្នាំដើម្បីបន្ថយកម្ដៅ និងទប់ស្កាត់កុំឱ្យមានជម្ងឺប្រកាច់នេះជាលើកទី២ ព្រោះ​ងាយ​បណ្ដាល ឱ្យកើត​ជម្ងឺផ្សេងៗ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *