មន្ដ្រីជាន់ខ្ពស់នៃមន្ទីរពេទ្យកុមារជាតិបានទទួលស្គាល់ថាពិតជាមានការយកលុយលើសថ្លៃសេវាព្យាបាល និងខ្វះអនាម័យក្នុងមន្ទីរពេទ្យមែន ប៉ុន្ដែវាមិនធ្ងន់ធ្ងរដូចការចោទប្រកាន់ទេ។
ការស្រាយបំភ្លឺនេះត្រូវបានធ្វើឡើងបន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានផ្ញើលិខិតមួយច្បាប់ទៅកាន់ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាលកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីស្នើក្រសួងមានកិច្ចអន្ដរាគមន៍ភ្លាមៗលើករណីការខ្វះអនាម័យក្នុងបន្ទប់ទឹក និង ការទារលុយលើថ្លៃសេវាព្យាបាលហួសកំណត់។
លោក ឈួ អ៊ីម៉េង ប្រធានមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា កាលពីចុងខែកុម្ភៈលោកបានទទួលលិខិតចោទ ប្រកាន់ដ៏ធ្ងន់ធ្ងរមួយច្បាប់ពីថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដោយក្នុងលិខិតនោះបានធ្វើការរិះគន់ហួសពីការពិតមកលើមន្ទីរពេទ្យ កុមារជាតិពីសំណាក់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបន្ដថា លោកសុំធ្វើការបដិសេធចំពោះការលើកឡើងថា ករណីក្លិន ស្អុយឆ្អេះឆ្អាបបានបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពកុមារ ព្រោះក្លិននេះវាបានជះចេញមកពីបង្គន់អនាម័យ ដោយសារតែការប្រើប្រាស់ វាមានចំនួនច្រើនពេករហូតដល់ទៅ២០០-៣០០នាក់ក្នុង១ថ្ងៃ ដូច្នេះមន្ដ្រីខាងផ្នែកសម្អាតមិនអាចធ្វើការងារនេះឱ្យបានទាន់ពេលវេលាទេ។ លោកថ្លែងថា ៖ “ភាគច្រើនប្រជាពលរដ្ឋមកពីតាមជនបទ មិនសូវចេះប្រើប្រាស់បង្គន់ទំនើបទេ ម្ល៉ោះហើយពួកគេតែងយកក្រដាស និងវត្ថុផ្សេងៗទៅបោះចោលក្នុងបង្គន់ ដោយមិនបានស្ដាប់ទៅតាមការណែនាំរបស់មន្ដ្រីយើង ដូច្នេះទើបវាបណ្ដាលឱ្យកកស្ទះ នាំឱ្យមានក្លិនស្អុយភាយចេញមកក្រៅ។ លោកបញ្ជាក់ថា ក្លិនស្អុយអាចកើតមានយ៉ាងយូរបំផុតត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែមិនទាន់គាំទ្រចំពោះការបកស្រាយនេះទេ
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា លោកបានសាទរចំពោះថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យកុមារជាតិដែលបានទទួលស្គាល់កំហុស ប៉ុន្ដែអ្វីដែលលោក ឈួ អ៊ីម៉េង អះអាងបន្ដទៀតនោះ វាគ្រាន់តែជាការលាក់បាំង មួយតែប៉ុណ្ណោះ។ លោកថ្លែងថា ៖ “យើងមិនត្រូវស្ដីបន្ទោសឱ្យប្រជាពលរដ្ឋទេ ប៉ុន្ដែយើងគួរតែធ្វើវាឱ្យមានតុល្យភាពជាមួយនឹងបន្ទប់ អនាម័យធៀបទៅនឹងចំនួនមនុស្ស រីឯបុគ្គលិកសម្អាតត្រូវតែឱ្យមានជាអចិន្ដ្រៃយ៍”។ លោកបញ្ជាក់ថា ដោយឡែកករណីមួយទៀតគឺ ការយកលុយថ្លៃសេវាហួសកំណត់ និងការយកចិត្ដទុកដាក់ព្យាបាលលើអ្នកជម្ងឺណាដែលមានលុយ។ តើចំណុចនេះខាងមន្ទីរពេទ្យដោះ ស្រាយយ៉ាងដូចម្ដេចទៅ?
ដំណោះស្រាយរបស់ប្រធានមន្ទីរពេទ្យកុមារជាតិជុំវិញបញ្ហានេះ
លោក ឈួ អ៊ីម៉េង បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបង្គន់អនាម័យនេះ លោកមានផែនការសាងសង់បង្គន់ឱ្យដាច់ចេញទៅ ក្រៅពីបន្ទប់ព្យាបាល។ រីឯករណីគ្រូពេទ្យយកលុយថ្លៃសេវាហួសកំណត់នេះ លោកបានស្រាវជ្រាវរកឃើញបុគ្គលិកដែលប្រព្រឹត្ដខុស ទៅនឹងច្បាប់កំណត់ ដូច្នេះមន្ទីរពេទ្យបានដកបុគ្គលិកនោះចេញពីស្ថាប័ន ព្រមទាំងធ្វើការណែនាំ និងព្រមានដល់មន្ដ្រីផ្សេងទៀតកុំឱ្យ ធ្វើផ្ទុយពីអ្វីដែលជាលក្ខខណ្ឌបានកំណត់។ លោកថ្លែងថា ៖ “ខ្ញុំគិតថា មន្ទីរពេទ្យមួយដែលអាចវាយតម្លៃថា មានប្រសិទ្ធភាពបានលុះ ត្រាតែអត្រាស្លាប់មានចំនួនតិចតួច ដូច្នេះមន្ទីរពេទ្យកុមារជាតិមានត្រឹមតែ១ភាគរយប៉ុណ្ណោះ នៃអត្រាស្លាប់របស់កុមារក្នុងចំណោម ១០០នាក់។
Leave a Reply