វិធី​ថែរក្សា​ស្បែក​ក្បាល

ស្បែកក្បាល​មានបញ្ហា​ជារឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ។ ស្បែកក្បាល​ដែលមាន​បញ្ហាគឺ​បណ្ដាល​មកពី​លោកអ្នក​មិនបាន យកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ដិតដល់។ ការ​ថែរក្សា​ស្បែក​ក្បាល​មិនមែន​ជារឿង​មួយដែល​លំបាក​នោះទេ។ ស្បែកក្បាល​ស្អាត​គឺអាច​ធ្វើឱ្យ​លោកអ្នក​ចំណេញ​នូវ​ពេលវេលា រួមទាំង​ថវិកា​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​សហការណ៍​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស នៃ​សម្អាងការ​លុច្ស ដើម្បី​ពន្យល់​អំពីការ​ថែរក្សា​ស្បែកក្បាល។

កត្ដាដែល​បណ្ដាលឱ្យ​ស្បែកក្បាល​មាន​បញ្ហា

ស្បែកក្បាល​មានបញ្ហា​គឺ​បណ្ដាល​មកពី​ករណី​ពីរយ៉ាង ទី១គឺ​ទាក់ទង​ទៅនឹង​ស្បែកក្បាល ទី២គឺ​ទាក់ទង​ទៅនឹង​ការ​ប្រើប្រាស់​ផលិតផល​ដែលមាន​សារជាតិ​គីមី និង​កត្ដារួម​ផ្សំដទៃ​ទៀត ដែលធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​មាន​បញ្ហា។ កត្ដា​ដែលជា​បញ្ហា​ខាងក្រៅ ដូចជា​ការ​អ៊ុតសក់​ខ្លាំងពេក ការ​ផ្លុំសក់ ឬការ​អប់សក់ មួយទៀត​គឺ​ទាក់ទង​ទៅនឹង​បញ្ហា​ជម្ងឺ​នៅលើ​ស្បែកក្បាល​តែម្ដង។ ស្បែកក្បាល​ដែលមាន​បញ្ហា​ច្រើន​ជាងគេ​គឺជា​ស្បែកក្បាល​ដែលមាន​ជាតិខ្លាញ់​ច្រើនពេក ជាហេតុ​ធ្វើឱ្យ​សរសៃសក់ មិនអាច​ចាក់ចូល​ដល់ទី​ជម្រៅនៃ​ស្បែកក្បាល ហើយក៏​ធ្វើឱ្យ​សក់ជ្រុះ។ បញ្ហា​មួយទៀត​គឺ​ស្បែកក្បាល​ដែលស្ងួត​ខ្លាំងពេក ក៏ធ្វើ​ឱ្យជ្រុះសក់​ដូចគ្នា​ដែរ។ ដូចនេះ​ស្បែកក្បាល​របស់​លោកអ្នក​ស្ងួត​ខ្លាំងពេក​ក៏មិន​បានខ្លាញ់​ច្រើនពេក​ក៏មិន​បាន។

ការ​ថែរក្សា​ស្បែកក្បាល

ដើម្បីឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​មាន​សុខភាពល្អ​មិនងាយ​កើតនូវ​ជម្ងឺផ្សេង លោកអ្នក​គួរតែ​ទៅពិនិត្យ​ស្បែកក្បាល របស់​លោកអ្នក​ជាមុនសិន ដើម្បី​ដឹងថា​ស្បែកក្បាល​របស់​លោកអ្នក​ជាប្រភេទ​ខ្លាញ់ឬ​ក៏ស្ងួត ជាបច្ច័យ​ងាយស្រួល​ក្នុងការ​ជ្រើសរើស ផលិតផល​ណាមួយ​មក​ប្រើប្រាស់ ចៀសវាង​មានបញ្ហា​នៅលើ​ស្បែកក្បាល។

សារៈប្រយោជន៍​នៃការ​ថែរក្សា​ស្បែកក្បាល

កាលណា​ស្បែកក្បាល​របស់​លោកអ្នក​មាន​សុខភាពល្អ សរសៃសក់​ក៏​លូតលាស់​បានល្អ អាចរក្សា​ទម្ងន់​បានល្អ មាន​សភាព ភ្លឺរលោង ធ្វើឱ្យ​ស្បែកក្បាល​ចៀសផុត​ពីជម្ងឺ​នានា ដូចជា​អង្គែ រមាស់ កម​ជាដើម ជាពិសេស​ធ្វើឱ្យ​សក់​របស់​លោកអ្នក​មាន​ក្លិនល្អ ថែម​ទៀតផង។

វិធី​ការពារ​ស្បែកក្បាល

ប្រសិន​ស្បែកក្បាល​មានជាតិ​ប្រេងច្រើន នៅពេល​ប៉ះ​ជាមួយ​ធូលី​ហើយ​លោកអ្នក​មិនបាន​លាងសម្អាត​ទាន់​ពេលវេលា នោះ​លោកអ្នក​អាច​ប្រឈមមុខ​នឹងបញ្ហា ពីព្រោះ​ជាតិដី​និងជាតិប្រេង​នៅពេល​ដែល​ប៉ះគ្នា អាច​បង្កឱ្យ​កើតអង្គែ។ លោកអ្នក​គួរចៀសវាង​ពីកម្ដៅថ្ងៃ ពីព្រោះ​កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​ឡើងខ្មៅ ឬក៏​ធ្វើឱ្យសក់​របស់​លោកអ្នក​បែកចុង​ជាដើម។ ត្រូវ​ចៀសវាង​ការអ៊ុតសក់​ញឹកញាប់​ពេក ជាពិសេស​គឺ​មិនត្រូវ​ធ្វើការ​ផ្លុំសក់​ញឹកញាប់​ពេកនោះ​ទេ នេះ​ជាហេតុ​ដែលធ្វើ​ឱ្យ​ស្បែកក្បាល ងាប់​កោសិកា ហើយ​ធ្វើឱ្យ​សក់ខូច ផុយ បែកចុង ជ្រុះ គ្មាន​សំណើម​ជាដើម។

ដំបូន្មាន​របស់​អ្នក​ជំនាញ

លោកអ្នក​គួរ​ជ្រើសរើស​ផលិតផល​ណាដែល​មាន​គុណភាព ជាពិសេស​ផលិតផល​ដែលត្រូវ​នឹង​ស្បែកក្បាល។ ផលិតផល​ខ្លះ ធ្វើ​ឱ្យ​ស្បែកក្បាល​របស់​លោកអ្នក​មាន​ប្រតិកម្ម​នៅពេល​ប្រើខុស ដូចនេះ​យកល្អ​លោកអ្នក​គួរតែ​ទៅពិនិត្យ​ស្បែកក្បាល​ជាមុនសិន ដើម្បី​ចៀសវាង​ការកើត​នូវបញ្ហា ជាពិសេស​មិនត្រូវ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នាច្រើន​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *