ជារៀងរាល់ពេលទំនេរពីការងារលោកអ្នកមួយចំនួនតែងសម្រាកកាយសប្បាយជាមួយនឹងការម៉ាស្សាខ្លួន បាតជើង ស្ប៉ា ស្ទីម ឬត្រាំទឹកផ្កាជាដើម ដើម្បីឱ្យខ្លួនប្រាណមានសភាពស្រស់ថ្លា និងមានអារម្មណ៍ស្រស់ស្រាយ។ សុភាពនារីគឺបានទទួលស្គាល់ពី អត្ថប្រយោជន៍ពីការស្ប៉ា ជាពិសេសគឺការងូតទឹកត្រាំផ្កាដែលបានផ្ដល់នូវអារម្មណ៍ដ៏ស្រស់ស្រាយបន្ទាប់ពីបានត្រាំរួច។
លោកស្រី ជា ពុទ្ធាសត្យា អ្នកគ្រប់គ្រងនៃឡាបែលឡាស្ប៉ា និងសាឡន បានជួបជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីធ្វើការបកស្រាយពីផលប្រយោជន៍នៃការត្រាំទឹកផ្កានេះ ជូនសុភាពនារីទាំងឡាយដែលមិនទាន់បានសាកល្បង។
ងូតទឹកបន្ថែមភាពក្រអូប
ដើម្បីបន្ថែមសោភ័ណភាពចំពោះសម្រស់ស្បែក លោកអ្នកអាចធ្វើការសាកល្បងជាមួយការងូតទឹកត្រាំផ្កា ពេលនោះលោក អ្នកនឹងទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ដ។ ការងូតទឹកត្រាំផ្កាលោកអ្នកអាចជ្រើសរើសក្លិន ដូចជាក្លិនទឹកដោះគោ ឬក្លិនជាតិរ៉ែធម្មជាតិ ដោយមានលាយអំបិល ផ្កា និងក្រូចសើចផងដែរ។ ការត្រាំទឹកផ្កានេះលោកអ្នកអាចធ្វើបាននៅតាមបណ្ដាហាងស្ប៉ាមួយចំនួន តែបើលោកអ្នកចង់ធ្វើការសាកល្បងដោយខ្លួនឯងនៅផ្ទះ គឺមិនមានការពិបាកសាកល្បងនោះទេ។ ក្នុងការត្រាំទឹកផ្កានេះវត្ថុ រួមផ្សំមានដូចជាទឹកមួយអាងល្មម ទឹកដោះគោមួយកែវទឹកធម្មតា អំបិលមួយក្ដាប់ និងមានផ្កាក្រអូបៗ ដូចជាផ្កាម្លិះ ឬផ្កាកូលាបជាដើម។ តែត្រូវចៀសវាងជ្រើសរើសផ្កាណាដែលមានលម្អង ព្រោះវាអាចមានកម្ទេចលម្អងចូលក្នុងទឹកធ្វើឱ្យស្បែករោល ឬរមាស់ជាដើម។ ត្រាំទឹកផ្កាអាចប្រព្រឹត្ដទៅយ៉ាងយូរគឺរយៈពេល៣០នាទីប៉ុណ្ណោះ បើត្រាំយូរពេកក៏អាចបណ្ដាលឱ្យយើងអស់កម្លាំង និងស្បែកប្រែជាស្រពោនស្ងួតទៅវិញ។
សារៈប្រយោជន៍នៃការងូតទឹកត្រាំផ្កា
ការងូតទឹកត្រាំផ្កាគឺជួយសម្រស់ស្បែកឱ្យកាន់តែស្អាតតាមលក្ខណៈធម្មជាតិ និងបានទទួលអារម្មណ៍ធូរស្រាល ស្រស់ស្រាយ ព្រមទាំងជួយបំបាត់ការនឿយហត់ពីការងារទាំងឡាយទៀតផង។ ការត្រាំទឹកផ្កាប្រៀបដូចជាឱសថមួយដែលជួយរាល់ពេលដែលលោកអ្នកមានអារម្មណ៍អស់កម្លាំង ស្ដ្រេសនឹងការងារច្រើន ឬឈឺក្បាលជាដើម គឺនៅពេលបានងូតទឹកក្ដៅឧណ្ហៗប្រែជាត្រជាក់បន្ដិចម្ដងជាមួយផ្កាដ៏ក្រអូប លោកអ្នកនឹងទទួលបានអារម្មណ៍ថ្មីស្រឡាងស្រស់ស្រាយ និងមានអារម្មណ៍ស្រួលខ្លួន។
ដំបូន្នានអ្នកជំនាញ
បើសិនជាលោកអ្នកដែលមានអាងត្រាំទឹកប្រចាំខ្លួន រៀងរាល់ពេលទំនេរអាចសាកល្បងងូតទឹកត្រាំផ្កានេះបាន ពេលនោះ លោកអ្នកនឹងបានជ្រាបពីសារៈប្រយោជន៍ដែលជួយទៅសម្រស់ស្បែក និងមានអារម្មណ៍ស្រស់ថ្លាជាក់ជាមិនខាន។ ការថែរក្សាសម្រស់ស្បែកតាមលក្ខណៈធម្មជាតិដែលទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ដ គឺជាក្ដីបំណងប្រាថ្នាចំពោះសុភាពនារីគ្រប់ៗរូប។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply