ស្រីស្អាតហ្វ្រេសស៊ីឆ្នាំ២០០៨កំពុងទទួលជោគជ័យយ៉ាងខ្លាំងនាបច្ចុប្បន្នក្នុងស្ពតពាណិជ្ជកម្មគឺកញ្ញា វ៉ាន់ សម្ផស្ស។ ការដើរទៅយ៉ាងរលូនក្នុងវិស័យសិល្បៈកាន់តែធ្វើឱ្យសម្ផស្សបង្ហាញមុខឱ្យទស្សនិកជនទទួលស្គាល់កាន់តែច្រើន បន្ទាប់ពីការសម្ដែង ខ្សែភាពយន្ដសម្រាប់ស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៥ និងជាតួឯកស្រីក្នុងស្ពតជាមួយកំលោះសង្ហាសិដ្ឋ។ បច្ចុប្បន្ននេះសម្ផស្សកំពុងតែថតសម្ដែងក្នុងខ្សែភាពយន្ដមួយសម្រាប់ស្ថានីយទូរទស្សន៍បុស្ដិ៍បាយ័នគឺរឿងបេះដូងខ្ញុំសម្រាប់អ្នកណា។ ទោះបីជាមានការ មមាញឹកយ៉ាងនេះក្ដី សម្ផស្សក៏មិនភ្លេចការថែទាំសម្រស់ដ៏ផូរផង់របស់នាងដែរ។
សម្ផស្សបានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សា សម្រស់ និងការថែទាំសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ជាពិសេសមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
សម្ផស្សជាហ្វ្រេសស៊ីឆ្នាំ២០០៨ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខមួយ។ នៅពេលបញ្ចប់ការប្រកួត កញ្ញាបានចូលរួមការថតសម្ដែងខ្សែភាពយន្ដក្នុងស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៥ជាមួយកំលោះថេរ៉ាយុ និងការថតសម្ដែងពាណិជ្ជកម្មដទៃទៀត។ បច្ចុប្បន្ន នេះសម្ផស្សកំពុងតែមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ តាមរយៈរូបសម្រស់ដ៏ស្រស់សោភាព្រមទាំងសមត្ថភាព និងទេពកោសល្យ របស់នាងផងដែរ។ មកដល់ឆ្នាំ២០១០នេះ សម្ផស្សប្រឡូកក្នុងវិស័យសិល្បៈបានរយៈពេលបីឆ្នាំមកហើយ។
ការថែរក្សាសម្រស់
សម្ផស្សមានការរវល់នឹងការងារច្រើនក្នុងការថតសម្ដែង តែបើទោះបីជាមានការមមាញឹកច្រើនក៏កញ្ញាមិនភ្លេចពីការថែទាំសម្រស់នោះទេ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាសម្រស់របស់កញ្ញា វ៉ាន់ សម្ផស្ស ផ្ទាល់ដែលបានអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ ៖ សក់សម្ផស្សតែងធ្វើម៉ូតជាប្រចាំរាល់ការចូលរួមគ្រប់កម្មវិធី ក៏ដូចជាការថតសម្ដែង។ ដូចនេះសម្ផស្សកក់សក់ជារៀងរាល់ថ្ងៃ ចំណែកឯការអប់សក់គឺជារៀងរាល់មួយសប្ដាហ៍អប់ម្ដង។
- ការថែរក្សាស្បែកមុខ ៖ ចំពោះបញ្ហាស្បែកមុខជារឿងយ៉ាងសំខាន់សម្រាប់សម្ផស្ស នាងមានការថែទាំយ៉ាងដិតដល់ ព្រោះខ្លាចមានបញ្ហាចំពោះសម្រស់របស់នាង។ រីឯការប្រើប្រាស់ផលិតផល នាងជ្រើសរើសផលិតផលណាដែលមានគុណភាព ដើម្បីឱ្យការប្រើប្រាស់មានប្រសិទ្ធភាព។ ចំណែកពេលដែលចេញថត សម្ផស្សតែងមានលាបឡេការពារកម្ដៅថ្ងៃជានិច្ច មិនឱ្យធ្វេសប្រហែសនោះទេ។ មិនតែប៉ុណ្ណោះជារៀងរាល់ពេលទំនេរ សម្ផស្សក៏មានវិធីបិទម៉ាសធម្មជាតិថែសម្រស់ដោយខ្លួនឯងផងដែរ។
- ការថែរក្សាស្បែកដងខ្លួន ៖ ចំពោះស្បែកដងខ្លួនវិញក៏សំខាន់ណាស់ដែរសម្រាប់សម្ផស្ស ជាពិសេសប្រអប់ដៃ។ រាល់ពេលដែលក្រោកពីគេងបន្ទាប់ពីងូតទឹកសម្អាតខ្លួនហើយ សម្ផស្សតែងលាបឡេការពារកម្ដៅថ្ងៃសម្រាប់ការចេញទៅក្រៅក៏ដូចជាការថត សម្ដែងផងដែរ។ ចំណែកការថែទាំបែបការម៉ាស្សាវិញនោះ ជារៀងរាល់ខែសម្ផស្សទៅស្ទីម លាបពន្លៃ ឬខាត់ស្បែកចំនួនបីដង។
- ការថែរក្សាធ្មេញ ៖ វាជាទម្លាប់ដ៏ល្អមួយសម្រាប់សម្ផស្សដែលនាងដុសធ្មេញក្នុងមួយថ្ងៃបីដងជាប្រចាំ និងខ្ពុរមាត់ជារៀងរាល់ពេលទទួលទានអាហាររួច ដើម្បីធ្វើឱ្យធ្មេញមានសុខភាពល្អ និងសស្អាតរឹងមាំផងដែរ។ សម្ផស្សក៏ទៅពិនិត្យតាមដានសុខភាពធ្មេញជាមួយទន្ដពេទ្យក្នុងមួយឆ្នាំម្ដងទៀតផង។
- ការថែរក្សាភ្នែក ៖ រាល់ពេលតុបតែងភ្នែកដែលលាបម៉ាស្ការ៉ា គឺសម្ផស្សប្រយ័ត្នបំផុតមិនឱ្យចូលភ្នែកនោះទេ។ ហើយ សម្ផស្សក៏ឧស្សាហ៍លាងសម្អាតកែវភ្នែកផងដែរ ដើម្បីសម្អាតរាល់កម្ទេចធូលីដែលចូលទៅក្នុងភ្នែក។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះចិញ្ចើម សម្ផស្សតុបតែងទៅតាមកាលៈទេសៈ និងតែងផ្លាស់ប្ដូរម៉ូត ដោយពេលខ្លះទុកឱ្យក្រាស់ និងពេលខ្លះកោរ។ ចំណែកឯការបំពាក់រោមភ្នែកវិញនោះ បើសិនជាចាំបាច់ទើបសម្ផស្សពាក់ ហើយ នៅពេលតុបតែង សម្ផស្សក៏មានបច្ចេកទេសជាច្រើនក្នុងការតុបតែង។ បបូរមាត់សម្រាប់សុភាពនារីទាំងឡាយក៏ដូចជាសម្រាប់ សម្ផស្សតែងត្រូវការភាពរលោងស៊ីវីល័យ ដើម្បីឱ្យក្លាយជាទីចាប់អារម្មណ៍ពីអ្នកដទៃ។ មិនតែប៉ុណ្ណោះសម្ផស្សក៏ត្រូវការជ្រើសរើស ប្រភេទផលិតផលដែលមានគុណភាព ដើម្បីចៀសវាងការធ្វើឱ្យបបូរមាត់របស់នាងប្រែជាខ្មៅ។
- ការថែរក្សាក្រចកជើង ក្រចកដៃ ៖ ការថែរក្សាក្រចកជើង និងដៃវិញនោះ រយៈពេល៥ថ្ងៃគឺសម្ផស្សតែងតែទៅធ្វើក្រចក ចេញម្ដងដើម្បីរក្សានូវសម្រស់ម្រាមដៃដ៏តូចស្រឡូនរបស់នាង។
ការថែរក្សាសុខភាពរាងកាយ
ចំពោះការថែរក្សាសុខភាពរាងកាយរបស់សម្ផស្សវិញគឺនាងត្រូវគេងឱ្យបានគ្រប់គ្រាន់។ ចំពោះការទទួលទានអាហារគឺ សម្ផស្សញ៉ាំក្នុងមួយថ្ងៃពីរដងគឺពេលព្រឹក និងពេលថ្ងៃ។ រីឯប្រភេទអាហារដែលសម្ផស្សចូលចិត្ដវិញនោះ គឺជាអាហារដែលមានបន្លែ ច្រើនសាច់តិច ហើយសាច់ដែលកញ្ញាចូលចិត្ដជាងគេគឺសាច់ត្រី។ ការហាត់ប្រាណវិញសម្ផស្សចូលចិត្ដជាលក្ខណៈលេងកីឡា ដូចជាវាយ សី ហែលទឹកជាដើម។
បំណងថ្ងៃអនាគត
កញ្ញា វ៉ាន់ សម្ផស្ស បានប្រាប់ថាក្រៅពីអាជីពជាអ្នកសិល្បៈហើយនោះ គឺកញ្ញាមានបំណងចង់បើកហាងប្រកបរបរផ្ទាល់ ខ្លួន ដូចជាការបើកភោជនីយដ្ឋាន ឬក៏ការ៉ាសឡាន។ នេះជាបំណងប្រាថ្នារបស់ស្រីស្រស់សោភាដែលចង់ក្លាយខ្លួនទៅជាថៅកែស្រីមួយ រូបដែលពោរពេញទៅដោយសុភមង្គល។
បណ្ដាំផ្ញើរបស់ វ៉ាន់ សម្ផស្ស
សម្ផស្សចង់ផ្ដាំផ្ញើទៅសុភាពនារីទាំងឡាយថា ចំពោះការថែសម្រស់ និងសុខភាពជាការចាំបាច់បំផុត។ យ៉ាងណាមិញការ ជ្រើសរើសផលិតផលឱ្យបានត្រឹមត្រូវសមស្របទៅនឹងប្រភេទស្បែករបស់យើង ក៏គួរតែយកចិត្ដទុកដាក់ឱ្យបានល្អ ដើម្បីចៀសវាងពី បញ្ហាទាំងឡាយចំពោះសម្រស់។ ចំពោះសុខភាពវិញក៏ដូចគ្នាដែរ សុខភាពល្អសម្រស់ក៏ស្រស់ស្អាតទៅតាមនឹងដែរ។ ដូចនេះសម្រស់ និងសុខភាពវាពិតជាមានសារៈសំខាន់ទាំងអស់។
ទាំងនេះគឺជាការយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា វ៉ាន់ សម្ផស្ស តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ វ៉ាន់ សម្ផស្ស
- អាយុ ៖ ១៩ឆ្នាំ
- ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ១០ មករា ១៩៩១
- កម្ពស់ ៖ ១,៦៧ម៉ែត្រ
- ទម្ងន់ ៖ ៤៨គីឡូក្រាម
- ទំហំទាំងបី ៖ ៣២ ២៧ ៣០
- បងប្អូន ៖ (២នាក់(កូនពៅ)
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- កម្រិតវប្បធម៌ ៖ ជានិស្សិតឆ្នាំទី២ផ្នែកទីផ្សារនៃសកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា
- អាជីពនាពេលបច្ចុប្បន្ន ៖ អ្នកសិល្បៈ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
Leave a Reply