ការបន្លាច​កុមារ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ

ភាពភ័យ​រន្ធត់ ខ្លាច តក់​ស្លុត អាច​ធ្វើឱ្យ​អារម្មណ៍​លោកអ្នក​ដែលមាន​ចិត្ដ​សាស្ដ្រ​មិនរឹងមាំ​ងាយ​ប្រឈម​មុខនឹង​បញ្ហា​ផ្លូវចិត្ដ​ច្រើនជាង​អ្នក​ធម្មតា។ យ៉ាងណា​មិញ​កុមារ​គឺជា​វ័យមួយ​ដែល​កំពុង​លូតលាស់​ទាំងផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ។ កុមារ​ត្រូវបាន​យកចិត្ដ​ទុកដាក់យ៉ាង​សំខាន់​ទៅលើ​សុខភាព ជាពិសេស​បញ្ហា​ផ្លូវចិត្ដ។ ដូច្នេះ​បើកុមារ​ទទួលរង​នូវការ​បន្លាច សម្លុត ឬ​វាយដំ ផ្លូវចិត្ដ​កុមារ​គឺទន់​ខ្សោយ។ នេះគឺ​ជាបញ្ហា​មួយ​ដែល​ត្រូវមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ផ្លូវចិត្ដ​កុមារ​នៅពេល​អនាគត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការបន្លាច​នឹងធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ផ្លូវចិត្ដ​កុមារ។ ដើម្បី​ស្វែងយល់​ពី​បញ្ហានេះ​ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃ​គ្លីនិក​សាន់រ៉ាយ។

ការយក​ចិត្ដទុក​ដាក់​ទៅលើ​តម្រូវការ​របស់​កុមារ

កុមារ​ជាមនុស្ស​ជំនាន់​ក្រោយ​ដែលត្រូវ​កសាង​បុគ្គលិក​លក្ខណៈ​សមត្ថភាព​របស់​ខ្លួន ដើម្បី​បន្ដ​វេន​កសាង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​នាថ្ងៃ​អនាគត ពោល​កុមារ​គឺជា​ទំញំង​ស្នង​ឫស្សី។ លោកអ្នក​គប្បី​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ ដោយ​បំពេញ​សិទ្ធិ ផ្ដល់នូវ​តម្រូវការ​ចាំបាច់​ផ្នែក​ចំណី​អាហារ ជម្រក ការ​ថែទាំ កិច្ច​ការពារ ផ្ដល់​ភាព​កក់ក្ដៅ ក្ដី​ស្រឡាញ់ និង​ការ​អប់រំ​រៀន​សូត្រ ដើម្បី​ឱ្យកុមារ​អាច​ដុះដាល​បានល្អ​ទាំងផ្នែក​រាងកាយ បញ្ញា​ស្មារតី និងមាន​សុខភាព​ល្អ។ នៅពេល​ដែលកុមារ​ទទួល​បាននូវ​តម្រូវ​ការ​ជាមូលដ្ឋាន ដូចជា​ម្ហូប​អាហារ សម្លៀក​បំពាក់ ជម្រក ការលេង​កម្សាន្ដ សេចក្ដីស្រឡាញ់ និង​សន្ដិសុខ​គ្រប់គ្រាន់​នោះ កុមារ​នឹងមាន​អារម្មណ៍​ល្អ និងអាច​លូតលាស់​បាន​យ៉ាងប្រពៃ​ទាំងផ្នែក​រាងកាយ ផ្លូវចិត្ដ និង​ប្រាជ្ញា​ស្មារតី។

ការយក​ចិត្ដទុក​ដាក់​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ

កុមារ​ដែល​មិនបាន​ទទួល​នូវសេចក្ដី​ត្រូវការ​ជា​មូលដ្ឋាន​សម្រាប់​ការ​លូតលាស់ ពួកគេអាច​កើតមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ និង​បញ្ហា​អាកប្ប​កិរិយា​មួយចំនួន។ ដើម្បី​ដឹងថា​កុមារ​មានបញ្ហា​សុខភាព​ផ្លូវចិត្ដ​ឬ​អត់នោះ លោកអ្នក​ចាំបាច់​ត្រូវ​ស្ដាប់​នូវអ្វីៗ ដែល​កុមារ​និយាយ ឬ​ជាអាកប្ប​កិរិយា​ដែលគេ​សម្ដែង​ចេញ។ ហើយ​លោកអ្នក​ក៏ត្រូវ​សង្កេតនូវ​រាល់​ទង្វើ​របស់​កុមារ ដូចជា​នៅពេល ដែល​លោកអ្នក​និយាយ​ជាមួយ​កុមារ ពេលលេង​ម្នាក់ឯង ឬ​នៅពេល​កុមារ​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត។ នៅពេល​នោះ លោកអ្នក នឹងអាច​មើល​ឃើញ​ពីសញ្ញា​ទុក្ខព្រួយ​ជាច្រើន​របស់កុមារ​ដែលមាន​លក្ខណៈ​ខុសៗគ្នា​ទៅតាម​អាយុ​របស់​កុមារ។ ដូចនេះ​នៅពេល​ដែល​លោកអ្នក​បានសង្កេត​ឃើញថា​អាកប្ប​កិរិយា ឬពាក្យ​សម្ដី​ដែលខុស​ប្លែក​ធម្មតា​របស់​កុមារ លោកអ្នក​គប្បី​ទៅជួប​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ដ​កុមារ ដើម្បី​បាន​ជ្រាប និង​បញ្ចៀស​កុមារ​ពីបញ្ហា​ផ្លូវចិត្ដ​នៅពេល​ខាងមុខ។

កុមារ​ជាវ័យ​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​ផ្លូវចិត្ដ

បញ្ហា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ​អាច​ទទួលរង​នូវ​ឥទ្ធិពល​មិនល្អ​គ្រប់​ស្ថានភាព ប្រសិនបើ​កុមារ​មិនបាន​ទទួលការ​ថែទាំ​ឱ្យបាន​ដិតដល់។ ជម្ងឺ​ផ្លូវចិត្ដ​មានទាំង​ផ្លូវចិត្ដ​កុមារ និង​ផ្លូវចិត្ដ​មនុស្សចាស់។ កន្លងមក​លោកអ្នក​មួយចំនួន​មិនទាន់​បាន​ស្វែងយល់​ពីសុខភាព​ផ្លូវចិត្ដ​កុមារ​នោះទេ ដោយ​គិតថា​កុមារ​មិនទាន់​ចេះរក​ប្រាក់ មិនទាន់​ជួប​បញ្ហា​លំបាក​ដែល​ត្រូវ​ដោះស្រាយ និង​មិនទាន់​ចេះគិត​ច្រើន។ ផ្ទុយ​ទៅវិញ​កុមារ​ក៏មាន​ការគិត​ពិចារណា មាន​អារម្មណ៍​សប្បាយ មិន​រីករាយ ពិបាក​ចិត្ដដូច​មនុស្ស​ធំដែរ។ ដូចនេះ​បើមាន​ហេតុការណ៍ ឬបញ្ហា​អ្វីមួយ​ដែលធ្វើ​ឱ្យប៉ះទង្គិច​ទៅដល់​អារម្មណ៍ និង​ផ្លូវចិត្ដ​របស់​កុមារ គឺកុមារ​ងាយ​ប្រឈម​មុខនឹង​បញ្ហា​សុខភាព ផ្លូវចិត្ដ​ណាស់ ដូចជា​ការ​វាយដំ សម្លុត គំរាម ឬ​ការបន្លាច​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការបន្លាច​ប៉ះពាល់​ដល់​ផ្លូវចិត្ដ​កុមារ

ការបន្លាច​កុមារ​គឺធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ បណ្ដាល​ឱ្យ​ចិត្ដ​សាស្ដ្ររបស់​កុមារ​ចុះខ្សោយ នៅពេល​បច្ចុប្បន្ន​ក៏ដូច​ជាពេល​ខាងមុខ​ផងដែរ។

1 . នៅពេល​បច្ចុប្បន្ន ៖ កុមារ​មួយចំនួន​បាន​ទទួលរង​ឥទ្ធិពល​នៃការ​បន្លាច​ដែលអាច​បណ្ដាល​កុមារ​ឆាប់ភ័យ​ខ្លាច តក់ស្លុត រន្ធត់នឹង​សម្លេង​ខ្លាំងៗ ងាយចុះ​ចាញ់​នឹង​បញ្ហា​ដែល​កើតឡើង​ចំពោះ​មុខ។ បញ្ហា​ទាំងអស់​នេះនឹង​ក្លាយ​ទៅជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បើសិន​ជាមិន​មានការ​យកចិត្ដ​ទុកដាក់​ថែទាំ​ឱ្យបាន​ល្អ​ចំពោះ​ផ្លូវចិត្ដ​កុមារ។ ព្រោះ​បើកុមារ​មាន​កត្ដា​ចិត្ដសាស្ដ្រ​មិន​រឹងមាំ​តាំងពី​តូច នៅពេល​ដែល​ធំឡើង​កុមារ​នឹង​ក្លាយ​ទៅជា​បុគ្គល​មួយ​ដែលមាន​ផ្លូវចិត្ដ​មិន​រឹងមាំ ទន់ជ្រាយ គិតគូរ​មិនបាន​វែង​ឆ្ងាយ និង​ងាយ​ទទួល​ភាព បញ្ហា​ចំពោះ​មុខ។ ដូចនេះ​គឺ​ទាមទារ​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់​អប់រំ​ចំពោះ​កុមារ​ឱ្យបាន​ល្អ ទាំងផ្នែក​ចំណេះ​ដឹង​ទូទៅ និង​ផ្នែក​ចិត្ដសាស្ដ្រ​ផងដែរ។ ការបន្លាច​អាចធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​បញ្ហា​ផ្លូវចិត្ដ​របស់​កុមារ​ដែល​កំពុង​លូតលាស់​ប្រែទៅ​ជាចុះ​ខ្សោយ។

2 . នាពេល​អនាគត ៖ មនុស្សធំ​ដែលមាន​កត្ដា​ចិត្ដសាស្ដ្រ​មិន​រឹងមាំ គឺ​បណ្ដាល​មកពី​ពេល​នៅតូច​ធ្លាប់​រងការ​ភ័យខ្លាច មានការ​បន្លាច សម្លុត​ជាច្រើន។ ដូចនេះ​បុគ្គល​ដែល​មិនសូវ​រឹងមាំ​ផ្នែក​សុខភាព​ផ្លូវចិត្ដ ភាគច្រើន​គឺ​បណ្ដាល​មកពី​ការជះ​ឥទ្ធិពល​ទៅលើ​ផ្លូវចិត្ដ​តាំងពី​កុមារ​ភាព។ បើសិនជា​ការ​បន្លាច​មាន​ភាព​ភ័យខ្លាំង ឬ​តក់ស្លុត​ខ្លាំង ហើយ​កុមារ​មាន​កត្ដា​ចិត្ដសាស្ដ្រ​ខ្សោយ​មកពី​ការ​សម្លុត​បន្លាច​តាំងពី​តូចមក​ស្រាប់​ទៀត គឺ​កុមារ​ងាយនឹង​មាន​បញ្ហា​ផ្លូវចិត្ដ និង​អាច​ឈានទៅ​ដល់ជម្ងឺ​ផ្លូវចិត្ដ​ទៀតផង ដូចជា​ភ័យ​ខ្លាច រន្ធត់ បាក់ស្បាត មិន​ហ៊ាន​ចេញក្រៅ ភ័យ​នៅពេល​ឮ​សម្លេង​ខ្លាំងៗ ឬ​ឆាប់​រន្ធត់។ បើ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺអាច​ធ្វើឱ្យ​កុមារ ទៅជា​វិកល​ចរិត​ក៏ថាបាន​ដែរ។ នេះហើយ​ជា​លទ្ធផល​អវិជ្ជមាន​សម្រាប់​កុមារ​ដែល​រងការ​បន្លាច សម្លុត ឬ​វាយដំ​ជាដើម។ ហេតុនេះ ការ​អប់រំ​ផ្នែក​ផ្លូវចិត្ដ​របស់​កុមារ​តាំងពី​តូច​មិនបាន​ល្អគឺ​កុមារ​ងាយក្លាយ​ជាមនុស្ស​ដែល​មិនមាន​ភាព​ក្លាហាន​រឹងប៉ឹង ជាពិសេស​នឹង​អាចក្លាយ​ទៅជា​អ្នកគិត​ខ្លីចង់​បញ្ចប់​ជីវិត​នៅពេល​ដែលមាន​បញ្ហា​លំបាក និង​ស្មុគស្មាញ។

ដំបូន្មាន​អ្នក​ជំនាញ

ឪពុកម្ដាយ​គប្បី​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ​ចំពោះ​សុខភាព​ផ្លូវចិត្ដ​របស់​កូន។ លោកអ្នក​មិនត្រូវ​លេង​បន្លាច​កុមារ​ដើម្បី​ឱ្យកុមារ​ស្ដាប់​តាមនោះ​ទេ ព្រោះអាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅ​ដល់ការ​លូតលាស់​ផ្នែក​ចិត្ដសាស្ដ្រ​របស់​កុមារ។ បើសិន​ជាមាន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ផ្នែក​ផ្លូវចិត្ដ​កុមារ​ធ្ងន់ធ្ងរ គឺ​កុមារ​ងាយ​ប្រឈម​មុខនឹង​បញ្ហា​ផ្លូវចិត្ដ ហើយ​ធ្វើឱ្យ​ចិត្ដ​សាស្ដ្រ​របស់​កុមារ​ទន់ខ្សោយ។ មាតា​បិតា​ទាំងឡាយ​គប្បី​អប់រំ​កូន​ដោយ​ក្ដី​ស្រឡាញ់​ថ្នាក់ថ្នម ចៀសវាង​ការ​វាយដំ សម្លុត និង​បន្លាច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *