លោកអ្នកមួយចំនួននៅមិនទាន់ជ្រាបឱ្យបានច្បាស់ជុំវិញអាការនោមច្រើន ដែលបានកើតមាននៅចំពោះខ្លួនឯងនោះទេ តែងតែគិតថាការនោមច្រើនបណ្ដាលមកពីការទទួលទានទឹកច្រើន មិនមានផលប៉ះពាល់អ្វីជាដុំកំភួនឡើយ។ ដោយឡែកចំពោះ វេជ្ជសាស្ដ្រវិញបានផ្ដោតការសំខាន់ថា ប្រសិនបើលោកអ្នកមានអាការនោមច្រើនលើសពីទឹកនោមធម្មតាដែលច្រោះចេញមកខុសពីធម្មតា គឺប្រាកដជាមានជម្ងឺ ជាពិសេសជម្ងឺទឹកនោមផ្អែម ទឹកនោមសាប ឬជម្ងឺរលាកប្លោកនោមជាដើម។
ជាការឆ្លើយតបចំពោះមូលហេតុខាងលើនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសជម្ងឺតម្រងនោម និងជាប្រធានមជ្ឈមណ្ឌល ជា ស៊ីម លាងឈាម នៃមន្ទីរពេទ្យកាល់ម៉ែត។
ហេតុអ្វីនោមច្រើន?
នោមច្រើនកើតឡើងដោយសារជម្ងឺទឹកនោមផ្អែម និងជម្ងឺទឹកនោមសាប ព្រោះប្រព័ន្ធខួរក្បាលបញ្ជាមកខុសទិសដៅ ធ្វើឱ្យលោកអ្នកនោមច្រើន។ ម្យ៉ាងទៀតអាការនោមច្រើននេះក៏អាចមានហេតុផលផ្សេងទៀតដែរ គឺបណ្ដាលមកពីខ្សោយតម្រងនោម ធ្វើឱ្យសម្ពាធនៃការច្រោះទឹកនោមហូរមកដោយមិនមានប្រព័ន្ធបញ្ជាណាមួយទប់ស្កាត់ឡើយ។ ព្រោះសរីរាង្គតម្រងនោមខ្សោយមិនអាចទ្រទ្រង់បាន ទើបធ្វើឱ្យនោមច្រើនទៀតផង ហើយចំណុះទឹកនោមដែលហូរចុះនោះជាទូទៅពី៨ទៅ១០លីត្រក្នុងមួយថ្ងៃ។
មូលហេតុបណ្ដាលឱ្យលោកអ្នកនោមច្រើន
អាការនោមច្រើនតែងតែបង្កការរំខានជាញឹកញាប់ ដោយសារតែតម្រងនោមមិនអាចទទួលយកការគ្រប់គ្រងបានពីប្រព័ន្ធបញ្ជារបស់ខួរក្បាល មិនមានទិសដៅពិតប្រាកដ ដោយមានការរុញច្រានរបស់ជម្ងឺទឹកនោមផ្អែម និងជម្ងឺទឹកនោមសាបកំពុងតែវាយលុកក្នុងខ្លួនរបស់អ្នកជម្ងឺ។ ហេតុផលរបស់លោកអ្នកដែលនោមច្រើននេះមានមូលហេតុខុសៗគ្នា ដូចជា ៖
1 . ការនោមញឹកញាប់ ៖ តែទឹកនោមមិនសូវមានហូរច្រើននោះ អាចបណ្ដាលមកពីលោកអ្នករលាកប្លោកនោម។ ប្រសិនបើអាការនោមច្រើននេះបង្ហាញពីភាពផ្សាក្រហាយត្រង់ប្រដាប់ភេទទៀតនោះ អាចបណ្ដាលមកពីជម្ងឺរលាកប្លោកនោម ឬរលាកបង្ហួរនោម។ ជាធម្មតាជម្ងឺរលាកប្លោកនោមកើតមានមិនចំពោះបុរសឬស្ដ្រីនោះទេ បង្កឡើងដោយសារមេរោគក្នុងទឹកនោមដែលធ្វើដំណើរតាមតម្រងនោមមកចតត្រឹមអាងស្ដុកទឹកនោមសម្រាប់បញ្ចេញ ហើយរាលដាលដល់ប្លោកនោមតែម្ដង។ ចំពោះស្ដ្រីវិញការ រលាកប្លោកនោមងាយកើតមានឡើងជាងបុរស ព្រោះថារន្ធបន្ដពូជ និងរន្ធគូទ វាមានភាពជិតស្និទ្ធប្រកៀកនឹងគ្នា ហើយប្រាស្រ័យ ទាក់ទងគ្នាស្អិតរមួតពេក។
2 . ការនោមច្រើនហើយញឹកញាប់ ៖ ជាទូទៅការនោមច្រើនដែលមានទឹកនោមម្ដងពីកន្លះលីត្រ ឬលើសពីនេះគឺបណ្ដាលមកពីជម្ងឺទឹកនោមផ្អែម ដោយសារតម្រងនោមប្រឹងច្រោះជាតិទឹក នៅពេលដែលជម្ងឺនេះចាប់ផ្ដើមមានដំបូង។ តែក្រោយមកជម្ងឺនេះ បានប្រែក្លាយធម្មតាវិញ បន្ទាប់ពីជម្ងឺទឹកនោមផ្អែម និងជម្ងឺទឹកនោមសាបបានបន្សាំតម្រងនោមឱ្យចុះខ្សោយ ហើយសរីរាង្គក៏ចាប់ផ្ដើមមានសភាពទ្រុឌទ្រោមតាមការវិវឌ្ឍន៍របស់ជម្ងឺនេះតែម្ដង។
រោគសញ្ញានោមច្រើន
ការនោមច្រើនបានបង្ហាញរោគសញ្ញាទៅតាមជម្ងឺនីមួយៗ ព្រោះពេលខ្លះនោមច្រើនតែមានបរិមាណទឹកនោមតិចតួច ឬ ច្រើន មានតែវេជ្ជបណ្ឌិតជំនាញទេ ទើបអាចដឹងថាបណ្ដាលមកពីជម្ងឺអ្វី។
ការព្យាបាលអាការនោមច្រើន
ក្រោយពេលធ្វើរោគវិនិច្ឆ័យឃើញថា អ្នកជម្ងឺនោមច្រើនបណ្ដាលមកពីរលាកប្លោកនោម ឬរលាកបង្ហួរនោម អ្នកជម្ងឺអាចព្យាបាលដោយថ្នាំផ្សះតាមការកំណត់របស់គ្រូពេទ្យទើបជាសះស្បើយ។ តែប្រសិនបើលោកអ្នកត្រូវធ្វើរោគវិនិច្ឆ័យឃើញថា អាការនោមច្រើនកើតឡើងដោយសារជម្ងឺទឹកនោមផ្អែម ឬទឹកនោមសាប នោះគ្រូពេទ្យជ្រើសរើសវិធីព្យាបាលផ្សេងទៀត ព្រោះអាការរោគខាងលើនេះចែកដាច់ពីគ្នា ប្រសិនបើមិនព្យាបាលឱ្យបានត្រឹមត្រូវទេនោះ លោកអ្នកអាចប្រឈមមុខនឹងជម្ងឺផ្សេងទៀត ហើយធ្ងន់ធ្ងរមិនខានឡើយ។
វិធីការពារអាការនោមច្រើន
ប្រសិនបើនោមច្រើនបណ្ដាលមកពីរលាកប្លោកនោម លោកអ្នកត្រូវទទួលទានទឹកច្រើន ពេលឈឺនោមត្រូវតែនោម មិនត្រូវបង្អង់យូរឡើយ។ ព្រោះទឹកនោមរបស់លោកអ្នកគឺជាកាកសំណល់ដែលចម្រាញ់ចេញពីសរីរាង្គ ពោលគឺសល់់ពីការប្រើប្រាស់ បង្កប់ទៅដោយសារជាតិជីអ៊ុយរ៉េ ដែលអាចយកទៅស្រោចដំណាំ ហើយទទួលផលបានល្អ។ ម្យ៉ាងទៀតលោកអ្នកមិនត្រូវបរិភោគទឹកមុន ពេលទទួលទានដំណេកពេលយប់ច្រើនពេកនោះទេ ព្រោះអាចបង្កឱ្យប៉ះពាល់ដល់បញ្ហាតម្រង។
ផលប៉ះពាល់ចំពោះអាការនោមច្រើនដែលមិនបានធ្វើការព្យាបាល
ជម្ងឺរលាកប្លោកនោមប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ ឬទុកយូរអាចប៉ះពាល់តម្រងនោមធ្វើឱ្យចុះខ្សោយ ដោយសារតែការបញ្ចេញនូវមេរោគដែលមានសារជាតិអ៊ុយរ៉េ មិនអាចបញ្ចេញមកខាងក្រៅបាន ហើយមានកំណើនកាន់តែច្រើនក្នុងខ្នែងរបស់តម្រងនោម។ ចំពោះស្ដ្រីងាយមាន៨០ភាគរយ ព្រោះទ្វារមាសនិងទ្វារលាមកកៀកគ្នា ធ្វើឱ្យមេរោគឆ្លងទៅឆ្លងមក។ ចំពោះជម្ងឺរលាកប្លោកនោម និងរលាកបង្ហួរនោមរបស់ស្ដ្រីភាគច្រើនកើតឡើងតាមរយៈមេរោគក្នុងលាមក។ ប្រសិនបើស្ដ្រី នោះមានជម្ងឺធ្លាក់ស ឬធ្លាក់ឈាម មេរោគនេះងាយនឹងជ្រៀតចូលយ៉ាងខ្លាំង។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកឈឺនោម ត្រូវតែនោមជាដាច់ខាត ព្រោះជម្ងឺរលាកប្លោកនោមនេះកើតឡើងដោយសារការកកស្ទះនូវទឹកនោមដែលចម្រោះចេញមកខាងក្រៅ។ បើលោកអ្នកទុកយូរធ្វើឱ្យមេរោគក្នុងទឹកនោមច្រាលឡើងទៅតាមខ្នែងបង្ហួរនោម បង្កឱ្យមានជម្ងឺផ្សេងៗ ដូចជាជម្ងឺរលាកប្លោកនោមជាដើម ធ្វើឱ្យតម្រងនោមចុះខ្សោយថែមទៀតផង។ មិនតែប៉ុណ្ណោះ ប្រសិនបើលោកអ្នក នោមញឹកញាប់ គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដើម្បីបញ្ចៀសជម្ងឺកុំឱ្យនៅរ៉ាំរ៉ៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply