ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

អាងត្រគាក​ស្ដ្រីមាន​តួនាទី​សំខាន់់​ណាស់ ជា​សរីរៈភេទ​របស់ស្ដ្រី និងជា​ឧបសម្ព័ន្ធ​ផ្សេងទៀត​នៅក្នុង​អាងត្រគាក​ដែល​គួបផ្សំ​ដោយ​ស្បូន ទ្វារមាស ដៃស្បូន ប្រព័ន្ធ​ផ្លូវទឹក​នោម និង​ប្រព័ន្ធផ្លូវ​បញ្ចេញ​លាមក​ជាដើម។ មិនតែ​ប៉ុណ្ណោះ​អាងត្រគាក​ក៏ជា​អ្នក​ទ្រទ្រង់​នូវសរីរៈ​ផ្សេងៗទៀត​របស់​ស្ដ្រីដែល​អាច​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ដោយសារ​មេរោគ​ទៀតផង។ ផ្ទុយ​ទៅវិញ​បើ​អាង​ត្រគាក​មានជម្ងឺ​ហើយ នឹងធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​យ៉ាងច្រើន ហើយ​ប្រឈម​មុខនឹង​ជម្ងឺ​ធ្ងន់ធ្ងរ​ផងដែរ ប្រសិនបើ​មិន​ព្យាបាល​ឱ្យទាន់​ពេល វេលា​ទេនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត មិត្ដ ផេង ឯកទេស​រោគស្ដ្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​គ្លីនិក​វិសាល ដើម្បី​ធ្វើការ​បកស្រាយ​អំពី​ផល​ប៉ះពាល់​ចំពោះ​ជម្ងឺ​រលាក​អាងត្រគាក​ស្ដ្រី​ដូចខាង​ក្រោម។

ជម្ងឺ​រលាក​អាងត្រគាក​ស្ដ្រីគឺ​ជាអ្វី?

ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី តែងតែ​កើតមាន​ឡើង​ចំពោះ​ស្ដ្រីវ័យ​ក្មេង​ក្នុងវ័យ​បន្ដពូជ​មានអាយុ​ក្រោម​២៥ ឬ​៣០ឆ្នាំ ហើយ ជម្ងឺ​នេះ​បង្កឡើយ​ដោយសារ​ការកង្វះ​អនាម័យ បណ្ដាល​ឱ្យមាន​មេរោគ​ត្រង់​ទ្វារមាស ដោយ​ពុំមាន​ការសម្អាត​រហូតដល់​កំណយូរៗ ទៅវា​រាលដាល​ដល់ការ​រលាកស្បូន រលាក​ដៃស្បូន និង​អូវែរ និង​រលាក​ដល់​ឧបសម្ព័ន្ធ​ផ្សេងទៀត។

មូលហេតុ​ដែល​បណ្ដាលឱ្យ​មានជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

មូលហេតុ​ចម្បង​ដែលឈាន​ដល់ការ​រលាកអាង​ត្រគាក​នោះ គឺបង្ក​ឡើងដោយ​ជម្ងឺ​ប្រមេះ​ទឹកបាយ និងជម្ងឺ​បង្កដោយ​មេរោគ​ក្លាមីឌីយ៉ា។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺនេះ​កើត​ទៅលើ​ស្ដ្រីដែល​ពុំមាន​ការ​ថែទាំ និង​អនាម័យ​ទ្វារមាស​ឱ្យបាន​ល្អ​ត្រឹមត្រូវ។ បាក់តេរី​ដែល​ទំជាប់​នឹងទ្វារមាស​បង្កជា​មេរោគ​ចម្លងទៅ ហើយធ្វើ​ដំណើរ​តាម​លំដាប់​លំដោយ​រហូតដល់​មាត់ស្បូន ស្បូន និង​ដៃស្បូន។ ករណីផ្សេងទៀត ស្ដ្រី​មួយចំនួន​មានជម្ងឺ​នេះក៏​ដោយ​សារតែ​មានការ​ចម្លង​តាមឈាម​ផងដែរ។ ស្ដ្រីនោះ​មាន​បាក់តេរី​ក្នុង​ឈាម ហើយ​បាន​ជ្រៀត ចូលមក​ដល់ស្បូន​តាម​សរសៃ​ឈាម ក៏បង្ក​ឱ្យមាន​ជម្ងឺ​រលាក​អាង​ត្រគាក។ មូលហេតុ​ផ្សេងទៀត ស្ដ្រីដែល​ប្រឈម​នឹង​ជម្ងឺនេះ​គឺ ដោយសារ​មេរោគ​របេង ដូចជា​របេងសួត របេង​ពោះវៀន​ជាដើម ព្រោះជម្ងឺ​របេង​នេះអាច​ធ្វើឱ្យ​រលាកស្បូន ឬអាង​ត្រគាក​នេះដែរ។ ស្ដ្រី​មួយចំនួន​អាចឆ្លង​តាមការ​រួមភេទ​ដោយមាន​ដៃគូ​ច្រើន ហើយ​ពិសេស​នោះការ​រួមភេទ​ដែល​ពុំមាន​សុវត្ថិភាព​គ្រប់គ្រាន់។ លើសពី នេះរោគ​សង្គម​មួយចំនួន​ក៏ជាដើម​ហេតុ​បង្កឱ្យ​មាន​បញ្ហា​រលាក​អាងត្រគាក​នេះដែរ។ មិនតែ​ប៉ុណ្ណោះ​ការដាក់​កងក្នុង​ស្បូន​ក៏ជា​កត្ដា គួបផ្សំ​ដែល​ធ្វើឱ្យ​ស្ដ្រីងាយ​នឹង​រងគ្រោះ​ដោយសារ​ជម្ងឺ​នេះដែរ។

រោគសញ្ញា​ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

ជម្ងឺនេះ​បានបង្ហាញ​ឱ្យដឹង​អំពី​រោគ​សញ្ញា​មួយចំនួន ដូចជា​អាការរោគ​ក្ដៅខ្លាំង ក្ដៅខ្លួន​រ៉ាំរ៉ៃ ឈឺ​ចុកចាប់​ក្រោមផ្ចិត ឈឺ​ឆ្អឹង​ខ្នងត្រគាក និង​ចង្កេះ ហើយ​រោគសញ្ញា​សំខាន់​នោះគឺ​ធ្លាក់ស​ញឹកញាប់​រ៉ាំរ៉ៃ។ ប្រសិនបើ​ស្ដ្រី​ស្ថិតក្នុង​វ័យ​បន្ដពូជ វ័យ​គឺជា​រោគសញ្ញាបន្ទាប់​បន្សំ​ទៀតផង។ បន្ទាប់មក​រមាស់​ទ្វារមាស នោមឈឺ ឈឺចាប់​ពេល​រួមភេទ ហូរខ្ទុះ​តាម​ទ្វារមាស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

ដើម្បី​ព្យាបាល​ជម្ងឺនេះ អ្នក​ជម្ងឺ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ដើម្បីឱ្យ​គ្រូពេទ្យ​តាមដាន​ដោយដាក់​ថ្នាំ​សម្លាប់​មេរោគ​ខ្លាំង ហើយប្រើ​រយៈពេល​យូរ។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ ក្រោយពេល​ព្យាបាល​ដោយថ្នាំ​មិន​ទទួល​បាននូវ​ជោគជ័យ គ្រូពេទ្យ​អាច​ព្យាបាល ដោយ​វិធី​វះកាត់​ដៃស្បូន ឬ​វះកាត់​ស្បូន​ទាំងមូល​តែម្ដង។ បើក្នុង​ករណី​អ្នកជម្ងឺ​មិនធ្វើ​ការ​ព្យាបាល​ទេនោះ ចំនួន​៤៥ទៅ​៨៥ភាគរយ​នៃស្ដ្រី​ដែលកើត​ជម្ងឺ​រលាក​អាង​ត្រគាក អាចក្លាយ​ទៅជា​អ្នកខ្វះ​សមត្ថភាព​ក្នុងការ​បន្ដពូជ។ មិនតែ​ប៉ុណ្ណោះ​អាចបង្កើន​ឱ្យមាន​គ្រោះថ្នាក់ មាន​គភ៌​នៅក្រៅ​ស្បូន រហូតដល់​ពី៧​ទៅ១០ដង​ខ្ពស់ជាង​ស្ដ្រី​ធម្មតា។

វិធី​ការពារ​ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

ដើម្បី​ការពារ​កុំឱ្យមាន​ជម្ងឺនេះ ស្ដ្រី​គ្រប់រូប​ត្រូវធ្វើ​អនាម័យ​ទ្វារមាស​ឱ្យបាន​ទៀងទាត់។ ត្រូវ​ជ្រើសរើស​វិធី​រួមភេទ ដែលមាន​សុវត្ថិភាព។ ប្រសិនបើ​ស្ដ្រីមាន​ដៃគូ​រួមភេទ​ច្រើន ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ការពារ​ឱ្យបាន​ល្អក្រោយ​ពេល​រួមភេទ។ ព្រោះ​ការពារ​ចំពោះការ​រួមភេទ មិនមែន​ការពារ​តែជម្ងឺ​អេដស៍មួយ​នោះទេ។

ផល​ប៉ះពាល់​ចំពោះ​ជម្ងឺ​រលាក​អាង​ត្រគាក​ស្ដ្រី

ផល​ប៉ះពាល់​នៃជម្ងឺ​រលាក​អាងត្រគាក​ស្ដ្រីគឺ​អាច​បណ្ដាលឱ្យ​ស្ដ្រី​គ្រប់រូប​ពុំមាន​សមត្ថភាព​មានកូន។ ប្រសិន​បើមាន​កូនអាច ស្ថិតនៅ​ក្រៅស្បូន អាច​ប្រឈមមុខ​នឹងជម្ងឺ​មហារីក​មាត់ស្បូន ទារក​អាចស្លាប់​នៅក្នុង​ផ្ទៃ រលូតកូន ទារក​កើតមក​ស្លាប់ អាចបង្ក​ឱ្យ រលាកភ្នែក​ទារក​ដែល​ទើបនឹង​កើត​ជាដើម។ មិនតែ​ប៉ុណ្ណោះ​អាចធ្វើ​ឱ្យស្ដ្រី​មានជម្ងឺ​ស្អិត​ពោះវៀន ឈឺចាប់​ក្នុងពោះ​ផ្នែក​ខាងក្រោម​រ៉ាំរ៉ៃ និង​ប៉ះពាល់​ដល់ការ​កង្វះ​សមត្ថភាព​ក្នុងការ​រួមភេទ​ទៀតផង។ ប្រសិន​បើជម្ងឺ​នេះកើត​ឡើង​រ៉ាំរ៉ៃ ដែល​ឈានដល់​ការ​រលាក​ផ្លូវទឹកនោម នឹងអាច​រាលដាល​ដល់​ប្រព័ន្ធ​ផ្លូវលាមក​ទៀតនោះ ធ្វើឱ្យ​អ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ។ ចំពោះ​ស្ដ្រីដែល​រលាក​អាងត្រគាក​ធ្ងន់ធ្ងរ រហូត​មានការ​ខូចខាត​ដៃស្បូន​ទៅហើយ​នោះ មិនអាច​ព្យាបាល​ឱ្យជា​ដូចដើម​បានឡើយ ព្រោះ​សន្លាក់​ក្នុង​អាងត្រគាក​បានរុញច្រាន​ឱ្យ​ដៃស្បូន​រួមត្បៀត បង្កើន​គ្រោះថ្នាក់​នៃការ​មានគភ៌​ក្រៅស្បូន។ ហើយ​បើទារក​ស្ថិត​នៅក្នុង​ដៃស្បូន​ទៀតនោះ ដៃស្បូន​អាចបែក​បណ្ដាលឱ្យ​ហូរឈាម​យ៉ាងច្រើន ធ្វើឱ្យ​ស្ដ្រីមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ត្រូវតែ​ធ្វើ​អនាម័យ​ខ្លួនប្រាណ ជាពិសេស​ទ្វារមាស​ឱ្យ​ញឹកញាប់ និង​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​នូវជម្ងឺ​ផ្សេងៗ​ដែល​ឆ្លងតាម​បាក់តេរី​តាម​ទ្វារមាស ព្រោះអាច​បង្កឱ្យ​ជម្ងឺ​ជាច្រើន​ជ្រៀតចូល ដូចជា​ជម្ងឺ​រលាក​អាងត្រគាក​ជាដើម។ ម្យ៉ាងទៀត​ស្ដ្រី ដែល​រួមភេទ​ច្រើន ត្រូវ​ជ្រើសរើស​ការ​រួមភេទ​បែបណា​ឱ្យមាន​សុវត្ថិភាព​ល្អ និងចេះ​ការពារ​គ្រប់​កាលៈទេសៈ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *