បច្ចុប្បន្ននេះកម្ពុជាមានប្រជាពលរដ្ឋជាច្រើនកាន់តែយល់ច្បាស់អំពីការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះសាច់ញាតិឬ គ្រួសារដទៃ ដែលធ្វើឡើងតាមការអប់រំរបស់វេជ្ជបណ្ឌិតជំនាញ។ ប្រជាពលរដ្ឋទូទៅបានស្ម័គ្រចិត្ដបរិច្ចាគឈាមប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការធ្វើតេស្ដឈាមយ៉ាងត្រឹមត្រូវទៅលើសុខភាពមុនពេលដែលសម្រេចចិត្ដថាត្រូវឱ្យប្រជាពលរដ្ឋរូបនោះធ្វើការបរិច្ចាគ…។
តម្រូវការឈាមមានការកើនឡើង
លោក ហុក គឹមចេង អនុប្រធានមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យអង្គឌួងបានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាព យើងថាបច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យអង្គឌួងបានធ្វើការបែងចែកឈាមជួយសង្គ្រោះដល់ប្រជាពលរដ្ឋតាមសេចក្ដីត្រូវការបានយ៉ាងគាប់ប្រសើរ តាមរយៈការស្នើសុំរបស់វេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យនានា ឬនៅតាមបណ្ដាខេត្ដមួយចំនួនទៅតាមប្លោកឈាមដែលទទួលបានពីការប្រមូលពីអ្នកស្ម័គ្រចិត្ដផ្ដល់ឈាមក្នុងលក្ខណៈជាក្រុមគ្រួសារញាតិមិត្ដ ឬមជ្ឈមណ្ឌលចុះទៅប្រមូលឈាមខាងក្រៅពីអ្នកស្ម័គ្រចិត្ដផ្ដល់ឈាមតែម្ដង។ បើតាមតួលេខនៅក្នុងឆ្នាំ២០០៨កន្លងមកនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលអំណោយឈាមបាន១៩ ៨០២ប្លោកពីអ្នកស្ម័គ្រចិត្ដ ក្នុងនោះក៏មានអ្នកស្ម័គ្រចិត្ដមួយចំនួនបានផ្ដល់ឈាមរហូតដល់ពីរទៅបី ដងក្នុងមួយឆ្នាំផងដែរ។
ការថយចុះនូវការបរិច្ចាគឈាម
នៅក្នុងឆ្នាំ២០០៩ អំណោយឈាមដែលមជ្ឈមណ្ឌលផ្ដល់ឈាមទទួលបានមានការថយចុះបន្ដិចបន្ដួចតែប៉ុណ្ណោះ គឺនៅសល់ ត្រឹមតែ១៨ ៥៧១ប្លោក។ ដោយសារតែមានការពង្រឹងទៅលើការប្រើប្រាស់ឈាមឱ្យបានត្រឹមត្រូវ នៅតាមមន្ទីរពេទ្យក៏មានការចូលរួមពីវេជ្ជបណ្ឌិតដែលបានស្នើសុំឈាម ដោយធ្វើការពិចារណាឱ្យបានហ្មតចត់មុននឹងសម្រេចចិត្ដធ្វើការចាក់បញ្ចូលឈាមទៅឱ្យអ្នកជម្ងឺនីមួយៗ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។ ម្យ៉ាងទៀតមានគ្រូពេទ្យមួយចំនួនបានស្នើសុំឈាមទៅតាមតម្រូវការឈាមរបស់អ្នកជម្ងឺ ព្រោះកន្លងមកអ្នកជម្ងឺខ្វះឈាមមួយចំនួនយកឈាមទៅបញ្ចូលដោយមិនធ្វើការពិនិត្យពិច័យជាមុននោះឡើយ គឺ យកឈាមទៅដាក់តែម្ដង។ ប៉ុន្ដែបច្ចុប្បន្ននេះដោយមានការប្រុងប្រយ័ត្នខ្លាចក្រែងឈាមមានមេរោគ ឬឈាមមានប្រភេទខុសគ្នា នោះគ្រូពេទ្យអាចស្នើសុំគ្រាប់ឈាមក្រហមជាប្លាស្មាឬជាប្លាកែត។ មានន័យថា ការចាក់បញ្ចូលឈាមនោះទៅតាមអ្វីដែលអ្នកជម្ងឺត្រូវការ។ ដូច្នេះហើយទើបចំនួនមានការថយចុះបន្ដិច ប៉ុន្ដែវាប្រសើរជាងមុន ហើយមានសុវត្ថិភាពចំពោះអ្នកជម្ងឺទៀតផង។
មន្ទីរពេទ្យទទួលអំណោយឈាមដោយផ្ទាល់ពីអ្នកស្ម័គ្រចិត្ដ
ដោយមានការអំពាវនាវ និងវិធីសាស្ដ្រអប់រំរបស់គ្រូពេទ្យជំនាញនៅក្នុងឆ្នាំ២០០៩នេះ មានប្រជាពលរដ្ឋជាង៤២២៥នាក់ ដែលបានស្ម័គ្រចិត្ដដោយចូលមកផ្ដល់ឈាមដល់មជ្ឈមណ្ឌលផ្ដល់ឈាម និងនៅតាមមន្ទីរពេទ្យនានា។ មជ្ឈមណ្ឌលក៏ចុះទៅទទួលអំណោយឈាមនៅតាមមូលដ្ឋានបានចំនួន៦៧៤៣នាក់តាមរយៈការអប់រំ និងអំពាវនាវឬឃោសនាដើម្បីឱ្យពួកគេយល់ដឹងអំពីបញ្ហា និងផលប្រយោជន៍ក្រោយការធ្វើការបរិច្ចាគឈាមនោះ ហើយមជ្ឈមណ្ឌលផ្ដល់ឈាមយល់ថា ការដើរមកផ្ដល់ឈាមឬផ្ដល់ឈាម តាមមូលដ្ឋានចល័ត គឺចាត់ទុកថា អ្នកទាំងនោះជាអ្នកស្ម័គ្រចិត្ដផ្ដល់ឈាម ហើយតួលេខសរុបអាចមាន៣០ភាគរយ ហើយ៧០ភាគរយ ទៀតគឺជាអ្នកផ្ដល់ឈាមជំនួសសាច់ញាតិ និងក្រុមគ្រួសារ។
ដំបូន្មានអ្នកជំនាញ
ការបរិច្ចាគឈាម ឬផ្ដល់ឈាមឱ្យទៅក្រុមគ្រួសារញាតិឬអ្នកដទៃ មិនបានប៉ះពាល់សុខភាពផ្លូវកាយធ្វើឱ្យចុះទ្រុឌទ្រោមនោះទេ តែផ្ទុយទៅវិញវាអាចជាឱកាសល្អមួយសម្រាប់ប្រជាពលរដ្ឋទូទៅដឹងពីសណ្ឋាននៃជម្ងឺខ្លួនឯងដែលមាននៅក្នុងខ្លួន។ ព្រោះថាមុននឹងធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនោះ គឺត្រូវមានគ្រូពេទ្យជំនាញធ្វើការពិនិត្យយ៉ាងយកចិត្ដទុកដាក់ទៅលើសុខភាពទូទៅ និងធ្វើតេស្ដឈាមយ៉ាងត្រឹមត្រូវមុននឹងបូមឈាមនោះចេញ។ មិនតែប៉ុណ្ណោះពលរដ្ឋគ្រប់រូបអាចផ្ដល់ឈាមបានយ៉ាងតិចបំផុត៣ដង ក្នុងមួយឆ្នាំផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply