ជម្ងឺលើសឈាម គឺជាប្រភេទជម្ងឺមិនឆ្លង ប៉ុន្តែជម្ងឺនេះ បានយាយីអាយុជីវិតប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ។ជម្ងឺដ៏ពិបាកព្យាបាលឲ្យជាដាច់មួយនេះ ត្រូវបានក្លាយជាបន្ទុកមួយសម្រាប់អ្នកជម្ងឺ និងគ្រួសារអ្នកជម្ងឺក្នុងការមើលថែទាំយ៉ាងដិតដល់។តើនៅទីក្រុងភ្នំពេញ និងនៅតាមទីជនបទ មានប្រជាពលរដ្ឋកម្ពុជាប៉ុន្មាននាក់ដែលកើតមានជម្ងឺលើសឈាមនេះ?
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិត បានអះអាងថា បច្ចុប្បន្នជម្ងឺលើសឈាម បានឆក់យកជីវិតមនុស្ស ដោយស្ងៀមស្ងាត់បំផុត បើទោះបីជម្ងឺនេះ មិនមែនជាជម្ងឺឆ្លងក៏ដោយ។ ក្នុងឆ្នាំ២០១១កន្លងទៅ អត្រាអ្នកកើតជម្ងឺលើសឈាម បានកើតឡើងចំនួន១៧ភាគរយ នៅទីក្រុង ឬទីប្រជុំជន និង១០ភាគរយកើតទៅលើ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។
លោក វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសផ្នែកជម្ងឺលើសឈាម និងជម្ងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាវេជ្ជសាស្រ្តស្តីពី ផលវិបាកនៃជម្ងឺលើសឈាម និងការព្យាបាលជម្ងឺមហារីកពកក នៅសណ្ឋាគារណាហ្គាវើល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២នេះថា នៅឆ្នាំ២០១១កន្លងទៅ អត្រាអ្នក កើតជម្ងឺលើសឈាមច្រើនជាងគេ គឺមាននៅទីប្រជុំជន ដែលមានរហូតដល់ ១៧ភាគរយ និង១០ភាគរយនៅទីជនបទ ហើយកម្ពុជាមានអត្រា អ្នកកើតជម្ងឺលើសឈាមច្រើនជាងគេក្នុងតំបន់អាស៊ី ដែលទាមទារឲ្យយើង ត្រូវយកចិត្តទុកដាក់ចំពោះជម្ងឺនេះ ព្រោះជម្ងឺលើសឈាម បានសម្លាប់ជីវិតមនុស្សដោយសម្ងាត់បំផុត។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានដើមអំពិល។
លោកវេជ្ជបណ្ឌិត ជា សំអាន តំណាងមន្ទីរពហុព្យាបាល និងសម្ភពវិសាលសុខ បានមានប្រសាសន៍ដែរថា ជាទូទៅជម្ងឺលើសឈាម គឺជាប្រភេទជម្ងឺដែលមិនមានការឆ្លង ប៉ុន្តែជម្ងឺនេះ បានសម្លាប់ជីវិតមនុស្សយ៉ាងស្ងាត់ស្ងៀមបំផុត។ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យដឹងពីកម្រិតឈាម ជៀសវាងនៅពេល ឈឺធ្ងន់ធ្ងរទើបរត់ទៅព្យាបាលនៅមន្ទីរពេទ្យ។
សូមជម្រាបថា មនុស្សដែលមានវ័យចាប់ពី៤០ឆ្នាំ ដល់៥៥ឆ្នាំឡើងទៅ និងអ្នកដែលធ្វើការ ដោយប្រើខួរក្បាលច្រើន និងអ្នកដែលមានរូបរាងធាត់ គឺប្រឈមមុខខ្ពស់ទៅនឹងជម្ងឺលើសឈាម ដែលទាមទារឲ្យពួកគាត់ មានការធ្វើលំហាត់ប្រាណ ឲ្យបានច្រើន តមការបរិភោគប្រៃ និងខ្លាញ់។ នៅពេលដែលអ្នកជម្ងឺព្យាយាម ធ្វើលំហាត់ប្រាណបានជារៀងរាល់ថ្ងៃនោះ នឹងធ្វើឲ្យសម្ពាធឈាម របស់អ្នកជម្ងឺចុះថយ។ ចំពោះអ្នកកើតមានជម្ងឺលើសឈាម អាចបណ្តាលឲ្យកើតមានជម្ងឺបេះដូង ដាច់សរសៃឈាម ងងឹតភ្នែក ចុះខ្យោយតម្រងនោម និងចុងក្រោយស្ទះសរសៃឈាមបាតជើង។
លោក វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសផ្នែកជម្ងឺលើសឈាម បានបន្តឲ្យដឹងថា “ជម្ងឺលើសឈាម នៅលើពិភពលោកទាំងមូល មានចំនួន១ពាន់លាននាក់ ហើយនៅក្នុងនោះ ១៣,៥ភាគរយ បានស្លាប់បាត់បង់ជីវិត។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមអ្នកកើតជម្ងឺលើសឈាម១សែននាក់ មានស្លាប់ជាង១២០នាក់ ដោយសារគាំងបេះដូង និងជាង១១០នាក់ស្លាប់ ដោយសារសរសៃឈាមខួរក្បាល (ដាច់សរសៃឈាម និងស្ទះសរសៃឈាម)”។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅសូមកុំធ្វេសប្រហែល នៅពេលដឹងថា ខ្លួនមានជម្ងឺលើសឈាមហើយនោះត្រូវមកពិនិត្យតាមដានជម្ងឺឲ្យ បានត្រឹមត្រូវនិងប្រើថ្នាំឲ្យជាប់ជាប្រចាំ ដោយមិនត្រូវផ្អាកលេបថ្នាំនៅពេលណាដែលសម្ពាធឈាមរបស់យើងចុះទាបនោះទេ ព្រោះនៅពេលណាដែលកើតមានជម្ងឺលើសឈាមហើយនោះ គឺមិនអាចព្យាបាលឲ្យជាដាច់នោះឡើយ គឺយើងត្រូវបន្តព្យាបាលអស់មួយជីវិត។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២
Leave a Reply