ជម្ងឺអ៊ីវី៧១ នៅតែជាព័ត៌មានដ៏ក្តៅគគុកមួយសម្រាប់ដំណោះស្រាយរបស់ក្រសួងសុខាភិបាល រួមជាមួយអង្គការសុខភាពពិភពលោក ធ្វើការអប់រំ និងផ្សព្វផ្សាយឲ្យបានត្រឹមត្រូវចំពោះស្ថានភាពជម្ងឺរបស់ការស្លាប់នៃកុមារកម្ពុជាទាំងឡាយ។ កាលពីពេលកន្លងទៅថ្មីៗ អង្គការសុខភាពពិភពលោកក៏ត្រូវខាងមន្ទីរពេទ្យគន្ធបុប្ផារិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះការសន្និដ្ឋាន និងការផ្សព្វផ្សាយរបស់ខ្លួនដែលមកដល់ពេលនេះ ខាងអង្គការសុខភាពពិភពនៅមិនទាន់មានប្រតិកម្មតបវិញនៅឡើយ។ ប៉ុន្តែថ្មីៗនេះ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ថ្មីស្តីអំពីជម្ងឺអ៊ីវី៧១នេះ ហើយក្នុងនោះក៏មានអ្នកជម្ងឺជាកុមារចំនួនបីនាក់បានជាសះស្បើយពីជម្ងឺនេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២៧ កក្កដា បានឱ្យដឹងថា ក្រសួងសុខាភិបាលនឹងចាប់ផ្តើមយុទ្ធនាការអប់រំសុខភាព និងបង្កើនការតាមដានលើជម្ងឺពងបែកដៃជើង និងក្នុងមាត់កុមារ ដោយតម្រូវឱ្យមន្ទីរពេទ្យនានារាយការណ៍ពីករណីជម្ងឺនេះទាំងស្រាល និងធ្ងន់ក្នុងចំណោមកុមារ ជាពិសេស ទម្រង់ធ្ងន់ធ្ងរនៃជម្ងឺពងបែកដៃ ជើង និងក្នុងមាត់ ដែលបង្កដោយមេរោគអ៊ីវី៧១។
សេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងបន្តថា មានការរកឃើញករណីសរុបចំនួន៧៨ករណី ដែលក្នុងនោះ៦២ករណី បានរាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា និងករណីមួយចំនួនទៀតត្រូវបានរាយការណ៍ពីមន្ទីរពេទ្យដទៃផ្សេងទៀត ។ ក្នុងចំណោមករណីទាំងអស់នោះ ការអង្កេតស្រាវជ្រាវបានសង្កត់ធ្ងន់តែលើ៦១ករណី ដែលមានរោគសញ្ញានៃជម្ងឺអ៊ីវី៧១តែប៉ុណ្ណោះ ។ ការតាមដានចុងក្រោយទៅលើករណីទាំង៦១ បានបង្ហាញថា ៥៦ករណីបានស្លាប់ និង៣ករណីជាសះស្បើយ។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មាន៥៣៣ករណីនៃជម្ងឺពងបែកដៃ ជើង និងក្នុងមាត់ស្រាលត្រូវបានរាយការណ៍មកក្រសួងសុខាភិបាលពី ១៧ខេត្តក្រុង ក្នុងចំណោម ២៤ រាជធានី-ខេត្ត និងមាន៩ករណីស្លាប់ ១ករណីជាសះស្បើយ និង៥ករណីកំពុងសម្រាកព្យាបាល។
ជម្ងឺពងបែកដៃ ជើង និងក្នុងមាត់ស្រាល ភាគច្រើនមានរោគសញ្ញាគ្រុនក្តៅ។ ករណីទាំងនេះអាចព្យាបាលនៅផ្ទះ ឬនៅមណ្ឌលសុខភាព។ ភាគច្រើននៃករណីស្រាលទាំងនេះ ជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ ប៉ុន្តែមានកុមារមួយចំនួនអាចវិវត្តទៅជាធ្ងន់ធ្ងរ ដោយមានរោគសញ្ញាគ្រុនក្តៅ និងសញ្ញាប្រព័ន្ធប្រសាទ ដូចជា ក្អួត ប្រកាច់ ឬរឹងដៃរឹងជើង ឬមានសញ្ញាផ្លូវដង្ហើមដូចជា ដង្ហើមញាប់ ឬពិបាកដកដង្ហើម ។ កុមារទាំងនេះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា «ឪពុកម្តាយទាំងឡាយដែលមានរោគសញ្ញា គ្រុនក្តៅខ្លាំង ក្អួត រឹងដៃជើង ឬពិបាកដកដង្ហើម ត្រូវនាំយកទៅមន្ទីរពេទ្យឱ្យបានឆាប់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល»។ ចូរលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក។ ជាពិសេសបន្ទាប់ពីប៉ះពងបែក ឬដំបៅ មុនរៀបចំអាហារបរិភោគ មុនបញ្ចុកអាហារដល់កុមារ បន្ទាប់ពីបន្ទោបង់រួច និងបន្ទាប់ពីលាងសម្អាត ឬងូតទឹកឱ្យកុមារដែលមានជម្ងឺនោះរួច។
បច្ចុប្បន្នក្រសួងសុខាភិបាល សហការជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បាននិងកំពុងបង្កើតសម្ភារអប់រំ និងផ្តល់ព័ត៌មានដល់សាធារណជនអំពីជម្ងឺនេះ។ ព័ត៌មានផ្សេងៗស្តីពីជម្ងឺពងបែកដៃជើង និងក្នុងមាត់ លោកអ្នកអាចចូលមើលនៅគេហទំព័រ សុខភាពកម្ពុជា www.HealthCambodia.com ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២
Leave a Reply