ជម្ងឺ​រលាក​បាតភ្នែក​កើតលើ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម

ទំនាក់ទំនង​នៃជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​រលាក​បាតភ្នែក គឺមាន​លក្ខណៈ​យ៉ាង​ស្អិតរមួត​បំផុត ដោយសារ​ជម្ងឺ​ទឹកនោម​ផ្អែម​ជាជម្ងឺ​ម្យ៉ាង​ដែលកើត​មកពី​បំលាស់​ប្ដូរមិន​ប្រក្រតី​ក្នុងការ​ដុត និង​សន្សំ​សារជាតិ​ស្ករ​នៅក្នុង​រាងកាយ ដែលជា​ហេតុធ្វើ​ឱ្យកម្រិត​ជាតិស្ករ​ក្នុងឈាម​ឡើងខ្ពស់ ហើយ​អាចធ្វើ​ឱ្យភ្នែក​ស្រវាំង ពីព្រោះតែ​កម្លាំង​នៃក្រសែ​ភ្នែក​ផ្លាស់ប្ដូរ​ទៅតាម​កម្រិត​ជាតិស្ករ​ដែល​មិនទៀងទាត់​នោះ។ នេះជា​បញ្ហាមួយ​ដែលត្រូវ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​លោកអ្នក​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម ដែល​ត្រូវតែ​គិតគូរ​ឱ្យបាន​ល្អ​ចំពោះ​សុខភាព​ភ្នែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ឱ្យកាន់តែ​ច្បាស់ពី​ជម្ងឺ​រលាក​បាតភ្នែក​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើកិច្ច​សម្ភាសន៍​ជាមួយ​លោក វេជ្ជបណ្ឌិត ងី ម៉េង អនុប្រធាន​នៃកម្មវិធី​ជាតិ​សម្រាប់​សុខភាព​ភ្នែក។

អ្វីទៅ​ជាជម្ងឺ​រលាក​បាតភ្នែក​ដែល​កើតលើ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម?

លោកអ្នក​បានដឹង​ហើយថា ជម្ងឺ​ទឹកនោម​ផ្អែម​ជាជម្ងឺ​ដែលមាន​ការ​បំលាស់​ប្ដូរ​មិនធម្មតា ដែលធ្វើ​ឱ្យភ្នែក​មានបញ្ហា​ទៅជា ស្រវាំង។ រយៈពេល​វែងក្នុង​សរសៃ​ឈាម​តូចនឹង​មានការ​ផ្លាស់​ពេញ​រាងកាយ ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់ភ្នែក​អ្នកជម្ងឺ។ ហើយអ្វី ដែល​សំខាន់​នោះគឺ​ធ្វើឱ្យ​រេទីន(បាតភ្នែក)​កាន់តែ​ទ្រុឌទ្រោម​អាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​ទឹកដក់​ក្នុងភ្នែក ហើយ​ទីបំផុត​អ្នកជម្ងឺ​អាចពិការ​ភ្នែកបាន។ ក្រៅពីនេះ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​ទទួល​រងនូវ​ការកើត​ជម្ងឺភ្នែក​ឡើងបាយ​បានលឿន​បំផុត ដោយ​សារតែ​ជាតិស្ករ​ក្នុងឈាម​មានកម្រិត​ខ្ពស់។

មូលហេតុ​បង្កជម្ងឺ​រលាក​បាតភ្នែក​ទៅលើ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម

បាតភ្នែក​របស់អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​អាការ​ទន់ខ្សោយ​មកពី​ការ​ផ្លាស់ប្ដូរ​សរសៃ​ឈាម​តូចៗ ដែល​បញ្ជា​ឈាមឱ្យ​ទៅ​ចិញ្ចឹម​សរសៃ​រេទីន​(បាតភ្នែក)​មាន​ទំហំ​ផ្លាស់ប្ដូរ ដោយ​នៅត្រង់​កន្លែងខ្លះ​ធំជាង​ធម្មតា​ឆ្លាស់គ្នា​នឹង​សរសៃ​ឈាមតូចៗ។ ក្នុង​ករណី ធ្ងន់ធ្ងរ អាច​មាន​សរសៃ​ឈាម​ថ្មីកើត​ឡើង ដុះចេញ​ជាមែក​ធាង ហើយ​ចាក់ចូល​ក្នុង​បាតភ្នែក។ សរសៃឈាម​ថ្មី​ទាំងនោះ​មាន​លក្ខណៈ ស្ដើងខុសពី​ធម្មតា ពេលដែល​សរសៃ​ឈាម​នោះបែក ឈាម​នឹងហូរ​ចូលក្នុង​បាតភ្នែក ហើយ​ធ្វើឱ្យភ្នែក​ស្រវាំង​មួយរំពេច។ សរសៃ ប្រសាទ​ភ្នែក​គឺជាផ្នែក​មួយដ៏​មានសារៈ​សំខាន់​របស់ភ្នែក វាមាន​តួនាទី​ទទួល​រូបភាព​ដូចជា​ហ្វីលថតរូប​អ៊‌ីចឹង​ដែរ។ រូបភាព​ដែល​លេច ឡើង​លើបាត​ភ្នែក នឹង​ត្រូវបញ្ជូន​ទៅខួរក្បាល​តាមរយៈ​សរសៃ​ប្រសាទ។ បើ​សរសៃ​ប្រសាទ​នោះត្រូវ​ខូចខាត ឈាមនឹង​មិនអាច​រត់ទៅ​ចិញ្ចឹម​បាតភ្នែក​គ្រប់គ្រាន់​បានទេ ហើយ​រូបភាព​ដែល​ទទួលបាន​ក៏មិន​ច្បាស់​ដែរ។

ដំណាក់​កាលនៃ​ជម្ងឺ​រលាក​បាតភ្នែក

គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញថា​អ្នកដែល​កើតជម្ងឺ​ទឹកនោម​ផ្អែមអាយុ​លើសពី​៣០ឆ្នាំ​ឡើងទៅ។ ហើយ​បើកើត​ជម្ងឺនេះ​ពី១៥ឆ្នាំ នឹងធ្វើ​ឱ្យអ្នក​ជម្ងឺ​ប្រឈមមុខ​នឹងការ​កើតជម្ងឺ​រលាក​បាតភ្នែក​រហូត​ដល់ទៅ​៦០5។ សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ដែលមាន​អាយុ ក្រោម​៣០ឆ្នាំ ហើយ​កើតជម្ងឺ​នេះ​ចាប់ពី​១៥ឆ្នាំ​ឡើងទៅ នឹងអាច​ទទួល​រងនូវ​ការកើត​ជម្ងឺនេះ​រហូតដល់​៩៨5។ ជម្ងឺ​រលាក​បាតភ្នែក​គឺ​ចែកចេញ​ជាពីរ​ដំណាក់​កាល ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . ដំណាក់កាល​ទីមួយ ៖ ក្នុង​ដំណាក់កាល​នេះ ជម្ងឺ​រលាក​បាតភ្នែក​មិនទាន់​មានការ​ប៉ះពាល់​គំហើញ​ទេ ប្រហែលជា​៨០5 នៃអ្នក​ជម្ងឺ​មិនមាន​អាការ​ការ​ស្រវាំងភ្នែក​នៅឡើយ​ទេ។ អ្នកជម្ងឺ​ភាគច្រើន​មិនបាន​សង្កេត​ឃើញ​ភាពខុស​ប្រក្រតី​ផ្សេងៗ​របស់ភ្នែក​ខ្លួនឯង​ឡើយ លើកលែង​តែក្នុង​ករណី​ដែល​កម្រិត​ជាតិស្ករ​ក្នុងឈាម​ប្រែប្រួល ទើបអាច​បណ្ដាល​ឱ្យ​គំហើញ​ប្រែប្រួល​ជាញឹ​កញាប់។ អាការ​បែបនេះ​អាចដឹង​បាន​លុះត្រា​តែមាន​ការ​ត្រួតពិនិត្យ​វិនិច្ឆ័យ​ជម្ងឺពី​គ្រូពេទ្យ​តែប៉ុណ្ណោះ ដែលអាច​ពិនិត្យ​មើល​ភាពមិន​ប្រក្រតីរបស់​សរសៃ​ឈាម​នៅត្រង់​បាតភ្នែក ឬអាច​រីករួម​មានទំំហំ​មិន​ស្ថិតស្ថេរ។ សរសៃ​ឈាម​ត្រង់​ចំណុច​ខ្លះអាច​ប៉ោង ដូចជា​ក្រពះ​មនុស្សអ៊‌ីចឹង ធ្វើចរន្ដ​ឈាម​រត់មិន​បានល្អ។

2 . ដំណាក់កាល​ទីពីរ ៖ ដំណាក់កាល​ទីពីរ​កើតមាន​ឡើង​នៅពេល​ដែលឈាម​រត់ទៅ​ចិញ្ចឹម​បាតភ្នែក​កកស្ទះ​ធ្វើឱ្យ​គំហើញ​កាន់តែ​ខ្សោយ​ទៅៗ រហូត​អាចដល់​បាត់បង់​គំហើញ​ទាំងស្រុង​បាន។ នៅក្នុង​ដំណាក់​កាលនេះ​អ្នកជម្ងឺ​ត្រូវតែ​ទទួលបាន​ការ​ថែទាំយ៉ាង​ដិតដល់​ពី​គ្រូពេទ្យ ព្រោះថា​ការស្ដារ​គំហើញ​ឱ្យមាន​ឡើងវិញ​មានការ​ពិបាក។ ពេលឈាន​ចូលដល់​ដំណាក់​ទីពីរនេះ អ្នក​ជម្ងឺ​អាច​មានការ​ស្រវាំង​ភ្នែកមួយ​រំពេច ដោយ​មិនមាន​ការ​ឈឺចាប់​ទេ នេះ​ដោយសារ​តែសរសៃ​ឈាមថ្មី​ខុស​ប្រក្រតី​ដុះចេញ​មកពី​បាតភ្នែក ឬ អាច​ដុះចេញ​ពីចំណុច​ស្នូល​របស់បាត​ភ្នែក។

ការ​ព្យាបាល​ជម្ងឺ​រលាក​បាតភ្នែក

គ្រូពេទ្យ​នឹងធ្វើ​ការ​ពិចារណា​ទៅលើ​អាយុ ប្រវត្ដិនៃ​ការព្យាបាល រួមទាំង​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់អ្នក​ជម្ងឺ​ទឹកនោម ផ្អែម រហូតដល់​ការ​វិវត្ដន៍​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​រលាក​បាតភ្នែក មុននឹង​ធ្វើការ​សម្រេច​ចិត្ដ​ព្យាបាល។ វិធី​ព្យាបាល​ដែលមាន​លក្ខណៈ​ប្រសើរ​ជាងគេ គឺការ​បាញ់​កាំរស្មី​ឡាស៊ែរ​ចូលទៅ​ក្នុង​រេទីន​(បាតភ្នែក)។ វិធីនេះ​គឺជាការ​ប្រើប្រាស់​កម្ដៅ ដើម្បី​ទប់ស្កាត់ កុំឱ្យ​ទឹកលឿង​ជ្រាប​ចេញពី​សរសៃ​ឈាម នៅពេល​ដែល​បាតភ្នែក​កំពុង​ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការបាញ់​កាំរស្មី​ឡាស៊ែរ​នេះអាច​ជួយ ឱ្យ​បាតភ្នែក​ជាប់នឹង​សាច់ដុំ​ភ្នែក​ខាងក្នុង​ផងដែរ។ នៅក្នុង​ដំណាក់​កាលទីមួយ អ្នកជម្ងឺ​ត្រូវ​ព្យាបាល​ដោយការ​បាញ់​កាំរស្មី​ឡាស៊ែរ ឱ្យបាន​យ៉ាងតិច​ម្ដងដែរ ព្រោះនឹង​ជួយកាត់​បន្ថយការ​រីក​លូតលាស់​របស់​ជម្ងឺ​រលាក​បាតភ្នែក។ ក្នុង​ដំណាក់កាល​ទីពីរ​វិញ ការ​ព្យាបាល​ធ្វើឡើង​គ្រាន់តែ​ជួយ​ទប់ស្កាត់​ការ​បាត់បង់​គំហើញ​របស់​អ្នកជម្ងឺ​កុំឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន​តែ​ប៉ុណ្ណោះ ដោយអ្នក​ជម្ងឺ​ត្រូវ​បាញ់កាំ​រស្មី ឡាស៊ែរ​ឱ្យបាន​យ៉ាងតិច​៣ដង ដោយ​អាស្រ័យ​ទៅ​ស្ថានភាព​របស់​ជម្ងឺ។

ការ​ការពារ​ជម្ងឺ​រលាក​បាតភ្នែក

អ្នកមាន​ជម្ងឺ​រលាក​បាតភ្នែក​ត្រូវយក​ចិត្ដទុក​ដាក់​បំផុត​ចំពោះ​ការ​ថែរក្សា​សុខភាព​របស់ខ្លួន គឺត្រូវ​គ្រប់គ្រង​ជាតិស្ករ សម្ពាធ ឈាម និង​ជាតិខ្លាញ់​ក្នុងឈាម​ឱ្យបាន​ល្អទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​បាន​ណែនាំ។ សម្រាប់​អ្នកជម្ងឺ​ស្ថិតក្នុង​ដំណាក់​កាលទី១​ត្រូវ​ធ្វើ លំហាត់​ប្រាណ​ឱ្យបាន​ជាប្រចាំ។ បើចំពោះ​អ្នក​ជម្ងឺ​ដែល​នៅក្នុង​ដំណាក់​កាលទី២​វិញ គួរតែ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​សមល្មម​បាន​ហើយ ត្រូវ​ចៀសវាង​កីឡា​ណាដែល​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង ដូចជា​ការ​គ្រវីក្បាល ឬ​កីឡា​ណាដែល​ត្រូវប្រើ​សាច់ដុំ​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ការ​តាមដាន​ចំពោះជម្ងឺ​រលាក​បាតភ្នែក​នៅ​ដំណាក់​កាល​ដំបូង​ជាវិធី​ដែលល្អ​បំផុត​ក្នុងការ​ការពារ​ភាព​ពិការភ្នែក។ ទោះបី​ជា គ្មាន​រោគសញ្ញា​ណាមួយ​បង្ហាញ​ក៏ដោយ ក៏​គួរតែ​ទៅ​ត្រួតពិនិត្យ​ភ្នែក​ឱ្យបាន​យ៉ាងតិច​ម្ដងក្នុង​មួយឆ្នាំ​ដែរ។ ហើយ​បើការ​ពិនិត្យ​ឃើញ​ថាមាន​ជម្ងឺ​រលាក​បាតភ្នែក អ្នកជម្ងឺ​ត្រូវតែ​មកពិនិត្យ​ភ្នែក​ឱ្យបាន​ញឹកញាប់ និងជា​ប្រចាំ ដើម្បី​ធ្វើការ​តាមដាន​ពីស្ថានភាព​ជម្ងឺ និង​ដើម្បី​ការពារ​ភាព​ធ្ងន់ធ្ងរ​ណាមួយ​ដែលអាច​កើតមាន​ឡើង។ គ្រូពេទ្យ​នឹងអាច​ជួយស្ដារ​គំហើញ​របស់​លោកអ្នក​បាន​ទាន់ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥១ ខែមេសា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *