កាលពីលេខមុនលោកអ្នកជ្រាបរួចមកហើយអំពីរបៀបនៃការប្រើសម្ភារៈអគ្គិសនីមួយចំនួនឱ្យអស់ថវិកាតិច។ នៅលេខនេះទស្សនាវដ្ដី សុខភាពយើង សូមបន្ដលើកមកជម្រាបជូនលោកអ្នកអំពីឧបករណ៍មួយចំនួនទៀតដែលលោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ។
8 . ប្រដាប់ផ្លុំសក់ ៖ បើប្រើប្រដាប់ផ្លុំសក់ខ្នាតអានុភាព៧០០វ៉ាត់ក្នុង១ថ្ងៃ១ម៉ោង នឹងស៊ីភ្លើង២១គីឡូវ៉ាត់ក្នុង១ខែ គិតជាថ្លៃភ្លើង១៥.១២០រៀលក្នុង១ខែ ឬក្នុង១ឆ្នាំ១៨១.៤៤០រៀល។ ដោយហេតុនេះលោកអ្នកមិនត្រូវប្រើប្រដាប់ផ្លុំសក់នេះនៅពេល ដែលមិនចាំបាច់នោះទេ។
- កុំប្រើប្រដាប់ផ្លុំសក់ខុសពីមុខងាររបស់វា ដូចជាប្រើសម្រាប់ផ្លុំសម្លៀកបំពាក់ឱ្យស្ងួត
- បិទកុងតាក់ប្រដាប់ផ្លុំសក់ ក្នុងពេលដែលយើងកំពុងលាបចាហ៊ួយ ឬក្រែមសរសៃសក់
- បើគ្រាន់តែប្រើសម្រាប់ផ្លុំសក់នៅស្ងួតដោយគ្មានការកាត់ ឬតុបតែងសក់ទេ ត្រូវប្រើកុងតាក់ខ្យល់ត្រជាក់ វានឹងជួយសន្សំសំចៃជាង
- ជូតសក់ឱ្យស្ងួតបន្ដិចមុននឹងប្រើប្រាស់ប្រដាប់ផ្លុំសក់ ដើម្បីតុបតែងម៉ូដសក់
- ជ្រើសរើសទិញប្រភេទ និងទំហំឱ្យសមស្របទៅនឹងតម្រូវការប្រើប្រាស់
- ត្រូវទិញប្រដាប់ផ្លុំសក់ខ្នាតតូចដែលស៊ីភ្លើងតិច អានុភាពតូចដូចជា៤០០ទៅ៧០០វ៉ាត់ សន្សំសំចៃជាងការប្រើប្រាស់ ប្រដាប់ផ្លុំសក់អានុភាពធំ១០០០ទៅ១៥០០វ៉ាត់។
9 . ឆ្នាំងដាំបាយអគ្គិសនី ៖ សូមសន្សំសំចៃភ្លើងជាមួយឆ្នាំងដាំបាយនេះដោយប្រើវិធី ៖
- កុំបើកគម្របឆ្នាំងក្នុងពេលដែលបាយមិនទាន់ឆ្អិន
- ចៀសវាងការដាំបាយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះវាធ្វើឱ្យម៉ាស៊ីនត្រជាក់ធ្វើការកាន់តែខ្លាំងឡើង(ស៊ីភ្លើង)
- ដកឌុយចេញភ្លាមបន្ទាប់ពីឈប់ប្រើការ
- បើនៅដោតឌុយ កុំចុចកុងតាក់ បើខណៈពេលដែលគ្មានឆ្នាំងនៅខាងក្នុង
- មុននឹងដាក់ឆ្នាំងជាន់ចូលក្នុង ត្រូវត្រួតពិនិត្យមើលថានៅខាងក្នុងនោះវាគ្មានរបស់អ្វីផ្សេង ឬមានកម្ទេចអ្វីជាប់នៅបាតឆ្នាំងនោះ ព្រោះវាអាចធ្វើឱ្យឆេះ នឹងការចម្លងកម្ដៅមិនសូវល្អ
- ដាំបាយឱ្យល្មមទៅនឹងចំនួនមនុស្ស
- ជ្រើសរើសខ្នាតឆ្នាំងដាំបាយឱ្យសមស្របទៅនឹងចំនួនសមាជិកក្នុងគ្រួសារ។
សមាជិក១-២នាក់ ប្រើខ្នាត ០.៣-១លីត្រ
សមាជិក៣-៦នាក់ ប្រើខ្នាត១-១.៥លីត្រ
សមាជិក៥-៨នាក់ ប្រើខ្នាត១.៦-២លីត្រ
10 . ឡម៉ៃក្រូវេហ្វ ៖ ការប្រើប្រាស់ឡម៉ៃក្រូវេហ្វដែលមានកម្រិតអានុភាព៧០០វ៉ាត់ រយៈពេល១ម៉ោងក្នុង១ថ្ងៃ ស៊ីភ្លើង អស់២១គីឡូវ៉ាត់គិតជាប្រាក់អស់១៥.១២០រៀលក្នុង១ខែ ឬ១៨១.៤៤០រៀលក្នុង១ឆ្នាំ។
- បញ្ឈប់ការប្រើប្រាស់ឡម៉ៃក្រូវេហ្វក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ បញ្ឈប់ការដាក់ឡម៉ៃក្រូវេហ្វនៅជិតឧបករណ៍អគ្គិសនីផ្សេងៗ ដូចជាទូរទស្សន៍ ឬវិទ្យុ ម៉ាញ៉េ ព្រោះវាអាចរំខានដល់ប្រព័ន្ធតួនាទីនៃឧបករណ៍ទាំងនោះ។ ប្រសិនបើចំណុះប្រហាក់ប្រហែលគ្នា ត្រូវជ្រើសរើសស៊េរីដែលស៊ីភ្លើងតិចជាង(អានុភាពទាបជាង)
- ជ្រើសរើសទំហំឡម៉ៃក្រូវេហ្វឱ្យសមស្របទៅនឹងបរិមាណការប្រើប្រាស់
- សម្អាតផ្នែកខាងក្នុងឡម៉ៃក្រូវេហ្វគ្រប់ពេលដែលប្រើការ ព្រោះកម្ទេចអាហារដែលជាប់តាមជញ្ជាំងឡវានឹងកាត់បន្ថយ ប្រសិទ្ធភាពឡ និងអាចបង្កឱ្យកើតមាននូវអណ្ដាតភ្លើងបាន
- ត្រូវកំណត់ពេលវេលាឱ្យសមស្របទៅនឹងប្រភេទ និងបរិមាណអាហារ
- ត្រូវប្រើឡម៉ៃក្រូវេហ្វសម្រាប់ការកម្ដៅម្ហូបអាហារ ដាំទឹកដែលមានបរិមាណតិច រំលាយអាហារក្លាស្សេដែលរឹង។
11 . ឡអគ្គិសនី ៖ ការប្រើប្រាស់ឡអគ្គិសនីដែលមានកម្រិតអានុភាព១.២០០វ៉ាត់រយៈពេល១ម៉ោងក្នុង១ថ្ងៃ វាស៊ីភ្លើងអស់៣៦គីឡូវ៉ាត់គិតជាប្រាក់២៥.៩២០រៀលក្នុង១ខែ ឬ៣១១.០៤០រៀលក្នុង១ឆ្នាំ។
- បញ្ឈប់ការបើកឡមុនក្នុងរយៈពេលយូរ ដើម្បីរង់ចាំផ្សំគ្រឿង ឬចម្អិនអាហារ
- បញ្ឈប់ការកំណត់សីតុណ្ហភាពខ្ពស់ពេក ព្រោះម្ហូបអាហារអាចនឹងខ្លោច និងស៊ីភ្លើងច្រើន
- បញ្ឈប់ការប្រើប្រាស់ឡនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
- ដកឌុយចេញភ្លាមនៅពេលឈប់ប្រើ
- គ្រប់ពេលដែលយើងបើកមើលម្ហូប ក្នុងឡនឹងបាត់បង់ថាមពល២០%
- ជ្រើសរើសយកភាជន៍(ចាន)ដាក់ម្ហូបដែលមានផ្ទៃរាប ដើម្បីអាចទទួលកម្ដៅបានល្អ និងដោយផ្ទាល់ពីឡបាន
- បិទកុងតាក់ឡមុនម៉ោងដែលយើងបានកំណត់២-៣នាទី ព្រោះវានៅមានកម្ដៅដែលអាចប្រើប្រាស់បាននៅឡើយ ហើយដកឌុយចេញភ្លាមបន្ទាប់ពីឈប់ប្រើវា
- កំណត់ពេលវេលាឱ្យសមស្របទៅនឹងការធ្វើម្ហូប
- ដាក់ឡនៅកន្លែងដែលមានខ្យល់ចេញចូលស្រួល
- ជ្រើសរើសទិញទំហំឡឱ្យសមស្របទៅនឹងបរិមាណម្ហូបអាហារ ដែលនឹងចម្អិនក្នុងជីវភាពប្រចាំថ្ងៃ កុំទិញទំហំធំទុក បម្រុងដោយមិនចាំបាច់
- ប្រើចង្ក្រានហ្គាសក្នុងការដាំស្ល សន្សំសំចៃជាងការប្រើចង្ក្រានដាំបាយអគ្គិសនី ឡម៉ៃក្រូវេហ្វ និងឡអគ្គិសនី។
12 . ជណ្ដើរយន្ដ ៖ បើចាំបាច់ត្រូវប្រើជណ្ដើរយន្ដលោកអ្នកគួរតែ ៖
- ត្រូវប្រើជណ្ដើរជើងក្នុងករណីឡើងចុះសម្រាប់ជាន់ទី១
- កាត់បន្ថយការឡើងជណ្ដើរយន្ដតែម្នាក់ឯង គួរតែរង់ចាំអ្នកដទៃដើម្បីប្រើរួមគ្នា។
- កំណត់កម្មវិធីឱ្យជណ្ដើរយន្ដឈប់នៅចំពោះតែជាន់សេស ឬជាន់គូ។ ប្រើជណ្ដើរយន្ដប្រើភ្លើង ច្រើននៅពេលវាចេញដំណើរ។
បណ្ដាំផ្ញើ
លោកអ្នកទាំងអស់គ្នាមានតួនាទីជួយសន្សំសំចៃការប្រើប្រាស់ថាមពល ព្រោះវាមិនត្រឹមតែអាចឱ្យលោកអ្នកសន្សំសំចៃប្រាក់នោះទេ លោកអ្នកក៏មានចំណែកជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិផង។ ប្រសិនបើលោកអ្នកប្រើអស់ថាមពលតិច អគ្គិសនី កម្ពុជាមានថាមពលគ្រប់គ្រាន់ក្នុងការផ្ដល់តាមតម្រូវការ ពេលនោះថ្លៃភ្លើងមិនថ្លៃទៀតទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply