បូសជាជម្ងឺមួយប្រភេទដែលតែងតែកើតឡើងនៅផ្នែកផ្សេងៗនៃរាងកាយ តាមកន្លែងខុសៗគ្នា។ នៅក្នុងចំណោមនោះ បូសទ្វារមាសជាប្រភេទបូសដែលបង្កជាបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព។ បូសទ្វារមាសភាគច្រើនកើតឡើងចំពោះស្ដ្រីដែលមិនមានការ អនាម័យខ្លួនប្រាណ និងអាចបណ្ដាលមកពីជម្ងឺកាមរោគ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយអ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានផ្នែកសុខភាពនៃសមាគមថែទាំសុខភាព គ្រួសារកម្ពុជា(រ៉ាក់) ដែលបកស្រាយអំពីជម្ងឺបូសទ្វារមាស។
អ្វីទៅជាបូសទ្វារមាស?
បូសទ្វារមាសគឺជាការលាកឬហើម នៅនឹងក្រពេញសងខាងនៃទ្វារមាស។ បូសគឺជាផលវិបាកនៃការរលាក ព្រោះមុនក្លាយទៅជាបូសត្រូវរលាកសិន។ នៅពេលរលាកហើយមិនព្យាបាលឱ្យបានត្រឹមត្រូវ ឬក៏ទាន់ពេលវេលា ទើបការរលាកអាចឈានទៅដល់ការកើតបូស។
រោគសញ្ញាបូសទ្វារមាស
រោគសញ្ញាដំបូងនៃបូសទ្វារមាស គឺមានឈឺចាប់ មានក្ដៅ មានក្រហមជាដើម។ ការរលាកអាចចាប់ផ្ដើមនៅក្រពេញខាងឆ្វេង ឬខាងស្ដាំ ប្រសិនបើមើលឬក៏ស្ទាបនៅលើទ្វារមាសមានលក្ខណៈហើមប៉ោងឬក៏ក្រហម រួមជាមួយការឈឺចាប់។ ស្ដ្រីកើតបូសទ្វារមាស បើព្យាបាលឱ្យទាន់ពេលវេលា វាអាចឱ្យអ្នកជម្ងឺក្ដៅខ្លួនជាខ្លាំង។
មូលហេតុដែលបង្កឱ្យកើតមានបូសទ្វារមាស
មូលហេតុដែលបង្កឱ្យមានបូសទ្វារមាសគឺបណ្ដាលមកពីការករោគ ជួបញឹកញាប់ជាងគេគឺបណ្ដាលមកពីជម្ងឺកាមរោគ ដូចជាប្រមេះទឹកបាយ ឬក៏ប្រមេះទឹកថ្លា ជាតួឯកសំខាន់បង្កឱ្យមានការរលាកទ្វារមាស។
វិធីព្យាបាលបូសទ្វារមាស
ស្ដ្រីភាគច្រើនមិនសូវចាប់អារម្មណ៍លើការព្យាបាលបូសនោះទេ ភាគច្រើនគិតថាវាជារឿងធម្មតានឹងបាត់ដោយខ្លួនឯង។ នេះគឺជាការគិតខុស ព្រោះបូសអាចឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀត ហើយអាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរបាន។ ការព្យាបាលគឺ ចាំបាច់ត្រូវប្រើប្រាស់ថ្នាំផ្សះ និងវះបើកមុខបូសដើម្បីបង្ហូរខ្ទុះចេញពីព្រោះបើមានខ្ទុះប្រើតែថ្នាំព្យាបាលមិនគ្រប់គ្រាន់ទេ។ ការវះកាត់ត្រូវធ្វើឡើងដោយគ្រូពេទ្យដែលមានជំនាញទើបអាចចៀសឱ្យផុតពីការករោគ និងការឆ្លងជម្ងឺផ្សេងៗទៀត។
វិធីការពារកុំឱ្យកើតជម្ងឺបូសទ្វារមាស
វិធីការពារសម្រាប់ស្ដ្រីដើម្បីកុំឱ្យកើតជម្ងឺបូសទ្វារមាសនេះ មានដូចតទៅ ៖
1 . ស្ដ្រីត្រូវតែមានការអនាម័យខ្លួនប្រាណជាប្រចាំ ជាពិសេសសម្រាប់អ្នកដែលឧស្សាហ៍កើតបូសញឹកញាប់ គួរតែប្រើ ប្រាស់សាប៊ូណាដែលមានសារជាតិសម្លាប់មេរោគ ដើម្បីចៀសវាងការសាយភាយទៅកន្លែងផ្សេងទៀត ជាពិសេសត្រូវឧស្សាហ៍ សម្អាតទ្វារមាសឱ្យបានញឹកញាប់។
2 . គប្បីមិនត្រូវផ្លាស់ប្ដូរដៃគូញឹកញាប់ពេកទេ ជាពិសេសនៅពេលរួមភេទត្រូវប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារ ការឆ្លងរោគដែលជាហេតុបង្កឱ្យមានជម្ងឺបូសទ្វារមាស ឬឆ្លងជម្ងឺកាមរោគដទៃឬក៏អាចឆ្លងមេរោគអេដស៍ថែមទៀតផង នាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
3 . ស្ដ្រីមានជម្ងឺបូសទ្វារមាសមិនត្រូវបណ្ដោយឱ្យជម្ងឺនេះសាយភាយបានទេ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីការពារ និងព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងការឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ។
ផលវិបាកនៃជម្ងឺបូសទ្វារមាស
ផលវិបាកនៃជម្ងឺបូសទ្វារមាសក៏មិនខុសពីជម្ងឺកាមរោគប៉ុន្មានទេ ព្រោះបើមិនបានព្យាបាល វាអាចបង្កឈឺចាប់ជាខ្លាំង។ ហើយបូសឡើងធំទៅៗ បែកធ្លាយ ហូរខ្ទុះចេញមកក្រៅ នាំឱ្យបូសរាលដាលកាន់តែខ្លាំង។ ការព្យាបាលមិនទាន់ពេលវេលា ឬក៏ព្យាបាលមិនបានត្រឹមត្រូវ ព្យាបាលឈប់ពាក់កណ្ដាលទី នាំឱ្យមានបញ្ហាជាច្រើន ដូចជាការលាកមាត់ស្បូនរ៉ាំរ៉ៃ បាត់បង់លទ្ធភាពមានកូនថែមទៀតផង។ អ្វីដែលសំខាន់នោះបើសិនជាមេរោគរីករាលដាលទៅដល់ឈាម អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ដំបូន្មានអ្នកជំនាញ
បូសទ្វារមាសជាជម្ងឺអាចបង្កឱ្យគ្រោះថ្នាក់ បើមិនបានយកចិត្ដទុកដាក់ព្យាបាល។ ការធ្វេសប្រហែសគឺជាបញ្ហាមួយដែលអាចឱ្យឈានទៅរកសេចក្ដីស្លាប់បាន បើមានការសង្ស័យណាមួយទាក់ទងនឹងជម្ងឺបូសទ្វារមាសនេះ សូមស្ដ្រីទាំងអស់ប្រញាប់ទៅមន្ទីរពេទ្យ ចៀសវាងជួបការលំបាកធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply