វីតាមីន(ត) ៖ វីតាមីន​បេ១

នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង ជាច្រើន​លេខ​ទៅហើយ ដែល​លោកអ្នក​បាន​ទទួល​ជ្រាប​អំពី​សារជាតិ​វីតាមីន។ នៅលេខ​នេះ សុខភាព​យើង បន្ដលើក​យកមក​ជម្រាប​ជូន​ជាបន្ដ​ទៅទៀត​នូវ​ពពួក​វីតាមីន​បេ(B)។ សូម​បន្ដ​តាមដាន​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​អំពី​ក្រុម​វីតាមីន​បេ ប្រភេទ​នីមួយៗ និង​លក្ខណៈ​ខុសគ្នា​ដូចតទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្រុម​វីតាមីន​បេ

វីតាមីន​បេ​ជាប្រភេទ​វីតាមីន​ដែល​រលាយ​ក្នុងទឹក ហើយ​មាន​អត្ថ​ប្រយោជន៍​យ៉ាង​សម្បូរ​បែប​ទៅតាម​ប្រភេទ​នីមួយៗ។ បើយើង​ពិនិត្យ​តាមការ​ដាក់​ឈ្មោះ​វីតាមីនបេ​មាន​ប្រមាណ​ជា១៥​ប្រភេទ​ឯណោះ គឺពី​បេ១​រហូត​ដល់​បេ១៥។ ប៉ុន្ដែ​ប្រភេទ​បេ​ទាំងអស់​នេះ ខ្លះ​មិនមាន​លក្ខណៈ​ពេញ​លេញ​ជាវីតាមីន​ពិតប្រាកដ​នោះទេ ពោល​នៅក្នុង​នោះមាន​តែ៨​ប្រភេទ​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈ​ជា​វីតាមីន​ពិតប្រាកដ និងមាន​សារៈ​ប្រយោជន៍​សម្រាប់​សុខភាព និង​រាងកាយ​របស់មនុស្ស គឺវីតាមីនបេ​១ បេ២ បេ៣ បេ៥ បេ៦ បេ៨ បេ៩ និង​វីតាមីន​បេ១២។ ហេតុនេះ​ជាបន្ដបន្ទាប់​ទៅនេះ ទស្សនាវដ្ដី សុខភាព​យើង នឹងលើក​យក​វីតាមីន​បេ​ទាំង៨​មុខនេះ​មក​ជម្រាប​ជូន​ម្ដង​មួយមុខ។

តួនាទី​វីតាមីន​បេ១

វីតាមីន​បេ១ ឬ​ហៅជា​ភាសាគីមី​សាស្ដ្រ​ថា នីធ្យាមីន អាច​ហៅជា​ភាសា​ប្រជាជន​ថា វីតាមីន​សតិស្មារតី​ឬ​វីតាមីន​សុទិដ្ឋិ​និយម។ វីតាមីន​បេ១​នេះមាន​តួនាទី​ពិសេសៗ​ដូចតទៅ ៖

  • បំប្លែង​មេតាបូលីស ៖ វីតាមីន​បេ១​ដើរ​តួនាទី​សំខាន់​នៅក្នុង​ដំណើរ​ការ​ប្រើប្រាស់​ជាតិ​សាច់ប្រូតេអ៊ីន ជាតិខ្លាញ់​លីពីដ និង ជាតិស្ករ​ក្លុយស៊ីដ។ ពោល​គឺវា​ចូលរួម​ក្នុងការ​ផ្លាស់ប្ដូរ​ជាតិស្ករ សារធាតុ​ខ្លាញ់ និង​ជាតិ​អាល់កុល​(ស្រា)ទៅជា​ថាមពល។
  • ជួយ​ប្រព័ន្ធ​ប្រសាទ ៖ ក្រៅពី​សមត្ថភាព​ជួយដល់​មេតាបូលីស វីតាមីន​នេះមាន​អត្ថ​ប្រយោជន៍សម្រាប់​ដំណើរ​ការ​វិវឌ្ឍន៍ បានល្អ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ ពោល​គឺជា​វីតាមីន​ដែល​ជួយដល់​ផ្លូវចិត្ដ ហាក់​ដូចជា​ធ្វើឱ្យ​ជីវិត​មាន​សភាព​ស្រស់បំ​ព្រង ឬ​ហៅថា ជីវិត​ផ្កាកុលាប​នោះ។
  • ជួយ​បំបាត់​សម្លាក ៖ វីតាមីន​បេ១​អាច​ជួយឱ្យ​របួស​ស្នាម និង​សម្លាក​ឆាប់​ជាសះស្បើយ​បានលឿន និង​ឆាប់រហ័ស។
  • ជួយ​សតិស្មារតី និង​សតិបញ្ញា ៖ តួនាទី​ចុងក្រោយ​ដែល​សំខាន់​ផងដែរ គឺ​វីតាមីន​បេនេះ​អាចជួយ​ឱ្យ​សតិស្មារតី និង​សតិ បញ្ញា​ប្រសើរ។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីនបេ១

មនុស្ស​ត្រូវ​ទទួលទាន​ចូលទៅ​ក្នុងខ្លួន​ជាប្រចាំ​ថ្ងៃនូវ​វីតាមីនបេ១​ក្នុង​បរិមាណ​ចំនួន​ពី១,៣មីលីក្រាម​ទៅ១,៨​មីលីក្រាម។ ពោល​គឺអាច​១,៣​មីលីក្រាម​សម្រាប់​បុរស ១,១មីលីក្រាម​សម្រាប់​ស្ដ្រី និង​១,៨មីលីក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និងស្ដ្រី​ដែល​កំពុង បំបៅដោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កង្វះ​ជាតិ​វីតាមីនបេ១​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិនជា​មនុស្ស​យើង​ទទួលទាន​វីតាមីនបេ១​នេះមិន​គ្រប់គ្រាន់ អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ​មាន​ដូចជា​ជម្ងឺ​ហើមខ្លួន​ឬ​បេរីបេរី​(ជម្ងឺ​នេះកើត​មានច្រើន​នៅ​សម័យខ្មែរ​ក្រហម​កាន់កាប់​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះមិន​សូវមាន​ទៀតនោះទេ) ល្វើយ​កម្លាំង សាច់ដុំ​ជ្រាយ ឬ​គ្មានកម្លាំង​កំហែង ស្ពឺក​ដៃជើង រលាក​ប្រព័ន្ធ​ប្រសាទ មិនឃ្លាន​អាហារ វិបត្ដិ​ផ្លូវ​រំលាយ​អាហារ វិបត្ដិ​សតិ​អារម្មណ៍​ឬការ​ចងចាំ និង​សភាព​ឆ្លេឆ្លា។

ចំណី​អាហារ​ដែលមាន​វីតាមីនបេ១

វីតាមីនបេ១​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូច​តទៅ ៖

  • គ្រាប់​ធញ្ញជាតិ​ទាំងមូល
  • បន្លែ​ផ្លែឈើ
  • ស៊ុត​ពណ៌លឿង
  • ជាតិមេ​ឬមេស្រា​បៀរ
  • សាច់​សត្វស្លាប និង​សាច់ត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​ដែលត្រូវ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ១

មនុស្ស​ដែលគួរ​ត្រូវតែ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ១ ជាជំនួយ​បន្ថែម​មាន​ដូចតទៅ ៖

  • អ្នកដែល​ពិសា​សុរា ឬ​ប្រមឹក​ស្រា អ្នក​ចូលចិត្ដ​ពិសា​កាហ្វេ ឬអ្នក​ជក់បារី
  • អ្នកដែល​មាន​ស្ថានភាព​មេតា​បូលីស​កើនឡើង ដូចជា​អ្នក​ស្ដ្រេស្ស​ឬ​តានតឹង​ចិត្ដខ្លាំង អ្នក​កីឡាករ អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម និង​អ្នក​កើតជម្ងឺ​ពកក​ឬជម្ងឺ​ក្រពេញ​ទីរ៉ូអ៊ីដ​នៅ​បំពង់ក។
  • អាចប្រើ​សម្រាប់​អ្នកជម្ងឺ​ស្ពឹកមុខ វៀចមុខ រលាក​សរសៃ​ប្រសាទ​ភ្នែក និងជម្ងឺ​ប្រព័ន្ធ​ប្រសាទ​ផ្សេងៗ​ទៀត។

តម្រូវការ​ថ្នាំ​វីតាមីន​បេ១​ជាប្រចាំ​ថ្ងៃ

ជាប្រចាំ​ថ្ងៃ មនុស្ស​ត្រូវ​ទទួលទាន​គ្រាប់ថ្នាំ​វីតាមីន​បេ១​នេះ​ប្រមាណ​ពី១,៣​ទៅ១,៨​មីលីក្រាម នៅក្នុង​ស្ថានភាព​ធម្មតា។ តម្រូវ​ការនេះ​អាច​កើនឡើង​ចំពោះ​អ្នក​ទទួល​សុរា អ្នក​ជក់បារី អ្នកមាន​បំបៅ​ដោះកូន អ្នកមាន​ផ្ទៃពោះ អ្នកលេង​កីឡា ឬអ្នក​ហាត់ប្រាណ​ជាដើម។ ក្នុង​ករណី​ស្ដ្រេស្ស​ឬ​តានតឹង​អារម្មណ៍​ខ្លាំង លោកអ្នក​អាច​ទទួលទាន​គ្រាប់ថ្នាំ​វីតាមីន​បេ១​នេះអាច​កើនឡើង​ដល់​ទៅ ២០០ដង​ក៏បាន​ដែរ។ ប្រសើរ​បំផុត វីតាមីន​បេ១​ត្រូវ​ទទួលទាន​លាយ​ជាមួយ​វីតាមីន​បេ​ដទៃទៀត ប្រមាណ​ជា៣ដង​ក្នុង​១ថ្ងៃ ដើម្បី​ឱ្យការ​ស្រូប​ធ្វើឡើង​បានល្អ។

  • ករណី​បង្ការ ៖ សូម​ទទួលទាន​វីតាមីន​បេ១​ចំនួន​២៥មីលីក្រាម​ក្នុង១ថ្ងៃ
  • ករណី​ព្យាបាល ឬ​កង្វះ​ខ្លាំង ៖ សូម​ទទួលទាន​ចំនួន​ពី៥០​ទៅ១០០​មីលីក្រាម​ក្នុង​១ថ្ងៃ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *