កាលពីលេខមុន លោកអ្នកបានជ្រាបហើយអំពីជាតិកាល់ស្យូម។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដលើកយកអត្ថប្រយោជន៍នៃជាតិអ៊ីយ៉ូដ ដែលជារ៉ែខនិជសំខាន់សម្រាប់សុខភាពមនុស្ស។ ថ្មីៗនេះ ជាតិអ៊ីយ៉ូដត្រូវបានយកទៅ ប្រើប្រាស់សម្រាប់បង្ការសុខភាពពេលមានការផ្ទុះនុយក្លេអ៊ែរ និងការសាយភាយសារធាតុវិទ្យុសកម្ម។
តួនាទីជាតិអ៊ីយ៉ូដ
សារធាតុឬរ៉ែខនិជអ៊ីយ៉ូដ ដែលចាត់ចូលទៅក្នុងចំណាត់ថ្នាក់សារធាតុរ៉ែខនិជ ឬសារធាតុអាហារបំប៉ន គេស្គាល់ថាជា សារធាតុរ៉ែខនិជទប់ស្កាត់ការអស់កម្លាំង មានតួនាទីពិសេសៗដូចតទៅ។
– ផលិតអ័រម៉ូនទីរ៉ូអ៊ីដ ៖ សារធាតុអ៊ីយ៉ូដ ចូលរួមនៅក្នុងការបង្កើតអ័រម៉ូនទីរ៉ូអ៊ីដ ដែលដើរតួនាទីសំខាន់នៅក្នុងការវិវឌ្ឍន៍ លូតលាស់នៃខួរក្បាល និងរូបរាងកាយ។ ក្រពេញទីរ៉ូអ៊ីដជះឥទ្ធិពលទៅលើមុខងារសរីរាង្គកាយជាច្រើន ជាអាទិការសម្របតម្រូវ សីតុណ្ហភាព ប្រព័ន្ធបេះដូងសរសៃឈាម ប្រព័ន្ធប្រសាទ ព្រមទាំងមុខងារផ្លូវដង្ហើម និងផ្លូវទឹកនោម។
– ប្រឆាំងការអស់កម្លាំង ៖ អ៊ីយ៉ូដមានតួនាទីប្រឆាំងតបតនឹងការអស់កម្លាំងកំហែង។
– បង្កើតវីតាមីនអា ៖ អ៊ីយ៉ូដក៏ចូលរួមផងដែរ ក្នុងការធ្វើឱ្យផ្លាស់ប្ដូរនៃការ៉ូទែន(ប្រូវីតាមីនអា)ឱ្យប្រែក្លាយទៅជា វីតាមីនអា គឺជាសារធាតុដែលធ្វើឱ្យមានសុខភាពស្បែក ក្រចក និងសក់ល្អ នាំឱ្យអារម្មណ៍ស្ងប់ស្ងាត់ និងស្រកទម្ងន់ជាដើម។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិអ៊ីយ៉ូដ
ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជាប្រចាំនូវសារធាតុអ៊ីយ៉ូដក្នុងបរិមាណចំនួន១៥០មីក្រូក្រាម។ ប៉ុន្ដែតួលេខនេះ អាចកើនឡើងដល់ទៅ២០០មីក្រូក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និងសម្រាប់ស្ដ្រីបំបៅដោះកូន។
កង្វះជាតិអ៊ីយ៉ូដ នាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើយើងទទួលទានសារជាតិអ៊ីយ៉ូដមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់។ ផល ប៉ះពាល់ទាំងនោះ ដែលចម្បងជាងគេ គឺជម្ងឺពកក ការអាឬគ្មានកូន ការរលូតកូនដោយឯកឯង សតិស្មារតីលូតលាស់យឺតយ៉ាវ មិនសូវ សម្បូររោមលើខ្លួន ឧស្សាហ៍ទល់លាមក ភាំងៗ ឡើងទម្ងន់ និងថមថយកាមតណ្ហា។
ចំណីអាហារដែលមានជាតិអ៊ីយ៉ូដ
ជាតិអ៊ីយ៉ូដមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាអំបិលសមុទ្រ ត្រីសមុទ្រ ខ្យងខ្ចៅ ខ្ទឹមបារាំង សណ្ដែកដី ម្នាស់ជាដើម។
ប្រការគួរយល់ដឹងផ្សេងទៀតអំពីជាតិអ៊ីយ៉ូដ
ជាទូទៅ យើងមានកង្វះជាតិអ៊ីយ៉ូដ។ ការលើសក៏ដូចជាការខ្វះអ៊ីយ៉ូដដែរ អាចបណ្ដាលឱ្យមានជម្ងឺពកក។ បែបនេះមិន មែនជារឿងដែលកម្រនោះទេ ហើយឱសថមួយចំនួនក៏អាចជាអ្នកបង្កផងដែរ ដូចជាថ្នាំបេះដូង ថ្នាំរម្ងាប់មេរោគ(បេតាឌីន) និងឱសថដែលចាក់សម្រាប់ការថតឆ្លុះ។ ជាលទ្ធផល គឺអាចនាំឱ្យក្រពេញទីរ៉ូអ៊ីដលែងដំណើរការ និងមានផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗទៀត។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
Leave a Reply