ជម្ងឺអ៊ីវី៧១នៅតែបន្តខ្លួន រាតត្បាតកុមារកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលរហូតមកទល់នឹងបច្ចុប្បន្ននេះ អ្នកជម្ងឺជាកុមារកាន់តែកើនឡើងជាលំដាប់នៅទូទាំងផ្ទៃប្រទេស។ ការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋដែលជាអាណាព្យាបាលមានការភិតភ័យ និងបានស្វះស្វែងរកការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យគ្រប់ច្រកល្ហកដើម្បីជីវិតរស់នៅរបស់កូនជាទីស្រលាញ់របស់ពួកគាត់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថាកុមារ និងសិស្សសាលាមួយចំនួននៅខេត្តរតនគិរី កំពុងកើតមានជម្ងឺពងបែកមាត់ ដៃ និងជើង ដែលបង្កដោយមេរោគអ៊ីវី៧១។ មន្ត្រីសុខាភិបាលខេត្តអះអាងថា ស្ថាប័នជំនាញកំពុងធ្វើការអង្កេតនៅតំបន់ជនបទមួយចំនួនក្នុងខេត្តនេះ ដើម្បីពិនិត្យមើលស្ថានភាពរោគសញ្ញានៃអ្នកជម្ងឺដែលគេសង្ស័យថា កើតចេញពីមេរោគថ្មីនេះ។
ប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធរស់នៅក្រុងបានលុង ខេត្តរតនគិរី កាលពីពេលថ្មីៗ បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ដើម្បីនាំកូនប្រុសអាយុ១៩ខែ ស្វែងរកកិច្ចសង្គ្រោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅឯទីក្រុងភ្នំពេញ ដោយសារតែកូនរបស់គាត់កើតជម្ងឺចម្លែកដែលគាត់សង្ស័យថា អាចយាយីដល់អាយុជីវិតកូនប្រុសជាទីស្រឡាញ់របស់គាត់បាន។ ការសម្រេចចិត្តយ៉ាងតក់ក្រហល់នេះ បានកើតមានឡើងបន្ទាប់ពីបុរសអាយុ២១ឆ្នាំ គឺលោក ឡន កុម្ភៈ និងភរិយាបានទទួលការណែនាំពីគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តរតនគិរី ដោយថាកូនរបស់គាត់កើតជម្ងឺចម្លែក ដែលគ្រូពេទ្យសង្ស័យថា ឆ្លងពីមេរោគឈ្មោះ អ៊ីវី៧១ដែលបានរាតត្បាតទៅលើកុមារ និងបណ្ដាលឲ្យស្លាប់ប្រសិនមិនបានសង្គ្រោះពីគ្រូពេទ្យជំនាញទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអាស៊ីសេរី។
ធ្វើដំណើរតាមរថយន្តឈ្នួលពីខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ លោក ឡន កុម្ភៈ បានចាត់ទុកជម្ងឺរបស់កូនលោកគឺជាជម្ងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ពីព្រោះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា មានកុមារប្រមាណ ៥០នាក់ បានស្លាប់ដោយសារមេរោគអ៊ីវី៧១នេះ។ លោកបានរៀបរាប់ថា ប្រមាណបីថ្ងៃកន្លងទៅនេះ កូនរបស់គាត់មានចេញពងបែកនៅមាត់ និងជើង ហើយគ្រុនមិនបៅដោះម្ដាយ ឬបរិភោគចំណីអាហារដូចធម្មតាបានទេ។ គាត់អះអាងថា គាត់និងប្រពន្ធបាននាំកូននោះទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែគ្រូពេទ្យបានណែនាំឲ្យលោកប្រញាប់នាំកូនមកមន្ទីរពេទ្យគន្ធបុប្ផាវិញ ពីព្រោះមន្ទីរពេទ្យខេត្តមិនមានលទ្ធភាពពិនិត្យមើលមេរោគនៃជម្ងឺចម្លែកនោះបានទេ។ លោកបានបន្តថា៖ «គេគ្រាន់តែពិនិត្យមើលជើងមើលមាត់កូនខ្ញុំ ហើយគេថាប្រហែលជាកើតជម្ងឺហ្នឹងហើយ។ បីថ្ងៃទាំងថ្ងៃនេះហើយ ហូបបាយទឹកបានតិចៗដែរ ទឹកបានតិច។ គេអត់មានណែនាំអ្វីទេ គេឲ្យថ្នាំលេប»។
កាលពីថ្ងៃសុក្រ ទី១៣ កក្កដា កន្លងទៅ ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធបានធ្វើការអង្កេតស្រាវនៅទូទាំងប្រទេសទៅលើករណី ជម្ងឺពងបែកដែលកើតនៅលើដៃជើង និងមាត់ បណ្ដាលមកពីមេរោគ អ៊ីវី ៧១ នេះ ហើយលទ្ធផលបង្ហាញថា វាមិនមែនជាប្រភេទជម្ងឺទើបកើតថ្មី និងស្រួចស្រាវខ្លាំងដូចជាជម្ងឺឆ្លងដទៃនោះដែរ។ ជម្ងឺនេះ គឺមានយូរហើយ ប៉ុន្តែមិនចូលក្នុងប្រព័ន្ធរបាយការណ៍របស់ប្រទេសកម្ពុជានោះទេ ព្រោះគេឃើញជម្ងឺនេះកើតមាននៅប្រទេសវៀតណាម ចិន សិង្ហបុរី និងប្រទេសកូរ៉េ ច្រើនរាប់ម៉ឺនករណី។
ប្រធានមន្ទីរពេទ្យខេត្តរតនគិរី លោក ហ៊ីង ផានសុគន្ធា មានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យខេត្តពិតជាបានពិនិត្យ និងណែនាំក្រុមគ្រួសារលោក ឡន កុម្ភៈ ពីជម្ងឺកូនលោកដែលមានរោគសញ្ញាសង្ស័យថា បណ្ដាលមកពីមេរោគអ៊ីវី៧១។ លោកបន្តថា នេះជាករណីសង្ស័យទីមួយហើយដែលកុមារនៅខេត្តរតនគិរី មានរោគសញ្ញានេះបាននាំមកកាន់មន្ទីរពេទ្យខេត្ត៖ «ជម្ងឺហ្នឹងអត់បានឃើញមកមន្ទីរពេទ្យ គ្រាន់ប្រហាក់ប្រហែលមានមួយមានពីរ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបានទេ។ នៅយើងនេះមិនអាចវិភាគបានទេ គ្រាន់តែឃើញរោគសញ្ញាយើងអាចដឹង»។
ស្រដៀងគ្នានេះដែរ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តរតនគិរីបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មន្ត្រីសុខាភិបាលបានរកឃើញកុមារមានជម្ងឺពងបែកនៅដៃជើង និងមាត់៨ករណី ដែលសង្ស័យបណ្ដាលមកពីមេរោគអ៊ីវី៧១។ ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ស៊ឹម សនឡៃ បានបញ្ជាក់ឲ្យដឹងថា ជម្ងឺប្រភេទថ្មីនេះ ពិតជាបានកើតមាននៅលើកុមារនៅភូមិអ៊ីទូក ស្រុកវ៉ឺនសៃ ក៏ប៉ុន្តែគេមិនទាន់ធ្វើការវិភាគរកមើលមេរោគដែលនាំឲ្យកុមារកើត មានជម្ងឺនេះនៅឡើយ។ លោកបន្តថា មន្ត្រីសុខាភិបាលកំពុងតាមដានករណីនេះបន្តទៀត៖ «ម្សិលមិញ យើងចុះទៅស៊ើបអង្កេតនៅភូមិអ៊ីទូក ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ គឺឃើញជម្ងឺមានរោគសញ្ញាសង្ស័យ តែយើងអត់បានទាន់ធ្វើពិសោធន៍ទេ។ តាមលទ្ធផលអង្កេតគឺគេឃើញមានរោគសញ្ញាដែលមានកន្ទួលចេញពងបែកនៅមាត់ ហើយមានពងបែកនៅមាត់។ ក្រៅពីភូមិអ៊ីទូក អត់ទាន់មានព័ត៌មានទេ»។
បើតាមមន្ទីរអប់រំខេត្តរតនគិរី លោកស្រី ចាន់ ខាំឃឿ បានកត់សម្គាល់ឃើញថា ក្រសួងអប់រំបានសម្រេចឲ្យសិស្សានុសិស្សបញ្ចប់ការសិក្សាមុនពេល កំណត់សម្រាប់វិស្សមកាលឆ្នាំនេះ គឺជាផ្នែកមួយនៃកិច្ចការពារជម្ងឺប្រភេទថ្មីនេះដល់ក្រុមកុមារនៅ ថ្នាក់បឋម និងមត្តេយ្យសាលា។ លោកស្រីបន្តថា មានសិស្សថ្នាក់បឋមសិក្សាមួយចំនួនឃើញកើតមានរោគសញ្ញាជម្ងឺប្រភេទថ្មីនេះ៖ «គឺ វាពាក់ព័ន្ធនឹងជម្ងឺហ្នឹងដែរ វាជាជម្ងឺឆ្លងមួយ ហើយក៏មានកុមារមួយចំនួននៅតាមសាលារៀនវាកើត។ បើក្មេងកើតម្នាក់នៅក្នុងថ្នាក់វាអាចឆ្លងរាលដាល។ នៅអូរយ៉ាដាវ ឃើញមានដូចជាសិស្សប្រហែលពីរនាក់កើតនៅក្នុងថ្នាក់រៀន។ ប្រឡងសញ្ញាបត្រមានសិស្សម្នាក់ដែរកើត»។
រីឯមន្ត្រីជំនាញសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំ កម្ពុជា លោកវេជ្ជបណ្ឌិត នីម៉ា អាសហ្ការី (NIMA ASGARI) មានប្រសាសន៍ក្នុងអង្គសន្និសីទនៅទីស្ដីការក្រសួងសុខាភិបាលកាលពីពេលថ្មីៗកន្លងទៅនេះថា ជម្ងឺពងដៃជើង និងមាត់របស់កុមារដែលបង្កដោយមេរោគអ៊ីវី៧១ អាចចម្លងទៅអ្នកដទៃខ្លាំងបំផុតនៅអំឡុងសប្ដាហ៍ទី១ តាមសារធាតុរាវដូចជាទឹកមាត់ កំហាក សំបោរ ទឹករងៃចេញពីដំបៅ ឬពងបែក និងលាមកជាដើម។ អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានអំពាវនាវសុំឲ្យមាតាបិតា និងអាណាព្យាបាលយកកុមារមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើឃើញរោគសញ្ញាណាមួយមិនប្រក្រតី។ វិធីការពារងាយៗ ដែលគប្បីត្រូវអនុវត្ត គឺលាងដៃនឹងសាប៊ូអោយបានញឹកញាប់ ប្រសិនបើជនណាប៉ះពាល់អ្នកកើតជម្ងឺនេះ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២
Leave a Reply